អ៊ុន អៀង៖ ខ្មែរក្រហមមានកម្លាំងនិងស្មារតីនៅលើសមរភូមិ

អ៊ុន អៀង ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្មី ឃុំក្រយា ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន អៀង រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អៀង និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើត​ចំនួន៤នាក់ ហើយខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។ កាល​ពីវ័យ​កុមារ​ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩។​ ​ខ្ញុំ​បាន​ឈប់​រៀនដោយ​សារ​ជីវភាព​គ្រួសារ​មាន​ការ​ខ្វះ​ខាត​។ ខ្ញុំ​ក៏​​បាន​​​បួស​ជា​ព្រះ​សង្ឃ​ដើម្បី​បាន​បន្ត​ការ​សិក្សា​នៅ​ក្នុង​វត្ត​មួយ នៅ​ក្នុង​ឃុំ​ក្រយា​។ ជីវភាពរស់​នៅ​របស់​ប្រជាជន​​​ភាគ​ច្រើននៅ​ក្នុងភូមិ ​មាន​ជីវភាព​ខ្សត់​ខ្សោយ​ខ្លាំង​។ អ្វីដែលគួរឲ្យ​កត់សម្គាល់នោះគឺថា ​ប្រជាជន​មាន​សណ្តាន​ចិត្ត​ល្អ​ ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក និង​​មិនសូវ​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នាទេ​។ នៅ​ជំនាន់​​នោះ ​គ្រួសារ​របស់​ខ្ញុំ​មិន​មាន​មុខ​របរ​ ឬ​ការ​ងារ​អ្វី​ធ្វើ​នោះ​ទេ​ ក្រៅ​ពី​ការ​ងារ​ធ្វើ​ស្រែ​ចម្ការឡើយ​។​ ​

នៅក្នុង​ឆ្នាំ​១៩៧២ ខ្ញុំ​ត្រូវ​បាន​កង​ទ័ព​ខ្មែរ​ក្រហម​ប្រមូល​យក​ទៅ​ធ្វើ​ជា​កង​ទ័ព​នៅ​ក្នុង​ព្រៃ​។ ​ដំបូង​ឡើយ ​ខ្ញុំ​បាន​កាន់​កាំ​ភ្លើងអាការ៤៧។ ​​ខ្ញុំ​មាន​វ័យ​ជំទងហើយ​។ បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ចូល​ទៅ​វាយ​នៅ​សមរ​ភូមិ​​ជា​មួយ​កង​ទ័ព​ជាច្រើន​នាក់​ទៀតនៅ​ភូមិ​ភាគ​ឧត្តរ​​។ នៅ​ក្នុង​សមរភូមិ​ មាន​ភាព​ស្មុគ​ស្មាញ​ជា​ខ្លាំង​កង​ទ័ព​​ទាំង​ពីរ​ភាគី​អាចស្លាប់​គ្រប់​ពេល​។ ប៉ុន្តែ​នៅ​ពេល​កង​ទ័ព​ចូល​​ដល់​សមរភូមិ​ហើយ​ គ្មាន​អ្នក​ណា​ម្នាក់​ខ្លាច​ញញើត​នឹង​ការ​ធ្វើ​សង្គ្រាម​នោះ​ទេ​។ ជំនាន់​នោះ​យុវជន​ដែល​ចូល​ជា​កង​ទ័ព​ភាគ​ច្រើ​ន​មាន​អាយុ​ចាប់​ពី​​១៧ឆ្នាំ​ទៅ​១៨ឆ្នាំ​។ កង​ទ័ព​ខ្មែរ​ក្រហម​ មាន​ការ​ស៊ូទ្រាំ​ខ្លាំងណាស់​​ចំពោះ​ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​កង​​ទ័ព​ លន់ នល់​។ បើ​ទោះ​បី​ជា​កង​ទ័ព​ខ្មែរ​ក្រហម​មិន​សូវ​មាន​អាវុធ​ទំនើប​ៗ ​ដូច​កង​ទ័ព​ លន់ នល់​ ក៏​ពិត​មែន​ ​កង​ទ័ព​ខ្មែរ​ក្រហម​មាន​ទាំងកម្លាំង​ និង​ស្មារតីមុតមាំ​។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ខ្ញុំ​តែង​តែ​​នឹកគិត​ដល់ក្រុម​​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត​។ ប៉ុន្តែ ​នៅ​ក្នុង​សមរភូមិ​កំពុង​ក្ដៅ​គគុក ​ខ្ញុំ​មិន​អាច​ដក​ខ្លួន​ចេញ​ភ្លាមៗ​បាន​នោះ​ទេ។​ គោល​ដៅ​ខ្ញុំ​គឺ​ត្រូវ​ការ​ពារ​ទឹក​ដី​ជូន​ជាតិ​មាតុ​ភូមិ​​មក​វិញ ​ទើបខ្ញុំ​​អាច​មាន​ឱកាស​ទៅ​ជួប​ជុំ​គ្រួសារ​វិញ​បាន​។ នៅ​គ្រប់​ខ្សែ​ត្រៀម​ទាំង​អស់​កង​ទ័ព​ត្រូវ​មាន​រណ្ដៅ​​ត្រង់​សេ​ដើម្បី​ការ​ពារ​ខ្លួន​អំឡុង​ពេល​វាយ​ជា​មួយ​ លន់ នល់​។ ប្រ​សិន​បើ​កង​ទ័ព​មួយ​ណា​មិន​ជីក​រណ្ដៅ​​ត្រង់​សេ​ទេ​ យើងគ្មាន​អ្វីការពារ​អាយុ​ជីវិតខ្លួនឡើយ​។​

នៅ​អំឡុង​ពេល​វាយ​សម្រុក​ចូល​ទី​ក្រុង​ភ្នំ​ពេញ​ សង្គ្រាម​កាន់​តែ​ខ្លាំងឡើងៗ​។ កង​ទ័ព​ទាំង​ពីរ​ភាគី​ក៏​មាន​ការ​ស្លាប់​បាត់​បង់​ជីវិត​កាន់​តែ​ច្រើនដែរ​។​ កង​ទ័ព​លន់​ នល់​ ​ទម្លាក់​គ្រាប់​បែក​ទាំង​យប់​ទាំង​ថ្ងៃ ​ដែល​ធ្វើ​ឲ្យ​​កង​​ទ័ព​ខ្មែរ​ក្រហម​នៅ​ក្នុង​ព្រៃ​មិន​អាច​ដាំបាយ​ ឬ​សម្រាក​បាន​ស្រួល​បួល​នោះ​ទេ​។ ការ​អុក​ឡុក​របស់​ កង​ទ័ព​ លន់ នល់ មក​លើ​កង​ទ័ព​ខ្មែរ​ក្រហម​ទាំង​យប់​ទាំង​ថ្ងៃ​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​​ខឹង​កាន់​តែ​ខ្លាំង​ឡើង​ និង​ប្តេជ្ញា​វាយកម្ទេចវិញ។

​​ នៅចុងឆ្នាំ១៩៧៥ ខ្ញុំត្រូវរបួសដៃ នៅសមរភូមិនៅព្រែកក្ដាម។ កាលនោះខ្ញុំ រួមទាំង​កងទ័ព​ជាច្រើននាក់ទៀតបានសម្រុកវាយចូលទៅរំដោះទីក្រុងភ្នំពេញពីទាហាន លន់ នល់។ ការ​វាយ​តទល់​ប្រយុទ្ធ​​គ្នា​រវាងភាគី លន់ នល់ និងភាគីកងទ័ពខ្មែរក្រហម ធ្វើឲ្យស្លាប់មនុស្សអស់ជាច្រើននាក់។ គ្រឿង​សព្វា​​វុធ​របស់កងទ័ព លន់ នល់ មានភាពទំនើបជាងខាងខ្មែរក្រហម ដោយសារមានអាមេរិកជួយផ្គត់ផ្គង់​។ ប៉ុន្តែ បើនិយាយពីកម្លាំងវិញ ខ្មែរក្រហមមានសន្ទុះខ្លាំងជាង ព្រោះ​កង​កម្លាំង​ភាគ​ច្រើន​គឺ​ជា​ប្រជាជន​ដែល​ស្ម័គ្រ​ចិត្ត​ចូលការពារទឹកដី មិនខ្លាចស្លាប់ និងបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិ។ កងកម្លាំង​ខ្មែរក្រហមកាន់តែ​វាយ​រំកិលទៅមុខឆ្ពោះទៅទីក្រុងភ្នំពេញរហូតដល់ទទួលជ័យជំនះនៅ​ថ្ងៃ​ទី​១៧ ខែ​មេសា​ ឆ្នាំ​១៩៧៥​។

ខណៈ​ពេលខ្ញុំចូលទៅដល់ទីក្រុងភ្នំពេញភ្លាមៗ ខ្ញុំពិតជាមានការសោកស្ដាយ និង​ស្រណោះ​ដល់​ទីក្រុង​យ៉ាង​​ខ្លាំង ដោយសារមើលឃើញពីសំណង់អគារបាក់បែកបន្សល់ទុកពីការទម្លាក់គ្រាប់បែក។ ជា​ពិសេស ខ្ញុំមាន​អារម្មណ៍សង្វេគជាពន់ពេកណាស់ នៅពេលដែល​ ប្រជាជន​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ។ នៅពេលខ្ញុំ​​ឃើញ​ទិដ្ឋ​ភាព​បែប​នេះ​ ខ្ញុំ​មិន​យល់​ពី​និយម​ន័យ​នៃ​ការ​ចង់​បាន​របស់​ខ្មែរ​ក្រហម​នោះ​ទេ​ថាតើមាន​មូល​ហេតុ​អ្វីដែល​​ត្រូវ​ឲ្យ​ប្រជាជន​ខ្មែរ​ចាក​ចេញ​ពី​ទី​ក្រុង​ភ្នំ​ពេញ​។[1] ខ្ញុំ​បាន​ឃើញ​ប្រជាជន​ជា​ច្រើន​​នាក់​ធ្វើ​ដំណើរ​​ថ្មើ​រ​ជើង​ ដោយ​ទឹក​មុខ​ក្រៀម​ក្រំ​ចំពោះ​ការ​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​។ អ្នក​ខ្លះ​ដើរ​​ពកូន​។ អ្នក​ខ្លះ​ទៀត​រុញ​រទេះ​ដឹក​ម្ដាយ​ឪពុក​ចាស់ៗ​ និង​សម្ភារ​ប្រើ​ប្រាស់​ផ្សេង​។ រី​ឯអ្នក​​ខ្លះ​ទៀត​អត់​មាន​ស្បែក​ជើង​ពាក់​ ហើយ​​យក​ក្រណាត់​អាវ​មក​រុំ​លើ​ជើង ​ដើម្បី​កុំ​ឲ្យ​ក្ដៅ​ឬ​រលាកបាតជើង​។ ខ្ញុំ​ក៏មិន​ដឹងថា ​ប្រជាជន​ហូប​បាយ​ហូប​ទឹក​នៅ​ទី​ណា​នោះ​ទេ ​បើ​មនុស្ស​វក់​វី​ពេញ​ផ្លូវ​បែប​នេះ​។

នៅ​ចន្លោះឆ្នាំ១៩៧៧-១៩៧៨ ខ្ញុំក៏ត្រូវរបួសជើងម្ដងទៀត អំឡុងពេលឈរជើងនៅតាមព្រំដែន កម្ពុជា​-វៀតណាម។ កាលនោះប្រហែលជាម៉ោង៣ទៀបភ្លឺ វៀតណាមបានលួចឆ្មក់ចូលមកខាងទឹកដីខ្មែរ ហើយ​គប់​គ្រាប់​បែកដាក់ទីតាំងឈរជើងរបស់អង្គភាពខ្ញុំ។ ពេលនោះ ខ្ញុំកំពុង​សម្រាក​នៅ​ក្នុង​រណ្ដៅ​លេណដ្ឋាន​​ទើប​ធ្វើឲ្យខ្ញុំត្រូវរបួសខ្លាំងមួយកំណាត់ខ្លួនខាងក្រោម។ ភ្លាមៗ​នោះ​កង​កម្លាំង​គ្នា​ខ្ញុំ​ក៏​បាន​មក​សែង​ខ្ញុំ​ចេញ​ពីថ្លុកឈាមទៅឲ្យផុតពីសមរភូមិ។ ស្ថាន​ភាព​ខ្ញុំ​ពេល​នោះ​ធ្ងន់​ធ្ងរ​ណាស់​។ ខ្ញុំ​បាន​សន្លប់​ភ្លាមៗ​បន្ទាប់​ពី​រងរបួសដោយសារ​​គ្រាប់​បែក​។​ ខ្ញុំមិននឹកស្មានថា ខ្លួនឯងមានជីវិតរស់នៅផងទេ។ ខ្ញុំ​អាច​រួច​ផុត​ជីវិត​មក​ដល់​បច្ចុប្បន្ននេះ។ ពេលធ្វើដំណើរទៅដល់មន្ទីរពេទ្យ ខ្ញុំឃើញមានអ្នករបួសច្រើន​ណាស់​ ដែល​ដាច់​ជើង និង​ដាច់ដៃ។ ​ខ្ញុំក៏បានសម្រាកព្យាបាលនៅមន្ទីរពេលអស់រយៈពេល២-៣ខែ ទើប​បាន​ជា​សះ​ស្បើយ។ ពេទ្យខ្មែរក្រហមល្អៗណាស់ ដោយ​បាន​ជួយមើលថែជនពិការ និងអ្នកជំងឺផ្សេង យ៉ាង​ដិត​ដល់​។ អ្នកជម្ងឺទទួលបាន​បាយទឹក និងម្ហូបចំណីយ៉ាងគ្រប់គ្រាន់។

​បច្ចុប្បន្ន​នេះ​ ខ្ញុំ​មិន​មាន​ការ​អាក់​អន់​ចិត្ត​អ្វី​នោះ​ទេ​ ចំពោះ​ការ​តស៊ូ​របស់​ខ្ញុំ​នៅ​ជំនាន់​សង្គ្រាម​ ដែល​ធ្វើ​​ឲ្យ​​ខ្ញុំ​​ធ្លាក់ខ្លួន​​ពិការ​ភាពទេ។ ផ្ទុយទៅវិញ ​ខ្ញុំ​ពិត​ជា​មាន​មោទកភាព​លើ​ខ្លួន​ឯង ​ដែល​មាន​ជីវិត​រស់​នៅ​មាន​​គ្រួសារ​កូន​ចៅ​នា​ពេញ​បច្ចុប្បន្ន​នេះ​។ ម្យ៉ាង​វិញ​ទៀត​ទោះបី​ជា​​ខ្ញុំ​ពិការ​ភាព​ ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​ការ​យក​ចិត្ត​​ទុក​​ដាក់​ពី​រាជរដ្ឋា​ភិបាល​ផ្ដល់​ជា​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ឲ្យ​ខ្ញុំ​សម្រាប់​ជួយ​ផ្គត់​ផ្គង់​ និង​ប្រើ​ប្រាស់ប្រចាំ​ថ្ងៃ​​នៅ​​ក្នុង​​ជីវភាព​គ្រួសារ​បាន​យ៉ាង​ល្អ​»៕

អត្ថបទដោយ លី សុខឃាង


[1] ការ​ជម្លៀសប្រជាជនដោយបង្ខំ​បាន​ក្លាយទៅបទចោទនៅក្នុងសំណុំរឿងកាត់ទោសមេដឹកនាំខ្មែរក្រហម នៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (https://www.eccc.gov.kh/en/articles/evacuation-phnom-penh-case-002-closing-order)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin