ទូច ខេង៖ នីរសារស្រុកបាទី

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ទូច ខេង[1] ភេទ​ស្រី អាយុ​៦៥​ឆ្នាំ​ មាន​ស្រុក​កំណើត​រស់​នៅ​ក្នុង​ភូមិ​គោក​ដួល​ ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​ ខេត្ត​តាកែវ​។ សព្វ​ថ្ងៃ ខេង ​​រស់​នៅ​ក្នុង​ភូមិ​អូរ​ជីក ឃុំ​ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។

ខេង បាន​និយាយ​រៀប​រាប់​​​សាច់​រឿង​ដែល​ខ្លួន​បាន​ឆ្លង​កាត់នៅ​ក្នុង​ជំនាន់​ខ្មែរ​ក្រហម​​ថា​​៖ “កាល​នៅ​​កុមារ​ភាព ​ខ្ញុំ​រៀន​បានត្រឹម​​ថ្នាក់​ទី​១២ ​ពី​សង្គមចាស់​។​ ជំនាន់​នោះ​​គ្រួសាររបស់​ខ្ញុំ​​មាន​ជីវ​ភាព​ខ្វះ​ខាតខ្លាំង​ ហើយខ្ញុំ​ថែម​ទាំង​ជា​ក្មេង​កំព្រា​ ​ទើប​មិន​អាច​រៀន​បាន​ខ្ពង់​​ខ្ពស់​ដូច​ក្មេងដទៃ​។ ឪពុក​ម្ដាយ​​ខ្ញុំ​បាន​ស្លាប់​​​តាំង​ពី​ខ្ញុំ​នៅ​កុមារភាព​មក​ម្ល៉េះ​។ ​ខ្ញុំ​មាន​បង​ប្អូន​បង្កើត​​ចំនួន​៥នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​៤​ នៅ​ក្នុង​គ្រួសារ​។​ ដោយសារតែ​ភាព​កំព្រានេះ​ហើយ ​ទើប​ខ្ញុំ​ត្រូវ​រ៉ាប់​រង​ធ្វើ​ការ​ងារ​ជា​ច្រើន ​ដើម្បី​រក​ប្រាក់​កម្រៃ​​​មក​ផ្គត់​ផ្គង់​ការ​ហូប​ចុក​នៅ​ក្នុង​គ្រួសារ​។​

នៅ​ក្នុង​ឆ្នាំ​១៩៧២ ខ្ញុំ​​បានចាក​​​ចេញ​ពី​ភូមិ ដើម្បី​បម្រើការ​​ជា​នីរសារ​រត់​សំបុត្រ​នៅ​ឃុំ​ត្រពាំង​ក្រសាំង​ ក្នុង​ស្រុក​បាទី​។ ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំនៅ​ពេល​នោះ​ ​​គឺ​ត្រូវ​យក​សំបុត្រ​ទៅ​ជូន​ប្រធាន​​ភូមិ​ទាំង​អស់​ ដែល​ស្ថិត​នៅ​​ក្នុង​ឃុំ​ត្រពាំង​ក្រសាំង។ មេ​ឃុំ​ខ្ញុំ​ឈ្មោះ​ ផេង គឺ​ជា​អ្នក​​នៅ​មើល​ការ​ខុស​ត្រូវ​ក្នុង​ឃុំ​ទាំង​មូល​។ កាល​ណោះ​ ក្រុម​នីរសា​ររត់​សំបុត្រ​ឃុំ​​ មាន​សមាជិក​ទាំង​អស់​ចំនួន​​៣នាក់​ ដែល​សុទ្ធ​តែ​ជា​​ស្រី​​។ ការ​ងារ​រត់​សំបុត្រ​នេះ​ គ្មាន​ពេល​ឈប់​សម្រាក​ពិតប្រាកដឡើយ​។​ នៅ​ពេល​​មាន​សំបុត្រ​មក​ដល់ យើង​ត្រូវ​តែ​ធ្វើកិច្ចការនោះភ្លាម មិនថាជា​ពេល​​យប់​ឬ​ក៏​ថ្ងៃ​។ ​​ក្រុម​​ខ្ញុំទាំង​បី​នាក់ ​ត្រូវ​តែ​យកសំបុត្រ​ទៅ​ជូន​ប្រធាន​ភូមិ​ទាំង​អស់​ឲ្យ​ទាន់​ពេល​វេលា​។​ ការ​ធ្វើ​បែប​នេះ​ គឺ​ជៀស​វាង​ការ​​​ខក​ខានឬ​យឺតយ៉ាវ​ផ្នែក​ព័ត៌មាន​ ដែល​មាន​នៅ​ក្នុង​សំបុត្រ​ ​ឬក៏​មាន​ការ​ហៅ​ប្រជុំ​អ្វី​មួយ​ ដែល​មេភូមិ​​ត្រូវ​តែ​​​ទទួល​ដំណឹងឲ្យ​បាន​​ទាន់​ពេល​វេលា​។​

​ខ្ញុំបាន​បម្រើការ​ជា​​នីរសារ​​​ឃុំអស់​​រយៈ​ពេល​២ឆ្នាំ។​ ខ្ញុំ​ក៏​ត្រូវ​​បានផ្លាស់​​​ប្ដូរ​​ទៅ​ធ្វើ​នីរសារ​ស្រុក​វិញ​។ នៅ​ជំនាន់​នោះ​ ​តា​ភឿង គឺ​ជា​ចៅ​ហ្វាយ​ស្រុក​បាទី​​។ ​នៅ​​ពេលដែល​​ខ្ញុំ​ប្ដូរ​មក​រត់​សំបុត្រ​នៅ​ស្រុក​​ ខ្ញុំ​មាន​កង់​សម្រាប់​ធ្វើ​ដំណើរ​ និងមាន​​កាំ​ភ្លើង​មួយ​ដើម ដើម្បី​​​ការ​ពារ​ខ្លួន​​។ ចំណែក​ឯ​ការ​រត់​សំបុត្រ ​ខ្ញុំ​ត្រូវ​យក​​ទៅប្រគល់​​ឲ្យ​តាម​ឃុំ​វិញ​​។​ សំបុត្រ​ភាគ​ច្រើន​ត្រូវ​បែង​ចែក​នៅ​​​ពេល​យប់។​ ក្រុម​នីរសារ​រត់​សំបុត្រ​ក៏បាន​បែង​ចែកគ្នា​តាម​​ទី​តាំង​ឃុំ​ ដើម្បី​ធ្វើ​ការ។​ បើ​យើង​ធ្វើដំណើរ​ទាំង​អស់ៗ​គ្នាទៅគ្រប់ឃុំ​​ សំបុត្រ​​អាចនឹង​​មិន​ទាន់​ពេល។​ នីរសារ​ទាំង​អស់ ​ត្រូវ​យក​សំបុត្រ​ទៅ​ជូន​មេ​ឃុំ​ឲ្យ​ដល់​ផ្ទះ​​ទាំង​យប់​។ ប្រសិន​បើ​មាន​មេ​ឃុំ​​ណា​មួយ ​​មិន​ទទួល​បាន​សំបុត្រ​ ​​សាលា​ស្រុកនឹង​​បើក​ការ​ប្រជុំ ដើម្បី​ណែ​នាំ​អំពី​បញ្ហា​ដែល​បង្ក​ឲ្យ​មាន​ការ​រាំង​ស្ទះ​​។ ខ្ញុំបាន​​ធ្វើ​ការ​ជា​នីរសារ​ស្រុក​រហូត​ដល់​ឆ្នាំ​១៩៧៥។

បន្ទាប់​ពី​មាន​ការ​ជ្រើស​រើសនារីៗ និង​យុវជន​ ទៅខេត្ត​មណ្ឌល​គិរី ​ខ្ញុំ​ក៏ត្រូវ​​បានបញ្ចូល​ក្នុង​អង្គ​ភាព​​៩២០ដែរ​។ ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​មណ្ឌល​គិរី​ មាន​ការ​លំបាក​ខ្លាំង។​ ​នៅ​ជំនាន់​នោះ ​មិន​ទាន់​មាន​ផ្លូវ​ធ្វើ​ដំណើរ​ស្រួល​បួលនោះ​​ទេ​។ កម្លាំង​កង​ទ័ព​ រួម​ទាំង​ប្រជាជន ​បាន​នាំ​គ្នា​យក​ឈើ​មក​ដាក់​តម្រៀប​​នៅ​តាម​ផ្លូវ​ដែល​ខូចៗ។ ​យើង​ធ្វើដំណើរ​ម្ដង​បន្តិច​ៗ ​អស់​រយៈ​ពេល​៦​ខែ​ ទម្រាំ​តែ​ធ្វើ​ផ្លូវ​ទៅ​ដល់ខេត្ត​​មណ្ឌល​គិរី​។

នៅ​ឯខេត្ត​​មណ្ឌល​គិរី​ ​យុវ​ជន-​យុវនារីទាំង​​អស់ ​ត្រូវ​បាន​​ប្រើ​ឲ្យ​ធ្វើ​ស្រែ​ និង​ប្រមូល​ផល​។ ជំនាន់​នោះ​ ប្រជាជន​ទាំង​អស់​បាន​ចង​ខ្សែ​កាប​ឆ្លង​ទន្លេ​ស្រែ​ពក​ ដើម្បី​ជញ្ជូន​សំណាប​ទៅ​ស្ទូង​ ព្រោះ​មិន​ទាន់​មាន​ស្ពាន​ឆ្លងនៅ​ឡើយ​ទេ​​។ ថ្ងៃ​មួយ ​​កម្លាំង​ដែល​បាន​ទៅ​ជញ្ជូន​សំណាប​តាម​ខ្សែ​កាប ​ក៏​បាន​ធ្លាក់ក្នុង​ទន្លេ​​ហូរ​ទៅ​តាម​ទឹក​ស្លាប់​អស់​ចំនួន​៣​នាក់។​​ អំឡុង​ពេល​ខ្ញុំរស់​នៅ​ក្នុង​អង្គ​ភាព​​៩២០ ខ្ញុំ​មិន​ដែល​ទទួល​បាន​អាហារហូប​ចុក​​​គ្រប់​គ្រាន់​នោះ​ទេ​។ រហូត​ទាល់​តែ​​ខ្ញុំត្រូវ​​បញ្ជូន​ទៅ​ជួយ​ធ្វើ​ការ​នៅ​កង​១០៥  ទើប​ខ្ញុំ​ទទួល​បាន​ការ​ហូប​ចុក​គ្រប់​គ្រាន់​។ ការ​បញ្ជូន​កម្លាំង​កង​ទ័ព​ រួម​ទាំង​យុវជន​-យុវនារី​ទៅ​កាន់​ខេត្ត​​មណ្ឌល​គិរី គឺ​ដោយ​សារ​តែ​តំបន់​នោះ​សម្បូរ​បង​ប្អូន​ជន​ជាតិ​ភាគតិច។​ ​អង្គ​ការមិនចង់​​ឲ្យមាន​ការ​រើស​អើង​ជាតិ​សាសន៍​ ដោយ​បាន​បង្កើត​ឲ្យ​មាន​ការ​រៀប​ការ​រវាង​ជន​ជាតិ​ខ្មែរ​ជា​មួយ​ជន​ជាតិ​ព្នង​ ​ឬ​ក៏​ជន​ជាតិ​ឡាវ​ជា​មួយ​ព្នង​ជា​ដើម​។​ នៅ​ក្នុង​អង្គ​ភាព​​១០៥ ​​​ខ្ញុំ​​​មាន​តួនាទី​​​នេសាទ​ ​ដែលត្រូវ​រក​ត្រី​ផ្គត់​ផ្គង់​​​​កង​ទ័ព​សមរភូមិ​មុខ​ និង​ប្រជាជន​នៅ​ធ្វើ​ការ​តាម​សហករណ៍​​។ ​

រហូត​ដល់​ឆ្នាំ​១៩៧៩ វៀត​ណាម​ក៏​បាន​វាយ​ចូល​មក​ដល់​ទន្លេ​ស្រែ​ពក។ ខ្ញុំរួម​ទាំង​ប្រជាជន​ជា​ច្រើន​នាក់​ទៀត ​បាន​រត់​​ភៀស​ខ្លួន​ចូល​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ ជា​មួយ​ជន​ជាតិ​ភាគ​តិចមួយ​រយៈ​ធំ​​។ ក្នុង​ពេល​​រស់​នៅ​ក្នុង​ព្រៃ ​ខ្ញុំ​បាន​​ជួប​ទុក្ខ​លំបាក​ជា​ច្រើន។ ខ្ញុំ​មិន​ដែលបាន​​​​បាយ​ហូប​ឡើយ។​ ខ្ញុំ​ហូប​តែ​មើម​ក្ដួច មើម​ដំឡូង​ ដើម្បី​បំពេញ​ក្រពះ​​។ ក្នុង​ពេលនោះ​ ប្រជាជន​ទាំង​អស់​ចាត់​ទុកមើម​​ក្ដួច និង​ដំឡូងថា​ជា​បាយ​។

រហូត​ដល់​ឆ្នាំ​១៩៨១ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​មក​កាន់​ភ្នំ​ដង​រែក។​ នៅ​ពេល​មក​ដល់​ភ្នំ​ដង​រែក​ហើយ ​ប្រជាជន​មួយ​ចំនួន​មិន​ចេះ​ហូប​បាយ​ទេ ពី​ព្រោះ​ធ្លាប់​ហូប​ក្ដួច ដំឡូង​នៅ​ក្នុង​ព្រៃ​។ យើងក៏ចាប់​ផ្តើម​​​ទម្លាប់​ហូប​បាយវិញ​​។

នៅ​ក្នុង​ឆ្នាំ​១៩៨២ ខ្ញុំ​ក៏​បាន​រៀប​ការជាមួយ​​ប្ដី​ ដែល​​ជា​កង​ទ័ព​។ ក្រោយ​ពី​ខ្ញុំ​មាន​គ្រួសារ​ ខ្ញុំ​ក៏​បន្ត​រស់​នៅ​លើ​ភ្នំ​ដង​រែក​រហូត​ដល់​មាន​ការ​ផ្សះ​ផ្សា​រួប​រួម​គ្នា​នៅ​អន្លង់​វែង​ក្នុង​ឆ្នាំ​១៩៩៨ ទើប​ខ្ញុំ​ចុះ​មក​រស់​នៅ​ក្នុង​ភូមិ​អូរ​ជីក ​​រហូត​ដល់​បច្ចុប្បន្ន៕”

អត្ថបទដោយ លី សុខឃាង


[1] សម្ភាសន៍​ជាមួយ ទូច ខេង អតីតនីរសាស្រុកបាទី ក្នុង​ជំនាន់ខ្មែរក្រហម នៅភូមិ​អូរជីក ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin