តូយ មេន៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

តូយ មេន៖ អាយុ៧៥ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ តូយ មេន កើតនៅក្នុងឆ្នាំ១៩៤៩ បច្ចុប្បន្នមានអាយុ៧៥ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។  កាលពីកុមារភាពខ្ញុំត្រូវបានឪពុកម្ដាយបញ្ចូនខ្ញុំទៅរៀននៅសាលាវត្តក្រាំងស្នាយ ដោយគ្រូរបស់ខ្ញុំជាចៅអធិកាវត្ត ខ្ញុំរៀនមិនបានយូរប៉ុន្មានឪពុកម្តាយខ្ញុំបានឱ្យខ្ញុំឈប់រៀនដើម្បីមកជួយការងារគ្រួសារវិញ។

នៅក្នុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាច ដោយបានជម្លៀសប្រជាជនចេញពីភូមិស្រុកឱ្យទៅធ្វើការនៅតាមសហករណ៍។ ចំណែក ខ្ញុំត្រូវបែកពីឪពុកម្តាយបងប្អូនក្រុមគ្រួសារ ដោយមិនដឹងថាទៅដល់ទីណា។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុប្រហែល ២៥ឆ្នាំ ប៉ុណ្ណោះ។ ខ្មែរក្រហមបានបញ្ចូនខ្ញុំទៅធ្វើការនៅកងចល័ត ដោយបានចាត់ខ្ញុំទៅធ្វើការងារ ជីកទំនប់ រែកដី​ នៅភូមិក្រាំងស្បូវ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីភូមិកំណើតរបស់ខ្ញុំនោះទេ។ ខ្ញុំបានជួបប្រជាជនជាច្រើនមកពីភូមិផ្សេងៗគ្នា ដែលខ្មែរក្រហមជម្លៀសមកធ្វើការនៅសហករណ៍ជាមួយខ្ញុំ។ ខ្មែរក្រហម បានប្រើខ្ញុំឱ្យធ្វើការងារមួយថ្ងៃៗពេញ ដោយគ្មានពេលសម្រាក និងមិនមានអាហារសម្រាប់ហូបគ្រប់គ្រាន់។ ប្រជាជនជាច្រើនត្រូវបានស្លាប់ដោយសារការធ្វើការងារលើសទម្ងន់ និងការហូបចុកមិនគ្រប់គ្រាន់។ នៅក្នុងមួយថ្ងៃ ប្រជាជននៅសហករណ៍ខ្ញុំទទួលបានរបបអាហារគឺ បបររាវពីរពេល។ រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចក្នុងរបបខ្មែរក្រហមនោះគឺ នៅអំឡុងពេលដែលខ្ញុំធ្វើការនៅការដ្ឋានលើកទំនប់ម្លេច ខ្ញុំបានឃើញខ្មែរក្រហមបណ្តើរប្រជាជនយកទៅសម្លាប់ទាំងក្រុមៗ ដោយដៃមានចំណង ។ ខ្ញុំខំប្រឹងធ្វើការងារ និងរស់នៅទាំងការភ័យខ្លាច ខ្មែរក្រហមយកទៅសម្លាប់គ្រប់ពេល។ បន្ទាប់ពី របបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញ ហើយចាប់ផ្តើមប្រកបរបរ ឡើងត្នោត ដើម្បីយកទឹកត្នោតមកធ្វើស្ករត្នោតយកទៅដូរស្រូវអង្ករពីប្រជាជននៅក្នុងភូមិស្រុក។

បច្ចុប្បន្នខ្ញុំមានជំងឺប្រចាំកាយ លើសឈាម និងទឹកនោមផ្អែម មូលហេតុដែលបណ្តាលឱ្យខ្ញុំកើតមានជំងឺនេះ គឺមកពីក្មេងខ្ញុំធ្វើការងារធ្ងន់លើសកម្លាំង កង្វះអាហារហូបចុក។ មួយវិញទៀត បច្ចុប្បន្ន ខ្ញុំមានអាយុកាន់តែច្រើន។ ការព្យាបាលជំងឺរបស់ខ្ញុំគឺបានទៅមន្ទីពេទ្យដែលនៅជិតផ្ទះ ពេលទៅដល់មន្ទីពេទ្យគ្រូពេទ្យបានពិនិត្យជំងឺ និងបានឱ្យថ្នាំខ្ញុំមកលេបនៅផ្ទះជាប្រចាំថ្ងៃ។ នៅក្នុងឆ្នាំ ២០២៣ ខ្ញុំត្រូវបានក្រុមការងាររបស់មជ្ឈមណ្ឌឯកសារ អញ្ជើញខ្ញុំចូលរួមពិនិត្យសុខភាព ទើបខ្ញុំបានដឹងថាខ្ញុំលើសឈាម។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចែក «កូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ហើយខ្ញុំបានអានកូនសៀវភៅនេះជាប្រចាំ និងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកូនសៀវភៅនេះផងដែរ។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌឯកសារកម្ពុជាដែលបានចុះមកសួរសុខទុក្ខដល់រូបខ្ញុំ និងសូមជូនពរឱ្យក្រុមការងារទាំងអស់ជួបប្រទះតែពុទ្ធពរទាំងឡាយបួនប្រការគឺ៖អាយុ វណ្ណះ សុខះ និងពលះ កុំបីឃ្លៀងឃ្លាតឡើយ។

ជាចុងក្រោយខ្ញុំសូមថ្លែងអំណរអគុណដល់ក្រុមការងារនិងលោកប្រធានដែលបានផ្តល់ជាជំនួយជា រទះជនពិការ និងប្រដាប់ជំនួយត្រជៀក ខ្ញុំពិជាមានអារម្មណ៍សប្បាយរីករាយ និងសូមជួនពរឲ្យក្រុមការងារ និងលោកប្រធានជួបតែសំណាងជារៀងរហូត៕ [1]

អត្ថបទដោយ ផាត ពន្លក


[1] តូយ មេន៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin