ខ្ញុំនៅតែសោកស្ដាយដែលមិនអាចឃើញឪពុករបស់ខ្ញុំដែលខ្មែរក្រហមយកទៅសម្លាប់

លលាដ៍ក្បាលជនរងគ្រោះពីរបបខ្មែរក្រហម បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ អ៊ំ ម៉ារ៉ាឌី[1] អាយុ៦៤ឆ្នាំ កើតនៅភូមិព្រែកដំបង ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ននេះ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។  ខ្ញុំរៀបការប្រពន្ធឈ្មោះ ស៊ុន ណារី និងមានកូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំបម្រើការងារជាមេភូមិអូរស្វាយ។ ឪពុកខ្ញុំ មានឈ្មោះ អ៊ំ ផាន និងម្ដាយមានឈ្មោះ ជុំ សារុំ។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៤នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី១២ (សង្គមចាស់)ក៏ឈប់រៀនដោយសារមានរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្ដេចព្រះនរោត្ត សីហនុ ព្រះបរមតរនកោដ្ឋ។ នៅឆ្នាំ១៩៦៧ ខ្ញុំបានផ្លាស់មករស់នៅបុរីអូរស្វាយ ជាមួយឪពុកម្ដាយ។ នៅពេលដែលមកដល់ទីនេះដំបូង ខ្ញុំឃើញមានការកសាងជាច្រើន មានដូចជាផ្ទះកាឡុងទី១ និងកាឡុងទី២ (ផ្ទះនិគមន៍ជន), ទីកន្លែងចតឡាន, ការិយាល័យ, ផ្សារសហគមន៍, ទីកន្លែងចតឧទ្ធម្ភាគចក្រ, មន្ទីរឃោសនាការណ៍, ស្ដូប និងសួនច្បារ។

នៅខែឧសភា ឆ្នាំ១៩៦៨ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គសេ្ដចយាងមកដល់នៅវេលាម៉ោងប្រហែល៩ព្រឹក តាមឧទ្ធម្ភាគចក្រដែលចុះចតនៅទីកន្លែងចុះចតឧទ្ធម្ភាគចក្រ។ បន្ទាប់មក សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គសេ្ដចយាងតាមក្បួនព្រះទីនាំងរថយន្តចំនួន៣គ្រឿងមកកាន់ទីតាំងអង្គពិធី។ មុនព្រះអង្គមានព្រះរាជសុន្ទរកថា សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គបានចែកក្រណាត់ស១ដុំ ប្រវែង២ម៉ែត្រ ដែលមានប៉ាក់ថា «សង្គមរាស្រ្តនិយម» សម្រាប់កាត់ជាសម្លៀកបំពាក់ ជូនដល់ប្រជារាស្រ្តដែលជាកូនចៅរបស់ព្រះអង្គ។ ខ្ញុំក៏ទទួលបានក្រណាត់សម្នាក់១ដុំផងដែរ។ ខ្ញុំពិតជាមានចិត្តសប្បាយរីករាយណាស់។ បន្ទាប់មក សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គមានព្រះរាជសុន្ទរកថាជិត១ម៉ោង និងបន្តស្ដេចយាងចុះទតតាមផ្ទះរបស់និគមន៍ជននៅបុរីអូរស្វាយ។ ប្រជាជននៅបុរីអូរស្វាយ បន្តជីវភាពរស់នៅជាធម្មតា រហូតដល់មានរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្ដេចព្រះបរមរតនកោដ្ឋ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ទើបប្រជាជននៅបុរីអូរស្វាយ ទទួលរងគ្រោះដោយសារតែការទម្លាក់គ្រាប់បែក និងក្រោយមកទៀតការបង្ខំធ្វើការងារហួសកម្លាំង, ការបង្អត់អាហារ និងការចាប់យកទៅសម្លាប់ នៅក្នុងរបបខ្មែរក្រហម។ ប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហារ លន់ នល់, កងទ័ពខ្មែរក្រហមបានចូលមកគ្រប់គ្រងបុរីអូរស្វាយ ដោយសារតែវត្តមានកងទ័ព ខ្មែរក្រហម, ការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិក និងទាហាន លន់ នល់ បានចាប់ផ្ដើមមានឡើង​។ ការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់នៅបុរីអូរស្វាយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ជាច្រើន។ បុរីអូរស្វាយ ក្រោយមកត្រូវបានប្រែក្លាយទៅជាតំបន់ប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ការប្រយុទ្ធ និងការទម្លាក់គ្រាប់បែក បន្តរហូតដល់ឆ្នាំ១៩៧៤។ ខ្ញុំមានអាយុប្រហែល១៣ឬ១៤ឆ្នាំ។ រាល់ពេលដែលមានការប្រយុទ្ធគ្នា និងការទម្លាក់គ្រាប់បែកម្ដងៗ ឪពុកម្ដាយបាននាំកូនៗរត់ចូលលាក់ខ្លួននៅរណ្ដៅត្រង់សេក្បែរផ្ទះ ដើម្បីគេចចេញពីគ្រាប់កាំភ្លើង និងអំបែងគ្រាប់បែក។

រហូតដល់ឆ្នាំ១៩៧៤ និងដើមឆ្នាំ១៩៧៥ ទើបការទម្លាក់គ្រាប់បែកថមថយចុះ។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបន្តឲ្យប្រជាជនរស់នៅដោយការធ្វើការងារជាប្រវាស់ដៃធ្វើស្រែ។ នៅឆ្នាំ១៩៧៦ សហករណ៍បានបង្កើតឡើង, ឪពុកម្ដាយ និងបងប្អូនបានបែកចេញពីគ្នា ដោយម្នាក់ៗត្រូវធ្វើការងារតាមកងនីមួយៗ។ ខ្ញុំត្រូវបានខ្មែរក្រហមដាក់ឲ្យធ្វើការងារនៅកងកុមារឈានមុខ។ ខ្ញុំធ្វើការងារដូចកងចល័តវ័យជំទង់ដែរ។ ខ្ញុំត្រូវលើកទំនប់ ឃ្លាតឆ្ងាយពីផ្ទះសំបែង នៅតំបន់គុជចំបក់។ នៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានផ្លាស់ទៅលើកទំនប់នៅអូរខ្លុង។ នៅក្នុងកងចល័តរបស់ខ្ញុំ មានសមាជិកចំនួន១១នាក់ ដែលទទួលខុសត្រូវចាក់ធ្វើទ្វាទឹកទំនប់ ដែលមានប្រវែងប្រហែល៣០០ម៉ែត្រ។ ក្រោយមកទៀត ខ្ញុំត្រូវបានបន្តចល័តរហូតដល់ស្រុកឆែប ខេត្តព្រះវិហារ ស្ថិតនៅក្បែរព្រំដែនខ្មែរ-ថៃ។ បន្ទាប់មក ខ្ញុំឮគេនិយាយតៗគ្នាថា ទីក្រុងភ្នំពេញត្រូវបានរំដោះដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយខ្ញុំក៏សម្រេចចិត្តលួចរត់វិលត្រលប់មកភូមិវិញ។ ខ្ញុំដើររយៈពេល៣ថ្ងៃ ទើបអាចមកដល់ភូមិវិញ។ នៅពេលដែលមកដល់ភូមិវិញ ខ្ញុំឃើញតែម្ដាយរបស់ខ្ញុំ ពីព្រោះឪពុកខ្ញុំត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ ក្នុងអំឡុងពេលដែលខ្ញុំលើកទំនប់ឆ្ងាយពីផ្ទះ។ ខ្មែរក្រហមបានហៅឪពុករបស់ខ្ញុំទៅរៀនសូត្រ ហើយគាត់បានដឹងខ្លួនថានឹងស្លាប់ ក៏បានផ្ដាំផ្ញើប្រពន្ធថា គាត់នឹងមិនបានវិលត្រឡប់មកវិញនោះទេ។ បើទោះបីជាខ្ញុំរួចផុតពីសេចក្ដីស្លាប់ក្នុងរបបខ្មែរក្រហម, ខ្ញុំនៅតែសោកស្ដាយចំពោះការបាត់បង់ឪពុករបស់ខ្ញុំ។

អត្ថបទដោយ ស៊ាង ចិន្តា


[1] បទសម្ភាសន៍ជាមួយ អ៊ំ ម៉ារ៉ាឌី នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង នៅឆ្នាំ២០២៥; បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin