កុមារក្នុងរបបខ្មែរក្រហម
ចំណាំ៖ ដោយសារ ស៊ីណាង មានវ័យក្មេងខ្លាំងក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលគាត់ចែករំលែកដល់អ្នកស្ម័គ្រចិត្តកម្ពុជា គឺតាមការដំណាលរបស់លោកយាយរបស់គាត់។
(ក្រចេះ)៖ កុមារនៅក្នុងរបបខ្មែរក្រហម មិនមានអ្វីធ្វើច្រើននោះទេ។ ការងារភាគច្រើនដែលកុមារតែងតែធ្វើ គឺកាប់ទន្ទ្រានខេត្ត, ប្រមូលដីឥដ្ឋ និងរើសអាចម៍គោ សម្រាប់លាយធ្វើជាជី។ កុមារមួយចំនួនទៀត អាយុក្រោម៥ឆ្នាំ ត្រូវរស់នៅក្នុងមណ្ឌលកុមារ ដែលមានស្រ្តីវ័យចំណាស់មើលការខុសត្រូវ។ ឪពុកម្ដាយរបស់កុមារទាំងនោះ នៅរៀងរាល់ពេលព្រឹក ត្រូវយកកូនទៅផ្ញើជាមួយនឹងចាស់ៗ ឲ្យគាត់មើលថែទាំជំនួស ព្រោះឪពុកម្ដាយទាំងអស់ត្រូវមានតួនាទីធ្វើការនៅក្នុងសហករណ៍ ហើយត្រូវត្រឡប់ទៅយកកូនវិញនៅពេលល្ងាច។ ទុយ ស៊ីណាង ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
ស៊ីណាង និងជីដូន ត្រូវបានជម្លៀសទៅភូមិអន្ទង់វៀន ដោយសារតែពេលនោះប្រទេសជាតិកើតមានសង្រ្គាម ដូច្នេះអ្នកមើលការខុសត្រូវនៅភូមិរបស់គាត់ បានប្រាប់ទៅប្រជាជនទាំងអស់ឲ្យចាកចេញពីភូមិ ចៀសវាងពីការទម្លាក់គ្រាប់បែក។
ពីមួយថ្ងៃទៅមួយថ្ងៃ គាត់ព្យាយាមរត់គេចពីការទម្លាក់គ្រាប់បែកជាមួយនឹងជីដូនរបស់គាត់ ចេញពីព្រៃ ចូលវាល។ នៅពេលដែលរត់គេចនោះ នៅតាមផ្លូវគាត់ឃើញមានប្រជាជនជាច្រើនដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែការទម្លាក់គ្រាប់បែក និងមួយចំនួនទៀតគឺដោយសារតែគ្មានអាហារបរិភោគគ្រប់គ្រាន់ ហើយបានធ្លាក់ខ្លួនឈឺ។
ការទម្លាក់គ្រាប់បែក បណ្ដាលឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាម។ ប្រជាជនជាច្រើនបានសម្រេចចិត្តចេញពីផ្ទះរបស់ខ្លួន ទៅរស់នៅតាមដងអូរ និងទន្លេ។ ផលលំបាកនៅពេលនោះគឺកង្វះរបបអាហារ ព្រោះនៅពេលដែលចាកចេញពីផ្ទះ ប្រជាជនមិនបានដាក់ម្ហូបអាហារច្រើននៅជាប់ខ្លួនទេ គឺមានតែបន្តិចបន្តួចប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ពេលសម្រាកយប់ឡើងជាពេលដែលប្រជាជនទាំងអស់មានភាពភ័យខ្លាច ដោយសារតែនៅអំឡុង ពេលនោះសម្បូរទៅដល់សត្វកាចសាហាវ នៅតាមព្រៃ។ ដូច្នេះហើយ នៅពេលយប់ ប្រជាជនមួយចំនួន គ្មានពេលសម្រាកបានគ្រប់គ្រាន់ទេ។
នៅក្នុងរបបខ្មែរក្រហម ឆ្នាំ១៩៧៥ មានសមាជិកគ្រួសារជាច្រើនត្រូវបានខ្មែរក្រហម បំបែកដាក់ឲ្យរស់នៅដាច់ដោយឡែក ដោយកងបុរសនៅផ្សេង ស្រ្តីនៅផ្សេង ហើយកុមារ និងមនុស្សចាស់នៅផ្សេងទៀត។ ស៊ីណាង រស់នៅក្នុងភូមិអន្ទង់វៀន នៅពេលនោះ។ អង្គការបានឲ្យគាត់នៅកងកុមារ ដែលមានស្រ្តីវ័យចំណាស់ជាអ្នកមើលថែទាំ ពេលនោះគាត់មានអាយុប្រហែលជា ៤ឆ្នាំ។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនគ្រប់រូបត្រូវមានឯកសណ្ឋានពណ៌ខ្មៅទាំងអស់គ្នា។ ជារៀងរាល់១ឆ្នាំម្ដង អង្គការបានចែកសម្លៀកបំពាក់ឲ្យប្រជាជនត្រឹមតែ ២សម្រាប់ប៉ុណ្ណោះ។ សម្លៀកបំពាក់ដែលអង្គការចែកឲ្យ មិនមែនសុទ្ធតែពណ៌ខ្មៅទាំងអស់ទេ គឺមានពណ៌ផ្សេងៗ ដូច្នេះហើយប្រជាជនត្រូវយកទៅជ្រលក់ពណ៌ខ្លួនឯងឲ្យទៅជាពណ៌ខ្មៅ។ ប្រសិនជាមិនជ្រលក់សម្លៀកបំពាក់ទៅជាពណ៌ខ្មៅទេ នោះអង្គការនឹងចោទប្រជាជនថា ជាអ្នកមូលធននិយម។
ឈានចូលដល់ឆ្នាំ១៩៧៩ នៅពេលដែលទាហានវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា និងក្រោយរបបខ្មែរក្រហមបានចាញ់សង្រ្គាម ស៊ីណាង បានវិលត្រលប់ទៅស្រុកកំណើត និងបានរស់នៅជួបជុំជាមួយនឹងឪពុកម្ដាយ និងបងប្អូន។ ក្រោយមកទៀត គាត់បានរៀបការជាមួយនឹងស្វាមីរបស់គាត់ និងមានកូនប្រុសម្នាក់៕
សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤