អុំ និក ៖ ពិការជើងមួយចំហៀងដោយសារជាន់មីន

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អុំ និក[1]​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​អូរ​ម្កាក់​ ឃុំ​ដំបូក​ខ្ពស់​ ស្រុក​ឈូក​ ខេត្ត​កំពត​។ និក បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ទួល​កណ្ដាល​ ឃុំ​ត្រពាំង​ប្រីយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ និក​ បាន​និយាយ​រៀប​រាប់​ពី​ប្រវត្តិ​តស៊ូ​របស់​ខ្លួន​នៅ​ក្នុង​ជំនាន់​ខ្មែរ​ក្រហម​ថា​៖ « កាល​ពី​កុមារ​ភាព​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០​ពី​សង្គម​ចាស់​។ នៅ​ជំនាន់​នោះ​ថ្នាក់​ទី​១០​ មាន​ការ​បង្រៀន​ភាសា​បារាំង​​ ហើយ​ខ្ញុំ​ក៏​ចេះ​បាន​បន្តិច​បន្តួច​ផង​ដែរ​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៦នាក់ ហើយ​ខ្ញុំ​ជា​កូន​ទី​៤​នៅ​ក្នុង​គ្រួសារ​។ ឪពុក​ខ្ញុំ​ ​ជា​ទាហាន​ខ្មែរ​ឥស្សរៈ​ កាលនោះ​គាត់​មាន​សក្តិ២​ ខ្ញុំ​ឃើញ​គាត់​មាន​កាំ​ភ្លើង​ជាប់​ខ្លួន​ចំនួន​២​ដើម​។ ចំណែក​ឯ​ម្ដាយ​ខ្ញុំ​គាត់​ជា​កសិករ​។ បង​ប្រុស​របស់​ខ្ញុំរៀន​បាន​បញ្ចប់​ថ្នាក់​ រហូត​ដល់​​បាន​បន្ត​ទៅ​រៀន​បើក​បរ​យន្ត​ហោះ​ ក្រោយ​មក​​​ក្លាយ​​ជា​អ្នក​បើក​យន្ត​ហោះ​ឲ្យ​សាធារណ​រដ្ឋ លន់ នល់។

នៅ​ក្នុង​ឆ្នាំ​១៩៧០​ ខ្ញុំ​ឈប់​រៀន​ដោយ​សារ​មាន​រដ្ឋ​ប្រហារ​ទម្លាក់​ សម្ដេច​ព្រះនរោត្តម​ សីហនុ​ ពី​តំណែង​។ ពេល​នោះ​ ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​នៅ​ផ្ទះ​បាន​មួយ​រយៈ​ ​ក៏មាន​ការ​​​រៀប​ចំ​កុមារ​នៅ​ក្នុង​ភូមិ​ឲ្យ​ទៅ​ជួយ​យាម​ល្បាតសុវត្ថិ ​ភាព​​​ពេល​យប់​។ ការ​យាម​ល្បាត​នេះ​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ និង​មាន​មនុស្ស​ធំ​ម្នាក់​ជា​អ្នក​មើល​ខុស​ត្រូវ​កុមារ​។ កាល​នោះនៅ​ក្នុង​ភូមិ​មាន​វៀត​ណាម​ខាង​ជើង​ចូល​មក​នៅ​ពេញ​ភូមិ​។ ក្រោយ​មក​ទៀត ខ្ញុំ​រៀង​ធំ​បន្តិច​ក៏​ត្រូវ​បញ្ជូន​ទៅ​កាត់​ដេរ​នៅ​ស្រុក​ឈូក​ ដោយ​សារ​ពេល​នោះ​ខ្ញុំ​មាន​បង​បង​ប្អូន​នៅ​កាត់​ដេរ​ទី​នោះ​ស្រាប់​។ ពេល​ទៅ​ដល់​កន្លែង​កាត់​ដេរ​ ខ្ញុំ​ឃើញ​មាន​យុវជន​យុវនារី​ច្រើន​ណាស់​ដែល​នៅ​កាត់​ដេរ​មុន​ខ្ញុំ​។ ចំពោះ​សម្លៀក​បំពាក់​ដែល​យើង​កាត់​ដេរ​គឺ​សុទ្ធ​តែ​ឈុត​ពណ៌​ខ្មៅ​ទាំង​អស់​ បើ​តាម​ខ្ញុំ​ដឹង​យើង​កាត់​បញ្ជូន​ឲ្យ​ទៅ​កង​ទ័ព​សម្រាប់​ប្រើ​ប្រាស់​។ ការ​ធ្វើ​ការ​នៅ​កន្លែង​កាត់​ដេរ​ខ្ញុំ​មិន​ ​លំបាក​អ្វី​នោះ​ទេ​ ចំពោះ​ការ​ហូប​ចុក​ក៏​ទទួល​បាន​គ្រប់​គ្រាន់​។

នៅ​ឆ្នាំ​១៩៧៣​ ខ្ញុំ​ត្រូវ​បាន​បញ្ចូ ល​នៅ​ក្នុង​កង​ទ័ពជើង​ទឹក​​ខ្មែរ​ក្រហម​។ ភ្លាមៗ​នោះ​ខ្ញុំ​ក៏​ត្រូវ​បញ្ចូន​ទៅ​ឈរ​ជើង​នៅ​មាត់​សមុទ្រ​ ក្នុង​ខេត្ត​កែប​។ កាលនោហ ​ខ្ញុំ​នៅ​ក្នុង​កងពល​​វរលេខ​៦១​ ដែល​មាន​តា​យឿន​ និង​តា​យ៉ាន ជា​អ្នក​គ្រប់​គ្រង​។​ ការ​ងារ​ឈរ​ជើង​នៅ​មាត់​សមុទ្រ​ គឺ​ដើរ​មើល​ខ្សែ​តេអូសម្រាប់​ទំនាក់​ទំនង​ខ្សែរយៈ​​នៅ​តាម​តំបន់​ផ្សេងៗ​មិន​ឲ្យ​មាន​ការ​ដាច់​ខ្សែ​ ឬ​ដាច់​សំឡេង​។ ក្រៅ​ពី​ការ​ងារ​ពិនិត្យ​ខ្សែ​តេ​អូ​ កម្លាំង​ទ័ព​ក៏​មាន​ការ​ហ្វឹក​ហាត់​ពី​ការ​ហែល​ទឹក​ខ្លះ​ដែរ​។ ចំពោះ​ការ​វាយ​ប្រហារ​នៅ​មាត់​សមុទ្រ​ ខេត្ត​កែប​ មិន​សូវ​មាន​នោះ​ទេ​ យូរៗ​​ទើប​មាន​ការបាញញ់​គ្នា​នៅ​តាម​ព្រំ​ដែន​។ នៅ​ចន្លោះ​ឆ្នាំ​១៩៧៤​ ដល់​ឆ្នាំ​១៩៧៥​ ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​ដឹក​ជញ្ជូន​ស្បៀង​ពី​កំពង់​សោម​ ទៅ​​ខេត្ត​កំពត​។ កាលនោះក្រៅ​ពី​ដឹក​ស្បៀង​ ក៏​មាន​សម្ភារ​ដែក​មួយ​ចំនួន​សម្រាប់​ធ្វើ​ស្ពាន​ឥន្ទធនូផង​ដែរ​​​។ ការ​ធ្វើ​ស្ពាន​នេះ​ក៏​មានការ​ចូល​រួម​ពី​ក្រុម​បច្ចេក​ទេស​ចិន​។ ​ការ​ធ្វើ​ស្ពាន​ដែក​ឥន្ធធនូ​បាន​ចំណាយ​ពេល​ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ​ កង​ទ័ព​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​។

នៅ​ក្នុង​ឆ្នាំ​១៩៧៨ ខ្ញុំ​ត្រូវ​បញ្ចូន​ទៅ​កង​ទ័ព​ជើង​គោក​វិញ​ កាលនោះ ​ខ្ញុំ​នៅ​ឈរ​ជើង​នៅ​ម្ដុំ​ផ្សារ​លប​ ខាង​មុខ​ស្រែ​អំបិល​ ក្នុង​ខេត្ត​កំពត​ដដែល​។ ទិដ្ឋ​ភាព​នៅ​តំបន់​ស្រែ​អំបិល​ពេល​នោះ​ ខ្ញុំ​ឃើញ​មាន​សុទ្ធ​តែ​នារីៗ​នៅ​ធ្វើ​ការ​ប្រមូល​ផល​អំបិល​ គ្មាន​ម្លប់​ជ្រក​ពន្លឺ​ថ្ងៃ​នោះ​ទេ​ មើល​ទៅសុទ្ធ​តែ​​វាល​ស្រែ​ដាច់​កន្ទុយ​ភ្នែក​។ ខ្ញុំ​ ​ហ្វឹក​ហាត់​នៅ​ទី​នោះ​បាន​រយៈ​ពេល​៦​ខែ​ ខ្ញុំ​ក៏​បាន​ចេញ​ទៅ​វាយ​នៅ​សមរភូមិ​នៅ​តាម​ព្រំ​ដែន​វៀត​ណាម​។ កាល​នោះ​ យើង​មាន​ជម្លោះ​រឿង​ព្រំ​ដែន​ ដោយ​ខាង​ភាគី​វៀត​ណាម​ចេះ​តែ​លួច​បង្ខិត​បង្គោល​ព្រំ​ដែន​ពេល​យប់​រហូត​។ ក្រោយ​មក​យើង​ក៏​បាន​បង្កប់​មីន​នៅ​តាម​រណ្ដៅ​បង្គោល​ព្រំ​ដែន​ ធ្វើ​ឲ្យ​កង​ទ័ព​វៀត​ណាម​ស្លាប់​អំឡុង​ពេល​មក​លួច​ដក​បង្គោល​ព្រំ​ដែន​ម្ដង​ទៀត​។ ចាប់​ពី​ពេល​នោះ​មក​ទាំង​ពីរ​ភាគី​ក៏​មាន​ជម្លោះ​ជា​មួយ​គ្នារហូត​មក​។ ក្នុង​ឆ្នាំ​ដដែល​ កង​ទ័ព​វៀត​ណាម​បាន​វាយ​ចូល​តាម​ព្រំ​ដែន​ចូល​មក​ដល់​ស្រែ​អំបិល​ ចាប់​ប្រជាជន​ដែល​ជា​នារី​ធ្វើ​ការ​នៅ​ស្រែ​អំបិល​ដុត​សម្លាប់​ចោល​ទាំង​រស់​។ អ្នក​ខ្លះ​ទៀត​ ត្រូវ​វៀត​ណាម​ចាប់​វាយ​ធ្វើ​បាប​ ចាប់​​រំលោភ​ និង​វះ​ពោះ​ដេក​ស្លាប់​នៅ​ពេញ​វាល​ស្រែ​ មើល​ទៅ​អាណោចអធ័មណាស់​។ ក្រោយ​មក​កម្លាំង​កងទ័ព​ខ្មែរ​ក្រហម​ ក៏​បាន​វាយ​ដេញ​ចេញ​ទៅ​វិញ​បាន​ជោគ​ជ័យ​។

លុះ​ដល់​ឆ្នាំ​១៩៧៩ កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​បាន​វាយ​ចូល​មក​ពាស​ពេញ​ក្នុង​ប្រទេស​កម្ពុជា​។ កង​ទ័ព​ខ្ញុំ​ក៏​បាន​នាំ​គ្នា​រត់​ចូល​ព្រៃ​ ពេល​នោះ​ពួក​ខ្ញុំ​អត់​មាន​កាំ​ភ្លើង​កាន់​ទៀត​ទេ​។ ខ្ញុំ​រត់​ទៅ​សម្រាក​នៅ​ភ្នំ​ក្បែរ​ទំនប់​ម្លេច​​ បាន​មួយ​រយៈ​យើង​ក៏​បាន​ជួប​ជុំ​កម្លាំង​គ្នា​វិញ​បាន​មួយ​ចំនួន​។ ពេល​នោះ​ស្បៀង​អាហារ​ក៏​គ្មាន​សម្រាប់​ផ្គត់​ផ្គង់​កងទ័ព​ដែរ​ យើង​នាំ​គ្នា​ពិភា​ក្សា​គ្នា​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​កំពត​ចេញ​ទៅ​ខេត្ត​បាត់​ដំបង​។ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​បាត់ដំបង​យើង​ក៏​បាន​ជួប​កម្លាំងកង​ទ័ព​បន្ថែម​ ពេល​នោះ​គេ​បាន​ឲ្យ​អង្គ​ភាព​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ភូមិ​ភាគ​ឧត្តរ​។ កំឡុង​ពេល​នោះ​ កង​កម្លាំង​ខ្ញុំ​ទទួល​បាន​រថក្រោះ​ចំនួន​២​គ្រឿង​ និង​ឡាន​ចំនួន​៥​គ្រឿង​ សម្រាប់​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​។ មក​ដល់​តាម​ព្រំ​ដែន​ ជួប​សុទ្ធតែ​ប្រជាជន​ថៃ​នៅ​ទី​នោះ​ កម្លាំង​កងទ័ព​ខ្ញុំ​ក៏​បាន​ទៅ​សុំ​អង្ករ​ និង​ស្បៀង​មួយ​ចំនួន​ពី​ក្រុមប្រជាជន​ថៃ​ក្រហម​។ ការ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​កន្លះ​ខែ​កម្លាំង​ខ្ញុំ​ក៏​បាន​ទៅ​ដល់​តំបន់​អន្សាយ​រាក់​។ ពេល​ទៅ​ដល់​ទី​នោះ​ យើង​នៅ​តែ​បន្ត​រៀប​ចំ​ផែន​ការវាយ​ត​ទល់​ជា​មួយ​កង​ទ័ព​វៀត​ណាម​ជា​បន្ត​បន្ទាប់​។

លុះ​ដល់​ឆ្នាំ​១៩៨៨​ ខ្ញុំ​បាន​ពិការ​ជើង​មួយ​ចំហៀង​ដោយ​សារ​ជាន់​មីន​ អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ដង​ទឹក​យក​មក​ដាំ​បាយ​ ​នៅតំបន​​ជប់តាមោក​​។ ជើង​របស់​ខ្ញុំ​ពេល​នោះ​ត្រូវ​របួស​ខ្លាំង​ណាស់​សាច់​ដាច់​ចេញ​ពី​ជើង​ឡើង​រញ៉ៃ​ ក្រុម​គ្រូ​ពេទ្យ​ក៏​សម្រេច​ចិត្ត​កាត់​ជើង​ខ្ញុំ​ចោល​។ បន្ទាប់​ពី​ខ្ញុំ​បាត់​បង់​ជើង​មួយ​ចំហៀង​ ពិត​ជា​មាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់​ពី​ព្រោះ​ខ្ញុំ​គិត​ថា​សង្គ្រាម​ជិត​បញ្ចប់​ហើយ​នៅ​សល់​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ខ្ញុំ​បែរ​ជា​ជួប​ហេតុ​ការណ៍​ដ៏​អាក្រក់​មួយ​នេះ​ទៅ​វិញ​។ ចំណែក​ឯ​អារម្មណ៍​របស់​ខ្ញុំ​មួយ​ទៀត​បន្ទាប់​ពី​បាន​ឃើញ​ជន​ពិការ​នៅ​អង្គ​ភាព​ពេទ្យ​ជា​ច្រើន​នាក់​ ខ្ញុំ​ក៏​គិត​ថា​អ្នក​ដទៃ​ក៏​ជួប​រឿង​ដូច​ខ្ញុំ​ដែរ​ ខ្ញុំ​គួរ​តែ​បន្ត​រស់​នៅ​ដើម្បី​ប្រពន្ធ​កូន​ទោះ​បី​ជា​ខ្ញុំ​មាន​ពិការ​ភាព​ជាប់​ខ្លួន​ក៏​ដោយ​។ បច្ចុប្បន្ន​នេះ ខ្ញុំ​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​ដូច​ជា​ ក្រពះ​ពោះ​វៀន​ លើស​ជាតិ​អាស៊ីត​ និង​ជំងឺរ៉ាំរ៉ៃ​ចាស់​ជរា​»៕

អត្ថបទដោយ មេក វិន


[1] មេក វិន សម្ភាសន៍ជាមួយ អុំ និក នៅក្នងភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង នៅ​ក្នុងឆ្នាំ​២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin