អ៊ុក សំអួក ៖ វរសេនាតូចលេខ២៣២ វរសេនាធំ២៣ កងពល២៩០

ខ្ញុំឈ្មោះ អ៊ុក សំអួក ហៅ សំអ៊ាក[1] ភេទប្រុស អាយុ២៤ឆ្នាំ(គិតត្រឹមឆ្នាំ១៩៧៧) នៅលីវ។ ខ្ញុំមានស្រុកកំណើតនៅភូមិក្រាំងសរ ឃុំក្រាំងតាយ៉ង ស្រុកកោះជ័យ(បច្ចុប្បន្នស្រុកបាភ្នំ) តំបន់២៤ ភូមិភាគបូព៌ា។ ខ្ញុំមានឪពុកឈ្មោះ អ៊ុក ប៉ក់ និងម្ដាយឈ្មោះ ស្វាយ មូល។ នៅពេលខ្ញុំអាយុ៨ឆ្នាំ ឪពុកម្ដាយបានយកខ្ញុំទៅផ្ញើនៅវត្តក្រាំងព្រៃផ្ដៅ ឃុំក្រាំងតាយ៉ង។ លុះក្រោយមកបានរយៈពេលពីរឆ្នាំ ខ្ញុំត្រលប់មកនៅធ្វើស្រែជាមួយឪពុកខ្ញុំវិញ។ បន្ទាប់ពីខ្ញុំនៅផ្ទះបានពីរឆ្នាំ ឪពុកម្ដាយយកខ្ញុំទៅផ្ញើនៅវត្តក្រាំងព្រៃដដែល។ នៅឆ្នាំ១៩៦៨ ខ្ញុំអាយុ១៤ឆ្នាំ ហើយឪពុកម្ដាយឲ្យខ្ញុំបួសជាសង្ឃ។ លុះដល់បួសហើយ ខ្ញុំបានទៅលេងវត្តបឹងដោលសួរសុខទុក្ខលោកគ្រូឈ្មោះ ប៉ែន សិលា ដែលជាព្រះចៅអធិការវត្តបឹងដោល និងត្រូវជាបងប្អូនជីដូនមួយនឹងខ្ញុំ។ ពេលដែលខ្ញុំទៅលេងគាត់ម្ដងៗ គាត់តែងតែឲ្យលុយកាក់និងសម្ភារប្រើប្រាស់ដល់ខ្ញុំជាញឹកញាប់។ ក្រោយមកនៅខែតុលា ឆ្នាំ១៩៦៨ លោកគ្រូឈ្មោះ ប៉ែន សិលា អប់រំខ្ញុំឲ្យឃើញអំពីការរស់នៅរបស់សង្គមមនុស្ស ដែលមានការបែងចែកពីរផ្នែកគឺលោកសេរី និងកុម្មុយនីស្ត។ ក្រោយមកនៅក្នុងឆ្នាំ១៩៦៨ដដែល តាមរយៈ ហាយ អ៊ែល ឲ្យខ្ញុំបានស្គាល់ជាមួយឈ្មោះ សុខ សិន អតីតគ្រូបង្រៀនសាលាបាលី និងមាននាទីជាប្រធានគណៈកម្មាធិកាចំការកៅស៊ូ ភូមិភាគបូព៌ា, សុខ បរាង អតីតកូនសិស្សថ្នាក់ទី៣ និងមាននាទីជាប្រធានយុវជនស្រុកពាមជរ តំបន់២៤, ឈ្មោះ ប៊ុន ធឿន គឺជាប្រធានសន្តិសុខស្រុកពាមរក៍ តំបន់២៤ និង សំ គឺជាប្រធានសេដ្ឋកិច្ចស្រុកពាមរក៍ តំបន់២៤។ ក្រោយមក ហាយ អ៊ែល បានប្រគល់ភារកិច្ចឲ្យខ្ញុំ, សុខ ឃាង ,សំ និង ប៊ុន ធឿន ធ្វើសកម្មភាពបំផុសប្រជាជននិងព្រះសង្ឃនៅជិតវត្តនិងក្នុងវត្ត ប្រឆាំងនឹងខ្មែរក្រហមដោយបំផុសថាខ្មែរក្រហម គឺជាខ្ញុំកញ្ជះ ចិន យួន មកឈ្លានពានទឹកដីខ្មែរ។
នៅឆ្នាំ១៩៦៩ ហាយ អ៊ែល គឺជាប្រធានឃោសនាតំបន់២៤ ចាត់តាំងរូបខ្ញុំឲ្យធ្វើជានីរសារនាំសំបុត្រទៅទាក់ទងជាមួយឈ្មោះ ប៉ែន សិលា នៅវត្តបឹងដោល។ ខ្ញុំបានយកសំបុត្រចំនួន៣លើក ឲ្យទៅ ប៉ែន សិលា ធ្វើសកម្មភាពបំផុសប្រជាជននិងព្រះសង្ឃ ឲ្យប្រឆាំងនឹងខ្មែរក្រហម ព្រមទាំងបំផុសឲ្យកសាងកម្លាំងខ្មែរសេរីឲ្យបានច្រើនជារៀងរាល់ខែ។
ក្រោយមកនៅឆ្នាំ១៩៧០ ខ្ញុំបានរួមគ្នាជាមួយ សំ កសាងកម្លាំងបានម្នាក់ឈ្មោះ ឯម សាមិត ជាអតីតលោកសង្ឃ។ ខ្លឹមសារអប់រំ គឺឲ្យស្អប់លទ្ធិកុម្មុយនីស្ត ដែលជាលទ្ធិមួយធ្វើឲ្យមនុស្សរស់នៅមិនមានសិទ្ធិសេរីភាពគ្រប់គ្រាន់។ លុះក្រោយរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំត្រលប់មកជួប ប៉ែន សិលា នៅវត្តបឹងដោលវិញ។ ពេលនោះ ប៉ែន សិលា សឹកពីសង្ឃ រួចបានចូលធ្វើបដិវត្តន៍នៅខែមេសា ឆ្នាំ១៩៧០ ដែលមានទទួលតួនាទីជាប្រធានមន្ទីរស្រុកកោះជ័យ តំបន់២៤។ ក្រោយពី ប៉ែន សិលា សឹក ខ្ញុំក៏បានសឹកនៅចុងខែមេសា ឆ្នាំ១៩៧០ ដែរ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧០ ប៉ែន សិលា យកខ្ញុំចូលបដិវត្តន៍ដោយប្រគល់ខ្ញុំទៅឲ្យឈ្មោះ វ៉ន អតីតក្ដាប់មិនបាន ពេលនោះមាននាទីជាប្រធានសាលាពេទ្យតំបន់២៤។ ពេលខ្ញុំមករស់នៅជាមួយ វ៉ន គាត់បានឧទ្ទេសនាមឲ្យខ្ញុំស្គាល់ខ្សែរយៈចំនួន៣នាក់គឺ សំអឿន ជាបុគ្គលិកពេទ្យនៅសហករណ៍ភូមិព្រែកក្របៅ ស្រុមពាមជរ តំបន់២៤, សៀង សុន ជាបុគ្គលិកពេទ្យរត់ចូលដីខ្មាំងឆ្នាំ១៩៧១ និង ធុច ជាប្រធានមន្ទីរតំបន់២៤។ នៅចុងខែមិថុនា ឆ្នាំ១៩៧០ សាលារៀនពេទ្យ ត្រូវបិទវគ្គ ពេលនោះអង្គការតំបន់ បានចែកបុគ្គលិកឲ្យមកនៅតាមស្រុកវិញ។ ខ្ញុំ និង បងវ៉ន ត្រូវអង្គការបញ្ជូនឲ្យមកនៅមន្ទីរស្រុកជាមួយឈ្មោះ ប៉ែន សិលា វិញ។ នៅខែកក្កដា ឆ្នាំ១៩៧០ ប៉ែន សិលា បញ្ជូនខ្ញុំឲ្យចូលជា សេ.អ៊ី.អា. នៅភូមិសូរិយា សង្កាត់បឹងដោល ស្រុកកោះជ័យ(បច្ចុប្បន្នស្រុកព្រះស្ដេច) តំបន់២៤។ កាលនោះ អ្នកចូលដំណាលខ្ញុំមាន២នាក់ ឈ្មោះ ហោ សុផាន អនុប្រធានកងធំ និង យឹម ហឿន ប្រធានកងតូច។ ក្រោយពីបញ្ចូលហើយ ប៉ែន សិលា បានប្រគល់ភារកិច្ចឲ្យខ្ញុំធ្វើសកម្មភាពនៅក្នុងឆ្នាំ១៩៧០ គឺទីមួយចាត់តាំងឲ្យខ្ញុំធ្វើជានីរសារនាំសំបុត្រទៅទាក់ទងខ្សែរបស់គាត់ឈ្មោះ សុខ សិន ជាលេខាស្រុកពាមជរ តំបន់២៤ និង វ៉ែន ជាប្រធានសេដ្ឋកិច្ចស្រុកពាមជរ តំបន់២៤។ ទីពីរ ប្រគល់ភារកិច្ចឲ្យខ្ញុំជាមួយឈ្មោះ ហោ សុផាត និង យឹម ហឿន ធ្វើសកម្មភាពបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរវាងកងទ័ពនិងប្រជាជន ដោយបំផុសកុំឲ្យឧបត្ថម្ភ កងទ័ពខ្មែរក្រហម។ ទីបី បំផុសឲ្យធ្វើសកម្មភាពយុទ្ធជនរត់ចោលជួរ និង ទីបួនប្រគល់ភារកិច្ចកសាងកម្លាំងបន្ថែម។
នៅខែមីនា ឆ្នាំ១៩៧១ ប៉ែន សិលា បញ្ជូនខ្ញុំឲ្យមកនៅអង្គភាពយោធាស្រុក មាននាទីសេដ្ឋកិច្ចប្រចាំកងតូច។ ប៉ែន សិលា ឧទ្ទេសនាមខ្ញុំស្គាល់ខ្សែថ្មីទៀតឈ្មោះ ញាណ ឌុល អនុលេខាវរសេនាតូចលេខ៨ តំបន់២៤។ ក្រោយមក ញាណ ឌុល ណែនាំឲ្យខ្ញុំស្គាល់ឈ្មោះ ឆោម ជាប្រធានសង្កាត់បន្ទាយចក្រី ស្រុកកោះជ័យ តំបន់២៤។ បន្ទាប់មក ពួកខ្ញុំបានរួមធ្វើសកម្មភាពយកជ្រូកទៅលក់នៅស្រុកយួនអស់ចំនួន១០ក្បាល និងបំផ្លាញអង្ករដែលប្រជាជនឧបត្ថម្ភឲ្យអង្គភាពអស់ចំនួន៥បាវ។
នៅឆ្នាំ១៩៧២ អង្គការតំបន់ត្រូវដកទ័ពស្រុកមួយកងអនុសេនាធំ ដើម្បីមករៀបចំជាកងវរសេនាតូចលេខ២ របស់តំបន់២៤។ ក្នុងឆ្នាំ១៩៧២ អង្គការតំបន់បានដក ប៉ែន សិលា ឲ្យមកទទួលជាលេខាវរសេនាតូចលេខ២ថ្មីនេះ។
ក្រោយមក នៅឆ្នាំ១៩៧៣ អង្គការបានប្រគល់ភារកិច្ចឲ្យវរសេនាតូលេខ២ ទៅទទួលមុខព្រួញ វាយនៅសមរភូមិកំពង់សឹង។ ពេលនោះ ខ្ញុំ និង ពេជ្រ ចិន្តា ទទួលការចាត់តាំងពីឈ្មោះ ងួន ពេញ ឲ្យធ្វើសកម្មភាពនាំទ័ពទៅដាក់ក្នុងរង្វង់ខ្សែត្រៀមខ្មាំងធ្វើឲ្យខ្មាំងបាញ់រះបណ្ដាលឲ្យស្លាប់ និងរបួសយុទ្ធជនអស់មួយចំនួន។ នៅឆ្នាំ១៩៧៣ដដែល អង្គការបានប្រគល់ភារកិច្ចឲ្យកងវរសេនាតូចលេខ២ ទៅប្រយុទ្ធនៅសមរភូមិទន្លេមេគង្គ។ ពេលនោះ អង្គការបានប្រគល់ទីតាំងកោះចេក ដោយសំណូមពរឲ្យវាយកម្ទេចទាំងស្រុងព្រោះខ្មាំងមានមួយកងអនុសេនាធំ។
នៅខែកក្កដា ឆ្នាំ១៩៧៤ អង្គការភូមិភាគបានដកកងទ័ពតំបន់២៤ មួយកងវរសេនាតូចលេខ២ដើម្បីមករៀបចំចាត់តាំងអង្គភាពវរសេនាធំលេខ២៤៧ថ្មី របស់ភូមិភាគ។ ក្នុងឆ្នាំ១៩៧៤ នេះដដែល អង្គការដក ប៉ែន សិលា, ពេជ ចិន្តា និង ប៊ុន ប៉ុម ទុកនៅកងទ័ពតំបន់។ ក្រោយរៀបចំអង្គភាពរួច អង្គការបានចាត់តាំងឲ្យឈ្មោះ នុត សំអាន[2] មកទទួលជាលេខាវរសេនាតូច២២៤ថ្មី។ ដល់ខែកញ្ញា ឆ្នាំ១៩៧៤ អង្គការបានប្រគល់ភារកិច្ចឲ្យវរសេនាធំលេខ២៤៧ ទៅវាយនៅសមរភូមិស្វាយរៀង។ នៅខែធ្នូ ឆ្នាំ១៩៧៤ អង្គការបានដកអង្គភាពវរសេនាធំ២៤៧ ឲ្យមកសម្រាកនៅភូមិតាជៃ ស្រុកបាភ្នំ ដើម្បីអប់រំពីសកម្មភាពថ្មីសម្រាប់បើកវគ្គវាយផ្ដាច់ព្រាត់នៅឆ្នាំ១៩៧៥ នៅពេលទទួលបានផែនការរបស់អង្គការហើយ។
នៅឆ្នាំ១៩៧៥ ក្រោយរំដោះទីក្រុងភ្នំពេញទូទាំងប្រទេសរួច អង្គការបានចាត់តាំងអង្គភាពមកបោះទីតាំងប្រចាំនៅសមរភូមិអ្នកលឿង។ នៅខែឧសភា ឆ្នាំ១៩៧៥ ងួន ពេញ គឺជាសេនាធិការយោធាភូមិភាគបូព៌ា បានឧទ្ទេសនាមឲ្យខ្ញុំនិងខ្សែចាស់ចំនួន៤នាក់ ស្គាល់គ្នាជាមួយខ្សែថ្មី៤នាក់ទៀត។
នៅឆ្នាំ១៩៧៦ ងួន ពេញ និង ខៀវ កុមារ អនុលេខាវរសេនាធំ២៣ កងពល២៩០ បានហៅខ្ញុំ, យស់ ជុំ លេខាវរសេនាតូច២៣២ វរសេនាធំ២៣ កងពល២៩០, យឹម ហឿន, អ៊ុក ញាណ កងពល២៩០, ប៉ុល ជឿន កងពល២៩០, អោង សុខុម កងពល២៩០, ជុំ ចាន់ លេខាវរសេនាតូច២៣២ វរសេនាធំ២២ កងពល២៩០ និង ហែម សារិន ជំនួយការលេខាវរសេនាតូច២៣២ វរសេនាធំ២៣ កងពល២៩០ មកប្រជុំនៅវត្តស្ទឹងស្លូត សង្កាត់អ្នកលឿង ស្រុកពាមរក៍។ ខ្លឹមសារនៅពេលនោះគឺ ១) ផែនការរៀបចំត្រៀមធ្វើរដ្ឋប្រហារនៅខែមេសា ឆ្នាំ១៩៧៦ ពេលធ្វើបុណ្យខួបថ្ងៃទី១៧ មេសា, ២) ផែនការទប់ទល់ការកងសាងសង្គមនិយម ៣) ផែនការបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរវាងកងទ័ពនិងប្រជាជន និង ៤) ផែនការកសាងកម្លាំងបន្ថែម។
នៅខែតុលា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្សែចាស់របស់ខ្ញុំទាំង៥នាក់រួមមាន ហែម សារិន, យឹម ហឿន, អោង សុខុម, អ៊ុក ញាណ និង ប៉ុល ជឿន។ ក្រោយពីអង្គការចាប់អ្នកទាំងនោះហើយ ខ្ញុំបានមកទាក់ទងជាមួយ ម៉ែន សាវី ដែលជាប្រធានកងអនុធំ៣៤២ វរសេនាតូច២៣៤ វរសេនាធំ២៣ កងពល២៩០ ។ ក្រោយមក នៅខែមិថុនា ឆ្នាំ១៩៧៧ អង្គការចាប់ខ្លួន ម៉ែន សាវី និង សុខ ផល។ បន្ទាប់មក ជិន ថុល អនុប្រធានកងវរសេនាតូច២៣៤ វរសេនាធំ២៣៣ បានហៅខ្ញុំ មាស រុន មកប្រជុំពិភាក្សាគ្នា។ ពេលនោះ ជិន ថុល បានសម្រេចថា ត្រូវតែរត់ទៅស្រុកយួន ប៉ុន្តែមុនទៅត្រូវសម្លាប់ប្រធានកងពល និងគណៈវរសេនាតូច២៣ កងពល២៩០ ឲ្យបានសិន។ រីឯវិធីវាយ គឺយកអាវុធទៅពួនលបបាញ់ពេលធ្វើដំណើរ។ លុះព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៧៧ ខ្ញុំបានរៀបចំបម្រុងយកអាវុធទៅជួប ជិន ថុល ហើយក៏ត្រូវអង្គការចាប់ខ្លួនខ្ញុំនៅខែកក្កដា ឆ្នាំ១៩៧៧ តែម្ដង។
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា
[1] ឯកសារ J00២៥៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,« ចម្លើយ របស់ អ៊ុក សំអួក: សំអ៊ាក អនុ អ/ធ វ/ត២៣២ វ/ធ ២៣ ក/ព ២៩០» សរសេរដោយដៃចំនួន៣៧ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ អ៊ុកសំអួក ហៅ សំអ៊ាក ពិតឬយ៉ាងណានោះទេ?
[2] ឯកសារ D១០៨០៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«នុត សំអាត » សរសេរដោយដៃ និងវាយអង្គលីលេខចំនួន១ទំព័រ។