អ៊ុក ទុំ ៖ អនុសេនាធំ ក្នុងកងពល២៧០ (ខេត្តតាកែវ)

នៅក្នុងឆ្នាំ១៩៧៥ ទុំ បានទទួលតួនាទីជាអនុសេនាធំ ក្នុងកងពល២៧០ ដែលដឹកនាំដោយ តារ៉ែន ។ បន្ទាប់មក តារ៉ែន បានបញ្ជូន ទុំ និងកងទ័ពចំនួន១០០នាក់ទៅប្រចាំការណ៍ និងការពារតាមព្រំដែនកម្ពុជា- វៀតណាម ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ។ ទុំ បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

អ៊ុក ទុំ[1] ភេទប្រុស អាយុ៦៩ឆ្នាំ។​ ស​ព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ ទុំ មានស្រុកកំណើតនៅភូមិទួលកណ្ដាល ឃុំ ព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទុំ មានឪពុកឈ្មោះ ដួង (ស្លាប់ឆ្នាំ១៩៧៨ ដោយសារជំងឺចាស់ជរា)និងម្ដាយឈ្មោះ ង៉ែត ងិន (ស្លាប់)។ ទុំ មានបងប្អូន៦នាក់(ប្រុស៤នាក់ ស្រី២នាក់)។ ទុំ ជាកូនទី៥ នៅក្នុងគ្រួសារ។ បងប្អូន ទុំ បានស្លាប់២នាក់​ (បងទី១ ស្លាប់នៅក្នុងរបបខ្មែរក្រហមនិងបងប្រុសម្នាក់ទៀតស្លាប់ដោយសារជំងឺចាស់ជរា)។  ទុំ មានប្រពន្ធឈ្មោះ ​កែវ នីម អាយុ៦៤ឆ្នាំ ស​ព្វថ្ងៃមានមុខរបរធ្វើចម្ការ។ ទុំ ​មានកូន៧នាក់( ប្រុស៥នាក់ ស្រី២នាក់) ។

កាលពីក្មេង​ ទុំ បានរៀនត្រឹមថ្នាក់ទី៧ សង្គមចាស់ សាលានៅក្នុងស្រុកកោះអណ្ដែត។ ទុំ ឈប់រៀន ដោយសារតែគ្រួសារមានជីវភាពក្រីក្រ​មិនអាចបន្តការសិក្សាបាន និងឈប់រៀនដើម្បីជួយធ្វើការងារឪពុកម្ដាយ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច​ ព្រះនរោត្តមព្រះនរោត្តមសីហនុ​។ បន្ទាប់ពីរដ្ឋប្រហារមិនបានប៉ុន្មានថ្ងៃ​ ប្រជាជនជាច្រើនបាននាំគ្នាឡើងទៅធ្វើបាតុកម្មនៅព្រៃសណ្ដែក ដើម្បីទាមទារឲ្យសម្ដេច សីហនុដឹកនាំប្រទេសវិញ។ បន្ទាប់មកទៀត ចាប់ផ្ដើមមានចលនាតស៊ូខ្មែរក្រហមចូលមកឃោសនាក្នុងភូមិថា « បើប្រជាជនស្រលាញ់ សម្ដេច ព្រះនរោត្ដម សីហនុ សូមចូលរួមជាមួយចលនាតស៊ូខ្មែរក្រហមទាំងអស់គ្នា ដើម្បីវាយផ្ដួលរលំរបបឧត្ដមសេនីយ៍ លន់ នល់»។​

ឆ្នាំ១៩៧៣ ខ្មែរក្រហមបានចូលមករៀបចំធ្វើស្នាក់ការសែងរបួសនៅក្នុងភូមិទួលកណ្ដាល និងភូមិផ្សេងៗទៀត។ អ្នកដែលចូលមករៀបចំធ្វើស្នាក់ការសែងរបួសឈ្មោះ​ តា​ ម៉ន។ បន្ទាប់មក​ តា ម៉ន បានប្រមូលប្រជាពលរដ្ឋនៅតាមភូមិ រួចបានចាប់ផ្ដើមជ្រើសរើស យុវជន យុវនារី ដែលមានកម្លាំងសមល្មមអាចសែងអ្នករបួសបានដោយបែងចែកជាក្រុមទៅតាមភូមិនីមួយៗ។​ ចំណែកនៅក្នុងភូមិទួលកណ្ដាល តា ម៉ន បានចាត់តាំងឲ្យ ទុំ ធ្វើជាមេក្រុមនិងជាអ្នករៀបចំក្រុម។ ចន្លោះឆ្នាំ១៩៧៤ ដល់ដើមឆ្នាំ១៩៧៥ ក្រុមរបស់ ទុំ និងគ្រប់ក្រុមអ្នកសែងរបួសមកពីតាមស្រុកនីមួយរួមមាន ស្រុកគិរីវង្ស ស្រុកកោះអណ្ដែត ស្រុកព្រៃកប្បាស ស្រុកត្រាំកក់ ក្នុងខេត្តតាកែវ ត្រូវផ្លាស់ប្ដូរវេនគ្នាម្ដងមួយក្រុម ដើម្បីចូលសមរភូមិជាមួយកងទ័ពខ្មែរក្រហម និងត្រូវធ្វើស្នាក់ការសម្រាប់ប្រចាំការសែងកងទ័ពរងរបួស។ ពេលចូលសមរភូមិដំបូង ទុំ មានអារម្មណ៍តក់ស្លុតនិងភ័យខ្លាចជាខ្លាំង  នៅពេលបានឮសូរសម្លេងគ្រាប់ផ្លោងនិងសម្លេងយន្តហោះរបស់ទាហានអាមេរិ កាំងហោះឆ្វែលមកទម្លាក់គ្រាប់បែកម្ដងៗ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម វាយដណ្ដើមបានទីក្រុងភ្នំពេញ ហើយ គ្រប់គ្រងទូទាំងប្រទេសកម្ពុជា។ បន្ទាប់ពីទទួលបានជ័យជម្នះទៅលើទាហានលន់ នល់ ទុំ និងក្រុមអ្នកសែងរបួសមួយចំនួនធំត្រូវបានជ្រើសរើសបញ្ជូនឲ្យមកធ្វើស្នាក់ការក្នុងកងចល័តដែលមានទីតាំងនៅម្ដុំដំរីរមៀល ស្រុកត្រាំកក់ ខេត្តតាកែវ។ ទុំ នៅក្នុងអង្គភាពយុវជនភូមិ ដែលគ្រប់គ្រងដោយ តា រ៉ែន ប្រធានកងពលលេខ២ (ស្លាប់ឆ្នាំ១៩៧៩ដោយសារជំងឺស្ពឹក)។ ទុំ​ ធ្វើការងារនៅក្នុងកងចល័តបានមួយរយៈពេល ទើបត្រឡប់មករស់ស្រុកកំណើតវិញ ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម។ ពេលមកដល់ស្រុកកំណើត​ ទុំ បានចូលបម្រើកងទ័ពនៅក្នុងកងពល២៧០ ដែលគ្រប់គ្រង់ដោយ តា រ៉ែន។ ខណៈពេលនោះ ទុំ មានតួនាទីជាអនុសេនាធំ គ្រប់គ្រងកងទ័ពចំនួន១០០នាក់។ ក្រោយមក ទុំ និងកងទ័ព១០០នាក់ ត្រូវបាន តារ៉ែន បញ្ជូនទៅប្រចាំការ និងការពារនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ។ បន្ទាប់ពីប្រចាំការនិងការពារនៅតាមព្រំដែន ទុំ និងកងទ័ពទាំងអស់បាននាំគ្នាជីកប្រឡាយ ជួរព្រំដែន ដើម្បីស្តក់ទឹកទុកសម្រាប់ធ្វើស្រែប្រាំង។

នៅឆ្នាំ១៩៧៧ ទុំ និងកងទ័ពមួយចំនួនតូចត្រូវបាន តា រ៉ែន ដកបញ្ជូនឲ្យទៅធ្វើស្រែនៅស្រុកគងពិសី ក្នុងតំបន់៣៣ (ភ្លេចឈ្មោះ) ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។  ទុំ ផ្លាស់មកខេត្តកំពង់ស្ពឺមិនបានប៉ុន្មានថ្ងៃ កងពល២៧០ ដែលការពារនៅតាមព្រំដែន ចាប់ផ្ដើមមានជម្លោះព្រំដែនជាមួយកងទ័ពវៀតណាម​ បង្កឲ្យមានការបាញ់ប្រហារគ្នាយកឈ្នះចាញ់ស្លាប់នៅកន្លែងរៀងៗខ្លួន។ បន្ទាប់មក កងទ័ពវៀតណាមបានបង្កើនកម្លាំងយ៉ាងច្រើនវាយចូលមកក្នុងទឹកដីខ្មែរ។​

ចុងឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមកដល់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ខណៈពេលនោះកងទ័ពនៅតំបន់៣៣​ បានប្រមូលកម្លាំង​ដើម្បីទៅទប់ទល់ជាមួយកងទ័ពវៀតណាម  ប៉ុន្តែវៀតណាមមានកម្លាំងទ័ពច្រើនជាង  ធ្វើឲ្យកងទ័ពខ្មែរក្រហមមិនអាចទប់ទល់បាន។ បន្ទាប់មក កម្មាភិបាលខ្មែរក្រហម(មិនចាំឈ្មោះ) គ្រប់គ្រងនៅកងតំបន់៣៣ បានបញ្ជាឲ្យកងទ័ពកៀរ ទុំ និងប្រជាជននៅតាមសហករណ៍ឲ្យរត់ទៅទិសខាងជើងខេត្តកំពង់ស្ពឺ​ ហើយបានបន្តដំណើរដោយឆ្លងកាត់ផ្លូវ​ជាតិលេខ៤ រហូតមកដល់ស្រុកសំឡូត ខេត្តបាត់ដំបង។ បន្ទាប់មកទៀត ទុំ បានជាមួយជួប​​ កែវ ពង្ស ដែលជាអ្នកគ្រប់គ្រង កងពល១៨ ខាងខេត្តកំពង់ស្ពឺ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅសំឡូត។ មិនយូរប៉ុន្មាន​ កែវ ពង្ស បានបញ្ជាឲ្យ​ ទុំ រៀបចំកម្លាំងកងទ័ពឡើងវិញ រួចបានបញ្ជា ទុំ និងកងទ័ព​ប្រហែល១០០ទៅ២០០នាក់ ដើម្បីដឹកជញ្ជូនគ្រាប់រំសេវនិងស្បៀងអាហារចេញពីស្រុកសំឡូតយកទៅឲ្យកងទ័ពដែលបានប្រយុទ្ធនៅសមរភូមិនៅតាម ភ្នំឱរ៉ាល់ ត្រពាំងជោរ និងនៅស្រុកអមលាំង។ ទុំ ​ធ្វើដំណើររយៈពេល២ខែ ដោយឆ្លងកាត់តាមផ្លូវជាតិលេខ៤ បានមកដល់សមរភូមិភ្នំឱរ៉ាល់ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ទុំ បាននិយាយពីការលំបាកពេលដឹកជញ្ជូនគ្រាប់រំសេវ និងស្បៀងអាហារយកទៅឲ្យកងទ័ពនៅតាមសមរភូមិម្ដងៗ  «កងទ័ពទាំងប្រុសទាំងស្រីត្រូវផ្លាស់ប្ដូរគ្នាស្ពាយគ្រាប់រំសេវនិងស្បៀងអាហារម្នាក់ម្ដង កងទ័ពត្រូវធ្វើដំណើរដោយ ថ្មើរជើងជាច្រើនខែបានទៅដល់កន្លែងសមរភូមិ ប្រសិនបើមានកងទ័ពឈឺពាក់កណ្ដាលផ្លូវ​ កងទ័ពដែលរួមដំណើរត្រូវបញ្ជូនកងទ័ពដែលបានឈឺត្រឡប់មកក្រោយវិញ» ។ ទុំ បាននិយាយបន្តថា គ្រាប់រំសេវនិងស្បៀងអាហារដែលត្រូវបញ្ជូនទៅឲ្យកងទ័ពនៅតាមសមរភូមិភាគច្រើនយកចេញពីប្រទេសថៃ។

ក្នុងឆ្នាំ១៩៨២ ទាហានវៀតណាមបានវាយចូលមកដល់ស្រុកសំឡូត ខេត្តបាត់ដំបង ដោយខ្វះកម្លាំងទប់ទល់ជាមួយកងទ័ពវៀតណាម កែវ ពង្ស បានបញ្ជាឲ្យកងទ័ពទាំងអស់រត់ទៅរស់នៅជំរំអូរល្ហុងជាប់ព្រំប្រទល់ថៃ។ នៅឆ្នាំ១៩៩១ បន្ទាប់ពីសភាពការណ៍ស្ងប់ស្ងាត់ ទុំ និងក្រុមគ្រួសារ បានធ្វើដំណើរចេញពីជំរំអូរល្ហុងត្រឡប់មករស់នៅខាងត្បូងសាលាស្រុកសំឡូត ហើយបានកាប់ឆ្ការព្រៃយកដីដាំបន្លែនិងធ្វើចម្ការដើម្បីចិញ្ចឹមជីវិត។​ មិនយូរប៉ុន្មាន ទុំ បានឃើញមានកងទ័ពរបស់​ កែវ ពង្ស ផ្លាស់ចេញពីជំរំអូរល្ហុងត្រឡប់មករស់នៅស្រុកសំឡូតវិញ។ នៅពេលដែលចូលមករស់នៅសំឡូត ​កែវ ពង្ស បានសម្រេចចិត្តចូលរួមជាមួយរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៧។ ចុងឆ្នាំ១៩៩៧ ខាងរដ្ឋាភិបាលបានរៀបចំដីនៅក្នុងស្រុកវាលវែង សម្រាប់ប្រជាជននិងកងទ័ពខ្មែរក្រហមដែលចង់ផ្លាស់ពីសំឡូតមករស់នៅស្រុកវាលវែង។ ទុំ បាននិយាយបន្ថែមថា ពេលដែលផ្លាស់មករស់នៅភូមិដីក្រហម ឃុំអន្លងរាប ស្រុកវាលវែង ដំបូង ទុំ និងក្រុមគ្រួសារមានការលំបាកជាខ្លាំងដោយសារតែនៅក្នុងភូមិនិងតាមផ្លូវជាតិលេខ៥៦ ​សម្បូរទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលបានបង្កប់ដោយកងទ័ពវៀតណាម និងកងទ័ពរដ្ឋកម្ពុជា។ នៅឆ្នាំ២០០១ កងវិស្វកម្មបានចូលមកធ្វើផ្លូវជាតិលេខ៥៦ និងខាងក្រុមCMAC បានចុះមករាវមីនជូនប្រជាជន ដែលអាចជួយឲ្យប្រជាជនងាយស្រួលក្នុងការធ្វើដំណើរ និងអាចប្រកបរបរចិញ្ចឹមជីវិត។ ទុំ រស់នៅស្រុកវាលវែង បានរយៈពេល៣ឆ្នាំ​ បានជាប់ឈ្មោះធ្វើជាប៉ូលីសនៅក្នុងឃុំអន្លង់រាប ហើយបានបន្តធ្វើរហូតឆ្នាំ២០១៥ បានចូលនិវត្តន៍។ បន្ទាប់ពីចូលនិវត្តន៍ ទុំ និងក្រុមគ្រួសារបាននាំគ្នាធ្វើចម្ការរហូតមកដល់សព្វថ្ងៃ៕

សរសេរដោយ ចាន់ ណារិទ្ធ


ឯកសារយោង

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយឈ្មោះ អ៊ុក ទុំ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១១ (PTI0073 )។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin