កងចល័តលើកទំនប់ព្រៃក្តួច

ទុយ កាន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង

(ខេត្តព្រៃវែង) ទុយ កាន អាយុ ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កាន មានឪពុក ឈ្មោះ ទុយ ឌុច, ម្ដាយឈ្មោះ វ៉ា អ៊ិត និងមានបងប្អូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ សព្វថ្ងៃ កាន រស់នៅជាមួយប្ដី ឈ្មោះ ម៉ប់ ឆុន នៅស្រុកកំណើត និងមានកូនចំនួនប្រាំមួយនាក់ (ប្រុសបួននាក់ ស្រីពីរនាក់)។

កាន បានរៀបរាប់រឿងរ៉ាវក្នុងរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ការរស់នៅរបស់គាត់ជួបប្រទះទុក្ខលំបាកច្រើន ដោយត្រូវធ្វើការងារធ្ងន់គ្មានពេលសម្រាក និងខ្វះខាតអាហារហូបចុក។ កាលនោះ កាន​ មានអាយុប្រមាណ២០ឆ្នាំ ត្រូវកងឈ្លបកំណត់ឲ្យរស់នៅក្នុងកងចល័តនារី។ កងចល័តនារី គឺជាកម្លាំងស្នូលរបស់សហករណ៍ ត្រូវធ្វើការងារច្រើនជាងកងផ្សេង​ៗទៀតដូចជា កងកុមារ និងកងចាស់ជរា ជាដើម។ ការងាររបស់កាន គឺត្រូវលើកទំនប់, ជីកប្រឡាយ, ធ្វើស្រែ និងរែកកណ្តាប់។ កាន ធ្លាប់លើកទំនប់នៅព្រៃក្ដួច និងកន្លែងជាច្រើនទៀតក្នុងស្រុកព្រះស្តេច។ កាន និយាយថា ការដ្ឋានធ្វើការត្រូវ​ចល័តពីមួយកន្លែងទៅមួយកន្លែង តាមរដូ​វ​ប្រាំង, រដូវវស្សា និងតាមអង្គការកំណត់។ អង្គការបានកំណត់ឲ្យយុវនារីក្នុងកងចល័ត ត្រូវមកដល់ការដ្ឋានការងារនៅម៉ោង៧ព្រឹក ជាកំហិត និងត្រូវធ្វើការ រហូតដល់ម៉ោង៥ល្ងាច ដោយអាចសម្រាកបាន១ម៉ោង នៅពេលហូបអាហារថ្ងៃត្រង។ ឪពុករបស់កាន ត្រូវខ្មែរក្រហមចាប់ដាក់ឃុំនៅមន្ទីរសន្តិសុខ និងសម្លាប់ ដោយចោទប្រកាន់ថា “ពួកក្បាលស” ប្រឆាំងនឹងរបបខ្មែរក្រហម។ ពេលឪពុកស្លាប់ ម្តាយ និងបងប្អូនរបស់កាន មិនហ៊ានយំនោះទេព្រោះ​ខ្លាច​ខ្មែរក្រហមសម្លាប់។ ចំណែកបងប្រុស និងបងថ្លៃរបស់កាន ត្រូវបានខ្មែរក្រហមសម្លាប់ដោយសារអង្គការចោទប្រកាន់ថាក្បត់។ ក្នុងរបបខ្មែរក្រហម កាន ធ្លាប់ឃើញកងឈ្លបសម្លាប់ប្រជាជនដែលរត់ទៅប្រទេសវៀតណាម ហើយត្រូវវៀតណាមបញ្ជូនត្រលប់មកវិញ ដោយសារខ្មែរក្រហមយកជូ្រកធ្វើជាថ្នូរនឹងការបញ្ជូនប្រជាជនត្រលប់មកវិញ។ កាន ធ្លាប់ឃើញខ្មែរក្រហមយកស្មៅក្រវាញជ្រូកធ្វើថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ ដោយយកស្មៅក្រវាញជ្រូកទៅហាលឲ្យស្ងួត, បុកឲ្យម៉ត់ និងលុញជាគ្រាប់តូចៗ។ ក្នុងមួយឆ្នាំ កាន ទទួលបានសម្លៀកបំពាក់ពណ៌ខ្មៅមួយសម្រាប់ និងក្រមាមួយ។

នៅឆ្នាំ១៩៧៨ កាន ត្រូវបានជម្លៀសទៅតំបន់ដីក្រហម នៅក្បែរកំពង់ចម្លងអ្នកលឿងត្រើយខាងកើត។ កាន រស់នៅទីនោះរយៈពេលប្រហែលកន្លះខែ ក៏មានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមកជួយសង្គ្រោះជីវិតដោយផ្តួលរំលំរបបខ្មែរក្រហម ហើយ កាន បានត្រលប់មករស់នៅស្រុកកំណើតវិញ។ ពេលមកដល់ស្រុកកំណើត ផ្ទះមានសភាពខូចខាត និងមានព្រៃ ស្មៅ ដុះជុំវិញ ហើយគាត់ចាប់ផ្តើមប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃ។ ស្ថានភាពសុខភាព កាន គឺតែងឧស្សាហ៍​អស់កម្លាំង, ចុកដៃ និងចុកជើង ហើយគាត់ធ្លាប់ទៅពិនិត្យជំងឺនៅមណ្ឌលសុខភាព ប៉ុន្តែគ្រូពេទ្យ​ប្រាប់ថាគាត់គ្មានជំងឺប្រចាំកាយណាមួយនោះទេ៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី១​៨ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin