ទុយ ថា៖ ប្រធានវរសេនាធំ តំបន់១៣ កងពល២១០

រូបថតក្នុងរបបខ្មែរក្រហម​ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ ទុយ ថា[1] ភេទប្រុស អាយុ៥៤ឆ្នាំ ​រស់នៅ​ភូមិប្រាសាទ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំមានស្រុកកំណើតនៅភូមិស្រែខ្ជាយ ឃុំអង្គកែវថ្មី ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន​ប្រកបមុខរបរធ្វើស្រែ។ ខ្ញុំមានឪពុកឈ្មោះ ម៉ូញ យ៉ង និងម្ដាយ ខ្យង ហិន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ​ស្រីចំនួន៣នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ សយ ជិន ​មានកូនស្រីចំនួន៣នាក់។  ខ្ញុំបានចូលរៀននៅសាលាវត្តអង្គកែវ។ លុះពេលខ្ញុំមានអាយុ១៤ឆ្នាំ   រៀន ថ្នាក់ទី៩ នៅវត្តជ្រៃក្បាលធំ។  រយៈពេលប៉ុន្មានខែក្រោយមក​ ក៏ចូលដល់ថ្ងៃធ្វើរដ្ឋប្រហារខ្ញុំក៏ឈប់រៀន។

នៅឆ្នាំ១៩៧០ ដល់១៩៧៥ ខ្ញុំក៏ចូលបម្រើ​កងទ័ពខ្មែរក្រហម​។ ដំបូងឡើយខ្មែរក្រហម បាន​ចាត់តាំងឲ្យខ្ញុំប្រមូលកម្លាំង យុវជន ​នារី ឲ្យបានច្រើន បញ្ជូន​ទៅដាក់ខាងលិចភ្នំដំរីរមៀល។ នៅទីនោះ រយៈពេលកន្លះខែ ខ្មែរក្រហម ​ ក៏បញ្ចូនខ្ញុំ និងឈ្មោះ ចន សឿន ​ត្រូវជាបងប្អូនជីដូនមួយរបស់ខ្ញុំ ឲ្យទៅធ្វើកងទ័ព​​​។ ​ ​​​ចាប់ផ្ដើមដំបូង​ វាយចេញពីទួលព្រៃសណ្ដែក និងល្វេ ជាមួយទាហានធៀវគី និងកងទ័ព លន់ នល់ ​នៅស្រុកទ្រាំង ខេត្តតាកែវ។​ ខ្ញុំ និង ចន សឿន ​បានសម្រាកនៅខាងលិចបារាយណ៍​។  ​ខ្ញុំក៏​រៀនបណ្ដើរ និងធ្វើកងទ័ពបណ្ដើរ។ ពេលនោះ ក៏មានកងទ័ពចូលមកជាហូរហែកាត់តាមផ្លូវអង្គកែវ រហូតទៅដល់ភ្នំដំរីរមៀល។ ខ្មែរក្រហម មើលឃើញថា ខ្ញុំធ្វើការបានល្អ ​ក៏តំឡើង​តំណែង​ ជាមេបញ្ជាការ គ។  ​​ជាពិសេស ប្រគល់​ទាហានចំនួន១០០នាក់ ឲ្យខ្ញុំជាអ្នកដឹកនាំទៀត។ ខ្ញុំបានដឹកនាំទាហានទៅវាយ​នៅតាមផ្លូវជាតិលេខ៣ ​ចាប់ពីអង្គតាសោម ​ស្លាគូ ​រហូតដល់ថ្នល់បត់។ ​បន្ទាប់មក ខ្ញុំបានវាយចូលទៅដល់ភ្នំដិន។  ក្នុងនោះ ​កងទ័ពទី១ គឺជាកងទ័ពដែលវាយក្នុងខេត្តទាំងមូល។ ​បើតាមខ្ញុំដឹង​ឈ្មោះ សារី ជាអ្នកប្រមូលផ្ដុំកងទ័ពទាំងអស់។ ​បើ ខ្ញុំ និង ចនសឿន នៅកាន់ជាប់ជាមួយកងទ័ពខេត្តរហូត។ មួយរយៈ ក្រោយ ចន សឿន ​បានរត់​ចូល​​ក្នុងព្រៃ ព្រោះខ្លួនមិនចង់ធ្វើការឲ្យខ្មែរក្រហម​ទៀត ហើយ​ក៏បាត់ខ្លួន​រហូត។​​​ មួយរយៈពេលកន្លងទៅ ខ្ញុំបាន​ទទួលដំណឹងថា ចនសឿន ​ បានស្លាប់នៅពេលមានសង្រ្គាមនៅកោះអណ្ដែត​ តាកែវ បាត់ទៅហើយ។ ​កងទ័ពកាលនោះ ​​ត្រូវ​បែងចែកមួយក្រុមចំនួន១២នាក់។ ​នៅកង​អនុសេនាតូច មានកងទ័ព​ចំនួន៣០នាក់ទៅដល់៤០នាក់។ កាលនោះ ខ្មែរក្រហម បានតាំង អក្សរ ក ដល់ឃ ​​ស្ថិតក្នុងវរសេនាតូច អក្សរ ង ​​ចាត់ចូលក្នុងវរសេនាធំ។ នៅក្នុងវរសេនាធំ ​កងទ័ពមាន​ចំនួនច្រើន ចាប់ពី៣០០០នាក់ ទៅដល់៤០០០នាក់។ ប្រធាន​កងពលមុនគេបង្អស់ នៅភូមិភាគនិរតីមានចំនួន២នាក់ឈ្មោះ សំ ​ប៊ិត និងតារ៉ែម​​។ បន្ទាប់ពី អ្នកពីរបានបាត់ខ្លួន​​​ទៅ ភូមិភាគនិរតីនេះ គ្រប់គ្រងដោយ តាម៉ុក វិញ។ ក្រោយមក កម្មាភិបាលខ្មែរក្រហម ​ក៏បញ្ជូនខ្ញុំឲ្យទៅវាយនៅតាមសមរភូមិវិញ ​រួមមានអង្គតាសោម បារាយណ៍ និងនៅជុំវិញខេត្តតាកែវទាំងមូល។ ​មួយរយៈពេលក្រោយមក​កងទ័ពភូមិភាគ បានវាយចូលទៅដល់ខេត្តកំពង់ស្ពឺ និងខេត្តកំពត ​រហូតដល់ស្រុកមួយចំនួនក្នុងខេត្តកណ្ដាលស្ថិតនៅភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំដោយតាម៉ុក។[2]កាលនោះខ្ញុំស្ថិតនៅក្នុងកងពលទី២​​​ ប៉ុន្តែ​បែងចែកភូមិភាគចំនួន​៣កងពល​។ ​ ​ អ្នកដែលគ្រប់គ្រងបន្ទាប់ពីខ្ញុំ និងសឿន មាន​​ មានឈ្មោះ សុច និងសារី។  ប៉ុន្តែអ្នកទាំងពីរ​​បានស្លាប់​ដោយសារឈ្មោះ បេ ជាអ្នកសម្លាប់។ ​

នៅឆ្នាំ១៩៧៦ ខ្ញុំមិនបានទៅវាយជាមួយវៀតណាមទៀតទេ គឺគ្រាន់តែនៅចាំការពារ​​ ព្រោះ ចំពេលខ្មែរក្រហម​ ​ផ្លាស់ប្ដូរទីតាំងកងទ័ព​ជាច្រើនទីតាំងដូចជា ​នៅកំពង់ក្រសាំង, ពោធិ៍សង្កែ, កំណប់, ​​យុថ្កា, ដើមត្រសេក, ថ្ម៣ដុំ, កាហាង  ​និង​នៅទន្លេបាសាក់ ជាដើម។ ​សកម្មភាពការងារ​ខាងលើ កម្មាភិបាលខ្មែរក្រហម ពុំបានសរសេរ​ជាលាយលក្ខណ៌អក្សរ ឬចេញលិខិតអ្វីទេ​ គ្រាន់តែមើលលើបញ្ហាមួយចំនួន និង​​បង្ហាញតាមរយៈតេអូប៉ុណ្ណោះ។ បន្ទាប់មក កម្មាភិបាលខ្មែរក្រហម ​ក៏ណែនាំ​ខ្ញុំ ឲ្យត្រៀមកម្លាំងជំនួយ ដើម្បី​វាយបកជាមួយអាមេរិកាំង។ ​

នៅឆ្នាំ១៩៧៧ ខ្ញុំ និងប្រពន្ធ​របស់ខ្ញុំ បានទៅជួប​គ្នា នៅព្រៃតាម៉ៅ និងភ្នំដិន។ ខ្ញុំក៏បានការរៀបការ​នៅទីនោះ ​ក្រោមការផ្សំផ្គុំពីឪពុកម្ដាយទាំងសងខាង និងបាន​រៀបចំកម្មវិធីដោយ ឈ្មោះ ឈាង មានតួនាទីវរសេនាធំ។ ការរៀបការពេលនោះ មានចំនួន៦គូ សុទ្ធសឹងតែអនុសេនាតូច និងអនុសេនាធំ។ ​ការរៀបការពុំបានរៀបចំធំដុំអ្វីទេ គ្រាន់តែអង្គុយទន្ទឹមគ្នា (ផ្សំផ្គុំ) ​ប្រកាសដល់សមាជិកក្នុងក្រុមទាំងអស់ ឲ្យបានដឹងឮ និងទទួលស្គាល់ថា​ ជាប្ដីប្រពន្ធនឹងគ្នាពិតប្រាកដមែន។ បន្ទាប់ពីកម្មវិធីចប់​​រួចរាល់ ខ្ញុំនិងប្រពន្ធ រួមទាំង​សមាជិកផ្សេងទៀត បានបំបែកគ្នាទៅធ្វើការតាមកន្លែង​រៀងៗខ្លួ​នវិញ។ លុះពេលរៀបការរួច ខ្ញុំមិនបានរស់នៅជួបជុំជាមួយប្រពន្ធ​ឡើយ។ បន្ទាប់ពីរៀបការ បានរយៈ៣ខែ ខ្ញុំបាន​ទទួលតំណែងជា ​បញ្ជាវរសេនាធំ១៣ កងពល២១០។ ​ ខ្មែរក្រហម ក៏បានរៀបចំការប្រជុំមួយនៅតាមសមរភូមិ ធ្វើឡើងរយៈពេលខ្លី។ បន្ទាប់ពីប្រជុំចប់ ខ្ញុំ​បានរៀបចំកម្លាំងសម្រាប់ត្រៀមវាយ​ និងរៀបចំកម្លាំងអន្តរាគមន៍ថ្មីៗ។ កាលនោះខ្ញុំបានទៅវាយនៅទេពប្រណប ​ភ្នំរន្ទះ និងអង្គប្រាសាទ នៅស្រុកគិរីវង់ ខេត្តតាកែវ។ ​ ប្រធានខ្ញុំកាលនោះ ជាស្នងការ និងជាអ្នកចែងការងារទាំងអស់។  នៅពេល​បម្រើ​កងទ័ព ខ្ញុំ​​បានត្រូវរបួសចំនួន៤ទៅ៥ដងដែរ ​ត្រូវចំមាត់ និងត្រូវចំជើងជាដើម។ សំណាងល្អ ​មិនបង្ក គ្រោះថ្នាក់ដល់អាយុជីវិត​។

​​នៅអំឡុង ឆ្នាំ១៩៧៩ ខ្ញុំចាប់​​ទាហានវៀតណាមបានចំនួន២នាក់ ក៏បញ្ជូនទៅភូមិភាគនិរតី។ តាមបញ្ជា​ថ្នាក់លើនៅពេលចាប់បាន ដាច់ខានមិនត្រូវសម្លាប់ គឺទុក​ធ្វើជាឈ្លើយសឹក។ ​លុះពេលបន្ទាប់​ ខ្ញុំក៏ទៅវាយ ​នៅផ្លូវជាតិលេខ៤ រហូតដល់​ត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។  ក្រោយមក ខ្ញុំនិងមិត្តភក្ដិចំនួន៣នាក់ក៏រត់​ត្រឡប់មកផ្ទះវិញ ដើរកាត់តាមភ្នំដំរីរមៀល។ ​ខ្ញុំ​​មកដល់ស្រុកកំណើត និងជួបជាមួយប្រពន្ធវិញ។ ​

ក្រោយឆ្នាំ១៩៧៩ ​ ខ្ញុំត្រូវបានគណៈស្រុកឈ្មោះ សុខ សារុន នាំទៅសួរចម្លើយ និងចាប់ឃុំឃាំង​ខ្លួនអស់រយៈ៧ខែ នៅសាលាស្រុកទ្រាំង ខេត្តតាកែវ។ មូលហេតុនៃចាប់ខ្លួននេះ ព្រោះខ្ញុំធ្លាប់ធ្វើទាហានខ្មែរក្រហម។​ ​ខ្ញុំគ្រាន់តែជាប់ឃុំខ្លួន ពុំមានដាក់​ខ្នោះដៃជើងទេ ប៉ុន្តែ​ស្ថិតក្រោមការ​តាមដាន ​ពីនគរបាលឈ្មោះ នេត សេង។ ការសួរចម្លើយនេះគណៈស្រុក ឲ្យខ្ញុំ​ឆ្លើយពីការ​រស់នៅ ​ឋានៈ ឬតួនាទីការងារក្នុងរបបខ្មែរក្រហម។ ខ្ញុំបានបញ្ចាក់ពីប្រវត្តិផ្ទាល់ខ្លួន​ កាលពីមុនមក​ ខ្ញុំជាកូនចៅរបស់គេដែរ។ បន្ទាប់មក ប្រធានស្រុក ក៏បន្តសួរទៀតថា មេឈ្មោះអ្វី កាច ឬស្លូត។  ខ្ញុំឆ្លើយតាមដំណើររឿងដែលខ្ញុំបាន​ដឹង ទើបគណៈស្រុក​ឈប់សួរទៀត។ ​បន្ទាប់ពីសួរចប់ ពេលនោះគណៈស្រុក​​ ក៏មានបំណងឲ្យខ្ញុំចូលបម្រើ​ក្នុងជួរកងទ័ព​។ ប៉ុន្តែខ្ញុំក៏​បានបដិសេដ​មិន​ធ្វើវិញឡើយ៕

អត្ថបទដោយ ជីម សុខគា


[1] ឯកសារ TKIO755​, តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បទសម្ភាសជាមួយ   ទុយ ថា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ,  ចំណងជើងអត្ថបទ« ​ទុយ ថា៖ ប្រធានវរសេនាធំ តំបន់១៣ កងពល២១០» ។ សម្ភាសន៍ ដោយ ស សេងគា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០។ ចំនួន៣៧ទំព័រ។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៤។

 

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin