អ៊ុក ឆន៖ កាន់ខាងវិទ្យុទាក់ទង

អ៊ុក ឆន រស់នៅភូមិជម្លៀសដៃ ឃុំគោកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ រូបថតដោយមជ្ឈមណ្ឌលឯកសារកម្ពុជាអំឡុងឆ្នាំ២០២០

អ៊ុក ឆន គឺកងទ័ពខ្មែរក្រហមម្នាក់ក្នុងចំណោមកងទ័ពខ្មែរក្រហមជាច្រើននាក់ដែលត្រូវបានថ្នាក់លើចាត់តាំងឲ្យរៀនខាងផ្នែកវិទ្យុទាក់ទង។ ឆន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

អ៊ុក ឆន[1]  ឈ្មោះបដិវត្តដ៍ហៅ ដួង សំអុល ភេទប្រុស អាយុ៧១ឆ្នាំ​ ស​ព្វថ្ងៃមេភូមិ នៅក្នុងភូមិជម្លៀសដៃ។  ឆន មានស្រុកកំណើតនៅភូមិស្រុកឃ្លោក ឃុំព្រះម្លូរ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។  ឆន មានប្រពន្ធឈ្មោះ អិន​ សា  រ៉េត ហៅឈ្មោះក្រៅ អ៊ិន ម៉ៅ អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃខាងជើង ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។ ឆន មានកូនចំនួន៧នាក់​ (ប្រុស៦នាក់ ស្រី១នាក់)។ ឆន មានឪពុកឈ្មោះ អ៊ុក ឆុន (ស្លាប់មុនរដ្ឋប្រហារ ដោយសារត្រូវអំពើ) និងម្ដាយឈ្មោះ ផាន់ ម៉ាលីស (ស្លាប់ក្នុងឆ្នាំ១៩៧០ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅចោមចៅ)។​  ឆន មានបងប្អូនបង្កើតចំនួន៣នាក់(ប្រុស២នាក់ ស្រី១នាក់)។ ឆន ជាកូនទី១ នៅក្នុងគ្រួសារ។

កាលពីកុមារភាព​ឆន​ បានរៀនត្រឹមថ្នាក់ទី១០ សង្គមចាស់ នៅសាលាវត្តអង្គជ្រ័យ ដែលស្ថិតនៅខាងជើងព្រៃផ្ដៅ។ មូលហេតុដែល ឆន ឈប់រៀនដោយសារតែលោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីរដ្ឋប្រហារបានរយៈពេល២ថ្ងៃ កងពលលេខ១៣ នៅក្រុងច្បាមន ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ បានបញ្ជាឲ្យកងទ័ពទាំងអស់ដើរចាប់ប្រជាជននៅក្នុងភូមិដែលមានកម្លាំងសមល្មម ឲ្យចូលធ្វើកងទ័ពលន់ នល់។ នៅអំឡុងពេលនោះ ឆន​ បានរត់ចេញពីភូមិមកស្នាក់នៅវត្តទួលទំពូង​ ដើម្បីគេចពីការតាមចាប់របស់កងទ័ព លន់ នល់។

នៅឆ្នាំ១៩៧២ ឆន បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពខ្មែរក្រហមនៅស្រុកអមលាំង ខេត្តកំពង់ស្ពឺ ហើយបានរៀនខាងផ្នែកបច្ចេកទេសដូចជា ដើរប្រតិបត្តិការណ៍ និងដើរស៊ើបការណ៍។ ពេលរស់នៅអមលាំង ឆន បានរស់នៅជាមួយកងពលទី១ (មកពីភូមិភាគនិរតី) ដែលគ្រប់គ្រងដោយឈ្មោះ តា សឿន។ បន្ទាប់ពីបញ្ចប់ការសិក្សាខាងផ្នែកបច្ចេកទេស ឆន ត្រូវបាន តា សឿន បញ្ជូនឲ្យមកចូលរួមជាមួយកងវរសេនាធំ១៥ ដែលគ្រប់គ្រងដោយឈ្មោះ យន ដែលមានទីតាំងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ បន្ទាប់ពីស្នាក់នៅក្នុងកងវរសេនាធំ១៥ មិនបានប៉ុន្មាន ឆន ត្រូវបាន តា​ យន ចាត់តាំងឲ្យរៀនកាន់ខាងផ្នែកវិទ្យុទាក់ទង។ នៅចុងឆ្នាំ១៩៧៤ តា​ សឿន បានបញ្ជាឲ្យកងទ័ពទាំងអស់ ដែលចំណុះឲ្យកងពលលេខ១មានកងវរសេនាធំ១៥ កងវរសេនាធំ១៦ កងវរសេនាធំ១៧ រៀបចំកម្លាំង ដើម្បីឡើងទៅវាយរំដោះយកទីក្រុងភ្នំពេញ។ ពេលធ្វើដំណើរឡើងទៅទីក្រុងភ្នំពេញ កងវរសេនាធំ១៥  វាយទីតាំងដែលកងទ័ពលោកសេនាប្រមុខ លន់ នល់​ ឈរជើងនៅនៅតាមផ្លូវជាច្រើនដូចជាខាងលិចស្រុកបរិបូរណ៍​មាន ត្រពាំងចាន់ ត្រពាំងព្រាម និងស្វាយអាត់ ហើយបានបន្តវាយរហូតមកដល់ស្រុកអមលាំង ខេត្តកំពង់ស្ពឺ។ ​បន្ទាប់ពីទទួលបានដំណឹងថា កងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ តា សឿន ដែលជាប្រធានកងពលលេខ១ ត្រូវបានថ្នាក់លើផ្លាស់ចេញពីកងពលទី១ដោយឲ្យ តា សេង មកគ្រប់គ្រងជំនួសវិញម្ដង។ បន្ទាប់មក តា សេង បានបញ្ជាឲ្យកងពលទី១ទាំងអស់ ធ្វើដំណើរចេញពីអមលាំង ទៅឈរជើងនៅបន្ទាយលង្វែក ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យទៅជួយធ្វើស្រែបន្ថែម។ ​បន្ទាប់ពីធ្វើស្រែរួចរាល់ ឆន និងកងទ័ពនៅក្នុងកងពលលេខ១ ត្រូវបាន តា សេង បញ្ជូនបន្តទៅស្រុកព្រៃនប់ ខេត្តកំពត(បច្ចុប្បន្នខេត្តព្រះសីហនុ) ដើម្បីការពារដែនសមុទ្រ។

នៅចុងឆ្នាំ១៩៧៦ កងទ័ពវៀតណាមបានវាយចូលមកដល់ខេត្តស្វាយរៀង។ ដោយខេត្តស្វាយរៀងមិនសូវមានកម្លាំងគ្រប់គ្រាន់ តា សេង បញ្ជាឲ្យកងទ័ពនៅក្នុងកងពលទី១ទាំងអស់ រៀបចំខ្លួនដើម្បីឡើងទៅវាយជាមួយកងទ័ពវៀតណាមនៅ ខេត្តស្វាយរៀង។ លុះធ្វើដំណើរទៅដល់ខេត្តស្វាយរៀង កងពលលេខ១ ត្រូវបានផ្លាស់ទៅជាកងពលលេខ៣៤០ ដែលមានទីតាំងនៅជិតវត្តខ្ជាយ ខាងជើងស្រុកប្រសូត្រ ដែលគ្រប់គ្រងដោយ ស៊ុន សេន អគ្គបញ្ជាការក្រសួងការពារជាតិ។ បន្ទាប់ពីចូលរួមជាមួយកងពលលេខ៣៤០ បានមួយរយៈពេល ឆន ត្រូវបានបញ្ជូនឲ្យកាន់ខាងវិទ្យុទាក់ទងនៅកងពលជួរមុខ ដែលគ្រប់គ្រងដោយឈ្មោះ តា ធី ដែលមានស្រុកកំណើតនៅភូមិរលាំងថ្លើម ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នៅដើមឆ្នាំ១៩៧៧ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ សហការណ៍ជាមួយកងទ័ពវៀតណាម បានវាយចូលមកដល់ខេត្តស្វាយរៀងម្ដងទៀត។ ពេលនោះ តា​ ធី ដែលជាប្រធានកងពលជួរមុខ បានបញ្ជាឲ្យកងទ័ពទាំងអស់រៀបចំកម្លាំង ដើម្បីចាំទប់ទល់ជាមួយកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ និងកងទ័ពវៀតណាម។ ពេលកំពុងវាយតតាំងគ្នា កងទ័ពខ្មែរក្រហមត្រូវបានស្លាប់ និងរងរបួសជាច្រើននាក់។ ដោយមើលឃើញពីសភាពការណ៍ថា កងទ័ពខ្មែរក្រហមមិនអាចទប់ទល់បាន ឆន និងកងទ័ពផ្សេងទៀត បានសម្រេចចិត្តទម្លាក់អាវុធរត់គេចខ្លួនមកទីក្រុងភ្នំពេញ។ ពេលកំពុងធ្វើដំណើរតាមផ្លូវ កងទ័ពដែលរួមដំណើរម​កជាមួយគ្នាបានដើរជាន់មីន ដែលកងទ័ពវៀតណាមបានបង្កប់តាមផ្លូវធ្វើដំណើរ ​បណ្ដាលឲ្យកងទ័ពខ្មែរក្រហមស្លាប់និងរបួសជាច្រើននាក់។ ចំណែក ឆន ត្រូវបានអំបែងគ្រាប់មីនខ្ទាត់ចំក្បាលជង្គង់បណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ។ ​បន្ទាប់ពីត្រូវរបួស ឆន ត្រូវបានកងទ័ពដែលរួមដំណើរជាមួយ បញ្ជូនយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ៦មករា ដែលមានទីតាំងនៅជិតវត្តភ្នំ។ បន្ទាប់ពីសម្រាកព្យាបាលបានជាសះស្បើយ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ និងកងទ័ពវៀតណាម បានធ្វើដំណើរមកវាយរំដោះយកទីក្រុងភ្នំពេញ។ ​ ពេលនោះ ឆន ត្រូវបានថ្នាក់បញ្ជូនឲ្យចូលសមរភូមិម្ដងទៀត។ ដោយទប់ទល់អត់ឈ្នះ ឆន និងកងទ័ពជាច្រើនបានដកថយមកកាន់ទីក្រុងភ្នំពេញម្ដងទៀត រួចបានឡើងរថភ្លើងធ្វើដំណើរចេញពីទីក្រុងភ្នំពេញទៅចុះនៅទួលតាឯក ហើយបានសម្រាកនៅទួលតាឯកមួយយប់ ទើបបញ្ជូនបន្តទៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានតា លាវ និងតា ចាយចាំទទួល។ ពេលដឹកបញ្ជូនទៅដល់ស្រុកថ្មគោល ខេត្តបាត់ដំបង តា ចាយ បានបញ្ជាទៅកងតំបន់ដកកាំភ្លើងចេញពីកងទ័ពឲ្យអស់ ព្រោះក្នុងគោលបំណងរបស់​ តា ចាយ គឺចង់បាញ់សម្លាប់កងទ័ពជម្លៀសមកតាមរថភ្លើង ដើម្បីដណ្ដើមយកកាំភ្លើង។ បន្ទាប់ពីប្រមូលកាំភ្លើងបានអស់ តា ចាយ បានបញ្ជាឲ្យកងទ័ពតំបន់បាញ់សម្លាប់កងទ័ពដែលជម្លៀសតាមរថភ្លើងមកពីទីក្រុងភ្នំពេញស្លាប់រាប់រយនាក់។ បន្ទាប់ពីដឹងថាចាញ់ល្បិចរបស់តា ចាយ និង តា លាវ ឆន បានរត់ចេញពីស្រុកថ្មគោល សំដៅទៅព្រំដែនភ្នំឆ័ត្រ ដែលស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់ព្រំដែនកម្ពុជា-ថៃ។ ពេលរត់ទៅដល់ព្រំដែនភ្នំឆ័ត្រ ឆន បានជួប បងឌុល សារឿន តាវឿន និងតាយន។ បន្ទាប់ពីស្នាក់នៅភ្នំឆ័ត្របានរយៈពេល១ខែ ប៉ុល ពត បានរៀបចំបង្កើតកងពលថ្មី ដោយឲ្យឈ្មោះថា កងពលលេខ៥១៩។ ចំណែកគណៈកងពលគ្រប់គ្រងដោយ តាយន តាសារឿន និងតាវឿន។ សម្រាប់អាហារហូបចុករបស់ ឆន ពេលរស់នៅលើព្រំដែនភ្នំឆ័ត្រគឺហូបបានគ្រប់គ្រាន់មិនមានការខ្វះខាតអ្វីទេ ព្រោះកន្លែងដែលកងទ័ពខ្មែរក្រហមឈរជើងនៅលើភ្នំឆ័ត្រគឺនៅជាប់ជាមួយអង្គការអន្តរជាតិដែលជួយជនភាសន៍ខ្ខួន។ បន្ទាប់ពីបង្កើតកងពលលេខ៥១៩ ឆន ត្រូវបាន តា យន ផ្លាស់ឲ្យទៅកាន់វិទ្យុទាក់ទងនៅភ្នំព្រឹក ដែលគ្រប់គ្រងដោយឈ្មោះ រៀម (មានស្រុកកំណើតនៅខេត្តតាកែវ និងប្រពន្ធឈ្មោះ សុខា) ដើម្បីស៊ើបមើលពីសភាពការណ៍ បើមានកន្លែងណាមិនសូវស្រួលត្រូវរាយការណ៍ទៅតាវឿន តាសារឿន ជាបន្ទាន់។

នៅឆ្នាំ១៩៩៧ កងទ័ពខ្មែរក្រហមដែលឈរនៅភ្នំព្រឹក បានសម្រេចចិត្តចុះមកចូលរួមជាមួយកងទ័ពរដ្ឋាភិបាលកម្ពុជានៅចប់គគីរ។ បន្ទាប់ពីស្រុះស្រួលត្រូវរូវគ្នា កងទ័ពខ្មែរក្រហមនៅភ្នំព្រឹកមួយចំនួនត្រូវបានកងទ័ពរដ្ឋាភិបាលបំបែកឲ្យទៅឈរជើងនៅឃុំគោកកឋិន ស្រុកថ្មពួក បន្ទាយមានជ័យ។ ​នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១០ ឆន ត្រូវបានកាត់ចូលជាកងទ័ពនៅខេត្តបន្ទាយមានជ័យ។  ដែលមានតួនាទីខាងផ្នែកស្បៀងកាត់បេ។ បច្ចុប្បន្ន ឆន បានចូលនិវត្តន៍ពីកងទ័ពហើយបានចូលធ្វើជាមេភូមិ នៅក្នុងភូមិជម្លៀសដៃ រហូតមកដល់សព្វថ្ងៃ៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] ឯកសារលេខBMI0122, បទសម្ភាសន៍ជាមួយ ​អ៊ុក ឆន ភូមិជម្លៀសដៃ ឃុំគោកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១០ សម្ភាសន៍ដោយ​ ឡុង ដានី  , បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin