ទន់ អៀច៖ រឿងរ៉ាវជីវិតខ្ញុំក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ទន់ អៀច រស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត

​ខ្ញុំឈ្មោះ ទន់ អៀច អាយុ ៧១ឆ្នាំ កើតនៅក្នុងឆ្នាំ១៩៥៤។ ខ្ញុំមានទីកន្លែងកំណើតនៅ ឃុំបាភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំ​រស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី២ ក្រោយមកក៏បានឈប់រៀនដោយសារតែស្ថានភាពគ្រួសារក្រីក្រ ហើយប្រទេសស្ថិតក្នុង សង្រ្គាម។ នៅក្នុងរបបខ្មែរក្រហម  ខ្ញុំត្រូវចាត់ឱ្យចូលធ្វើការនៅកងចល័ត រែកជីដាក់ស្រែ និងជីកទំនប់ ប្រឡាយ ។ កុមារៗដទៃទៀត ត្រូវធ្វើការងារធ្ងន់ជារៀងរាល់ថ្ងៃ ដោយគ្មានចំណីអាហារហូបចុកគ្រប់គ្រាន់ គឺហូបតែបាយជាមួយអំបិល ឬសម្លមួយវែក។ កុមាររស់នៅក្នុងក្រុមជាមួយខ្ញុំ ត្រូវស្លាប់ ដោយសារការហូបចុកមិនគ្រប់គ្រាន់ និងឈឺគ្មានថ្នាំព្យាបាល។ ក្រោយរបបខ្មែរក្រហម បានដួលរលំនៅដើមឆ្នាំ ១៩៧៩ ខ្ញុំបានរស់នៅដោយប្រកបមុខរបរធ្វើស្រែចម្ការ នៅតំបន់ស្រុកអង្គរជ័យ។ ខ្ញុំប្រឹងប្រែងប្រកបមុខរបរធ្វើកសិកម្មនៅទីនោះ រហូតដល់ឆ្នាំ ២០០១ ទើបខ្ញុំបានផ្លាស់ទីមករស់នៅក្នុង ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ តំបន់នេះ ជាតំបន់ជាយព្រៃភ្នំ មានធនធានធម្មជាតិដូចជា ព្រៃឈើ បន្សល់ទុកពីសម័យសង្គ្រាម។ នៅទីនោះ​ ខ្ញុំប្រកបមុខរបរជាកសិករ ដោយពឹងផ្អែកលើការដាំដំណាំ ធ្វើស្រែចម្ការ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាមួយគ្រួសារ។ ក្រៅពីធ្វើស្រែចម្ការ ខ្ញុំចិញ្ចឹមសត្វគោក្របី ដែលជាផ្នែកមួយជួយឱ្យជីវភាពគ្រួសារធូធារជាងមុន។

ខ្ញុំជួបបញ្ហាសុខភាពតាំងពីអាយុវ័យកុមារ ដោយសារខ្វះអាហារ និងការធ្វើការងារធ្ងន់។ បច្ចុប្បន្ននេះ ខ្ញុំមានជំងឺលើសសម្ពាធឈាម ដែលជាជំងឺមួយបង្កដោយសម្ពាធឈាមខ្ពស់ក្នុងរាងកាយ។ គ្រូពេទ្យជំនាញបានពន្យល់ថា ជំងឺនេះតែងតែបង្កឡើងដោយបញ្ហាសុខភាពជារួម និងស្ថានភាពរស់នៅក្នុងអតីតកាល ដូចជា៖

  • ​ការខ្វះអាហារដែលមានសារធាតុកាល់ស្យូម ប៉ូតាស្យូម និងសារជាតិចិញ្ចឹមសំខាន់ៗ
  • ​ការរស់នៅក្នុងជំងឺផ្លូវចិត្តយូរឆ្នាំ
  • ការងារលើសកម្លាំង

កន្លងមក ខ្ញុំបានទៅពិនិត្យសុខភាពជាប្រចាំនៅមន្ទីរពេទ្យក្នុងស្រុក និងទទួលបានថ្នាំព្យាបាលជំងឺលើសឈាមសម្រាប់លេបនៅផ្ទះជាប្រចាំ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចំណាយពេលវេលា មកសួរសុខទុក្ខ និងសម្ភាស អំពីជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងសម័យរបបខ្មែរក្រហម។ ការចំណាយពេល និងការអនុវត្តការងារយ៉ាងម៉ឺងម៉ាត់របស់លោកអ្នក មិនត្រឹមតែជាការថែរក្សាប្រវត្តិសាស្ត្រនៃជីវិតជនរងគ្រោះទេ ប៉ុន្តែជាការបន្តបំពេញបេសកកម្មដ៏មានតម្លៃក្នុងការផ្ទៀងផ្ទាត់ និងចងចាំអតីតកាលដ៏ឈឺចាប់របស់ប្រទេសជាតិដែរ។ ខ្ញុំមានមោទនភាព និងសង្ឃឹមថា ការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ នឹងអាចជាជំនួយដល់ការស្រាវជ្រាវ និងការអភិរក្សមរតកប្រវត្តិសាស្ត្រនេះ។[1]

អត្ថបទដោយ ផាត ពន្លក


[1]ទន់ អៀច៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin