ទូច ឡៃ៖ ប្រធានក្រុមកងកុមារក្នុងភូមិកង្កែប

ភូមិកង្កែប ជាភូមិមួយស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងភូមិភាគបស្ចឹម ដែលដឹកនាំដោយ ជូ ជេត។ ក្នុងឆ្នាំ១៩៧៥ ឡៃ ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានក្រុមគ្រប់គ្រងកុមារចំនួន៥០នាក់។
ឈ្មោះ ទូច ឡៃ[1] ភេទស្រី អាយុ៦៧ឆ្នាំ។ សព្វថ្ងៃ ឡៃ ប្រកបមុខរបរដាំដំណាំទុរ៉េន។ ឡៃ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ឡៃ រស់នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឡៃ បានប្ដូរទីលំនៅមករស់នៅក្នុងឃុំថ្មដា អស់រយៈពេល៣០ឆ្នាំហើយ។ ឪពុកឡៃឈ្មោះ ទូច ផៃ (ស្លាប់) ក្នុងសម័យសង្គមរាស្រ្តនិយមដោយសារជំងឺ។ ចំណែកម្ដាយឈ្មោះ សៅ យ៉ុន(ស្លាប់) ដោយសារជំងឺចាស់ជរាកាលពី៤ឆ្នាំមុន។ ឡៃ មានបងប្អូនបង្កើតចំនួន៥នាក់ (ស្រី៤នាក់) ហើយ ឡៃ ជាកូនទី៣។ សព្វថ្ងៃបងប្អូនរបស់ ឡៃ នៅរស់រានមានជីវិតចំនួន៣នាក់(ស្រី៣នាក់)។ ស្វាមីរបស់ ឡៃ ឈ្មោះ ជា សាយ៉ន អាយុ៦៦ឆ្នាំ ជាអតីតទាហាន។ ឡៃ មានកូនប្រុសចំនួន២នាក់។
កាលនៅវ័យកុមារ ឡៃ បានចូលរៀនអាចចេះអាន និងសរសេរអក្សរបន្តិចបន្តួច។ ឡៃ បានចូលរៀននៅសាលាក្នុងភូមិត្រពាំងតាសុខ។ រហូតដល់ឆ្នាំ១៩៧០ ឡៃ បានឈប់រៀន។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទនរោត្ដមសីហនុ។ នៅក្នុងភូមិត្រពាំងតាសុខ មិនមានការធ្វើបាតុកម្មនោះទេ។ បងប្រុសទី១ របស់ ឡៃ ជាទាហានរបស់សេនាប្រមុខ លន់ នល់។ ក្រោយមក ឡៃ បានចាកចេញពីភូមិត្រពាំងតាសុខ ទៅរស់នៅជាមួយម្ដាយនៅភូមិស្ទឹងជ្រៅ ឃុំកំពង់គគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ម្ដាយរបស់ ឡៃ បានរៀបការជាមួយស្វាមីទី២ ជាអ្នកភូមិស្ទឹងជ្រៅ។ ឡៃ បានឃើញយន្តហោះមកទម្លាក់គ្រាប់បែកក្នុងភូមិស្ទឹងជ្រៅ និងភូមិព្រែកស្ពាន ក្នុងឃុំកំពង់គគីរ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ឪពុកម្ដាយរបស់ ឡៃ បានជីកត្រង់សេសម្រាប់ការពារខ្លួនពីការទម្លាក់គ្រាប់បែក។ នៅចន្លោះឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៣ ឡៃ ក្រុមគ្រួសារ និងប្រជាជនទាំងអស់ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិស្ទឹងជ្រៅ ទៅកាន់ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ខ្មែរក្រហម បានឲ្យក្រុមគ្រួសាររបស់ ឡៃ និងប្រជាជនទាំងអស់រស់នៅក្បែរភ្នំកង្កែប ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ឡៃ និងក្រុមគ្រួសារ មិនមានអាហារហូបចុកគ្រប់គ្រាន់នោះទេ ខ្មែរក្រហមបានចែកអង្ករមួយកំប៉ុងក្នុងមួយគ្រួសារ។ ក្រោយមក ខ្មែរក្រហមបានចែកអង្ករកន្លះកំប៉ុងក្នុងមួយគ្រួសារ។ ជារៀងរាល់ថ្ងៃ ម្ដាយរបស់ ឡៃ បានឡើងទៅគាស់ដុំថ្មនៅលើភ្នំ ដើម្បីជីកយកមើមរការយកមកលាយជាមួយអង្ករដាំបបរឲ្យកូនៗហូប ពិតជាកំសត់វេទនាខ្លាំងណាស់។ ប្រជាជនចាស់ជរា និងកុមារជាច្រើននាក់ ត្រូវបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ពាសពេញជើងភ្នំ ដោយសារមិនមានអាហារហូប។ ខ្មែរក្រហមបានយកសាកសពរបស់ប្រជាជនទាំងអស់ទៅកប់ចោល ដោយជីករណ្ដៅរាក់ៗស្អុយពេញតាមជើងភ្នំកង្កែប។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយរំដោះបានទីក្រុងភ្នំពេញបានដោយជោគជ័យ។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានស្រាវជ្រាវប្រវត្តិរូបក្រុមគ្រួសាររបស់ ឡៃ និងបានប្រាប់ឲ្យបងប្រុសរបស់ ឡៃ និងអតីតទាហាន លន់ នល់ ក្នុងភូមិស្ទឹងជ្រៅទាំងអស់បង្ហាញខ្លួន និងទៅចូលរួមប្រជុំ ដើម្បីទទួលបានឋានៈតួនាទីដូចដើមវិញ។ បងប្រុស របស់ ឡៃ និងអតីតទាហាន លន់ នល់ ជាច្រើននាក់ បានទៅតាមការប្រកាសរបស់ខ្មែរក្រហម។ ក្រោយមក ឡៃ មិនបានឃើញបងប្រុស និងអតីតទាហាន លន់ នល់ទាំងអស់ត្រឡប់មកវិញនោះទេ។ រយៈពេល១ខែក្រោយមក ខ្មែរក្រហមបានបំបែក ឡៃ ឲ្យចេញពីម្ដាយ និងបងប្អូន ហើយបានចាត់ឲ្យ ឡៃ នៅកងកុមារក្នុងមន្ទីរមួយ(មិនចាំឈ្មោះ)ហើយ ឡៃ ត្រូវបានមេកងឲ្យធ្វើជាប្រធានក្រុមកងកុមារ។ ប្រធានកងកុមារឈ្មោះ ធា។ ចំណែកម្ដាយ ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការងារគាស់គល់ព្រិចនៅក្បែរជើងភ្នំកង្កែប។ រីឯ ប្អូនៗ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងកុមារមួយផ្សេងទៀត។ នៅម៉ោង៧ ដល់ម៉ោង១០ ព្រឹក ឡៃ មានតួនាទីបង្រៀនកុមារប្រហែល៥០នាក់ ពីអក្សរ, ច្បាប់រស់នៅប្រចាំថ្ងៃ និងការធ្វើការងារជាប្រចាំថ្ងៃ។ ឡៃ និងកុមារដទៃសម្រាកហូបបបរនៅម៉ោង១១ព្រឹក។ នៅម៉ោង១ រសៀលដល់ម៉ោង៥ល្ងាច ឡៃ មានតួនាទីដឹកនាំកុមារទាំង៥០នាក់ ទៅរើសគល់ព្រិចនៅក្បែរភ្នំកង្កែប ក្រោយពេលប្រជាជនចាស់ៗគាស់រួច។ ឡៃ និងកុមារទាំងអស់ សម្រាកហូបបបរនៅម៉ោង៦យប់។ នៅពេលយប់ ឡៃ បានដឹកនាំកុមារប្រហែល២០ទៅ៣០នាក់ ឲ្យចូលរួមហាត់សិល្បៈមាន ការសម្ដែង, ក្បាច់រាំ និងច្រៀងចម្រៀងខ្មែរក្រហម។ សម្រាប់របបអាហារ ឡៃ មិនបានហូបគ្រប់គ្រាន់នោះទេ ត្រូវហូបបបរលាយជាមួយគល់ក្ដួច គល់ចេក និងត្រកួន ប្រៀបដូចបបរជ្រូក។
អំឡុងពេលជាមួយគ្នា ឡៃ បានឃើញមានប្រជាជន និងកុមារស្លាប់ជាបន្តបន្ទាប់អស់ជាច្រើននាក់ ដោយសារអត់អាហារ។ ថ្ងៃមួយ ឈ្មោះ វ័យ ដោយឃ្លានខ្លាំងពេក បានចូលទៅក្នុងសហករណ៍ ហើយបានរើសឆ្អឹងយកមកហូប ស្រាប់តែខ្មែរក្រហមបានចាប់ វ័យ ទៅចងដាក់ក្នុងសំបុកស្រមោច ព្រោះហ៊ានរើសឆ្អឹងហូប ពិតជាអាក្រក់ណាស់។ បន្ទាប់មក ឡៃ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីឃុំច្រណូក ទៅកាន់ភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ វិញ។ ឡៃ ត្រូវបានចាត់ឲ្យចូលនៅកងចល័តក្នុងសហករណ៍មួយ។ ប្រធានសហករណ៍ឈ្មោះ ហៀង, ភៀង មកពីទីក្រុងភ្នំពេញ និង ហ៊ុន នៅខេត្តកំពង់ឆ្នាំង។ នារីទាំងបីនាក់ មានចិត្តល្អ និងស្លូតបូត។ សព្វថ្ងៃ ហ៊ុន រស់នៅឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ឡៃ បានកិនស្រូវនៅភូមិស្ទឹងជ្រៅ អស់រយៈពេល៥ខែ។ ក្នុងសហករណ៍កិនស្រូវ មានប្រជាជនស្រី-ប្រុស រួមទាំងព្រះសង្ឃដែលត្រូវបានខ្មែរក្រហមបង្ខំផ្សឹកប្រហែល២០នាក់ ហើយត្រូវបានបែងចែកទៅតាមផ្នែកមាន កិនស្រូវ, ជាន់ស្រូវ, រែងអង្ករ និងកិនកន្ទក់។ ឡៃ កិនស្រូវនឹងត្បាល់ដៃ។ ផ្នែកកិនស្រូវ មាននារីប្រហែល៦ទៅ៧នាក់។ បន្ទាប់មក ឡៃ ត្រូវបានចល័តទៅកិនស្រូវនៅភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ អស់រយៈពេល៥ខែបន្តទៀត។ ឡៃ កិនស្រូវក្នុងសហករណ៍ដូចនៅភូមិស្ទឹងជ្រៅ។ ក្រុមខាងសេដ្ឋកិច្ចបានដឹកអង្ករទាំងអស់ទៅចែកតាមក្រុមតាមសហករណ៍ផ្សេងៗ។ បន្ទាប់មកទៀត ឡៃ ត្រូវបានចល័តឲ្យទៅកិនស្រូវនៅឃុំមេលំ ក្នុងស្រុកបរិបូណ៌ អស់រយៈពេល១ឆ្នាំទៀត។ ការជម្លៀសពីកន្លែងមួយទៅកន្លែងមួយ គឺត្រូវដើរថ្មើរជើង និងគ្មានទឹកបរិភោគនោះទេ។
អំឡុងពេលកិនស្រូវ ឡៃ ត្រូវកិនរហូតដល់ម៉ោង១យប់ ទើបអាចចូលសម្រាកបាន។ ខ្មែរក្រហមបានគំរាមថា «បើកិនអង្ករមិនបានតាមការកំណត់ នឹងយកទៅវាយសម្លាប់ចោល » ទើប ឡៃ បានព្យាយាមកិនស្រូវ មិនហ៊ានឈប់សម្រាកនោះទេ។ ខណៈពេលកិនស្រូវ ឡៃ បានឃើញខ្មែរក្រហមយកជនជាតិវៀតណាមចងជាខ្សែៗយកទៅវាយសម្លាប់ចោល ក្នុងមួយយប់សម្លាប់ប្រហែល២០នាក់។ ឡៃ ធ្លាប់ឮប្រជាជនក្នុងសហករណ៍និយាយប្រាប់ថា ខ្មែរក្រហមបានយកមនុស្សទៅទឹមឲ្យភ្ជួរស្រែ។ ថ្ងៃមួយ ខ្មែរក្រហមបានប្រាប់ឲ្យ ឡៃ និងនារីៗមួយចំនួន ទៅចូលរួមប្រជុំ ប៉ុន្តែ ខ្មែរក្រហមបានចាប់បង្ខំឲ្យ ឡៃ និងនារីផ្សេងទៀតរៀបការជាមួយយុវជនដែលមិនធ្លាប់បានស្គាល់គ្នាសរុបប្រហែល២០គូ។ សម្រាប់កន្លែងស្នាក់នៅ ឡៃ បានដេកក្រាលកន្ទេលនៅតាមវាលស្រែត្រូវខ្យល់ត្រូវភ្លៀង គ្មានរោងឲ្យស្នាក់នៅទេ ពិបាកវេទនាណាស់។ នៅរដូវវស្សា ឡៃ ត្រូវទទឹកភ្លៀងជារៀងរាល់ថ្ងៃ។ នៅពេលមានភ្លៀងធ្លាក់ ឡៃ បានរត់ទៅជ្រកនៅក្បែរជង្រុកស្រូវ ប៉ុន្តែខ្មែរក្រហមបានចាក់សោរ មិនឲ្យចូលជ្រកនោះឡើយ។ ឡៃ ធ្លាប់សុំអនុញ្ញាតមេកង ដើម្បីទៅលេងជាមួយម្ដាយ និងប្អូនៗ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឡើយ។
នៅខែមិថុនា ឆ្នាំ១៩៧៨ ឡៃ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីឃុំមេលំ ទៅកាន់ភ្នំមួយហៅថា ភ្នំដំណាក់ចាម។ ឡៃ បានកិនស្រូវនៅដំណាក់ចាមបន្តទៀត។ ខ្មែរក្រហមមិនបានធ្វើរោងឲ្យស្នាក់នៅនោះទេ ឡៃ ត្រូវឡើងដេកក្នុងជង្រុកស្រូវ។ ឡៃ មិនហ៊ានដេកនៅខាងក្រោមនោះទេ ព្រោះខ្លាចសត្វខ្លា។ ចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានបណ្ដេញ ឡៃ និងប្រជាជនជាច្រើនរយនាក់ឲ្យដើរសំដៅទៅកាន់ជើងភ្នំឆ្ងាយពីភ្នំដំណាក់ចាមនឹងបម្រុងសម្លាប់ចោល។ មិនយូរប៉ុន្មាន កងទ័ពវៀតណាមបានចូលមករំដោះ រួចជម្លៀស ឡៃ និងប្រជាជនទាំងអស់ឲ្យមករស់នៅក្នុងភូមិផ្អេរ ឃុំផ្អេរ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ឡៃ បានរស់នៅជួបជុំជាមួយម្ដាយ និងប្អូនៗនៅក្នុងភូមិផ្អេរ ដោយប្រកបរបរធ្វើនំបញ្ជុក ដើម្បីប្ដូរយកអង្ករអស់រយៈពេល២ឆ្នាំ។ ក្រោយជួបជុំជាមួយម្ដាយ ឡៃ បានបាត់សមាជិកគ្រួសារចំនួន២នាក់ គឺ ទី១បងប្រុសជាអតីតទាហាន លន់ នល់ ត្រូវបាត់ខ្លួន បន្ទាប់ពីខ្មែរក្រហមប្រកាសឲ្យចូលចូលរួមប្រជុំ។ ទី២ បងស្រីម្នាក់បានបាត់បង់ជីវិតដោយសារអត់អាហារ។ បន្ទាប់មក ឡៃ បានប្ដូរទៅរស់នៅក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ឆ្នាំ១៩៨៦ ឡៃ និងក្រុមគ្រួសារបានត្រឡប់ទៅរស់នៅក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងវិញ។ រឿងរ៉ាវដែល ឡៃ បានឆ្លងកាត់ និងចងចាំមិនអាចបំភ្លេចបានគឺ ការឈឺចាប់ដែលមិនបានបរិភោគអាហារឲ្យឆ្អែត និងគ្រប់គ្រាន់។ ជាពិសេស ឡៃ បានសុំអនុញ្ញាតខ្មែរក្រហម ដើម្បីទៅលេងជាមួយម្ដាយ និងប្អូនៗ ព្រោះនឹកមិនបានជួប និងត្រូវរស់នៅបែកគ្នាអស់រយៈពេលជាយូរឆ្នាំ ប៉ុន្តែខ្មែរក្រហមមិនអនុញ្ញាតនោះឡើយ៕
អត្ថបទដោយ មឿន ស្រីណុច
[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយឈ្មោះ ទូច ឡៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។