តន់ សារ៉ន ៖ កងឈ្លបឃុំក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ តន់ សារ៉ន[1] ភេទប្រុស កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៥២ នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិឃុំស្រុកដដែល។  នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំចូលធ្វើឈ្លបឃុំគគីរ មានតួនាទីការពារសន្តិសុខនៅក្នុងភូមិឃុំ និងដើរល្បាតតាមព្រំដែនកម្ពុជា-វៀតណាម។ នៅអំឡុងឆ្នាំ១៩៧៤ ខ្ញុំបានរៀបការ ហើយបន្ទាប់ពីរៀបការរួច ប្រពន្ធខ្ញុំបង្កើតបានកូនប្រុសម្នាក់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងនៅខេត្តស្វាយរៀង ខ្ញុំនៅធ្វើឈ្លបឃុំដដែល។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅត្រៀមនៅសមរភូមិពាម (ស្ថិតនៅក្នុងឃុំអង្គប្រសែ ស្រុករមាសហែក) ជាប់ព្រំដែនកម្ពុជា-វៀតណាមរយៈពេលមួយឆ្នាំ។ បន្ទាប់មកទើបខ្មែរក្រហមបញ្ជូនខ្ញុំទៅការពារព្រំដែនស្ថិតនៅខាងកើតភូមិព្រៃក្តី ក្នុងឃុំគគីរ ស្រុករមាសហែក រយៈពេល៦ខែទៀត។ កងឈ្លបរបស់ខ្ញុំត្រូវយាម​ និងប្រចាំការនៅក្នុងលេណដ្ឋានស្ថិតនៅតាមបណ្តោយមាត់ទន្លេនៅក្នុងឃុំគគីរនៅពេលយប់ ដើម្បីទប់ស្កាត់កុំឲ្យកងទ័ពវៀតណាម​ចូលមកក្នុងទឹកដីកម្ពុជា។ ដូច្នេះ ខ្ញុំមិនសូវបានជួបជុំប្រពន្ធ និងកូនទេ។

រហូតមកដល់ឆ្នាំ១៩៧៧ ខ្មែរក្រហមបានផ្លាស់ខ្ញុំពីភូមិព្រៃក្តី ឃុំគគីរ ឲ្យមកធ្វើការនៅក្នុងឃុំអំពិលវិញ។ មួយរយៈក្រោយ​មក មេដឹកនាំខ្មែរក្រហមបានចោទ សោ ភឹម លេខាភូមិភាគបូព៌ាថាក្បត់ និងចូលដៃជើងជាមួយវៀតណាម រួចហើយបញ្ជូនកងទ័ពឲ្យតាមចាប់ សោម ភឹម។ ក្រៅពីការតាមចាប់ សោ ភឹម ខ្មែរក្រហមបានចាប់ខ្លួនមេបញ្ជានៅតាមអង្គភាពទ័ព និងកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមប្រចាំនៅខេត្តស្វាយរៀងមួយចំនួនទៀតផង។ ភ្លាមៗនោះ ខ្មែរក្រហមបានឲ្យនីរសារ​មកហៅខ្ញុំពីអង្គភាពឈ្លបនៅក្នុងឃុំអំពិលឲ្យទៅប្រជុំនៅឃុំក្រសាំង។ ខ្ញុំធ្វើដំណើរទៅដល់ភូមិត្រោក​ក្នុងឃុំអំពិលដដែល ក៏សង្ស័យថាខ្មែរក្រហមហៅទៅដើម្បីចាប់ខ្លួន។ ដូច្នេះ ខ្ញុំក៏វិលត្រលប់មកស្នាក់នៅផ្ទះវិញ។ ខ្ញុំគិតថាប្រសិនបើខ្មែរក្រហមចាប់ខ្លួនខ្ញុំ សូមឲ្យមកចាប់ខ្លួននៅផ្ទះខ្ញុំតែម្តង ប៉ុន្តែខ្ញុំមិនឃើញខ្មែរក្រហមមកចាប់ខ្ញុំឡើយ។

នៅពាក់កណ្តាលឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងក្រុមគ្រួសារឲ្យទៅនៅភូមិភាគពាយ័ព្យ ដោយឃោសនាថា នៅទីនោះសម្បូរអាហារត្រីសាច់ហូបចុកណាស់ សូម្បីតែធាងត្រាវមានទំហំធំប៉ុននឹងគល់ឫស្សី។  ខ្ញុំនិងប្រជាជននៅក្នុងភូមិ បាននាំគ្នាជឿលើការឃោសនានេះ។ ខ្មែរក្រហមបានដឹកគ្រួសារខ្ញុំចេញពីឃុំអំពិលទៅដាក់នៅអ្នកលឿង។ ខ្ញុំដេកចាំនៅអ្នកលឿងរយៈពេលមួយយប់ ទើបខ្មែរក្រហមបើកកប៉ាល់មកដឹកខ្ញុំនិងក្រុមគ្រួសារទៅឈប់នៅច្បារអំពៅក្រុងភ្នំពេញ។ នៅព្រឹកបន្ទាប់ ខ្ញុំនិងគ្រួសារបានឡើងជិះរថភ្លើងបន្តទៅខេត្តបាត់ដំបង។ ខ្ញុំជិះតាំងពីព្រឹករហូតដល់ព្រឹកថ្ងៃបន្ទាប់ ទើបដល់ស្ថានីយរថភ្លើងក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ នៅទីនោះ ឈ្លបខ្មែរក្រហមនៅមូលដ្ឋានបាននាំខ្ញុំ និងប្រពន្ធកូនទៅនៅសហករណ៍មួយស្ថិតនៅក្បែរជើងភ្នំ។ ឈ្លបខ្មែរក្រហម បានបង្ខំក្រុមគ្រួសារខ្ញុំឲ្យធ្វើដំណើរទៅមុខឲ្យបានលឿន ហើយសូម្បីប្រពន្ធខ្ញុំសុំឈប់ដាំបាយហូប ក៏ឈ្លបខ្មែរក្រហមមិនអនុញ្ញាតដែរ។

នៅពេលខ្ញុំទៅដល់សហករណ៍ដំបូង ប្រធានសហករណ៍ប្រើខ្ញុំឲ្យក្រោកនៅវេលាម៉ោង៤ទៀបភ្លឺ ទៅជីកប្រឡាយ។ ចំណែកប្រពន្ធរបស់ខ្ញុំមានជំងឺប្រចាំកាយច្រើន និងមិនអាចធ្វើការធ្ងន់បានទេ ហេតុនេះ ប្រធានកងប្រើគាត់ឲ្យរែកអង្កាមដាក់ស្រែ ដើម្បីដុតធ្វើជី។ ខ្មែរក្រហមបានបំបែកប្រជាជនមិនឲ្យរស់នៅជុំគ្នាឡើយ សូម្បីតែកុមារអាយុ៣ឆ្នាំ គឺត្រូវបញ្ជូនទៅនៅកងកុមារ និងឲ្យយាយចាស់ៗមើលថែទាំង។ ក្រៅពីជីក​ប្រឡាយ ខ្មែរក្រហមប្រើខ្ញុំឲ្យច្រូតស្រូវ បោកស្រូវនៅពេលយប់ ហាលស្រូវ និងរែកស្រូវទៅលាក់ទុកនៅក្នុងព្រៃលើភ្នំ។ នៅពេលចេញទៅរែកស្រូវម្តងៗ ខ្ញុំឃើញសាកសពមនុស្សនៅពាសពេញវាលស្រែ។ សាកសពមួយចំនួនត្រូវបានជ្រូកព្រៃ និងឆ្កែចចកខាំហែកដាច់ដៃជើងជាបំណែកៗ។ ចំណែកនៅក្នុងព្រៃ ខ្ញុំឃើញសាកសពមនុស្សជាច្រើន ត្រូវខ្មែរក្រហមសម្លាប់ដោយចងផ្អោបនឹងគល់ឈើ និងនៅក្រោមដើមឈើ។ សាកសពមួយចំនួនហើមស្អុយអសោច និងសាកសពមួយចំនួនទៀតនៅតែគ្រោងឆ្អឹងប៉ុណ្ណោះ និងមានស្មៅដុះជុំជិត។ ខ្មែរក្រហមបានសម្លាប់មនុស្សកាន់តែច្រើនឡើងៗ ព្រោះខ្ញុំឃើញឈ្លបខ្មែរក្រហមដឹកប្រជាជនថ្មីស្ទើររាល់ព្រឹកចេញពីភូមិ ចូលទៅក្នុងព្រៃដើម្បីសម្លាប់ចោល ហើយយកខោអាវរបស់អ្នកស្លាប់ទាំងនោះមកចែកឲ្យប្រជាជនដែលនៅរស់ក្នុងភូមិស្លៀកពាក់វិញ។ ខ្ញុំមិនដែលសង្ឃឹមថានៅរស់រានមានជីវិត និងត្រលប់មកស្រុកកំណើតវិញទេ ព្រោះមិនដឹងថាថ្ងៃណាខ្មែរក្រហមនឹងនាំខ្ញុំទៅសម្លាប់ដែរ។ ជីវិតរបស់ខ្ញុំហាក់ដូចជាទាសករ ព្រោះខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការងារធ្ងន់ធ្ងរ និងមិនផ្តល់របបអាហារឲ្យខ្ញុំហូបគ្រប់គ្រាន់ឡើយ។ ម្តាយរបស់ខ្ញុំ និងកូនស្រីរបស់ខ្ញុំម្នាក់នៅកងកុមារបានធ្លាក់ខ្លួនឈឺស្លាប់ដោយសារអត់អាហារ។ មិនយូរប៉ុន្មាន ប្រជាជនដែលត្រូវជម្លៀសទៅរស់នៅតាមសហករណ៍ចាប់ផ្តើមបាក់កម្លាំង និងធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ទៀត។ ដោយឡែក អ្នកជំងឺដែលមិនអាចចេញទៅធ្វើការងារបាន ភាគច្រើន ត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលតែម្តង។

ក្រោយមក ខ្មែរក្រហមបានមកជ្រើសរើសប្រពន្ធរបស់ខ្ញុំដោយប្រាប់ថា ឲ្យទៅកាប់ឆ្ការព្រៃធ្វើចម្ការ ប៉ុន្តែតាមពិត គឺមានបំណងចង់យកប្រពន្ធខ្ញុំទៅសម្លាប់ចោល។ សំណាងល្អ ពេលនោះប្រពន្ធរបស់ខ្ញុំបានឈឺរាគមួលធ្ងន់ធ្ងរ ក៏សុំអនុញ្ញាតពីប្រធានកងនៅសម្រាកព្យាបាលនៅក្នុងភូមិមួយរយៈសិន។ រយៈពេលកន្លះខែក្រោយមក ប្រធានកងបានមកហៅប្រពន្ធរបស់ខ្ញុំទៅធ្វើម្តងទៀត ស្រាប់តែភ្លាមៗនោះកងទ័ពវៀតណាមវាយចូលមកដល់ធ្វើឲ្យកម្មាភិបាល និងកងឈ្លបខ្មែរក្រហមរត់គេចចូលព្រៃអស់។ ឆ្លៀតឱកាសដែលមិនមានខ្មែរក្រហមនៅគ្រប់គ្រង ខ្ញុំនិងប្រពន្ធកូនបានប្រញាប់ប្រញាល់ចាកចេញពីសហករណ៍សំដៅទៅរកតំបន់ដែលកងទ័ពវៀតណាមគ្រប់គ្រងនៅតាមបណ្តោយផ្លូវជាតិ។ ខ្ញុំជួបការលំបាកខ្លាំងណាស់ ដោយសារខ្ញុំត្រូវអៀវឪពុករបស់ខ្ញុំដែលឈឺដើរមិនរួច។ ខ្ញុំធ្វើដំណើររយៈពេលពីរថ្ងៃទើបទៅដល់ផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឫស្សី ហើយឪពុករបស់ខ្ញុំក៏បានស្លាប់នៅទីនោះ។

បន្ទាប់មកខ្ញុំ និងប្រពន្ធព្រមទាំងកូន បានធ្វើដំណើរដោយថ្មើរជើងត្រលប់មកស្រុកកំណើត។ ខ្ញុំមិនមានស្បែកជើងសម្រាប់ពាក់ឡើយ ដូច្នេះខ្ញុំបានយកក្រណាត់មករុំជើង ព្រោះលើថ្នល់ក្រាលកៅស៊ូមានសភាពក្តៅខ្លាំងណាស់។ ខ្ញុំបានឈប់សម្រាកនៅតំបន់ដែលកងទ័ពវៀតណាមបោះទីតាំង ព្រោះខ្លាចខ្មែរក្រហមស្ទាក់ផ្លូវនិងបាញ់សម្លាប់ចោល។ ខ្ញុំឈប់ជាច្រើនកន្លែងនៅតាមផ្លូវ ដើម្បីស្វែងរកអាហារហូប។ ខ្ញុំដើររយៈពេលបីខែ ទើបមកដល់ស្រុកកំណើតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងវិញ។ ខ្ញុំបានជួបជុំបងប្អូនសាច់ញាតិ និងបានធ្វើស្រែចម្ការចិញ្ចឹមជីវិតមកដល់សព្វថ្ងៃ។

អត្ថបទដោយ សោម ប៊ុនថន


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បទសម្ភាសន៍ សៅ ចាន់ណា ជាមួយ តន់ សារ៉ន អាយុ៦៩ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin