ទី ហ៊ួន៖ ខ្មែរក្រហមបង្ខំខ្ញុំលាចាកសិក្ខាបទពីព្រះសង្ឃ និងបង្ខំខ្ញុំឲ្យធ្វើជាទាហាន

(ខេត្តស្វាយរៀង) ទី ហួន ហៅ ហ៊ាន មានអាយុ៦៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហួន គឺជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ១១នាក់ (ស្រី ៤នាក់)។

ក្នុងរបប លន់ នល់ នៅពេលនោះ ហួន ស្ថិតក្នុងវ័យកុមារបានឆ្លងកាត់នូវការលំបាកជាច្រើន ដោយសារតែប្រទេសជាតិបានធ្លាក់ចូលទៅក្នុងសង្គ្រា​ម​ស៊ីវិលរវាងទាហានរបប លន់ នល់ និងយោធាបដិវត្តន៍ខ្មែរក្រហម។ បន្ទាប់ពីឧត្តមសេនីយ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតំណែង នៅឃុំធ្លក បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់យោធាខ្មែរក្រហម។ នៅពេលនោះ ហួន កំពុងរៀនថ្នាក់ទី១០ (សង្គមចាស់) ត្រូវឈប់រៀនដោយសារសាលាត្រូវបានបិទទ្វា ព្រោះលោកគ្រូ-អ្នកគ្រូ មិនហ៊ានមកបង្រៀន ហើយក៏មានព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែក និងសង្រ្គាម​។ នៅកាលនោះខ្មែរក្រហមមិនទាន់បង្ខំប្រជាជនឲ្យហូបអាហាររួមនៅឡើយទេ គឺគ្រាន់តែតម្រូវឲ្យធ្វើការងាររួមគ្នានៅការដ្ឋានប៉ុណ្ណោះ។ ជារឿយៗទាហាន លន់ នល់ បានបើកការវាយប្រហារមកលើយោធាខ្មែរក្រហមដោយមានការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែក បានបណ្តាលឲ្យប៉ះពាល់ដល់ប្រជាជន និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ, ផ្ទះសម្បែង, ស្ពានថ្នល់, មន្ទីរពេទ្យ, សាលារៀន និងវត្តអារាម។ ប្រជាជន បានរងរបួស និងស្លាប់ ដែលបន្សល់ទុកនូវជនពិការ, ក្មេងកំព្រា និងស្ត្រីមេម៉ាយយ៉ាងច្រើន។

នៅឆ្នាំ១៩៧២ ហួន បានសម្រេចចិត្តបួសជាព្រះសង្ឃគង់នៅវត្តទ្រា ស្រុកស្វាយជ្រំ។ ក្រោយបួសបាន ៣ វស្សា ពោលគឺនៅឆ្នាំ១៩៧៤ ហួន ត្រូវបានកងកម្លាំងខ្មែរក្រហមបង្ខំឲ្យសឹក ហើយខ្មែរក្រហមតម្រូវឲ្យគាត់ធ្វើជាទាហានប្រយុទ្ធនៅតាមសមរភូមិក្នុងខេត្តស្វាយរៀង និងគាត់ធ្លាប់ទទួលរងរបួស។ នៅពេលនោះ ហួន មានអាយុប្រមាណជា១៨ឆ្នាំ ត្រូវបានចាត់តាំងជាកងទ័ពប្រចាំការនៅតំបន់២៣ ក្នុងអង្គភាពវរសេនាតូចលេខ៧៥, អនុសេនាធំលេខ៩៥។ នៅពេលនោះក្នុងអង្គភាពមានកងទ័ពប្រមាណ៩០ ទៅ១២០នាក់ គ្រប់គ្រងដោយឈ្មោះ តាសែម ជាប្រធានអង្គភាពទ័ពលេខ៧៥, ឈ្មោះ ចន្ទី ជាប្រធានយោធា និងឈ្មោះ ប៉ាង ជឿក ជាប្រធានអនុសេនាតូច។

នៅថ្ងៃទី១៧ មេសា ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាចនៅទូទាំងប្រទេស។ នៅពេលនោះ ហួន ត្រូវបានអង្គការតម្រូវឲ្យធ្វើជាកងទ័ពការពារនៅតាមព្រំដែន។ ហួន និយាយថា «ស្ថានភាពរស់នៅរបស់ខ្ញុំក្នុងនាមជាកងទ័ពជួបប្រទះទុក្ខលំបាក និងខ្វះខាតការហូបចុកយ៉ាងខ្លាំងមិនខុសពីប្រជាជនទូទៅនោះទេ។ ខ្ញុំទទួលបានបបរមួយកូនចាន ហូបជាមួយសម្លគ្មានរសជាតិ និងគ្មានត្រី គ្មានសាច់»។ ការហូបអាហារគ្រប់គ្រាន់គឺមានតែពេលប្រជុំយូរៗម្តង។ ហួន មិនធ្លាប់ឃើញអំពើឃោរឃៅ, អំពើកាប់សម្លាប់មនុស្ស ឬការចាប់រំលោភស្ត្រីភេទនោះទេ ដោយសារតែ ហួន ស្ថិតនៅក្នុងអង្គភាព។ ក្នុងរបបខ្មែរក្រហមបងថ្លៃម្នាក់របស់ហួន បានស្លាប់។

នៅឆ្នាំ១៩៧៩ នៅពេលរបបខ្មែរក្រហមដួលរលំ ហួន បានត្រលប់មករស់នៅ និងប្រកបរបរធ្វើស្រែនៅស្រុកកំណើតវិញ។ នៅឆ្នាំដដែល ហួន បានរៀបការជាមួយប្រពន្ធឈ្មោះ ជ័យ បូផា។ ហួន សព្វថ្ងៃមានស្លាកស្នាមនៅសេសសល់លើដងខ្លួនដែលបន្សល់ទុកពីសម័យសង្គ្រាម ហើយចំពោះបញ្ហាសុខភាពវិញគាត់មានជំងឺប្រចាំកាយគឺជំងឺរបេង៕

សម្ភាសដោយ ម៉ុន សុធារ៉ា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin