ទូច ណុម៖ ប្រធានក្រុមពេទ្យកងទ័ពរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ទូច ណុម[1] អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ នួន ផេង (ស្លាប់)។ ឪពុករបស់ខ្ញុំ គឺជាប្រធានភូមិកាលពីរបបសង្គមរាស្ត្រនិយម។ ម្ដាយរបស់ខ្ញុំឈ្មោះ ពៅ អាំ(ស្លាប់)។ ខ្ញុំមានបងប្អូនស្រីចំនួន៥នាក់។ ខ្ញុំមានប្ដីឈ្មោះ សែម យិល (ស្លាប់)ហើយ មានកូនស្រីចំនួន៩នាក់។ ខ្ញុំរស់នៅជាមួយកូនស្រីម្នាក់ និងចៅ២នាក់។ សព្វថ្ងៃនេះ ខ្ញុំប្រកបមុខរបរលក់នំបញ្ចុក ដើម្បីទទួលបានថវិកាបន្តិចបន្តួចសម្រាប់ចំណាយប្រចាំថ្ងៃ និងទុកធ្វើបុណ្យ។
ខ្ញុំចូលរៀនបានត្រឹមថ្នាក់ទី៨ នៅសាលារៀនត្រាំកក់។ កាលនោះ ខ្ញុំរៀនភាសាបារាំងបានរយៈពេល២ឆ្នាំ ក៏ឈប់រៀននៅថ្ងៃធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ម សីហនុ ចេញពីតំណែងនៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីថ្ងៃធ្វើរដ្ឋប្រហារ ខ្ញុំត្រូវបានជ្រើសតាំងពីប្រជាជនក្នុងភូមិឱ្យជួយបង្រៀនកុមារតូចៗនៅក្នុងភូមិថ្មកែវ។ ខ្ញុំបង្រៀនបានរយៈពេល២ឆ្នាំ ខ្ញុំក៏ឈប់បង្រៀន។ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៣ អង្គការបានប្រកាសជ្រើសរើសយុវជន និងយុវនារី ឱ្យទៅរៀនពេទ្យ។ នៅពេលឮដូច្នេះ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំង ព្រោះជាបំណងប្រាថ្នារបស់ខ្ញុំដែលមានតាំងពីយូរមក។ ខ្ញុំបានសុំឪពុកម្ដាយរបស់ខ្ញុំ ទៅរៀនពេទ្យដោយស្ម័គ្រចិត្ត។ កាលនោះ ខ្ញុំទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះ។ ខ្ញុំបានទៅរៀននៅសាលាពេទ្យមួយកន្លែង នៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ ការសិក្សាមានរយៈពេលខ្លី។ ខ្ញុំទៅរៀនមិនដល់១ឆ្នាំផង អង្គការបានចាត់តាំងឱ្យខ្ញុំចេញទៅព្យាបាលកងទ័ពនៅតាមសមរភូមិមុខ។
នៅដើមឆ្នាំ១៩៧៤ ខ្ញុំបានចេញទៅព្យាបាលឱ្យកងទ័ព មុនដំបូងនៅវត្តតុំ នៅភូមិបិនម៉ៅ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ កាលនោះ ខ្ញុំមានតួនាទីជាប្រធានក្រុមពេទ្យ។ ខ្ញុំទទួលបន្ទុក ខាងលាងរបួស និងចាក់ថ្នាំឱ្យកងទ័ព។ ក្រៅពីព្យាបាលមុខរបួស ខ្ញុំត្រូវរៀបចំអាហារឲ្យកងទ័ព។ ខ្ញុំធ្វើការនៅវត្តតុំ បានរយៈពេល១ឆ្នាំ ត្រូវអង្គការបញ្ជូលទៅព្យាបាលកងទ័ព នៅឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ខ្ញុំទទួលបានថ្នាំពេទ្យសុទ្ធតែល្អៗ មកពីប្រទេសបារាំងសម្រាប់ព្យាបាលឱ្យកងទ័ព។ ខ្ញុំធ្វើការបានរយៈពេលប្រមាណ២ឆ្នាំ ក៏ត្រឡប់មកពេទ្យតំបន់វិញ នៅភូមិអង្គរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ កាលនោះ ប្រធានពេទ្យធំជាងគេឈ្មោះ សៃ និងបូរ។ គាត់ទាំងពីរនាក់ជាប្ដីប្រពន្ធ។ ប្រធានពេទ្យ បានចាត់តាំងឱ្យខ្ញុំទៅព្យាបាលកងទ័ពនៅ៣ទីតាំង គឺនៅកងអនុវរៈសេនាតូច២, កងវរៈអនុសេនាតូច៤ និងកងអនុរវៈសេនាតូច១០។ ពេទ្យនៅក្នុងក្រុមរបស់ខ្ញុំមានគ្នា១០ នាក់សុទ្ធតែស្ត្រី។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានបញ្ឈប់ខ្ញុំចេញពីតំណែងប្រធានក្រុមពេទ្យ ឱ្យមកធ្វើពេទ្យនៅតាមកងប្រជាជនវិញ។ ដោយសារតែ ខ្មែរក្រហមចោទថា ខ្ញុំជាមនុស្សគ្មានភាពស្អាតស្អំ។ ព្រោះខ្ញុំជាប់ពាក់ព័ន្ធជាមួយពូធ្លាប់ធ្វើទាហាន លន់ នល់ គាត់ឈ្មោះ សួន នឹម។ ពូនឹម ត្រូវខ្មែរក្រហម សម្លាប់។ បន្ទាប់មក ខ្មែរក្រហមបានចាត់តាំងឱ្យខ្ញុំទៅព្យាបាលប្រជាជន នៅតាមកងយុវជន និងកងនារី នៅភូមិអង្គជោតិ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ តាំងពីថ្ងៃដែលខ្ញុំបានចេញទៅធ្វើពេទ្យនៅភូមិអង្គជោតិ ការរស់នៅរបស់ខ្ញុំ គឺពិបាកវេទនាណាស់ រស់ពិបាកជាងស្លាប់ទៅទៀត។ ខ្ញុំត្រូវរស់ក្រោមការគៀបសង្កត់ពីសំណាក់ខ្មែរក្រហម និងគ្មានសិទ្ធិសេរីភាព។ ខ្ញុំធ្វើពេទ្យនៅភូមិអង្គជោតិ បានរយៈពេល១ខែ។ ដោយសារ តែខ្ញុំពិបាកទ្រាំនឹងការរស់នៅប្រចាំថ្ងៃខ្លាំងពេក ខ្ញុំក៏មានបំណងចង់បាញ់សម្លាប់ខ្លួនឯងម្ដងៗដែរ។ មានសំនួរមួយបានចោទឡើងថា «តើមូលហេតុអ្វីដែលជម្រុញឱ្យមានគំនិតចង់បាញ់សម្លាប់ខ្លួនឯង?» ចម្លើយបានឆ្លើយថា «ដោយសារតែការខឹងសម្បារជាមួយខ្មែរក្រហមជាខ្លាំង ដែលធ្វើបាបដល់រូបខ្ញុំជាមនុស្សដែលធ្លាប់ជួយបម្រើដល់កងទ័ព»។ ប៉ុន្តែខ្ញុំត្រឡប់មកគិតមើលម្ដងទៀត ហើយខ្ញុំបានសួរមកកាន់ខ្លួនឯងថា «តើខ្ញុំសម្លាប់ខ្លួនឯងដើម្បីអ្វី?» បើនៅមានជីវិតរស់បន្ត អាចនឹងមានឱកាសបានមកជួបជុំជាមួយឪពុកម្ដាយនៅស្រុកភូមិវិញ។ ខ្ញុំក៏បញ្ឈប់គំនិតលែងចង់សម្លាប់ខ្លួនឯងទៀត ហើយសម្រេចចិត្តលួចរត់ចេញពីកងនៅភូមិអង្គជោត ដោយមិនខ្លាចស្លាប់។ សំណាងល្អរបស់ខ្ញុំ ដែលខ្មែរក្រហមចាប់ខ្ញុំមិនបាន។ ខ្ញុំបានរត់ទៅដល់ឃុំត្រាំកក់ និងបានទៅរស់នៅផ្ទះប្រជាជនមួយកន្លែងដែលម្ចាស់ផ្ទះត្រូវខ្មែរក្រហមជម្លៀសចេញតាំងពីឆ្នាំ១៩៧៥។ ពេលទៅដល់ភ្លាមៗ ប្រធានឃុំត្រាំកក់ ឈ្មោះ នុន បានបង្ខំឱ្យខ្ញុំធ្វើប្រវត្តិរូបសង្ខេប ដោយបញ្ជាក់ពីថ្ងៃ ខែ ឆ្នាំ ដែលខ្ញុំបានចូលធ្វើពេទ្យ។ ខ្ញុំបានសរសេរសំបុត្រមួយច្បាប់ ដោយផ្ទាល់ដៃរបស់ខ្ញុំ រួចប្រគល់ទៅឱ្យឈ្មោះ នុន ដែលមានតួនាទី ជាប្រធានឃុំត្រាំកក់។ សំបុត្របានទៅដល់ដៃ ប្រធានឃុំត្រាំកក់។ ជាបុណ្យរបស់ខ្ញុំ ដែលប្រធានឃុំមិនបានយកទោសពៃអ្វីឡើយ។ ថែមទាំងចាត់តាំង ឱ្យខ្ញុំនៅបុកអង្ករនៅឃុំត្រាំកក់។
នៅឆ្នាំ ១៩៧៨ ខ្ញុំបានប្ដេជ្ញា (រៀបការ) ជាមួយឈ្មោះ សែម យិល។ ក្រោយពេលប្ដេជ្ញាប្រហែលរយៈ៤ខែ ខ្មែរក្រហមបានចាត់តាំងឱ្យខ្ញុំទៅធ្វើការនៅរោងចក្រមួយកន្លែងនៅទីក្រុងភ្នំពេញ។ ខ្ញុំបានទៅរស់នៅរោងចក្រព្រែកសំរោង។ ខ្មែរក្រហម បានចាត់តាំងខ្ញុំឱ្យទៅធ្វើប្រធានសហករណ៍ នៅកន្លែងដាំបាយ។ ចំណែកប្ដីរបស់ខ្ញុំ ត្រូវខ្មែរក្រហមចាត់តាំងឱ្យទៅរៀនភាសាចិន។ ខ្ញុំ និងប្ដី បានរស់នៅជុំគ្នាកន្លែងតែមួយ។
អំឡុងរបបខ្មែរក្រហមខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩ ខ្ញុំ និងប្ដីបានរត់ទៅដល់ភ្នំឱរ៉ាល់។ យើងបានធ្វើដំណើរដោយថ្មើរជើង ឆ្លងកាត់តាមតំបន់រលាក់កងជើង ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការធ្វើដំណើរជួបការលំបាកណាស់ដោយសារតែ ខ្ញុំកំពុងមានផ្ទៃពោះ ជិតដល់ពេលសម្រាលកូន។ ខ្ញុំមានអារម្មណ៍ថាអាណិតខ្លួនឯងខ្លាំងណាស់ ដែលត្រូវមកជួបរឿងបែបនេះ។ ក្រោយរបបខ្មែរក្រហមដួលរលំទៅ ខ្ញុំមានបំណងចង់ចូលធ្វើពេទ្យម្ដងទៀត ប៉ុន្តែត្រូវបានប្ដីហាមឃាត់។ ប្ដីរបស់ខ្ញុំ គាត់បានឱ្យខ្ញុំយកសៀវភៅក្បូនពេទ្យទាំងអស់យកទៅបំផ្លាញចោល៕
ជីម សុខគា
[1] បទសម្ភាសជាមួយ ទូច ណុម អាយុ៦៩ឆ្នាំ រស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសន៍ដោយ ជីម សុខគា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។