កំណត់ហេតុសួរចម្លើយ ទួន ចាន់ដារ៉ា ហៅភាន់ សកម្មភាពរបស់ ភាន់ និងបក្សពួក ចូលបង្កប់ខ្លួនក្នុងចលនាតស៊ូនៅទីក្រុងភ្នំពេញ

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៣ទំព័រ ដែលជាចម្លើយសារភាពរបស់ ទួន ចាន់ដារ៉ា ហៅភាន់ មានតួនាទី យុទ្ធនារី ក្នុងក្រសួងសាធារណការ នៅមន្ទីរស ៨ ។ ភាន់ និងបក្សពួក បានចូលបង្កប់ខ្លួនក្នុងចលនាតស៊ូនៅទីក្រុងភ្នំពេញ ដោយរៀបចំផែនការចំនួន៤ ទី១) កសាងកម្លាំង សេ អ៊ី អា, ទី២) ស៊ើបការអំពីទីស្នាក់ការរបស់ក្រុមបដិវត្តន៍នៅក្នុងក្រុងភ្នំពេញ, ទី៣) ធ្វើការឃោសនាបំផុសប្រជាជនឲ្យប្រឆាំងនឹងអង្គការបដិវត្តន៍ និងទី៤) ធ្វើការបំបែកបំបាក់ក្រុមចលនាតស៊ូក្រុមនិស្សិតនៅក្នុងក្រុងភ្នំពេញ ។ ក្នុងសកម្មភាពក្បត់នេះ ភាន់ និងបក្សពួករបស់ខ្លួនចំនួន ៣១ នាក់ បានរួមគំនិតគ្នាក្បត់ នឹងអង្គការបដិវត្តន៍ ។ នៅក្នុងអត្ថបទនេះ យើងឃើញមានការចុះហត្ថលេខាពីអ្នកសួរចម្លើយ (កម្មាភិបាលខ្មែរក្រហម) ចំនួន៣រូប ឈ្មោះ ទូច , ប៉ូ និងហ៊ាង បានកត់ត្រាថ្ងៃសួរចម្លើយ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៧៧ ។ ភាន់ ត្រូវអង្គការចាប់ខ្លួន និងបញ្ជូនមកសួរចម្លើយនៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ ១៩៧៧ ។
ខាងក្រោមនេះ ជាការដកស្រង់ចម្លើយសារភាពរបស់ ៖ ទួន ចាន់ដារ៉ា ហៅ ភាន់
ទួន ចាន់ដារ៉ា មានឈ្មោះក្រៅហៅ ភាន់ ភេទស្រី អាយុ ៣១ ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រោយថ្ម ឃុំកំពង់សៀម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ភាន់ មានឪពុកឈ្មោះ ទួន ឡាង ។ ក្នុងឆ្នាំ ១៩៦១ ឪពុករបស់ ភាន់ លាឈប់ពីចៅហ្វាយខេត្តកំពង់ចាម មកធ្វើតំណាងរាស្ត្រក្នុងមណ្ឌលសួង ក្នុងខេត្តកំពង់ចាមដដែល ។ ភាន់ បានចូលរៀននៅវិទ្យាល័យសីហនុកំពង់ចាម និងរស់នៅជាមួយឪពុកធំឈ្មោះ ទួន គឹមសៀ គាត់ធ្វើជាគ្រូបង្រៀន ។
បន្ទាប់មកនៅឆ្នាំ ១៩៦២ ភាន់ ក៏ត្រឡប់មករស់នៅជាមួយឪពុកម្ដាយ នៅទីក្រុងភ្នំពេញនៅជិតមន្ទីរពេទ្យចិនវិញ ។ ភាន់ រៀនបានត្រឹមថ្នាក់ទី៤ នៅវិទ្យាល័យយុគន្ធរ ក៏ឈប់រៀន ។ នៅ១៩៦៤ ភាន់បានរៀបការ ជាមួយឈ្មោះ ទួន សុកផល្លា ហៅ គឿន ធ្វើជាវិស្វករនៅសាធារណការ ។ បន្ទាប់មកទៀត នៅឆ្នាំ១៩៦៥ ឈ្មោះ គឿន បានជាប់គុករយៈពេលមួយឆ្នាំ ហើយឈ្មោះ ភន ជាឪពុកក្មេកបានទៅធានាខ្លួន ។ ក្នុងពេលនោះ ភាន់ បានអូសទាញ គឿន ឲ្យចូលបម្រើ សេ អ៊ី អា ផង និងចូលបង្កប់ខ្លួនក្នុងជួរបដិវត្តន៍ផង ។ នៅឆ្នាំ ១៩៦៨ ឪពុករបស់ ភាន់ បានបញ្ជូល ឈ្មោះ គឿនជាប្ដីឲ្យធ្វើ សេ អ៊ី អា ដោយ ទទួលស្គាល់ពី ឈ្មោះ ហ៊ុយ ម៉ោង មានតួនាទីជាប្រធានគណបក្សប្រជាធិបតេយ្យ ។ ភាន់ ពេលនោះក៏បានចូលបង្កប់ខ្លួនក្នុងចលនាតស៊ូនៅក្នុងក្រុងភ្នំពេញ ជាមួយប្ដីរបស់ខ្លួន ដោយរៀបចំផែនការចំនួន៤ ទី១ កសាងកម្លាំង សេ អ៊ី អា, ទី២ ស៊ើបការអំពីទីស្នាក់ការរបស់ក្រុមបដិវត្តន៍នៅក្រុងភ្នំពេញ, ទី៣ ឃោសនាបំផុសឲ្យប្រជាជនប្រឆាំងនឹងអង្គការបដិវត្តន៍ និងទី៤ បំបែកបំបាក់ក្រុមចលនាតស៊ូរបស់និស្សិតទាំងអស់ដែលរស់នៅក្នុងក្រុងភ្នំពេញ ។
នៅឆ្នាំ ១៩៦៨ ដល់ឆ្នាំ ១៩៧៣ គឿន និងបក្សពួក៧នាក់ រួមទាំងខ្លួន ចូលទៅបង្កប់ខ្លួនក្នុងចលនា តស៊ូ ដោយមានឈ្មោះ៦នាក់ជាអ្នកណែនាំ អ៊ិត ហេង មានតួនាទីចាងហ្វាងក្នុងរោងពុម្ពនៅវត្តភ្នំ, ម៉ៅ រុន សាស្ត្រាចារ្យ, នុត គីមឡេង ជាពេទ្យសត្វ, សៀង ប៉ោសែ ហៅភាគ ចាងហ្វាងភូមិសាស្ត្រ, ម៉ៃ សាទន ហៅសំ កាន់ផ្នែកកុំបីត្រារូ និងឈ្មោះ ឌី ផុន ហៅផុក តួនាទីជាពេទ្យធ្មេញ ។ ភាន់ និងបក្សពួកបានធ្វើសកម្មភាព បំបែកបំបាក់ក្រុមនិស្សិត ។ នៅខែមីនា ឆ្នាំ១៩៧៣ ភាន់ និងប្ដី ឈ្មោះ គឿន បានចូលទៅបង្កប់ខ្លួនក្នុងជួរបដិវត្តន៍នៅតំបន់រំដោះ តាមការណែនាំពី ឈ្មោះ អ៊ិត ហេង ។ ពួកគេបានធ្វើសកម្មភាព បំបែកបំបាក់កម្លាំងបដិវត្តន៍ និងបំផ្លាញទ្រព្យសម្បត្តិ សម្ភារដែលមាននៅតាមក្រសួង ។[1] នៅខែមេសា ឆ្នាំ ១៩៧៤ អង្គការបានបញ្ជូន ឈ្មោះ ភាន់ ឲ្យទៅបង្ករបង្កើនផល នៅមន្ទីរក៣០០ អង្គភាព ស៧១ នៅភូមិភាគឧត្ដរ ក្នុងខេត្តកំពង់ចាម ។ អំឡុងពេលនោះ ភាន់ ត្រូវធ្វើទំនាក់ទំនង ទៅនារី អេម មានតួនាទីជាពេទ្យ ដែលគ្រប់គ្រង មន្ទីរ ក៣០០ ។ សកម្មភាពបន្ទាប់ ភាន់ បានណែនាំនារី អេម ឲ្យស្គាល់មនុស្ស៣នាក់ ក្នុងនោះមា្នក់ជាជនជាតិលាវ ។ ពួកគេទាំងអស់ជាអ្នកដាំបាយក្នុងមន្ទីរស៨ នៅសាធារណការដូចគ្នា ។ ភាន់ និងប្ដីឈ្មោះ គឿន រួមទាំងបក្សពួក កសាងកម្លាំង៩នាក់ ហើយធ្វើសកម្មភាពបង្ករបង្កើនផលក្នុងមន្ទីរ ក៣០០ ភាគច្រើនមានតួនាទីជាសាស្ត្រាចារ្យ ។ ពួកគេបានបំផ្លាញជង្រុកស្រូវ អស់កន្លះជង្រុក និងបំផ្លាញអំបិលអស់១០បាវថែមទៀត ដែលត្រៀមបម្រុងពេលកើតមានសមរភូមិនាពេលខាងមុខ ។ នៅខែមីនា ដល់ខែ មិថុនា ឆ្នាំ ១៩៧៥ ភាន់ និងប្ដីរបស់ខ្លួន រួមទាំងបក្សពួក ត្រូវអង្គការបញ្ជូនទៅតំបន់១០៣ ហើយស្គាល់ជាមួយឈ្មោះ វិត ជាប្រធានពាណិជ្ជកម្មស្រុករវៀង ។ ពួកគេបានអនុវត្តផែនការចំនួន២លើក ទី១) ការកសាងកម្លាំង សេ អ៊ី អា និងទី២) បំផុសប្រជាជនឲ្យប្រឆាំងរបបសមូហភាព ។ ពេលទៅដល់ស្រុករវៀង ភាន់ ត្រូវអង្គការហៅមកធ្វើប្រវត្តិរូប ហើយបញ្ជូនទៅនៅផ្នែកពាណិជ្ជក្នុងស្រុករវៀង រយៈពេល១ខែ ប៉ុន្តែ គឿន ជាប្ដីត្រូវអង្គការបញ្ជូនមកកាន់ទីក្រុងភ្នំពេញវិញ ។
នៅខែ សីហា ឆ្នាំ១៩៧៥ ភាន់ ត្រូវអង្គការបញ្ជូនទៅដាក់សហករណ៍ នៅភូមិថ្កែង ឃុំស្រែកណ្ដាល ស្រុករវៀង ខេត្តព្រះវិហារ (តំបន់១០៣) ជាតំបន់ស្វ័យ័ត ដែលជាប់ទាក់ទងការងារដោយផ្ទាល់ជាមួយគណៈកម្មាធិកាមជ្ឈឹមបក្ស ។ ក្នុងនោះមានឈ្មោះ សេន ជាប្រធានក្រុមទី១ នៅសហករណ៍ភូមិថ្កែង និង ភី ជាអនុប្រធានក្រុមទី១ នៅសហករណ៍ភូមិថ្កែងដូចគ្នា ។ [2]ពួកគេបានកសាងកម្លាំង សេ អ៊ី អា និងបំផុសប្រជាជនឲ្យប្រឆាំងនឹងអង្គការបដិវត្តន៍ ។ ក្នុងពេលនោះ សេន និងភី កសាងមនុស្ស៥នាក់ ពួកគេទាំងអស់ជាប្រជាជនធម្មតានៅភូមិថ្កែង, កក់ពោន ក្នុងឃុំស្រែកណ្ដាល និងជាអតីតពេទ្យនៅទីក្រុងភ្នំពេញផងដែរ ។ ក្រោយមក នៅខែធ្នូ ឆ្នាំ១៩៧៥ ឈ្មោះ ផល ជានិស្សិតពេទ្យ ត្រូវអង្គការបញ្ជូនមករស់នៅជាមួយប្ដី ឈ្មោះ ភុកគី នៅក្រសួងសាធារណការ ។ ពួកគេ និយាយបំផុសដល់ប្រជាជនក្នុងក្រុមទី១ ឲ្យនាំគ្នាប្រឆាំងនឹងផែនការរបស់អង្គការបដិវត្តន៍ ដោយផ្ដល់យោបល់ថា « ប្រជាជនតាមក្រុមនីមួយៗ គឺត្រូវហូបបបរ ហើយរំលែកស្រូវមួយចំនួនទុកទៅឲ្យប្រជាជនថ្មី » ។ ស្របពេលជាមួយគ្នានោះ សេន និងភី បានអនុវត្តតាមផែនការ ដោយយកស្រូវលាក់ទុក សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជននៅក្នុងក្រុមរបស់ខ្លួន ។ សកម្មភាពបន្ទាប់ ភាន់ ទទួលបញ្ជាពីឈ្មោះ វិត ឲ្យយកថ្នាំពេទ្យចែកទៅឲ្យប្រជាជនក្នុងក្រុម ហើយនិយាយបំផុសឲ្យប្រជាជនប្រឆាំងនឹងអង្គការបដិវត្តន៍ នៅតាមភូមិ ឃុំ ដែលមិនគិតគូរផ្ដល់ថ្នាំសង្កូវ គឺទុកឲ្យប្រជាជនដែលមានជំងឺត្រូវស្លាប់ ។ នៅខែ តុលា ឆ្នាំ១៩៧៥ ភាន់ មានជំងឺឈឺគ្រុន ហើយសម្រាកព្យាបាលខ្លួនក្នុងមន្ទីរពេទ្យស្រុករវៀង រយៈពេល៣ខែ ។ បន្ទាប់មកនៅខែមករា ឆ្នាំ១៩៧៦ ទើបត្រឡប់មកនៅក្រសួងសាធារណការវិញ ។
ក្រោយមក ឈ្មោះ ទូច និងភឿន បានរៀបចំមន្ទីរកុមារមួយកន្លែងនៅបឹងត្របែក ហើយចាត់តាំងឈ្មោះ ភាន់ ទូច និងផល ឲ្យកសាងកម្លាំង សេ អ៊ី អា នៅក្រសួងសាធារណការ ។ ក្រោយមក នៅខែ កក្កដា ឆ្នាំ១៩៧៦ មន្ទីរកុមារនៅបឹងត្របែក ត្រូវផ្លាស់ប្ដូរទីតាំង មកដាក់នៅខាងក្រោយរោងកុន នៅផ្សារដើមរកាវិញ ។ នៅឆ្នាំ១៩៧៨ ភាន់, ទូច និង ផល អនុវត្តផែនការ២ទៀតក្នុងការធ្វើរដ្ឋប្រហារ ទី១ កសាងកម្លាំងឲ្យបានច្រើន ដើម្បីបញ្ជូនទៅរៀនពេទ្យ និងរៀបចំទីកន្លែងសម្រាប់លាក់ថ្នាំពេទ្យ ។ ក្នុងពេលនោះ ម៉ៃ សាខន បានប្រគល់ថ្នាំពេទ្យគ្រប់មុខចំនួន៤ទូ មកឲ្យ ភាន់ ដើម្បីរក្សាទុកក្នុងមន្ទីរកុមារ និងនិយាយបំផុសបង្ករឲ្យកើតមានជាទំនាស់នៅក្នុងមន្ទីរកុមារ ។ ក្នុងពេលនោះ ភាន់ ត្រូវឈ្មោះ អេម ណែនាំឲ្យស្គាល់ជាមួយឈ្មោះ ភី, យោ, រី និងណូយ ដែលជាអ្នកដាំបាយនៅមន្ទីរស៨ ដូចគ្នា ។ ពួកគេបានធ្វើសកម្មភាពបំផ្លាញចានអស់១០០, ស្លាបព្រា២០០ និងដុតបំផ្លាញឆ្នាំងឲ្យឆេះអស់ចំនួន៣ ។ ក្រោយមក ក្នុងខែ កញ្ញា ឆ្នាំ១៩៧៦ ភាន់ និងប្ដីឈ្មោះ គឿន បានធ្វើទំនាក់ទំនងជាមួយឈ្មោះ សៀង ប៉ោសែ ជាប្រធានក្រសួងភូមិសាស្ត្រ ដើម្បីពិភាក្សាអំពីការធ្វើផែនការត្រៀមធ្វើរដ្ឋប្រហារ ដែលគ្រោងអនុវត្តសកម្មភាពនៅឆ្នាំ ១៩៧៧ ។ ខណៈនោះ សៀង ប៉ោសែ បានរៀបចំកម្លាំង និងសម្ភារត្រៀមទុកមុនជាការស្រេច រងចាំតែថ្ងៃធ្វើរដ្ឋប្រហារមកដល់ ។ នៅខែ មករា ឆ្នាំ ១៩៧៧ ឈ្មោះ គឿន ត្រូវជាប្ដីរបស់ ភាន់ ត្រូវអង្គការដកចេញពីក្រសួងសាធារណការ ហើយរយៈពេល១០ថ្ងៃបន្ទាប់ ភាន់ ក៏ត្រូវអង្គការបញ្ជូនឲ្យទៅធ្វើស្រែក្នុងមន្ទីរ ស៧១ នៅព្រែកប្រាចំនួន ១៥ ថ្ងៃ ទើបត្រឡប់មកនៅមន្ទីរក ១៦ នៅភូមិតាឡីវិញ ។ ទួន ចាន់ដារ៉ា ហៅ ភាន់ ត្រូវអង្គការចាប់ខ្លួន និងសួរចម្លើយ នៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ ១៩៧៧ ៕
អត្ថបទដោយ ជឹម សុខគា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, សេចក្តីកំណត់ហេតុសួរចម្លើយ ទួន ចាន់ដារ៉ា ហៅភាន់ ឯកសារ J០០63 ។ បញ្ជាក់ពីការបង្កប់ខ្លួនក្នុងចលនាតស៊ូនៅទីក្រុងភ្នំពេញ ។
[2] DK_History–KH ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ឌីខាំបូលី បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០០៧ ។