កុមាររបបខ្មែរក្រហម
(ព្រៃវែង)៖ តុង តក់ មានអាយុ៥១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានមុខរបបជាជាងសំណង់។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ គាត់ មានកូនពីរនាក់ ស្រីមួយ និងប្រុសមួយ។
តាមរយៈបទសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជា តក់ បានផ្តល់ព័ត៌តាមការចងចាំ និងការស្តាប់ពីចាស់ៗតំណាលប្រាប់ថា ក្នុងរបប លន់ នល់ នៅក្នុងភូមិឃុំមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។
ចូលដល់របបខ្មែរក្រហមឆ្នាំ១៩៧៥ តក់ មានអាយុប្រមាណជា៤ឆ្នាំ។ ក្នុងគ្រួសារគាត់មានសមាជិកចំនួន១១នាក់រួមមាន ឪពុក ម្តាយ និងបងប្អូន ៩នាក់។ ដំបូងខ្មែរក្រហមឲ្យគាត់ និងគ្រួសាររស់នៅសហករណ៍មេបុណ្យ។ បន្ទាប់មកអង្គការបានជម្លៀសទៅតំបន់ស្វាយអន្ទរ និងក្រោយមកជម្លៀសគាត់ និងគ្រួសារមកសហករណ៍មេបុណ្យវិញ។
តក់ សិ្ថតនៅក្នុងកងកុមារត្រូវជួយធ្វើជី និងជញ្ជូនជីយកទៅដាក់នៅតាមគល់អំពៅនៅចំការ។ ក្នុងរបបនោះតក់ និងកុមារដទៃទៀតបានចូលរៀនប៉ុន្តែមិនបានដិតដល់ទេ។ ពេលព្រឹកនៅក្នុងកងកុមារកន្លែងគាត់ស្នាក់នៅចាស់ៗបានវាល់បបរចែកម្នាក់មួយវែក។ បងៗរបស់ តក់ ត្រូវរស់នៅកន្លែងផ្សេង និងត្រូវធ្វើការងារដូចជា ជីកប្រឡាយ និងលើកទំនប់ជាមួយយុវជនដទៃទៀត។
នៅក្នុងរបបខ្មែរក្រហមមីង និងបងៗជីដូនមួយរបស់ តក់ ជាច្រើនត្រូវបានខ្មែរក្រហមសម្លាប់នៅទួលជ្រៃ ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។
តក់ ក៏បានឃើញខ្មែរក្រហមប្រើប្រាស់បរិវេណវត្តមេបុណ្យធ្វើជាកន្លែងសម្រាប់ដាក់គ្រាប់កាំភ្លើង។ ចំណែកព្រះសង្ឃត្រូវបានចាប់ផ្សឹក និងបង្ខំឲ្យទៅធ្វើការងារដូចប្រជាជនទូទៅដែរ។
នៅចុងឆ្នាំ១៩៧៨ គាត់បានឃើញទាហានខ្មែរក្រហមធ្វើសង្គ្រាមជាមួយកងទ័ពរណសិរ្សរំដោះជាតិ។ ទាហានខ្មែរក្រហមបានប្រយុទ្ធចាញ់ក៏នាំគា្នរត់ និងមានបំណងចង់កៀរប្រជាជនទៅជាមួយ ប៉ុន្តែប្រជាជនធ្លាប់រងទុក្ខវេទនាដោយសារតែខ្មែរក្រហមបានបដិសេធ។
ពេលរបបខ្មែរក្រហមដួលរលំ តក់ បងៗ និងឪពុកម្តាយបានត្រឡប់មករស់នៅស្រុកកំណើតវិញឯភូមិព្រៃកណ្តៀងវិញ។ ក្នុងឆ្នាំ ១៩៨១ ទើប តក់ មានឱកាសបានចូលរៀនបានត្រឹមត្រូវនៅសាលាបឋមសិក្សាមេបុណ្យ។ គាត់រៀនបានត្រឹមថ្នាក់ទី៨ក៏ឈប់រៀន និងបានបួសជាព្រះសង្ឃ។
តក់ មានជំងឺសន្លាក់ដៃ សន្លាក់ជើង ជំងឺរលាកពោះ វៀន និងធ្លាប់មានជំងឺបេះដូង និងជំងឺគ្រុនចាញ់។ គាត់យល់ឃើញថា តុលាការខ្មែរក្រហមដែលបានសម្រេចសេចក្តីដាក់ទោសមួយជីវិតលើអតីតមេដឹកនាំខ្មែរក្រហមពិតជាយុត្តិធម៌មួយដ៏ល្អសម្រាប់ផ្លូវចិត្តជនរងគ្រោះ។
សម្ភាសន៍ដោយ ដារ៉ារដ្ឋ ថាន់ណា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤