ធ្មេញឡើងកំបោរ

(កំពង់ចាម)៖ នៅក្នុងរបបខ្មែរក្រហម គ្មានថ្នាំដុសធ្មេញសម្រាប់សម្អាតធ្មេញឡើយ។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ ប្រជាជនទាំងអស់មិនថាក្មេង ឬចាស់ គឺរស់នៅដោយមិនដុសធ្មេញ។ ខាន បាននិយាយថាធ្មេញរបស់គាត់ឡើងកំបោរ និងមានពណ៌ខ្មៅ។ អុន ខាន អាយុ៦៧ឆ្នាំ កើតនៅឆ្នាំ១៩៥៨ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្ននេះ ខាន មានបញ្ហាវិលមុខ និងឈឺក្បាលជាប្រចាំ ដោយសារតែជំងឺសម្ពាធសរសៃឈាមខួរក្បាល។ ក្រៅពីជំងឺនោះ គាត់ធ្លាប់មានជំងឺលើសសម្ពាធឈាម ដូច្នេះហើយគាត់តែងតែបារម្ភអំពីការធ្វើដំណើររបស់គាត់ខ្លាចដួលដែលអាចនឹងមានផលប៉ះពាល់ដល់សុខភាព។
នៅក្នុងអំឡុងពេលដែលតំបន់ ឬខេត្តផ្សេងកំពុងតែទទួលរងការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវ ប្រជាជន និងគ្រួសាររបស់ ខាន បាននាំគ្នាជីកលេណដ្ឋានទុក ព្រោះខ្លាចនៅថ្ងៃក្រោយយន្តហោះមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ នៅជំនាន់នោះប្រជាជននៅក្នុងភូមិ និងគ្រួសាររបស់ ខាន និយមធ្វើចម្ការ និងដាំដំណាំបន្លែបង្ការសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ការទម្លាក់គ្រាប់បែកនៅតាមតំបន់ទន្លេគឺបានប៉ះពាល់ និងខូចខាតដំណាំរបស់ប្រជាជនជាច្រើន។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់អំណាចបានទូទាំងប្រទេស ខាន មានអាយុប្រមាណ១៨ឆ្នាំ។ ខ្មែរក្រហម បានចាត់តាំងឱ្យគាត់គាស់គល់ដើមរាំង រយៈពេលចំនួន២ខែ ក្រោយមកនីរសាររបស់ខ្មែរក្រហម បានកត់ឈ្មោះ និងនាំគាត់ទៅបោសសម្អាតនៅក្រុងកំពង់ចាម។ ក្រោយពីសម្អាតរួចរាល់ ខាន ចូលធ្វើការងារនៅក្នុងកងដេរសម្លៀកបំពាក់។ ក្រៅពីដេរសម្លៀកបំពាក់ គាត់ត្រូវស្ទូងស្រូវបន្ថែមដែរ។
ខាន ចាប់ផ្ដើមធ្វើការងារពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបឈប់សម្រាកហូបអាហារថ្ងៃត្រង់។ ចំពោះរបបអាហារនៅក្នុងរបបខ្មែរក្រហម តំបន់ដែល ខាន រស់នៅគាត់អាចទទួលបានបាយហូបនៅពេលទើបតែប្រមូលផលស្រូវហើយថ្មីៗ។ ហូបបាយបានត្រឹមរយៈពេលមួយសប្ដាហ៍ អង្គការឱ្យប្រជាជនហូបបបរមួយកូនឆ្នាំងតូចគ្នាចំនួន៨នាក់។ ខាន បានបន្ថែមថា ដោយសារមិនមានអាហារហូបគ្រប់គ្រាន់ គាត់និងមិត្តរួមក្រុមម្នាក់បានលួចបេះស្លឹកផ្ទីយកទៅស្ងោរហូបបន្ថែម។
នៅរបបខ្មែរក្រហម មិនមានសូម្បីតែសាប៊ូបោកសម្លៀកបំពាក់ និងថ្នាំដុសធ្មេញ។ ខាន បានយកជ័រល្ហុងជំនួសសាប៊ូសម្រាប់បោកខោអាវ មុង និងផួយ។ គាត់បានបន្ថែមថា ធ្មេញរបស់គាត់ឡើងសុទ្ធតែកំបោរ ព្រោះតែគ្មានថ្នាំដុសសម្អាតធ្មេញ។
ខាន ធ្វើការងារនៅក្នុងកងដេរសម្លៀកបំពាក់បានរយៈពេលមួយឆ្នាំ គាត់បានផ្លាស់ប្ដូរទៅធ្វើការងារនៅក្នុងកងពិសេសយាមឃ្លាំងគ្រាប់ និងកាំភ្លើង។ នៅក្នុងកងពិសេសមានសមាជិកចំនួន១២នាក់ ដែលប្ដូរវេនគ្នាយាម។ អ្នកដែលធ្វើការនៅក្នុងកងពិសេសមិនមែនមានតួនាទីត្រឹមតែអ្នកយាមឃ្លាំងនោះទេ គឺមានផែនការឱ្យជីកលេណដ្ឋានបន្ថែមទៀត។
នៅឆ្នាំ១៩៧៨ មានយប់មួយមានការផ្ទុះអាវុធនៅតំបន់ថ្មគោល សមាជិកនៅក្នុងកងពិសេសទាំងអស់បានរត់ចូលក្នុងលេណដ្ឋាន ដើម្បីសុវត្ថិភាព។ សំឡេងកាំភ្លើងកាន់តែមកជិតលេណដ្ឋានដែល ខាន លាក់ខ្លួន មានសមាជិកម្នាក់បាននិយាយប្រាប់ឱ្យសមាជិកទាំងអស់រត់ចេញពីទីនោះទៅកន្លែងដែលមានសុវត្ថិភាព។ នៅពេលសភាពការស្ងប់ស្ងាត់បន្តិច មានឡានមួយមកយកប្រជាជនដែលធ្វើការងារនៅក្នុងកងពិសេសចេញទៅ។ ក្រោយពីចេញផុតពីតំបន់នោះ ប្រហែលជាបានមួយខែ របបខ្មែរក្រហមបានដួលរលំ៕
សម្ភាសន៍ដោយ៖ តែ ដាលិស ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

