អ្នកស្រុកថាជីវិតថ្លៃ

ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

អ៊ំ ហឿន ភេទប្រុស មានអាយុ ៥៣ឆ្នាំ (គិតក្នុងឆ្នាំ២០១១)[1] មានស្រុកកំណើតនៅជិតកំពង់ចម្លងអ្នកលឿង ភូមិព្រៃចំការ ឃុំស្ពឺ-ខ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ហឿន មានឪពុកឈ្មោះ ហម, ម្ដាយឈ្មោះ ស៊ិន គិត និងមានបងប្អូនប្រាំពីរនាក់។

នៅសម័យសង្គមរាស្ត្រនិយម ហឿន បានរៀនត្រឹមថ្នាក់ទី១២ (សើ្មនឹងថ្នាក់ទី១ សម័យបច្ចុប្បន្ន)។ នៅរបបខ្មែរក្រហម ហឿន បានរៀនត្រឹមថ្នាក់ទី៣ (សើ្មនឹងថ្នាក់ទី៣ សម័យបច្ចុប្បន្ន) នៅក្នុងភូមិកំណើត។ នៅឆ្នាំ១៩៧៧ ហឿន ឈប់រៀន និងត្រូវបានខ្មែរក្រហមបញ្ជូន ឲ្យទៅធ្វើការក្នុងកងចល័ត នៅការដ្ឋានទ្រង់ខ្លា ដោយត្រូវរែកដី, ជីកប្រឡាយ និងលើកទំនប់។ នៅឆ្នាំដដែល ខ្មែរក្រហមបានបញ្ជូន ហឿន ទៅហាត់យោធា នៅព្រៃវែង និងធ្វើជាកងទ័ពខ្មែរក្រហម កងពលលេខ៥ ក្រោមបញ្ជារបស់ សោ ភឹម។ ក្រោយមក ហឿន ត្រូវបានខ្មែរក្រហមបញ្ជូនទៅការពារព្រំដែនជាមួយប្រទេសវៀតណាម។​ នៅទីនោះ ហឿន ធ្វើការដើរល្បាត និងយាមតាមបណ្ដោយព្រំដែន ដោយមានកាំភ្លើង និងសម្ភារពីប្រទេសចិន និងមានបាយវេចកញ្ចប់ស្បោងសម្រាប់ហូបតាមផ្លូវ។ ហឿន និយាយថា របបអាហារជួនកាលមានការខ្វះខាត។ នៅពេលធ្វើជាកងទ័ព ហឿន មិនហ៊ានស្នើសុំថ្នាក់លើក្នុងអង្គភាពទៅលេងស្រុកកំណើតនោះទេ ឬរត់ចោលជួរ ដោយសារខ្លាចខ្មែរក្រហមចាប់យកទៅវាយសម្លាប់។ គាត់បន្តថា អ្នកដែលរត់ចោលជួរនោះ គឺត្រូវចាប់យកទៅវាយចោល ដូច្នេះ ហឿន សុខចិត្តទ្រាំ និងប្រាថ្នាថានឹងជួបជុំឪពុកម្ដាយសាជាថ្មី។ នៅរបបខ្មែរក្រហម ហឿន យល់ឃើញថា «យើងរស់នៅក្នុងសង្គមចេះតែខ្លាច»។

នៅឆ្នាំ១៩៧៧ នៅតាមបណ្តោយព្រំដែន គឺមានការប៉ះទង្គិចជាមួយកងទ័ពវៀតណាម។ នៅពេលនោះ មេបញ្ជាការបានបញ្ជាឲ្យ ហឿន ធ្វើជានីរសារ និងទៅស៊ើបសភាពការណ៍នៅសមរភូមិមុខ បណ្ដាលឲ្យ ហឿន រងរបួសបាក់ឆ្អឹងខ្នង។ ហឿន ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ១៧មេសា ទីក្រុងភ្នំពេញ។ នៅចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាម បានបើកការវាយសម្រុកចូលមកប្រទេសកម្ពុជា ហឿន ត្រូវបានខ្មែរក្រហមជម្លៀសចេញតាមឡាន និងរទេះគោទៅដល់ភូមិតាង៉ុក និងភូមិបារាំងធ្លាក់។ នៅឆ្នាំ១៩៧៩ ប្រជាជន និងខ្មែរក្រហមបានស្លាប់នៅក្នុងព្រៃ ដោយសារអត់អាហារ និងខ្លះទៀតត្រូវរត់គេចពីកងទ័ពវៀតណាម ទាំងខ្លួនមិនទាន់ជាសះស្បើយរបួសនៅឡើយ។

នៅពេល ហឿន ជួបកងទ័ពវៀតណាមនៅស្រុកបវេល ប្រជាជនបានជួយគាត់ និងឲ្យបាយគាត់ហូប នៅសាលាកាលេស ដែលជាមន្ទីរពេទ្យ ដោយសារគាត់ជាកងទ័ពភូមិភាគបូព៌ា។ នៅសម័យនោះ ប្រជាជនស្អប់កងទ័ពភូមិភាគនិរតី។ បន្ទាប់មក ហឿន បានធ្វើដំណើរជាមួយប្រជាជនទៅព្រំដែនប្រទេសថៃ និងរស់នៅជំរំកាកបាទក្រហម។ ក្រោយមក ហឿន ទៅរស់នៅជំរំស្រះកែវ អស់រយៈពេលជាងប្រាំពីរខែ និងទទួលបានរបបអាហារដែលកាកបាទក្រហមចែកឲ្យប្រជាជន។

នៅឆ្នាំ១៩៨០ ហឿន ទៅរស់នៅកន្លែងកុមារកំព្រា និងបានត្រលប់មកប្រទេសកម្ពុជាវិញ តាមភ្នំដី ឆ្ពោះទៅគីឡូលេខ១៣។ នៅគីឡូលេខ១៣ ខ្មែរក្រហមបានចាត់តាំងឲ្យ ហឿន យាមឃ្លាំងអង្ករ នៅក្នុងអង្គភាព៤០៥ ដោយមានប្រធានឃ្លាំង ឈ្មោះ ពូអៀន។ នៅទសវត្សរ៍ឆ្នាំ១៩៨០ ហឿន ក៏ធ្លាប់ធ្វើជាពេទ្យទាហាន និងរៀបការនៅប្រទេសថៃ ជាមួយប្រពន្ធ ឈ្មោះ ជុំ ណាវ មានស្រុកកំណើតនៅខេត្តតាកែវ និងមានកូនស្រីពីរនាក់។ បន្ទាប់ពីសមារហណកម្ម ហឿន បានត្រលប់ទៅលេងស្រុកកំណើតនិងជួបជុំឪពុកម្ដាយ និងបងប្អូន ក្រោយពីឃ្លាតឆ្ងាយអស់រយៈពេលពីរទសវត្សរ៍ ចំណែកកូនចៅអ្នកស្រុកផ្សេងៗទៀត បានបាត់ខ្លួនអស់ជាច្រើននាក់ មិនឃើញត្រលប់មកភូមិកំណើត និងមួយចំនួនទៀតទៅរស់នៅបរទេស។ ឪពុកម្ដាយ និងអ្នកស្រុកធ្វើបុណ្យកុសលឧទ្ទិសជូនដល់ហឿន ដោយស្មានតែគាត់បានស្លាប់បាត់ទៅហើយ។

នៅឆ្នាំ២០១១ ហឿន ប្រកបរបរធ្វើស្រែចម្ការ និងជាអនុភូមិ និងរស់នៅភូមិសាស្ដា ឃុំសាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ហឿន និយាយថា តើអ្នកណាទទួលខុសត្រូវចំពោះទុក្ខលំបាករបស់ប្រជាជននារបបខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមបានដួលរលំ បងប្រុស ហឿន ឈ្មោះ អ៊ំ ហ៊រ គឺបានបាត់ខ្លួតរហូតមក បន្ទាប់ពី បានចូលរួមធ្វើជាកងទ័ពនៅឆ្នាំ១៩៧៣៕

អត្ថបទដោយ ស៊្រាង លីហ៊ួរ


[1] ឯកសារលេខ BBI០០៩៨. (២០១១). សម្ភាសជាមួយ អ៊ំ ហឿន ដោយ សុខ វណ្ណៈ នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១១. មជ្ឈមណ្ឌលឯកសារកម្ពុជា.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin