ទឹម ឃាន រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើកងចល័តនៅរបបខ្មែរក្រហម

ឈ្មោះ ទឹម ឃាន អាយុ ៦៤ឆ្នាំ[1]  កើត និងរស់នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង     ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ ថា  និងមានកូនចំនួន៥នាក់ (ស្រី២និងប្រុស៣)។ ឪពុកខ្ញុំឈ្មោះ ទឹម និងម្ដាយឈ្មោះ ហៀង មានបងប្អូនប្រុសស្រីចំនួន១២នាក់  សព្វថ្ងៃនៅរស់ចំនួន៨នាក់។ កាលពីនៅវ័យ​កុមារខ្ញុំរៀនសូត្របានតិចតួច។

បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ជូនកម្លាំងរបស់ខ្លួនចូលមកក្នុងភូមិ។ កាលពីជំនាន់សង្រ្គាម ខ្ញុំបានរត់ទៅនៅក្នុងព្រៃតាមមាត់បឹង និងនៅថ្លុកត្រែងជិតភូមិល្ពាក ខ្ញុំត្រូវក្រោកពីយប់ដាំបាយទុករួច។ នៅពេលភ្លឺឡើងឪពុកម្ដាយខ្ញុំនាំកូនៗ រត់ចេញពីផ្ទះមកនៅក្រៅឆ្ងាយពីភូមិប្រហែល២គីឡូម៉ែត្រ ដែលមានដំបូលមួយជីករណ្ដៅត្រង់សេ នៅពេលមានយន្ដហោះមក និងគ្រាប់ផ្លោងមើលមិនឃើញត្រូវរត់ចូលរណ្ដៅភ្លាម។ អំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហម បានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។

នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិភាគច្រើនចូលរួមជាមួយចលនាបដិវត្តន៍ប្រឆាំងទាហានរបប លន់ នល់។ នៅពេលនោះ មានការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមរិក មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យខ្ញុំទៅរែកដី, លើកដីជាមួយប្រជាជនក្នុងភូមិ។ នៅក្នុងសម័យខ្មែរក្រហម ខ្ញុំ មានអាយុ១៦ឆ្នាំ ខ្មែរក្រហមបានឲ្យខ្ញុំទៅ ជីកប្រឡាយ, លើកភ្លឺស្រែ និងលើកទំនប់ជ្រោយចេក។

នៅពេលយប់ ខ្ញុំ ត្រូវទៅវាយកណ្ដុរក្នុងស្រូវ ហើយខ្ញុំត្រូវក្រោកពីម៉ោង៦ ចេញទៅធ្វើការរហូតដល់ម៉ោង១១ និងធ្វើការបន្តនៅម៉ោង១ ដល់ម៉ោង៥ ទើបបានឈប់សម្រាក។ នៅការដ្ឋានកាប់ដី, លើកទំនប់ប្រើកម្លាំងមនុស្សច្រើន ដោយមានកម្ពស់ជិត១០ម៉ែត្រ និងប្រវែងប្រហែល៣គីឡូម៉ែត្រ ខ្ញុំធ្វើការនៅកន្លែងនឹងយូរខែតែមិនចាំថាបានប៉ុនន្មានខែទេ។

ក្នុងអំឡុងពេលធ្វើការងារបើធ្វើមិនគ្រប់តាមផែនការរបស់ខ្មែរក្រហមដាក់ឲ្យ និងត្រូវខ្មែរក្រហមស្ដីបន្ទោសឲ្យ។ ក្រោយមកខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅច្រូតស្រូវនៅវិហារធំ មានប្រជាជនជាច្រើន ខ្មែរក្រហមបានឲ្យទៅច្រូតស្រូវរួមគ្នា ហើយពេលធ្វើការងារចប់យប់ឡើងខ្មែរក្រហមបានឲ្យទៅដេកនៅក្នុងរោង។ នៅការដ្ឋានធ្វើការងាររួមមានមនុស្សច្រើន មានស្រីមានប្រុស ដោយប្រុសៗដេកមួយចំហៀង និងស្រីៗដេកមួយចំហៀង ដេកទល់ក្បាលគ្នា។ ចំពោះការស្លៀកពាក់មានតែសម្លៀកបំពាក់មួយឈុតសម្រាប់ពាក់ធ្វើការរាល់ថ្ងៃគឺពណ៌ខ្មៅ។ ពេលព្រឹកឡើងទៅធ្វើការងារដល់ម៉ោងហូបបាយ ត្រូវហូបបាយត្រូវជុំគ្នាដោយមានសំឡេងជួងជាសញ្ញា ពេលឮសំឡេងជួងប្រជាជនដែលធ្វើការត្រូវឈប់សម្រាប់មកហូបបបរ ត្រូវមានកាន់ចានមកជាមួយម្នាក់មួយៗ សម្រាប់ដាក់បបរហូបរាងៗខ្លួន សម្រាប់បបរមានតែអង្ករប៉ុន្មានគ្រាប់លាយជាមួយទឹកប្រៀបដូចជាបបររាវ។ ក្រោយពេលធ្វើការងារលើកដីរួចអស់ ស្រីៗខ្មែរក្រហមបានឲ្យទៅលើកអាចម៌គោយកមកធ្វើជី, បាច់ស្រូវមួយហិកតាឬ ពីរហិកតា ស្ទូងស្រូវ ច្រូតស្រូវ លើកភ្លឺស្រែ, ទប់ទឹក, ទំនប់អាង ចំណែកប្រុសៗធ្វើការធ្ងន់ៗដូចមុនទៅ និយាយរួមទៅអត់ដែលមានពេលទំនេរទេ។

នៅឆ្នាំ១៩៧៩ ខ្ញុំ និងគ្រួសាររួចផុតពីទុក្ខវេទនា និងសេចក្ដីស្លាប់ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។ ខ្ញុំ បានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។[2]

[1] បទសម្ភាសន៍ ទឹម ឃាន នៅខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តកំពង់ចាម

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១


អត្ថបទដោយ ទូច វណ្ណេត

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin