ទុយ សារិន៖ រត់ចេញពីសម្ពាធ ក្រោមបង្គាប់ប្រធាន-ក ឈ្មោះ ប៊ី នៅឆ្នាំ១៩៧៧

ខ្ញុំឈ្មោះ ទុយ សារិន[1] ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ សព្វថ្ងៃខ្ញុំជាមន្ត្រីចូលនិវត្តន៍ (ធ្លាប់ធ្វើការនៅមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តព្រៃវែង)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ប៉ុន្តែសព្វថ្ងៃនៅរស់តែ២នាក់ទេ។ ភរិយាខ្ញុំឈ្មោះ មាស ម៉ុយលី អាយុ៦៦ឆ្នាំ។ សព្វថ្ងៃខ្ញុំមានកូនចំនួន៤នាក់ (ស្រី៣នាក់) ហើយកូនៗ បានរៀបការមានគ្រួសារអស់ហើយ។
ខ្ញុំមានកូនប្រសារ២នាក់ ឈ្មោះ លឹម សានី ជាអនុសេនីយ៍ទោល ក្នុងវរសេនាតូច៣៩៣ កងពលតូចលេខ៩ និង ឈ្មោះ ឃាន សុភ័ក្រ្ត ជាពលបាលឯក នៅកងវរសេនាតូចលេខ ៣៩៣ ឈរជើង និង ប្រយុទ្ធនៅជួរមុខ តំបន់មុំបី ខេត្តព្រះវិហារ។ ឥឡូវនេះ កូនប្រសារច្បងខ្ញុំម្នាក់ឈ្មោះ លីម សានី ត្រូវសម្រាកនៅមន្ទីរពេទ្យ ខេត្តព្រះវិហារ ដោយអាការរបស់គាត់ វិលមុខ ហើយស្រវាំងភ្នែក ដោយសារតែផ្សែងពុលដែលថៃ បានបាញ់មក។ ការប្រយុទ្ធគ្នារវាងទាហានខ្មែរ និង ទាហានថៃ កាលពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៥ បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តខ្ញុំដែរ ព្រោះខ្ញុំបារម្ភពីកូនប្រសារប្រយុទ្ធនៅជួរមុខ ហើយមិនអាចទាក់ទងតាមទូរស័ព្ទបាន ព្រោះគេផ្តាច់សេវា។ មួយវិញទៀត កូនបង្កើតរបស់ខ្ញុំ ត្រូវភៀសខ្លួនទាំងលំបាក រត់ចេញពីសង្គ្រាម ពីខេត្តព្រះវិហារ មកខេត្តព្រៃវែងទៀត។ ខ្ញុំចេះតែប្រាប់កូនខ្ញុំដែរថា ឱ្យនឹកគុណឪពុក និង នឹកគុណម្តាយ ដើម្បីសេចក្តីស្ងប់ផ្លូវចិត្ត និងសុខសប្បាយ។
បើនិយាយពីបទពិសោធន៍ឆ្លងកាត់ក្នុងសម័យខ្មែរក្រហម រឿងរ៉ាវដែលខ្ញុំចងចាំជាងគេ គឺធ្វើការក្រោមបង្គាប់ប្រធានក ដែលកាច ប្រើឱ្យធ្វើការងារធ្ងន់ និងហូបមិនគ្រប់គ្រាន់។
នៅឆ្នាំ១៩៧១ ខ្ញុំបានបួសរៀននៅវត្តវាលព្រៅ ស្ថិតនៅភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពារាំង ខេត្តព្រៃវែង។ រហូត ដល់ ឆ្នាំ១៩៧៤ ទើបខ្ញុំបានសឹកពីបួស ហើយបានចូលទៅបម្រើការងារនៅភូមិវាលព្រៅ ក្នុងតួនាទីជាកងឈ្លបភូមិ។ ប្រហែលរយៈពេល១ខែ ខាងភូមិមានការជ្រើសរើសយកកងឈ្លបឱ្យ ចូលធ្វើជាទាហាន(ខ្មែរក្រហម) នៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកព្រៃវែង(ស្រុកស្វាយអន្ទរ) ខេត្តព្រៃវែង។ ខ្ញុំក៏បានស្ម័គ្រចិត្តចូលធ្វើជាកងទ័ព ប៉ុន្តែការធ្វើនេះ គឺធ្វើក្នុងរយៈពេល៣ខែប៉ុណ្ណោះ ក៏ត្រឡប់មកភូមិវាលព្រៅ វិញ ដោយពុំមានការទៅប្រយុទ្ធនៅសមរភូមិណាទាំងអស់។ អំឡុងពេលដែលខ្ញុំទៅធ្វើទាហាន ចំនួន៣ខែនោះ ខ្មែរក្រហម បានបង្ហាត់បង្រៀនខ្ញុំនូវក្បួនយុទ្ធសាស្ត្រចំនួន៣០ក្បាច់ ហើយយុទ្ធសាស្ត្រដែលខ្ញុំចងចាំជាងគេ មានការហាត់បាញ់កាំភ្លើង បោកគ្រាប់បែក ហាត់វាយជាមួយគ្នាឯង ហើយជាពិសេសនោះ គឺរបៀបហាត់, លូន និង ក្រាប នៅក្នុងព្រៃ ដែលត្រូវប្រើកំភួនដៃ និង កែងដៃយកមកទ្រទម្ងន់ខ្លួនដើម្បីលូន និង ក្រាប ដែលជាហេតុធ្វើឱ្យ ដៃរបស់ខ្ញុំ ត្រូវរបួស និង របក អំឡុងពេលហាត់ម្តងៗ។
នៅឆ្នាំ១៩៧៥ ក្រោយពីបានត្រឡប់មកពីហាត់ទាហានវិញ ខ្ញុំបានចូលធ្វើជាកងចល័ត ក្រោមការដឹកនាំប្រធាន-ក ដែលទើបតែចូលថ្មី ឈ្មោះ ប៊ី។ គាត់កាចណាស់។ ក្រោយរបបខ្មែរក្រហមដួលរលំ គាត់ត្រូវបានចាប់ខ្លួនយកទៅវត្តរោងដំរី ហើយខាងសង្កាត់ក៏បានសម្លាប់គាត់ និង ប្រពន្ធគាត់នៅពេលនោះដែរ។ ត្រឡប់មកសម័យខ្មែរក្រហមវិញ ឈ្មោះ ប៊ី នេះ គាត់តែងតែដើរលីកាំបិទ ស្រែកគំរាម កងចល័តស្ទើរតែរាល់ថ្ងៃ។ កងចល័តដែលនៅក្រោមបង្គាប់គាត់ សុទ្ធតែខ្លាចគាត់គ្រប់គ្នា។ ព្រលឹមឡើង មេឃមិនទាន់ភ្លឺផង នៅម៉ោង ៣ ឬ ម៉ោង៤ ក៏មកស្រែកដាស់កងចល័តឱ្យងើបទៅធ្វើការជីកប្រឡាយ និង លើកប្រព័ន្ធភ្លឺស្រែ ។ ខ្ញុំត្រូវប្រធានក នោះចាត់ទុកជាប្រជាជនថ្មី ព្រោះខ្ញុំទើបតែត្រឡប់ចូលមករស់នៅភូមិវាលព្រៅនេះវិញ។ ដោយពិបាកពេក និងមិនចង់រងសម្ពាធតទៅទៀត ខ្ញុំក៏បានលួចរត់ចេញពីភូមិវាលព្រៅ ជាពិសេស រត់គេចចេញពីប្រធាន-ក ឈ្មោះ ប៊ី នៅឆ្នាំ១៩៧៧។
នៅឆ្នាំ១៩៧៧ ដំបូងឡើយ ប្រជាជនមួយចំនួនមានឈ្មោះ ត្រូវទៅរស់នៅភូមិផ្សេង។ ប៉ុន្តែឈ្មោះ របស់ខ្ញុំពុំមាននៅក្នុងបញ្ជីដែលត្រូវទៅរស់ភូមិផ្សេងទេ។ ខ្ញុំក៏សម្រេចចិត្ត ពិភាក្សាជាមួយប្រជាជនប្រហែលជា១០នាក់ លួចរត់មកខាងភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ទាំងយប់។ ជាសំណាងល្អ ខណៈពេលដែលខ្ញុំរត់នោះ គឺពុំមាននរណាដឹងទេ ហើយពេលខ្ញុំមកដល់ភូមិជើងទឹក ខាងមេភូមិក៏មកទទួលពួកខ្ញុំទៀត។ ប៉ុន្តែខ្ញុំបានរស់នៅភូមិជើងទឹក ត្រឹមតែរយៈពេល១សប្តាហ៍ប៉ុណ្ណោះ មេភូមិជើងទឹក ក៏បានបំបែកពួកខ្ញុំឱ្យទៅរស់នៅភូមិផ្សេងៗគ្នា។ ខ្ញុំត្រូវទៅរស់នៅភូមិត្នោតទ្រេត សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលការទៅរស់នៅនោះ គឺខ្ញុំតម្រូវឱ្យធ្វើជាកងចល័តធ្វើស្រែ ២ដង នៅទួលកុកគ្រោះ។ ទោះបីជាយ៉ាងណា សភាពការណ៍ ក៏ដូចជា ការងារ និង ការហូបចុក មានលក្ខណៈល្អប្រសើរជាងនៅខាងស្រុកពោធិ៍រៀង។
នៅចុងឆ្នាំ១៩៧៨ ខ្ញុំបានរៀបការជាមួយភរិយា ឈ្មោះ មាស ម៉ុយលី ដែលកាលនោះ គាត់ក៏រស់នៅភូមិត្នោតទ្រេតដែរ។ អង្គការបានរៀបចំគូស្រករឱ្យខ្ញុំ រៀបការក្នុងពេលតែមួយជាមួយដៃគូរៀបការចំនួន១៥០គូទៀត។ អ្នកទាំងអស់គ្នាត្រូវទៅរៀបការនៅភូមិរកាខ្សុក សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នៅដើមខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីខ្ញុំបានរៀបការហើយ រយៈពេល១ខែជាង ទាហាននិរតីតូចៗ ស្ពាយកាំភ្លើងអូសដី ជិះសេះ កៀរប្រជាជនជម្លៀសទៅទិសខាងលិច ខាងតំបន់ដីខ្លាញ់ ខេត្តពោធិ៍សាត់ ឬ ខេត្តបាត់ដំបង។ ប៉ុន្តែខ្ញុំ និងប្រពន្ធ ពុំបានទៅតាមការកៀររបស់ទាហាននិរតីទាំងនោះទេ។ ខ្ញុំ និងប្រពន្ធ រួមទាំងសមាជិកប្រហែល៥គ្រួសារទៀត ព្យាយាមរត់មកទិសខាងកើតវិញ គេចពីការកៀរទៅរបស់ទាហាន និរតីរហូតបានមកដល់ ភូមិព្រៃភ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បន្ទាប់ពីខ្ញុំបានរត់ទៅដល់ភូមិព្រៃភ្លាំង ខ្ញុំបានឮថា កងទ័ពវៀតណាម កំពុងប្រយុទ្ធជាមួយទាហានខ្មែរក្រហម នៅខាងភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កាលនោះ ខណៈពេលដែលខ្ញុំ កំពុងអង្គុយនៅក្រោយដើមឈើ ជាមួយប្រជាជនផ្សេងទៀត ក៏មានទាហានខ្មែរក្រហមបាក់ទ័ព ប្រហែលជា១០នាក់ មានស្ពាយកាំភ្លើងគ្រប់ដៃ ចូលមកសួរខ្ញុំថា «ផ្លូវណាចូលទៅក្រុងព្រៃវែង» ខ្ញុំក៏ប្រាប់ផ្លូវឱ្យទាហានទាំងនោះចូលក្រុង។ លុះពេលពួកគេចូលដល់ក្រុងព្រៃវែង ពួកគេ ក៏ជិះរថក្រោះបន្តដំណើរទៅមុខទៀត។ ចំណែកក្រុមគ្រួសារខ្ញុំវិញ ពេលដឹងថា ស្រុកទេសមានសន្តិភាពក៏បានវិលត្រឡប់ចូលមករស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ពេលខ្ញុំដើរមក ខ្ញុំបានឃើញទិដ្ឋភាពនៅក្រុងព្រៃវែង មានមនុស្សស្លាប់ជាច្រើន។ អ្នកខ្លះស្លាប់ក្នុងអណ្តូង, ហើយអ្នកខ្លះស្លាប់ក្នុងប្រឡាយ និង អ្នកខ្លះទៀតស្លាប់នៅតាមផ្លូវ។ អ្នកទាំងអស់នោះ ភាគច្រើនគឺជាប្រជាជនដែលត្រូវទាហានខាងនិរតីសម្លាប់។
នៅឆ្នាំ១៩៨២ ក្រោយស្រុកទេសមានសន្តិភាព ខ្ញុំបានចូលបម្រើការងាររដ្ឋ នៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង។ សព្វថ្ងៃ ខ្ញុំមានជំងៃសន្លាក់, ស្ពឹកជើងម្ខាង និងលើសជាតិអាស៊ីត។ ខ្ញុំបានទៅពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យទាំង ពេទ្យរដ្ឋ និងឯកជន។ ខ្ញុំទើបតែលេបថ្នាំអស់ចំនួន៣ដង។ ឥឡូវ ខ្ញុំបានធូរបន្តិច ប៉ុន្តែជើងរបស់ខ្ញុំ នៅតែស្ពឹក និងដើរមិនសូវស្រួល។ សព្វថ្ងៃនេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ព្រោះគ្មានការគាបសង្កត់ និងជិះជាន់។ ក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំខាងមុខទៀត ខ្ញុំចង់ឃើញក្មេងៗនៅក្នុងភូមិបានរៀនសូត្រ មានចំណេះដឹង ហើយប្រជាជនមានការងារធ្វើគ្រប់ៗគ្នា។
[1] បទសម្ភាសជាមួយឈ្មោះ ទុយ សារិន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ សម្ភាសដោយ៖ ថុន ស្រីពេជ្រ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។