កងចល័តជីកទំនប់អង្គរទ្រេត

(ខេត្តព្រៃវែង) ទុំ លុត មានអាយុ៦៥ឆ្នាំ រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងមានស្រុកកំណើតនៅ ភូមិព្រៃធ្លុង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លុត មានឪពុកឈ្មោះ ទុំ, ប្តី ឈ្មោះ ឡូត និងមានបងប្អូនចំនួនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហម លុត បានបាត់បង់ពូម្នាក់ដោយសារខ្មែរក្រហមនាំទៅសម្លាប់ព្រោះឪពុកមានោះធ្វើជាទាហាន លន់ នល់ ។ កាលពីកុមារភាព លុត រៀនបានត្រឹមថ្នាក់ទី១២ (សង្គមចាស់) នៅសាលាបឋមសិក្សាក្នុងភូមិព្រៃធ្លុង។
ក្នុងរបប លន់ នល់ លុត រស់នៅក្នុងឃុំពានរោង។ នៅពេលល្ងាច មានយន្តហោះរបស់សហរដ្ឋអាមេរិក មកទម្លាក់គ្រាប់ដើម្បីសម្លាប់កងទ័ពវៀតកុង (វៀតណាមខាងជើង) ដែលបានលាក់ខ្លួនតាមព្រៃ និងនៅផ្ទះជាមួយអ្នកស្រុក។ នៅគ្រប់ផ្ទះរបស់ប្រជាជនមានជីករណ្តៅត្រង់សេ (លេណដ្ឋាន) សម្រាក់ពួនលាក់ខ្លួន។ នៅគ្រានោះ លុត នៅចាំបានថា យន្តហោះបានទម្លាក់គ្រាប់បេ និងបណ្តាលឲ្យទាហានវៀតកុងស្លាប់អស់ចំនួនប្រាំនាក់។ ប្រជាជនរស់នៅ ទាំងជួបការលំបាកផ្នែកជីវភាព ខ្វះខាតស្រូវ និងអង្ករ ហូបចុក ដោយសារមិនបានចេញទៅប្រកបរបរ និងធ្វើស្រែចម្ការ។
នៅខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមទទួលជ័យជម្នះលើរបប លន់ នល់ ក្នុងភូមិចាប់ផ្តើមបង្កើតជាសហករណ៍, ការដ្ឋានការងាររួម និងការហូបចុករួមគ្នា។ កាលនោះ លុត មានអាយុប្រមាណ១៥ឆ្នាំ ត្រូវបានកងឈ្លបខ្មែរក្រហមចាត់តាំងឲ្យធ្វើជាគ្រូពេទ្យភូមិ។ លុត ឃើញថាការព្យាបាល ធ្វើឡើងដោយប្រើប្រាស់តែថ្នាំផ្សំពីឫសឈើដោយមនុស្សចាស់ៗក្នុងភូមិកិន និងសូនជាគ្រាប់តូចៗរាងដូចអាចម៍ទន្សាយ ។ លុត ធ្វើជាគ្រូពេទ្យព្យាបាលអ្នកជំងឺនៅក្នុងភូមិរយៈពេលប្រហែលមួយឆ្នាំ ក៏ត្រូវកងឈ្លបផ្លាស់ប្តូរការងារទៅធ្វើក្នុងកងចល័តនារីវិញ។ ការងាររបស់ លុត នៅកងចល័តនារីគឺត្រូវស្ទូងស្រូវ, ច្រូតកាត់, ជីកប្រឡាយ, លើកភ្លឺស្រែ, លើកទំនប់ នៅឆ្ងាយៗពីភូមិកំណើត រហូតដល់តំបន់វាលប៉ប្រាំខាងកើតទីរួមខេត្តព្រៃវែង។ ក្នុងកងចល័ត លុត ត្រូវធ្វើការងារធ្ងន់, គ្មានពេលសម្រាកគ្រប់គ្រាន់, គឺធ្វើតាំងពីព្រឹក រហូតដល់យប់ជ្រៅ។ លុត និយាយថានៅទំនប់អង្គរទ្រេត មានយុវជន-យុវនារី រាប់ពាន់នាក់បានជីក និងរែកដី។ លុត ដឹងថាខ្មែរក្រហមមានផែនការប្រែក្លាយទំនប់អង្គរទ្រេតឲ្យទៅជាអាងស្តុបទឹក ដែលមានស្ថានីយនៅរការគួយ។ លុត បានជីកទំនប់នេះរយៈពេលប្រមាណមួយឆ្នាំ ហើយនៅទីនេះរបបអាហារដែលគាត់ទទួលបានមិនគ្រប់គ្រាន់ទេ។ ក្នុងម្នាក់ ទទួលបានត្រឹមបបរពីរវែក សម្រាប់ថ្ងៃត្រង់ និងល្ងាច។ បបរមានទឹកច្រើនជាងអង្ករ ព្រោះអង្ករមួយគីឡូ ត្រូវដាំធ្វើជាបបរចែកគ្នាហូបប្រហែលចំនួន២០០នាក់។
នៅក្នុងរបបខ្មែរក្រហម លុត ធ្លាប់ឃើញកងឈ្លបសម្លាប់ប្រជាជននៅទួលពីរកន្លែង គឺនៅ «ក្រាំងគ និងត្រពាំងស្វាយ»។ នៅក្រាំងគ និងត្រពាំងស្វាយ កងឈ្លបបានយកគល់ឫស្សីធំៗដាក់ព័ទ្ធជុំវិញដីទួលដើម្បីបិទបាំងសកម្មភាពសម្លាប់មនុស្ស។ លុត ក៏ធ្លាប់ឃើញកងឈ្លបយកអ្នកទោស មកទឹមរទេះជំនួសគោ ដើម្បីភ្ជួរស្រែដែរ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ លុត ត្រលប់មកស្រុកកំណើតវិញ និងបានប្រកបរបរធ្វើ ស្រែចម្ការ រហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន លុត មានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម៕
សម្ភាសន៍ដោយ តឿ ទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង