អ៊ុក សាន្ត ៖ ត្រឡប់មកស្រុកកំណើត ដើម្បីគេចខ្លួនពីសេចក្ដីស្លាប់

នៅដើមឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀស សាន្ត និងប្រជាជនជាច្រើននាក់ទៅរស់នៅភូមិមួយក្នុងគោលបំណង សម្លាប់ប្រជាជនចោល ប៉ុន្តែ សាន្ត បានដឹងរឿងមុន ទើបលួចរត់ត្រឡប់មកនៅស្រុកកំណើតវិញ។
អ៊ុក សាន្ត[1] ភេទប្រុស អាយុ ៦៩ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ ។ សាន្ត មានស្រុកកំណើតនៅភូមិក្រសៀត ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ ។ បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ មានឪពុកឈ្មោះ ពេជ្រ ម៉ាក់ (ស្លាប់) ចំណែកម្ដាយឈ្មោះ ទឹប សៀក (ស្លាប់) ។ សាន្ត ជាកូនទោលនៅក្នុងគ្រួសារ ។ សាន្ត មានប្រពន្ធឈ្មោះ អោក សេម អាយុ ៦៩ឆ្នាំ ប្រកបមុខរបរធ្វើចម្ការ ។ សាន្ត មានកូនចំនួន៧នាក់ (ប្រុសទាំងអស់) ។ កូនៗទាំងអស់របស់ សាន្ត បានរៀបការរួចរាល់រួចហើយ។ សព្វថ្ងៃ សាន្ត រស់នៅជាមួយកូនពៅ ហើយកូនពៅរបស់ សាន្ត សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ ។
កាលពីវ័យកុមារ សាន្ត ចូលរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់ ) នៅ វិទ្យាល័យតាកែវ។ សាន្ត ចូលរៀនដំបូងនៅអាយុ៦ឆ្នាំ។ នៅក្នុងឆ្នាំសិក្សាដំបូង សាន្ត មិនចង់ចូលរៀននោះទេ ដោយមានការបង្ខិតបង្ខំពីឪពុកម្ដាយ ទើបសម្រេចចិត្តចូលរៀន។ គ្រូដែលបង្រៀន សាន្ត មានឈ្មោះដូចជា គ្រូកង គ្រូសាយ គ្រូឈឿន និងគ្រូ ចាប ចឹម។
ក្នុងឆ្នាំ១៩៧០ លោកសេនាប្រមុខ នល់ លន់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ។ បន្ទាប់មក នៅក្នុងភូមិក្រសៀត ចាប់ផ្ដើមមានភាពច្របូកច្របល់ ប្រជាជនជាច្រើនបានប្រមូលផ្ដុំគ្នាឡើងទៅធ្វើបាតុកម្មពាសពេញផ្លូវជាតិលេខ២។ ចំណែក ឪពុក និងម្ដាយរបស់ សាន្ត បានជម្លៀស សាន្ត ចេញពីស្រុកកំណើតឲ្យទៅរស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ក្នុងឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៣ ទាហានអាមេរិក បានបើកយន្តហោះមកទម្លាក់គ្រាប់បែកដាក់ភូមិស្វាយព្រៃ(បច្ចុប្បន្នហៅភូមិក្រសៀត) ដែល សាន្ត កំពុងរស់នៅ ហើយប្រជាជននៅក្នុងភូមិមានការតក់ស្លុត និងជ្រួលច្របល់ជាខ្លាំង។ បន្ទាប់ពីស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែកប្រជាជនបាននាំគ្នាជម្លៀសទៅរស់នៅខេត្តតាកែវវិញ។ ក្រោយពេលផ្លាស់មករស់នៅខេត្តតាកែវ យន្តហោះរបស់ទាហានអាមេរិកនៅតែបន្តទម្លាក់គ្រាប់បែកឥតឈរ។ គ្រាប់បែកដែលទាហានអាមេរិក ទម្លាក់មកភាគច្រើនជាប្រភេទគ្រាប់បែកបេ-៥២ និងគ្រាប់បែកចង្កោម។
ក្នុងឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់ សាន្ត បានជម្លៀសចេញពី ភូមិស្វាយព្រៃ(ហៅភូមិក្រសៀត) មករស់នៅ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវវិញ។ នៅពេលមកដល់ត្រាំកក់ ខ្មែរក្រហមចាប់ផ្តើមរៀបចំប្រមូលប្រជាជនទាំងអស់ឲ្យចូលធ្វើការងារជាកងចល័ត។ ក្នុងកងចល័តរបស់ សាន្ត មានសមាជិកប្រហែល៥០នាក់។ នៅរដូវប្រាំង ខ្មែរក្រហមប្រើឲ្យ សាន្ត ជីកប្រឡាយ និងលើកទំនប់។ រីឯនៅរដូវវស្សា ប្រើឲ្យ ដកស្ទូង រែកសំណាប ។ នៅខែរដូវទឹកស្រក ខ្មែរក្រហមឲ្យ សាន្ត ទៅបោចស្មៅនៅបឹង ដើម្បីធ្វើស្រែប្រាំង។ ជារៀងរាល់ថ្ងៃ សាន្ត ធ្វើការមិនសូវបានសម្រាកទេ គឺចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១១ព្រឹក សម្រាកហូបបាយថ្ងៃត្រង់ ម៉ោង១រសៀល ចុះធ្វើការ រហូតម៉ោង៥ល្ងាច ទើបឈប់ ។ សម្រាប់អាហារហូបចុករបស់ សាន្ត ក្នុងមួយថ្ងៃអង្គការខ្មែរក្រហមឲ្យហូបពីរដង ពេលព្រឹកហូបបាយ និងល្ងាចហូបបបរ ។
ក្នុងឆ្នាំ១៩៧៦ ការងាររបស់ សាន្ត នៅដដែលមិនបានផ្លាស់ប្ដូរអ្វីទេ ។ ដើមឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀស សាន្ត ទៅភូមិមួយទៀត(មិនស្គាល់ឈ្មោះ) ក្នុងគោលបំណងបម្រុងនឹងយកទៅសម្លាប់ ប៉ុន្តែ សាន្ត បានដឹងមុន ទើបលួចរត់គេចខ្លួនត្រឡប់មកភូមិកំណើតវិញ ។ សាន្ត បានដឹងថាខ្មែរក្រហមបានយកប្រជាជនទៅសម្លាប់ច្រើនណាស់ ប្រជាជនដែលខ្មែរក្រហមយកទៅសម្លាប់ភាគច្រើនជាប្រជាជន១៧ មេសា ដែលជម្លៀសមកពីទីក្រុងភ្នំពេញ ហើយប្រជាជនទាំងអស់នោះជា និស្សិត បញ្ញវន្ត គ្រូបង្រៀន សាស្រ្តាចារ្យ និងអ្នកដែលជាប់ពាក់ព័ន្ធក្នុងជួរមន្រ្តីរាជការក្នុងរបបលោកសេនាប្រមុខ លន់ នល់ ។ បន្ទាប់អង្គការខ្មែរក្រហមបានឲ្យ សាន្ត ចូលហ្វឹកហាត់យោធា។ បន្ទាប់ពីហ្វឹកហាត់រួច អង្គការខ្មែរក្រហមបានចាត់ឲ្យ សាន្ត ទៅលើកទំនប់ លើកភ្លឺស្រែបន្តទៀត។ ចុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមបានយកប្រជាជនទៅសម្លាប់ម្ដងទៀត ប្រជាជនដែលខ្មែរក្រហមយកទៅសម្លាប់ភាគច្រើនមកពីស្រុកកោះអណ្ដែត និងស្រុកគិរីវង់។ មុននឹងសម្លាប់ខ្មែរក្រហមបានបង្អត់អាហារប្រជាជនអស់រយៈពេលជាច្រើនថ្ងៃ រហូតដល់អស់កម្លាំង ទើបយកទៅសម្លាប់។
ក្នុងឆ្នាំ១៩៧៨សាន្ត ធ្វើការងារលើកទំនប់ ជីកប្រឡាយ ធ្វើស្រែ និងមានការងារផ្សេងៗទៀត ។ លុះដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមកប្រទេសកម្ពុជា។ ខណៈពេលនោះ សាន្ត និងក្រុមគ្រួសារបានរត់ទៅស្ទឹងស្លាគូ កងទ័ពវៀតណាមឡើងមកទាន់ ទើបកងទ័ពវៀតណាមបានប្រាប់ឲ្យប្រជាជនវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។ នៅពេលត្រឡប់មកដល់ស្រុកកំណើត សាន្ត បានជួបជាមួយបងប្អូន និងសាច់ញាត្តិទាំងអស់វិញ សាច់ញាត្តិគ្រប់គ្នារបស់ សាន្ត នៅរស់រានមានជិវិតទាំងអស់។
ចុងឆ្នាំ១៩៧៩-១៩៨០ សាន្ត បានរៀបការ។ បន្ទាប់ពីរៀបការរួច សាន្ត និងប្រពន្ធបានចាប់ដៃគ្នាប្រកបមុខរបរធ្វើស្រែចម្ការ ។ ក្នុងឆ្នាំ២០០៥ ដោយសារតែជីវភាពខ្វះខាត និងត្រូវចិញ្ចឹមបីបាច់កូនៗច្រើន សាន្ត និងប្រពន្ធបានសម្រេចចិត្តផ្លាស់ទីលំនៅចេញពីស្រុកកំណើតមករស់នៅក្នុងភូមិដីក្រហម ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយទិញដីបន្តិចបន្តួច ដើម្បីធ្វើចម្ការរហូតមកដល់សព្វថ្ងៃ៕
អត្ថបទដោយ ឡាំ ស្រីនីត
[1] ចាន់ ណារិទ្ធ សម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីររបបខ្មែរក្រហមម្នាក់ឈ្មោះ អ៊ុក សាន្ត នៅខែ១២ ឆ្នាំ២០២៣