ការរៀបការនៅសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ អ៊ុក សាវ៉ុន មានអាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាវ៉ុន ជាកូនទីបីក្នុងចំណោមបងប្អូនប្រាំនាក់។ ប្អូនថ្លៃពីរនាក់​បានស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារតែជាអតីត​ទាហាន លន់ នល់ ត្រូវ​បានខ្មែរក្រហម​នាំយកទៅសម្លាប់ភ្លាមៗពេល​ខ្មែរក្រហមចូលកាន់​កាប់ខេត្តស្វាយរៀង។

សាវ៉ុន មានស្រុកកំណើត នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។ នៅរបប លន់ នល់ គាត់រៀនដល់ថ្នាក់ទីដប់ បានឈប់រៀនព្រោះក្នុងភូមិ​មានការទម្លាក់គ្រាប់បែក គាត់ និងគ្រួសារត្រូវរត់គេចពួនក្នុងព្រៃ និងនៅតាមវាលស្រែ។

នៅរបបខ្មែរក្រហម សាវ៉ុន ត្រូវបានជម្លៀសទៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅទីនោះគូដណ្តឹងរបស់​គាត់ បានស្នើទៅប្រធានសហករណ៍ ដើម្បីរៀបការ។ ប្តីគាត់ឈ្មោះ លី ប៊ុណ្ណារិទ្ធ គាត់ទាំងពីរជាគូដណ្តឹងដែលម្តាយឪពុកទាំងសងខាងផ្សំ​ផ្គុំឲ្យ​តាំងពីមុនសម័យខ្មែរក្រហម បច្ចុប្បន្នគាត់រស់នៅជាមួយគ្នា និងមានកូនចំនួន៤នាក់។ សាវ៉ុន បាន​រំឭកពីការរៀបការនាពេលនោះថា មានចំនួន៣៦គូ។ កម្មវិធីធ្វើឡើងនៅរោងបាយរួមរបស់សហករណ៍ ដោយគូប្តីប្រពន្ធអង្គុយទល់មុខគ្នា មានគណៈសហករណ៍​ជាអធិបតីឡើងនិយាយឲ្យប្តីប្រពន្ធបេ្តជ្ញា​រស់នៅជាមួយគ្នា។ មានប្តីប្រពន្ធផ្សេងទៀតក៏មិនពេញចិត្តចំពោះការរៀបចំរបស់​អង្គ​ការ ប៉ុន្តែគាត់​មិនហ៊ានប្រកែក។ ប្តីប្រពន្ធមួយចំនួន​បានលែងលះគា្នក្រោយរបបខ្មែរក្រហមដួល     រលំ។ ពេលរៀបការរួចប្តីប្រពន្ធត្រូវទៅធ្វើការផ្សេងៗពី​គ្នា។​ បី្ត​សាវ៉ុន ត្រូវទៅជីកដី និងរែកដី ធ្វើ​ប្រឡាយនៅឆ្ងាយៗពីភូមិ​។

នៅស្រុកកណ្តាលស្ទឹងដោយឃើញ សាវ៉ុន មានកូនតូចខ្មែរក្រហមបានចាត់គាត់ឲ្យនៅមើលថែទាំក្មេងៗនៅក្នុងកងកុមារដែលឪពុកម្តាយត្រូវទៅធ្វើការងារឆ្ងាយៗពីភូមិ​។ គាត់បន្តថា ក្មេងតូចៗចាប់ពីអាយុបីខែ និងធំអាយុជាងដប់ឆ្នាំ ហើយក្មេងៗទាំងនោះមិនបានទៅសាលារៀនត្រឹមត្រូវទេ។ ក្រោយមករំលងបាន៣ខែ គេក៏ប្រើ សាវ៉ុន ឲ្យទៅស្ទូងស្រូវ រកអុស និងបោកស្រូវសម្រាប់យកអង្ករមកផ្គត់ផ្គង់សហករណ៍រោងបាយ។ នៅទីនោះរបបអាហារមិនសូវជាមានការខ្វះខាតទេ គ្រាន់តែ​មិន​បរិបូរណ៍ដូចសម័យយើងសព្វថ្ងៃ។ សាវ៉ុន បន្តទៀតថា បញ្ហាលំបាកខ្លាំងនោះគឺរឿងទឹកប្រើប្រាស់ព្រោះនៅទីនោះ​អណ្តូងទាំងអស់បានរីង ប្រជាជនទាំងអស់ត្រូវទៅដងទឹកពីស្ទឹងមក  ប្រើប្រាស់ និងងូតប្រចាំថ្ងៃ។

ក្នុងរបបនោះ សាវ៉ុន បានឃើញវត្តអារាមត្រូវបាន​ខ្មែរក្រហមប្រើប្រាស់ធ្វើជាកន្លែងហូបបាយរួមរបស់សហករណ៍។ ចំណែកសាលារៀនត្រូវប្រើប្រាស់ជាកន្លែងស្នាក់នៅ​របស់ប្រជាជនថ្មីដែលទើបជម្លៀសមកពីទីប្រជុំជន។

រឿងរ៉ាវដែល សាវ៉ុន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលខ្មែរក្រហមបង្ខំឲ្យគាត់ចេញពីស្រុកកំណើត និងការរស់នៅកន្លែងថ្មី ដែលគ្មានជម្រក សមរម្យ ព្រមទាំងត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការងារ     ធ្ងន់ៗ នៅអំឡុងពេលគាត់មានកូនតូចនៅឡើយ។

ក្រោយរបបខ្មែរក្រហមដួលរលំ សាវ៉ុន បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ ឪពុកម្តាយគាត់បានស្លាប់អំឡុងពេលធ្វើដំណើរដោយសារតែជំងឺដែល​បានបន្សល់ទុកពីរបបខ្មែរក្រហម។ ចំណែកប្តី សាវ៉ុន បានទៅធ្វើជាយោធានៅស្រុកស្ទោង ខេត្តកំពង់ធំ រយៈពេលបួនឆ្នាំ ក្រោ​យ​​មកបានមករស់នៅជួបជុំគ្នានៅខេត្តស្វាយរៀងរហូតដល់សព្វថ្ងៃ។

អត្ថបទដោយៈ អេង សុខម៉េង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤

សម្ភាសន៍ដោយៈ សុខ ចន្ទ្រា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin