ទូច នីម ៖ ខ្មែរក្រហមសម្លាប់យួន យួនក៏សម្លាប់ខ្មែរក្រហម

កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម និងគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន នៅលើផ្លូវរថភ្លើងក្នុងអំឡុងចុង ឆ្នាំ១៩៧៥។ ពីឆ្វេងទៅស្តាំ៖ វន វ៉េត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម, ម៉ី ប្រាង (ចង្អុលមកមុខ) ប្រធានគណៈកម្មាធិការទំនាក់ទំនង, អៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស, ឧត្ដមសេនីយ៍ តឹង ឃុនសាន (ពាក់អាវព័ណ៍សខាងក្រោយ អៀង សារី) ប្រធានអ្នកជំនាញការចិនប្រចាំកម្ពុជាប្រជាធិបតេយ្យ និងសមមិត្ត ស៊ូ (ពាក់វ៉ែនតាឈរខាងក្រោយឧត្ដមសេនីយ៍ តឹង ឃុនសាន) អ្នកបកប្រែភាសាចិន។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម និងគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន នៅលើផ្លូវរថភ្លើងក្នុងអំឡុងចុង ឆ្នាំ១៩៧៥។ ពីឆ្វេងទៅស្តាំ៖ វន វ៉េត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម, ម៉ី ប្រាង (ចង្អុលមកមុខ) ប្រធានគណៈកម្មាធិការទំនាក់ទំនង, អៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស, ឧត្ដមសេនីយ៍ តឹង ឃុនសាន (ពាក់អាវព័ណ៍សខាងក្រោយ អៀង សារី) ប្រធានអ្នកជំនាញការចិនប្រចាំកម្ពុជាប្រជាធិបតេយ្យ និងសមមិត្ត ស៊ូ (ពាក់វ៉ែនតាឈរខាងក្រោយឧត្ដមសេនីយ៍ តឹង ឃុនសាន) អ្នកបកប្រែភាសាចិន។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ទូច នីម[1] ភេទប្រុស អាយុ​៧២ឆ្នាំ មានទីកន្លែងកំណើត​នៅភូមិព្រៃ​ខ្ជារ ឃុំបាភ្នំ ស្រុក​អង្គរជ័យ​ ខេត្ដ​កំពត។ បច្ចុប្បន្ន នីម រស់នៅភូមិជើងភ្នំ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

នីម បាន​និយាយថា៖ «ខ្ញុំមាន​បងប្អូនបង្កើត​ចំនួន​៩នាក់ (ប្រុស​៥នាក់ និងស្រី៤នាក់)។ ​កាល​ពី​នៅ​ក្មេងៗ ខ្ញុំ​​បាន​រៀន​សូត្រ​​ត្រឹម​ថ្នាក់ទី​៩ (ប្រព័ន្ធអប់រំសង្គមចាស់​)។ ខ្ញុំអាចអាន​អក្សរ ប៉ុន្តែ ខ្ញុំ​បាន​ឈប់​រៀន​​នៅក្នុងឆ្នាំ​១៩៦៧​ ដោយ​សារជីវភាព​របស់​​​ក្រុមគ្រួសារ​ខ្ញុំ​មាន​សភាព​​ក្រីក្រ​ពេក។

នៅ​ខែ​កក្កដា ឆ្នាំ​១៩៧០ ខ្ញុំ​​បានសម្រេចចិត្ត​ចូលព្រៃម៉ាគី ដើម្បី​បម្រើ​ចលនាបដិវត្ដន៍​ខ្មែរក្រហម​ ឬ​ហៅ​ថា​ កងទ័ព​រំដោះ​ជាតិ។ យើងធ្វើ​សង្រ្គាមតទល់​​ជាមួយនឹង​កម្លាំង លន់​ នល់ ដើម្បី​ទាមទារ​អំណាច​ឲ្យ​សម្ដេច​ព្រះ​​ នរោត្ដម​ សីហនុ ​គ្រប់គ្រង​ប្រទេស​វិញ​។​ នៅពេលនោះ​ ខ្ញុំ​​មាន​អាយុ​១៧ឆ្នាំ។ ខ្មែរក្រហម​បាន​បញ្ជូនខ្ញុំ​ទៅ​ហ្វឹក​ហាត់​យុទ្ធសាស្រ្ដ​យោធា​ ដូចជា​ លូន, ក្រាប, បាញ់, ដាក់​មីន, ដោះមីន, ជីកលេណដ្ឋាន​ និងប្រយុទ្ធ។ ការ​រស់នៅ​ក្នុង​អង្គភាព​កងទ័ព​ និងការហូប​ចុក​ ​មិនសូវ​ល្អ​​ប្រសើរទេ។

​អង្គភាព​នីមួយៗ​មានការ​ខ្វះ​ខាត​ ដោយសារ​ដឹក​ជញ្ជូន​ស្បៀង​អាហារមិនទាន់​ពេល​វេលា​ និងការ​​បង្អាក់​​ដោយសារ​សង្គ្រាម​។ ខ្ញុំ​ធ្លាប់ហូបត្នោត​ទុំជាអាហារ ​នៅពេល​ខ្ញុំ​អត់ឃ្លាន​ខ្លាំង។ ពេល​ខ្លះទៀត យើង​ស្ទើរតែមិនមានអ្វី​ហូបតែម្ដង​។ នៅពេលនោះ យើង​តែងតែចងចាំ​​ឃ្លា​ដ៏គួរអស់សំណើចថា៖ «គន្លង​ជើង​មនុស្ស ប៉ុន្ដែ​អាចម៌ដូចសត្វសំពោច»។ ការ​ដែល​ហូប​ត្នោតទុំបាន​នាំឲ្យ​យើងមាន​សភាពបែបនេះ។ យើង​បាន​​ធ្វើសង្គ្រាម​នៅភាគ​ខាងត្បូង​ប្រទេស​កម្ពុជា។ ខ្ញុំបាន​​ស្គាល់និ​ងប្រឡូកសមរភូមិ​ប្រហែល​៣០​នៅ​ប៉ែក​ខាង​នោះ។ ខ្ញុំបាន​ប្រយុទ្ធ​ជាមួយ​ទាហាន​ លន់ នល់។ កាលណោះ ខ្ញុំហាក់ស្គាល់ឈ្មោះ​មេទ័ពរបស់​ លន់ នល់​ ជាច្រើនដែរ។​ ខ្ញុំក៏​ធ្លាប់និយាយ​តេអូឆ្លើយ​ឆ្លង​ជាមួយ​មេទ័ពទាំង​អស់នោះទៀត​ផង​។​ ​ទោះ​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ​ ខ្ញុំមិនធ្លាប់ឃើញមុខអ្នកទាំងនោះទេ​ ​ដោយ​សារតែ​​អ្នក​ទាំង​នោះ​គឺជាខ្មាំងសត្រូវ។​ ខ្ញុំ​ស្គាល់​តែ​ឈ្មោះ ដោយ​​សារ​​មេទ័ព​ទាំង​នោះ​ទំនាក់​ទំនង​មក​ខ្ញុំ​ ​និង​រៀប​រាប់​ពី​ខ្លួន​ឯង​ផ្ទាល់។

រហូតដល់ឆ្នាំ​១៩៧៥ ខ្មែរក្រហមទទួលបាន​ជ័យ​ជម្នះ​លើទីក្រុង​ភ្នំពេញ។  ភ្លាមៗនោះ ខ្មែរក្រហម​បាន​​បញ្ជូន​ខ្ញុំ​ទៅកាន់​​ចំណុច​ឡុងប៊ិននៅតាមបណ្ដោយ​ទន្លេ​បាសាក់ ដើម្បី​ការពារព្រំ​ដែន​កម្ពុជា​-វៀត​ណាម​​​។ យើង​បាននាំគ្នា​ជីកលេណដ្ឋាន​នៅតាមមាត់ទន្លេ។​  នៅជំនាន់នោះ កងទ័ពខ្មែរក្រហម និង​កងទ័ព​វៀត​ណាម​ មានសភាពឃោរឃៅដូចគ្នា។ ខ្ញុំ​ចង់និយាយថា ខ្មែរក្រហមសម្លាប់យួន យួន​ក៏​សម្លាប់​ខ្មែរ​ក្រហម។ ភាគីទាំងសងខាង ​ឃើញមុខ​គ្នា​មិន​បាន​នោះ​ទេ​។

រហូតដល់ឆ្នាំ​១៩៧៧ ខ្មែរក្រហមបាន​បញ្ជូន​ខ្ញុំមកកាន់​ព្រំដែន​កម្ពុជា-ថៃ ក្នុងខេត្ដ​ឧត្ដរមាន​ជ័យ​។ នៅ​ពេល​នោះ​ យើងបង្កើត​ថៃក្រហម​ ដែលគណៈ​ភូមិភាគ​នៅពេលនោះរួមមាន តាជឿន តាឈិត តាចិន តាជួង​។ ថៃក្រហម​ក៏បានស្លាប់នៅម្ដុំភូមិជើងភ្នំដែរ។​

ខ្ញុំ​ស្អប់​យួន​ធីវគីណាស់ ដោយសារ​ខ្ញុំ​ឃើញ​ច្បាស់​នឹង​ភ្នែក​ថាក្រុមកុម្មុយនីស្ដទាំង​នោះ​បាន​រំលោភ ​នារី​ខ្មែរយើង​តាម​អំពើចិត្ដ​។ ខ្ញុំ​ធ្លាប់បាន​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម​រហូតមកដល់​ឆ្នាំ១៩៨៩​​​​​។ នៅឯ​សមរភូមិភាគ​ខាងត្បូង​ផ្លូវជាតិ​លេខ៤​​ កងទ័ពវៀតណាម​ធ្លាប់​បើក​រថក្រោះ​​​​កិនលើលេណដ្ឋាន​របស់​ខ្ញុំ​ដែល​មាន​​កង​ទាហានសំងំលាក់ខ្លួន​។ កងកម្លាំង​របស់ខ្ញុំ​ពេញមួយលេណ​​ដ្ឋានបានស្លាប់​បាត់បង់ជីវិត។​ ខ្ញុំ​គឺ​ជា​ទាហាន​​តែម្នាក់គត់ដែលនៅរស់​ ដោយសារ​រថក្រោះបាន​​បក​​ត្រលប់​ក្រោយវិញ នៅពេល​បើកជិត​ដល់ខ្ញុំ​។

យើងត្រូវបាន​កងទ័ព​វៀតណាម​បណ្ដេញមកកាន់ទល់ដែន ដោយសារតែកម្លាំង​របស់​យើង​នៅ​ពេល​​​នោះ​​មានចំនួន​តិច ហើយមិនអាចទប់​ទល់ជាមួយកម្លាំង​វៀតណាមដ៏​ច្រើន។​ កងកម្លាំង​របស់​យើង​បាន​​រត់​​រប៉ាត់​រប៉ាយ​ចូលទៅក្នុងព្រៃ និង​ដាច់ស្បៀងអាហារ​ថែមទៀត​ផង​។​ ​ខ្ញុំបាន​រៀបការ​ជាមួយនារីម្នាក់​ក្នុ​ងកងដឹកជញ្ជូន​របស់ខ្មែរក្រហម នៅតំបន់​១០០៣ (តំបន់​អន្លង់​វែង) នៅក្នុងឆ្នាំ១​៩៨១។ ខ្ញុំបានជួបជាមួយប្រពន្ធ​របស់ខ្ញុំ​នៅឯសមរភូមិ។​ ខ្ញុំ​ក៏​ចាប់ផ្ដើម​មាន​ទំនាក់​ទំនង​រហូត​ដល់​ស្នើ​ឲ្យអង្គភាព​រៀបចំ​ពិធីរៀបការដល់យើងទាំងពីរ។ អង្គភាព​បានរៀបចំ​អាហារ និង​មាន​ការ​ណែនាំ​ដល់​យើង​ទាំងពីរឲ្យ​មាន​ការប្ដេ​ជ្ញាចិត្ដយកគ្នា​ជាប្ដីប្រពន្ធ​។​ ការរៀបការរបស់យើងត្រូវបានធ្វើនៅឡើង​នៅ​ក្នុង​ព្រៃ។ ដូច្នេះហើយ ប្រធានអង្គភាព​ខ្មែរក្រហមគឺជាអ្នកតំណាងឲ្យ​ឪពុកម្ដាយរបស់​យើង​។ ការ​រៀប​ការ​ត្រូវ​បាន​រៀបចំឡើង​ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។បន្ទាប់មក ខ្ញុំក៏លាប្រពន្ធ​របស់ខ្ញុំ​ទៅកាន់សមរភូមិមុខ ឯប្រពន្ធ​​របស់​ខ្ញុំ​ធ្វើ​កិច្ចការ​នៅ​សមរភូមិ​ក្រោយ។ រយៈពេល​១ឆ្នាំ ឬ២ឆ្នាំម្ដង ខ្ញុំបានវិលត្រលប់មក​ជួបជុំប្រពន្ធរបស់ខ្ញុំម្ដង ​ជាមួយនឹង​កាតព្វ​កិច្ច​រៀន​សូត្រ និងបំពាក់បំប៉នជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៅក្នុង​តំបន់​អន្លង់វែង​។​ ជាទូទៅ កិច្ចការកងទ័ព មាន​រយៈពេល​​ពី៣ទៅ៦ខែ ដែល​យើងត្រូវ​រាយការណ៍តាមទូរលេខ អំពីស្ថានការណ៍​ជាក់ស្ដែងនៅ​ក្នុង​សមរភូមិ។ រៀងរាល់​១ឆ្នាំម្ដង យើងត្រូវមកប្រជុំផ្ទាល់​ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ​ដើម្បីរាយការណ៍ដោយ​ផ្ទាល់​មាត់។ ក្រៅពីរាយការណ៍​ យើងត្រូវបាន​បំពាក់បំប៉ន​គោលនយោបាយ​អប់រំប្រជាជន និង​កងទ័ព​នៅសមរភូមិខាងក្នុងប្រទេស។

នៅថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៨៧ ខ្ញុំបាន​ពិការ​ជើងម្ខាង​ដោយសារ​ជាន់មីនសូវៀត​នៅ​ឯ​សមរភូមិ​ខាង​ត្បូង​​ភ្នំ​គូលែន​ ខណៈ​ពេលដែល​ខ្ញុំ​​ធ្វើដំណើរជាមួយ​​កងកម្លាំងនៅក្នុងកងពល​ រួមទាំង​នារីដឹក​ជញ្ជូន​ទៀត។ ខ្ញុំ​ត្រូវរបួសតែម្នាក់ឯង។ ភ្លាមៗនោះ ពេទ្យចល័តក្នុងអង្គភាព​របស់ខ្ញុំក៏បាន​ជួយ​សង្គ្រោះ​ខ្ញុំ​ត្រង់​ចំណុច​​​ភូមិ​បុស្សធំ​ខាងត្បូងភ្នំ​គូលែន​ ដោយចាក់​ថ្នាំ​សន្លប់​ដល់ខ្ញុំចាប់ពី​ម៉ោង​១២ថ្ងៃត្រង់ រហូតដល់ម៉ោង​៣រសៀល​ ទើបខ្ញុំដឹង​ខ្លួនវិញ​។ ក្រុមគ្រូពេទ្យបាន​រៀបរាប់ប្រាប់ខ្ញុំ​នៅក្រោយមកទៀតថា​ ខ្ញុំបាន​ដាច់​ខ្យល់​រហូត​ដល់​​៣ដង​ ប៉ុន្ដែក្រុមគ្រូពេទ្យ​បាន​មិនបាន​បង់បោះ​ការ​សង្គ្រោះ​នោះទេ ដោយប្រឹង​ប្រែងសប់ខ្យល់​ដើម្បី​ឲ្យ​​សួត និងចង្វាក់បេះ​ដូង​របស់ខ្ញុំ​ដំណើរការ​ឡើងវិញ​។​

ក្រោយមក កងកម្លាំង​របស់ខ្ញុំ​បាន​បញ្ជូនខ្ញុំមកកាន់​ជំរំជន​ពិការ​នៅលើភ្នំ​​​១០០៣។ រយៈពេល​៨​ខែ​ក្រោយ​មក ខ្ញុំបាន​ធូរសះ​ស្បើយ​ឡើងវិញ​ និងធ្វើដំណើរបានធម្មតា​បាន។ នៅជំរំ​ជនពិការ ​ខ្ញុំមានរបប​ហូប​ចុក​​គ្រប់​គ្រាន់​​​ ដោយម្នាក់ទទួលបាន​អង្ករចំនួន​២កំប៉ុង​ក្នុងមួយថ្ងៃ។ យើង​ក៏អាច​ដាំដុះ​ និងចិញ្ចឹមសត្វ​សម្រាប់​ហូប​ចុក​ខ្លួន​ឯងបាន​​។ យើងបាន​ផ្លាស់ទីទៅកាន់​ជំរំផ្សេងទៀត ដោយ​សារ​តែ​សភាពការណ៍​មិន​អំណោយ​​ផល ឬអាស្រ័យទៅតាម​ការ​ដឹកនាំ​របស់​ខ្មែរក្រហម​ដែលគ្រប់គ្រងយើងផ្ទាល់​។

មកទល់បច្ចុប្បន្ននេះ ខ្ញុំ​មានការសោកស្ដាយ​ចំពោះការតស៊ូ​កន្លងមក ដោយសារតែ​អ្វី​ដែល​យើង​បាន​​ធ្វើ​សុទ្ធតែមានគោលបំណង​ទុកជាមុន។​ ប៉ុន្ដែ​នៅពេលរាជ​រដ្ឋាភិបាល​បានផ្ដល់​ប្រាក់​សោធន​និវត្ដន៍​ដល់​យើង យើងមានការធូរស្រាលឡើង​វិញ។ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ខ្ញុំធ្លាប់ត្រូវបានរើសអើង​ ដោយ​នៅ​ក្នុង​ពេល​មួយ​ ខ្ញុំត្រូវបាន​​អ្នកជំនាញ​ធ្វើជើង​សប្បនិម្មិត​ជនជាតិបារាំង បាន​ណាត់ឲ្យទៅជួបនៅ​ក្នុង​ខេត្ដ​បាត់ដំបង។ ខ្ញុំបានទៅកន្លែងហាងបាយមួយកន្លែង ដោយម្ចាស់ហាងហាក់បង្ហា​ញកាយវិការ​មួយ​ដែល​រើស​អើង​មក​​លើខ្ញុំ។ ម្ចាស់ហាង​មិន​សួរនាំ ហើយ​ងាកមុខចេញ ឬមិនបាន​ចាត់ទុក​ខ្ញុំជាភ្ញៀវបន្ដិចសោះ​ឡើយ​។ ម្ចាស់​ហាង​ ទំនងជាវាយ​តម្លៃ​ថា ខ្ញុំ​គឺជាអ្នកសុំ​ទាន​នៅតាមដងផ្លូវ ដូចទៅនឹង​ជនពិការ​ដែលសុំ​ទាន​នៅ​ស្រុក​ខាង​ក្នុងៗ​​ដែរ​។​ តែទោះជាយ៉ាងណាក៏ដោយ ការរើសអើងទាំងនេះហាក់មានភាពថមថយទៅវិញ បន្ទាប់​ពី​​គោលនយោបាយរបស់​រាជរដ្ឋាភិបាលកម្ពុជា​ ​ត្រូវបានដាក់ចេញមិនឲ្យ​មានការ​រើស​អើង​លើ​ជនមាន​ពិការភាព និងការរៀបចំឲ្យជន​ពិការដោយសារ​សង្គ្រាមក្នុងប្រទេសកម្ពុជា ​មាន​លទ្ធភាពរស់នៅ​ល្អ​ប្រសើរ​ជាង​​មុន​»៕

អត្ថបទដោយ លី សុខឃាង


[1] ភួន សុករីន សម្ភាសន៍ជាមួយ ទូច នីម នៅក្នុង​ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្នាំ​២០២៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin