ផ្លាស់ប្ដូរទីលំនៅដោយសាររបបខ្មែរក្រហម
អ៊ុំ ទូច ភេទស្រី អាយុ ៥៣ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញម្តុំផ្សារស៊ីឡឹប តែទៅរស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្រោយពីរបបខ្មែរក្រហមដួលរលំទៅ។ ទូច បានរៀបការជាមួយ សៅ ស៊ីណេន នៅទីក្រុងភ្នំពេញ តែនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមជម្លៀសប្រជាជនពីទីក្រុងភ្នំពេញ ទូច និង ស៊ីណេន ក៏បែកគ្នារហូត ដោយសារ ស៊ីណេន ជាទាហាននៃរបប លន់ នល់ ជាប់រវល់កិច្ចការចាត់តាំងដោយប្រធានឈ្មោះ អ៊ិត សួង នៅម្តុំចំការមន ទើប ទូច និងក្រុមគ្រួសារដទៃទៀត ត្រូវបានបង្ខំឲ្យចាកចេញទៅមុនតាមបណ្តោយផ្លូវជាតិលេខពីរទៅកាន់ខេត្តតាកែវ រហូតដល់របបខ្មែរក្រហមដួលរលំ ទើប ទូច បានទទួលដំណឹងថា ប្តីបានស្លាប់នៅខេត្តពោធិ៍សាត់ដោយសារជំងឺគ្រុនចាញ់អំឡុងពេលរស់នៅក្នុងរបបខ្មែរក្រហម ចំណែកឯកូនទាំង ៣នាក់ ក៏ឈឺស្លាប់ក្នុងរបបខ្មែរក្រហមទាំងអស់ដែរ។ ឪពុកឈ្មោះ ឃ្លាំង អ៊ំ ស្លាប់ដោយសារជំងឺក្នុងរបបខ្មែរក្រហម ម្តាយស្លាប់មុនរបបខ្មែរក្រហម តែម្តាយទី២ ឈ្មោះ ម៉ៅ ស្លាប់ដោយសារជំងឺក្នុងរបបខ្មែរក្រហម នៅក្នុងភូមិដីស្រង៉ែ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ដោយឡែក ក្នុងចំណោមបងប្អូន ៥នាក់របស់ ទូច (ប្រុស៤នាក់ ស្រី១នាក់) បងទី១ស្លាប់ក្នុងរបប លន់ នល់ ហើយប្អូនទី៣ និងប្អូនទី៤ ស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារតែឃ្លានពេកលួចរត់ពីកងកុមារទៅផ្ទះមីងមា ហើយលួចស្ករមួយត្រឡោក និងចុងអង្ករ២កំប៉ុង ត្រូវបានឈ្លបខ្មែរក្រហមចាប់បាន រួចបញ្ជូនទៅធ្វើទារុណកម្ម និងសម្លាប់[1]ចោលនៅវត្តកកោះតែម្តង។ ចំណែកឯ ប្អូនប្រុសម្នាក់ទៀតដែលនៅរស់រានមានជីវិតដល់សព្វថ្ងៃ ក៏ត្រូវបានប្រធានសហករណ៍ ឈ្មោះ ចិន (ស្លាប់) ចាប់យកទៅចងមួយយប់មួយថ្ងៃនៅសហករណ៍[2] ដោយចោទថា លួចជីកដំឡូងរបស់សហករណ៍ តែសំណាងល្អ មានដូនចាស់ៗដែលជាអ្នកប្រាប់ឲ្យជួយគាស់ឲ្យគាត់ជួយធ្វើជាសាក្សី ទើបព្រមដោះលែងមកវិញ។
មុនឆ្នាំ១៩៧៥ ទូច ជាអ្នកលក់ដូរតិចតួចនៅផ្ទះ [3]ពេលខ្មែរក្រហមដណ្តើមបានជ័យជម្នះពីរបប លន់ នល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នាម៉ោង ៩ព្រឹក កងទ័ពខ្មែរក្រហមបានប្រកាសតាមមេក្រូឲ្យប្រជាជននៅទីក្រុងទាំងអស់រៀបចំចាកចេញពីផ្ទះតែ ៣ថ្ងៃទេ ដូច្នេះ ទាំងក្រុមគ្រួសារ ទូច និងប្រជាជនដទៃទៀត មិនបានរៀបចំឥវ៉ាន់ច្រើនដាក់ទៅជាមួយទេ ព្រោះគិតថា ចាកចេញពីផ្ទះតែ៣ថ្ងៃប៉ុណ្ណោះនឹងបានត្រលប់មកវិញហើយ តែ ទូច និងគ្រួសារ បានធ្វើដំណើរប្រមាណជា ៥ថ្ងៃទើបទៅដល់ភូមិកំណើតរបស់ឪពុកម្តាយនៅឯខេត្តតាកែវ។ ពេលធ្វើដំណើរមានមនុស្សម្នាច្រើនច្រូងច្រាងចង្អៀតពេញផ្លូវ ដោយថ្មើរជើង អ្នកខ្លះក៏មានរទេះរុញ អ្នកខ្លះក៏មានកង់ មានម៉ូតូ និងមានឡានតាមជីវភាព និងលទ្ធភាពរៀងៗខ្លួន តែចំពោះគ្រួសាររបស់ ទូច គឺធ្វើដំណើរដោយថ្មើរជើង មានទាំងមនុស្សចាស់ដែលជាជីដូន ថែមទាំងកូនតូចៗធ្វើដំណើរជាមួយទៀត ទើបការធ្វើដំណើរឈប់ច្រើនដង ព្រោះអាកាសធាតុក៏ក្តៅផង ដែលបណ្តាលឲ្យ មនុស្សចាស់ និងក្មេងតូចៗដែលមានសុខភាពមិនល្អស្លាប់តាមផ្លូវក៏មានដែរ។ ចំណែកឯ កងទ័ពខ្មែរក្រហមដែលធ្វើដំណើរជាមួយគ្នា ដើរបណ្តើរសង្កេតមើលប្រជាជន (ជាពិសេស គឺមនុស្សប្រុស) បណ្តើរ បើមានការសង្ស័យថាជាអតីតទាហាន លន់ នល់ គឺបញ្ជាឲ្យឃាត់ខ្លួនទុកមិនឲ្យបន្តដំណើរទៀតទេដោយចងកដៃទាំងពីរ។
ពេលទៅដល់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ភ្លាម ខ្មែរក្រហមបានរៀបចំឲ្យស្នាក់នៅក្នុងភូមិជាមួយប្រជាជនមូលដ្ឋាន[4] ធ្វើការជារួម តែហូបអាហារតាមផ្ទះរៀងខ្លួននៅឡើយ ដោយទទួលបានរបបអង្ករ ២-៣កំប៉ុងក្នុងមួយថ្ងៃក្នុងមួយផ្ទះៗ ចំពោះប្រជាជន ១៧មេសា ដែលរស់នៅក្នុងភូមិជាមួយ ទូច ត្រូវបានជម្លៀសចេញបន្តបន្ទាប់តាមការចាត់តាំងរបស់អង្គការ[5]ថ្នាក់លើ ទៅកាន់តំបន់ ឬខេត្តផ្សេងៗតាមមធ្យោបាយធ្វើដំណើរខុសៗគ្នា ដូចជា តាមរយៈរថភ្លើង រទេះគោ ឡានធំដឹកគ្រាប់។ល។ ថ្ងៃមួយក្រុមគ្រួសាររបស់ ទូច ត្រូវបានថ្នាក់លើឲ្យរៀបចំអីវ៉ាន់ រួចទៅរង់ចាំនៅលើថ្នល់ដើម្បីផ្លាស់ប្តូរទីលំនៅ តែពេលនោះដោយសារមានមនុស្សគ្រប់គ្រាន់ហើយ ទើបក្រុមគ្រួសាររបស់ ទូច ត្រលប់មករស់នៅទីលំនៅចាស់វិញ និងធ្វើការធម្មតាតាមការចាត់តាំងរបស់ប្រធានសហករណ៍។ រស់នៅទីនោះបានប្រហែលជាមួយខែក្រោយមក ខ្មែរក្រហមចាប់ផ្តើមបំបែកប្រជាជន ១៧មេសា[6] ឲ្យទៅរស់នៅខាងលិចភូមិវិញ នៅទីនោះបានប្រហែលជិតមួយឆ្នាំ ខ្មែរក្រហមចាប់ផ្តើមបង្កើតសហករណ៍[7]ពេញលេញមួយទូទាំងផ្ទៃប្រទេស ដោយប្រមូលទ្រព្យសម្បត្តិដែលមានទាំងអស់ដាក់ជាទ្រព្យរួម ហូបរួម ធ្វើការរួម និងបែងចែកសហករណ៍ដែលកងផ្សេងៗគ្នា ដូចជា កងកុមារ កងយុវនារី កងយុវជន កងចល័ត កងចាស់ជរា ជាដើម ហើយ ទូច ត្រូវបានដាក់ឲ្យរស់នៅក្នុងកងចល័តនារី ហើយក៏លែងបានជួបប្រាស្រ័យទាក់ទងជាមួយឪពុកម្តាយ បងប្អូនច្រើនដូចមុនទៀតដែរ គឺយូរៗទើបបានជួបគ្នាម្តង ហើយពេលខ្លះក៏លួចរត់ទៅផ្ទះដើម្បីជួបឪពុកម្តាយ។ ប្រធានសហករណ៍ មេក្រុម ឬប្រធានក្រុមភាគច្រើនជាអ្នករស់នៅស្រុកភូមិផ្ទាល់ តែមេស្រុកវិញគឺច្រើនតែមកពីស្រុកផ្សេងមកកាន់កាប់ពីលើវិញ។
ការងារចាត់នៅកងចល័តភាគច្រើនគឺ លើកទំនប់ ជីកប្រឡាយ ពុំមានពេលសម្រាក គ្មានស្គាល់ថ្ងៃគ្មានស្គាល់យប់ទេ មិនដឹងថាថ្ងៃខែឆ្នាំណា ព្រោះដឹងតែបើកភ្នែកឡើងទៅធ្វើការតែម្តង តែចំពោះរបបអាហារវិញ មិនដែលបានគ្រប់គ្រាន់នោះឡើយ អាស្រ័យទៅលើការងារដែលកំណត់ ប្រសិនបើការងារប្រើកម្លាំងពលកម្មខ្លាំង ទើបបានហូបឆ្អែត (២វែក ឬ២កែវ តាមរង្វាស់ដែលប្រើ) តែបើធ្វើការមិនសូវប្រើកម្លាំងខ្លាំងទេ នឹងត្រូវបន្ថយរបបអាហារត្រឹមបបរមួយវែកលាយដំឡូងតែប៉ុណ្ណោះ។
នៅតំបន់ដែល ទូច រស់នៅ ការចោទប្រកាន់ថាខ្មាំង ឬចាប់យកទៅធ្វើទារុណកម្ម ឬសម្លាប់ មិនសូវជាមានខុសអ្វីធ្ងន់ធ្ងរទេ គ្រាន់តែបាក់ស្លាបព្រាបាយក៏ឈ្លបខ្មែរក្រហមចោទថាជាខ្មាំងដែរ សូម្បីតែពេលឃ្លានហើយទៅលួចបេះបោចដំណាំតិចតួចដើម្បីហូបក៏ត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលដែរ។ ជាក់ស្តែងប្អូនប្រុសពីរនាក់របស់ ទូច ក៏ត្រូវបានខ្មែរយកទៅសម្លាប់ចោលដោយសារលួចស្ករមួយត្រឡោក ក្រោយពីបានទទួលដំណឹងនេះមក ទូច និងក្រុមគ្រួសារ ខិតខំប្រឹងប្រែងធ្វើការ និងប្រុងប្រយ័ត្នគ្រប់ពេលកុំឲ្យមានកំហុស ទើប ទូច មិនដែលទទួលទារុណកម្មអ្វីទេក្នុងរបបខ្មែរក្រហម។ ក្នុងកងចល័តមានរោងមួយសម្រាប់ឲ្យមនុស្សស្នាក់នៅពី ៣០ ទៅ ៤០នាក់ ពេលឈឺធ្ងន់មិនអាចធ្វើការបានមេកងអនុញ្ញាតិឲ្យឈប់សម្រាកតែមិនបានទទួលរបបអាហារទេ ថែមទាំងកសាងស្វ័យតិទៀនកុំឲ្យឈឺច្រើនពេក។ ពេល ទូច រាគខ្លាំងទើបទៅព្យាបាលជំងឺនៅមន្ទីរសង្គមកិច្ច ឬមន្ទីរពេទ្យ នៅទីនោះពេទ្យបានឲ្យថ្នាំពណ៌ខ្មៅ ម៉ត់ៗ (មិនស្គាល់ឈ្មោះ) អកផឹកតែម្តង គ្មានថ្នាំចាក់ ឬថ្នាំគ្រាប់អ្វីផ្សេងទេ។ ពេលយប់ក្រោយពីសម្រាកពីការងារ តែងតែមានការប្រជុំដាស់តឿនឲ្យខិតខំធ្វើការ តែមិនដែលអប់រំ ឬបញ្ជូលមនោគមន៍វិជ្ជាឲ្យក្បត់មិត្តភក្តិ បងប្អូន ក្រុមគ្រួសារអ្វីទេ។ ដោយទីតាំងកងចល័តដែល ទូច រស់នៅ នៅក្រោយវត្តកកោះ ដែលជាកន្លែងមន្ទីរឃុំឃាំង នៅភូមិដីស្រង៉ែ ទូច តែងតែឮសូរសំឡេងវាយអ្នកទោស សំឡេងស្រែកយំ និងស្រែកឲ្យជួយ ជាពិសេសនៅពេលយប់ស្ងាត់ ហើយមិនមានការចាក់ចម្រៀងអ្វីនោះទេ។
មុនបែករបបខ្មែរក្រហម ទូច នៅជីកប្រឡាយក្នុងភូមិ ពេលឮសូរសំឡេងកាំភ្លើងបាញ់ផូងផាំងក៏នាំគ្នារត់រកកន្លែងពួន និងភ័យខ្លាចម្តងទៀត ព្រោះខ្លាចក្រែងខ្មែរក្រហមកៀរទៅកន្លែងផ្សេងទៀត។ ក្រោយពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ទូច បានរៀបការលើកទី២ ជាមួយឈ្មោះ កើត កម (ស្លាប់) ហើយមានកូន៣នាក់ ស្រី២នាក់ ប្រុស១នាក់ ដោយសារប្តីក្រោយរបស់ ទូច មានស្រុកកំណើតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ទូច ក៏រស់ទីនេះរហូតមកសល់សព្វថ្ងៃ។
ទូច នៅតែខឹងជាខ្លាំងចំពោះរបបខ្មែរក្រហម និងមិនអាចបំភ្លេចបាននូវការបាត់បង់ជីវិតដ៏អយុតិ្តធម៌របស់ប្អូនប្រុសទាំងពីរដែលមានវ័យកុមារនៅឡើយក្នុងរបបខ្មែរក្រហម ដោយសារតែបានលួចចុងអង្ករ ២កំប៉ុងប៉ុណ្ណោះដោយការស្រេកឃ្លានខ្លាំងពេកក្នុងរបបនោះ ជាពិសេស ពេលរដូវបុណ្យទាន ពេលដែលជួបជុំគ្រួសារ គឺជាពេលវេលាដែលសោកសៅបំផុតសម្រាប់ ទូច ព្រោះក្រោយរបបខ្មែរក្រហម មានតែ ទូច និងប្អូនប្រុសពៅ តែពីរនាក់ដែលនៅរស់រានមានជីវិត ទោះបីជា ទូច ព្យាយាមខំបំភ្លេចយ៉ាងណា ក៏នៅតែមិនអាចបំភ្លេចបានដែរ ថែមទាំងមិនចង់ស្តាប់រឿងរ៉ាវនៃរបបខ្មែរក្រហមទៀត ព្រោះនាំឲ្យនឹកឃើញរឿងរ៉ាវទាំងអស់ដូចទើបតែកើតឡើងថ្មីៗ។ បទពិសោធន៍ឆ្លងកាត់នៃរបបខ្មែរក្រហមដោយការធ្វើការងារលើសកម្លាំង អាហារខ្វះជីវជាតិ ភាពភ័យខ្លាច ការបាត់បងសមាជិកគ្រួសារដោយសារជំងឺ ការសម្លាប់ដោយចោទថាជាខ្មាំងទាំងវ័យកុមារ បានបន្សល់ឲ្យ ទូច នូវការឆាប់ភ័យ សម្រាន្តមិនលក់ អស់កម្លាំងល្ហិតល្ហៃស្ទើររាល់ថ្ងៃ ឈឺឆ្អឹង ឈឺក្នុងដៃ ឈឺខ្លួនប្រាណ ស្រវាំងភ្នែក ហឹងត្រចៀក ឈឺក្បាលរាល់ថ្ងៃ ថប់ដង្ហើម មានការភ្លេចភ្លាំងច្រើន មានការអស់សង្ឃឹម។
ទូច ចង់ឲ្យខ្មែរក្រហមទទួលបាននូវការឈឺចាប់ដែលខ្មែរក្រហមបានធ្វើលើប្រជាជនខ្មែរ ក៏ដូចជាក្រុមគ្រួសាររបស់ ទូច ដូចគ្នា គឺបានធ្វើអ្វីសងហ្នឹង ជាពិសេស គឺទទួលទណ្ឌកម្ម និងការវេទនាដែលប្រជាជនធ្លាប់ឆ្លងកាត់គ្រប់បែបយ៉ាង៕
អត្ថបទដោយ៖ គឹម សុវណ្ណដានី
[1] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៥២-៥៣។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «ទស្សនាវដ្តីទង់បដិវត្ត៖ រំលឹកខួបឆ្នាំទី៣ នៃការចាត់តាំងសហករណ៍កសិករ (២០-៥-២៩៧៣ ដល់ ២០-៥-១៩៧៦» ចេញផ្សាយ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៦, ឯកសារលេខD២១៤៦៧, ទំព័រទី១៩។
[3] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី១៤-១៧។
[4] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៣៩-៤០។
[5] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «មន្ទីរ៨៧០៖ សេចក្តីណែនាំអំពីការប្រើពាក្យអង្គការ និងពាក្យបក្ស» ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៧, ឯកសារលេខD០១២៦៦។
[6] ដូចខាងលើ។
[7] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «ទស្សនាវដ្តីទង់បដិវត្ត៖ រំលឹកខួបឆ្នាំទី៣ នៃការចាត់តាំងសហករណ៍កសិករ (២០-៥-២៩៧៣ ដល់ ២០-៥-១៩៧៦» ចេញផ្សាយ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៦, ឯកសារលេខD២១៤៦៧, ទំព័រទី១៩។