គ្មានមនុស្សទំនេរទេក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ប្រជាជនគ្រប់រូបក្នុងរបបខ្មែរក្រហមត្រូវបានអង្គការកំណត់ឲ្យធ្វើការងារទាំងអស់គ្នាទាំងចាស់ ទាំងក្មេង។ ការងាររបស់ប្រជាជនស្ទើរគ្រប់រូប ធ្វើដោយគ្មានពេលឈប់សម្រាក គ្មានថ្ងៃបុណ្យ ឬថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
អ៊ុក សាមឿន មានអាយុ៦៦ឆ្នាំ (ឆ្នាំ២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិគោល ឃុំអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមឿន មានឪពុកឈ្មោះ អ៊ុក ផង់ និងម្តាយឈ្មោះ ម៉ា ថឹង។ សាមឿន ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៧នាក់ (ស្រី៣នាក់ ប្រុស៤នាក់)។ សាមឿន ពុំបានប្រកបរបរអ្វីទេ ដោយស្នាក់នៅផ្ទះ និងមើលថែទាំចៅៗ។
នៅក្នុងរបបសង្គមរាស្រ្តនិយម សាមឿន បានឈប់រៀនដោយសារតែជីវភាពគ្រួសារមានភាពខ្វះខាត ហើយគាត់ត្រូវជួយធ្វើស្រែចម្ការឪពុកម្តាយ។
ក្នុងរបប លន់ នល់ សាមឿន បានឃើញនៅក្នុងភូមិមានសង្រា្គមប្រយុទ្ធគ្នារវាងកងកម្លាំងខ្មែរក្រហមដែលគាំទ្រដោយយួនយៀកកុង ជាមួយនឹងទាហានលន់ នល់ ដែលទើបតែធ្វើរដ្ឋប្រហារ។ ប្រជាជនរស់នៅទាំងមានក្តីភ័យខ្លាច និងមួយចំនួនត្រូវបានបង្ខំចិត្តរត់ចូលព្រៃដើម្បីគេចចេញពីសេចក្តីស្លាប់ ព្រោះមានយន្តហោះទម្លាក់គ្រាប់បែក ទម្លាក់គ្រាប់លើផ្ទះសម្បែងប្រជាជនជាពិសេសពេលយប់។
នៅក្នុងរបបខ្មែរក្រហមចន្លោះ ឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ សាមឿន មានអាយុប្រហែល១៨ឆ្នាំ ត្រូវបានខ្មែរក្រហមឲ្យទៅរស់នៅក្នុងកងចល័តនារី បែកពីសមាជិកគ្រួសារ។ គាត់ត្រូវជីកប្រឡាយ, រែកដី, លើកភ្លឺស្រែ, បុកស្រូវ, រែកលាមកមនុស្ស, ស្ទូងស្រូវ និងច្រូតស្រូវជាដើម។ សាមឿន និយាយថាការងារនៅក្នុងរបបនោះ ត្រូវធ្វើគ្មានពេលសម្រាកតាំងពីព្រឹករហូតដល់យប់ និងមានថ្ងៃខ្លះត្រូវធ្វើបន្ថែមម៉ោងរហូតដល់យប់ក៏មានដែរ។ រីឯរបបអាហារវិញ គាត់ទទួលបានមិនគ្រប់គ្រាន់ និងមិនសក្តិសមទៅនឹងកម្លាំងដែលបានធ្វើជូនអង្គការនោះទេ។ សាមឿន បន្តថាប្រជាជនគ្រប់រូបទាំងចាស់ទាំងក្មេងក្នុងរបបខ្មែរក្រហម ត្រូវធ្វើការដើម្បីទទួលបានរបបអាហារ ដោយគ្មានគិតពីថ្ងៃឈប់, ថ្ងៃសម្រាក, ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ឡើយ។ កុមារត្រូវធ្វើការស្រាលៗ ដូចជារើសអាចម៍គោ និងឃ្វាលគោ ក្របី ចំណែកចាស់ៗត្រូវមើលថែទាំកុមារតូចៗនៅក្នុងកងកុមារ។
ក្នុងរបបខ្មែរក្រហមបងប្រុសរបស់ សាមឿន ចំនួនបីនាក់ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់ដោយសារតែជាទាហានក្នុងរបប លន់ នល់។ សាមឿន ធ្លាប់ឃើញឈ្លបខ្មែរក្រហមធ្វើទារុណកម្មលើប្រជាជន ដែលត្រូវបានចោទប្រកាន់ថាក្បត់នឹងអង្គការដោយវាយនឹងពូថៅ និងគល់ឫស្សី រួចរុញទម្លាក់ចូលទៅក្នុងរណ្តៅដែលអង្គការបានប្រើឲ្យប្រជាជនជីក។ ក្នុងរបបខ្មែរក្រហម សាមឿន ក៏ធ្លាប់ឃើញការបំផ្លាញវត្តអារាម, សាលារៀន និងការចាប់ផ្សឹកព្រះសង្ឃព្រមទាំងបានបង្ខំប្រជាជនឲ្យទៅធ្វើជាទាហានក្នុងសមរភូមិជាមួយកងទ័ពវៀតណាមទៀតផង។ វត្តអារាម និងសាលារៀន ត្រូវបានបិទទ្វារ និងបានប្រែក្លាយជាមន្ទីរឃុំឃាំង ឬកន្លែងចិញ្ចឹមសត្វពាហនៈជាដើម។
នៅដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមកធ្វើសង្គ្រាមជាមួយយោធាខ្មែរក្រហម ហើយយោធាខ្មែរក្រហមបានចុះចាញ់ និងបានរត់គេចអស់ពីសហករណ៍ ឃើញដូច្នេះ សាមឿន បានត្រលប់ទៅរស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន សាមឿន មានជំងឺប្រចាំកាយដូចជា ជំងឺក្រពះ ជំងឺពោះវៀន ជំងឺតម្រងនោម និងជំងឺសន្លាក់ដៃ សន្លាក់ជើង។
សម្ភាសន៍ដោយ ម៉ន ម៉ារីណា ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥