របបខ្មែរក្រហមជារបបឃោរឃៅបំផុត
(ស្វាយរៀង)៖ អ៊ុន ណាន មានអាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ណាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែល១៣ឆ្នាំ ត្រូវបានប្រើឲ្យមើលគោ មើលក្របី ប្រមូលលាមកសត្វពាហនៈ កាប់ទន្ទ្រានខេត្ត និងធ្វើជីសម្រាប់ដំណាំកសិកម្មជាដើម។ណាន រស់នៅក្នុងកងកុមារជាមួយក្មេងដទៃទៀតឆ្ងាយពីបងប្អូន ឪពុម្តាយ។ កងកុមារមានចាស់ៗក្នុងភូមិជាអ្នកមើលការខុសត្រូវ ចំណែករបបអាហារគឺមានតែពីរវែកសម្រាប់ព្រឹកនិងល្ងាច។ ក្នុងវ័យកុមារ ណាន ក៏ដូចជាក្មេងដទៃៗទៀតដែរមិនបានទទួលការសិក្សាអប់រំទេ ព្រោះពេលនោះគ្មានសាលារៀននៅជិតកន្លែងគាត់រស់នៅ។ ណាន តែងតែស្រមៃឃើញទុក្ខលំបាកទាំងនេះក្នុងវ័យកុមារត្រូវធ្វើការងារច្រើន និងមិនបានទៅសាលា។ រឿងរ៉ាវដែលគាត់ចងចាំបំផុតក្នុងរបបខ្មែរក្រហមគឺការដែលគេនាំឪពុកយកទៅសម្លាប់ដោយគ្មានកំហុស និងបានចោទប្រកាន់ថាជាខ្មាំងប្រឆាំងនឹងអង្គការ។
អ៊ុន ណានបាននិយាយថា «របបខ្មែរក្រហមជារបបមួយសាហាវឃោរឃៅបំផុតខ្ញុំមិនដែលបានជួបប្រទះទេ ខ្ញុំឃើញការសម្លាប់មនុស្សនៅសម័យនោះគឺងាយស្រួលសម្រាប់គេ។…ប្រជាជនគ្មានកំហុសត្រូវបានចោទប្រកាន់ថាជាជនក្បត់ទោះបីគ្រាន់តែធ្វើបាក់ចបជីកមួយ ឈឺមិនអាចទៅធ្វើការងារ…ក៏ជាហេតុផលនៃការសម្លាប់ដែរ»។
ក្រោយពីគេបានសម្លាប់ឪពុករួច ណាន និងម្តាយត្រូវអង្គការតាមដាន និងរកហេតុបន្តិចបន្តួចចង់យកគាត់ទៅសម្លាប់ផ្តាច់ពូជ។ គាត់នៅចាំបានថា ខ្មែរក្រហមបានដាក់ការងារធ្ងន់ និងច្រើនៗឲ្យម្តាយរបស់គាត់ដែលជាស្ត្រីមេម៉ាយធ្វើ ដែលមានដូចជាធ្វើស្រែ ជីកទំនប់ និងលើកភ្លឺស្រែ ប៉ុន្តែដោយការភ័យខ្លាចស្លាប់ ម្តាយខំប្រឹងធ្វើការទាំងថ្ងៃទាំងយប់មិនហ៊ានសម្រាកទើបអាចសម្រេចតាមផែនការដែលគេកំណត់។
នៅចុងរបបខ្មែរក្រហម ណាន និងម្តាយដោយមិនអាចទ្រាំការងារធ្ងន់ របបអាហារមិនគ្រប់គ្រាន់ គាត់បានរត់គេចចេញពីសហករណ៍ដោយរត់ឆ្លងកាត់ព្រៃ និងវាលទៅឆ្ងាយ។ គាត់ស្គាល់ថា ជាទឹកដីខេត្តត្បូងឃ្មុំ អតីតខេត្តកំពង់ចាម។ នៅទីនោះគាត់បានជួបជាមួយអ្នកគ្រប់គ្រងចិត្តធម៌មិនបានសួរដេញដោលគាត់ច្រើន និងអនុញ្ញាតឲ្យម្តាយនិងគាត់ស្នាក់នៅ និងធ្វើការបានមួយរយៈរបបខ្មែរក្រហមក៏បានដួលរលំទៅ។
បន្ទាប់ពីឆ្នាំ១៩៧៩ ណាន បានរស់នៅខេត្តត្បូងឃ្មុំអតីតខេត្តកំពង់ចាម បានពីរឆ្នាំបន្ទាប់មកគាត់ និងម្តាយក៏ត្រឡប់មករស់នៅស្រុកកំណើតវិញប្រកបរបបធ្វើស្រែរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន ណានមានជំងឺរលាកសួត ជំងឺក្រពះពោះវៀន និងជំងឺបេះដូង ដែលបណ្តាលឲ្យគាត់ឧស្សាហ៍ហត់ថប់ដង្ហើម និងវិលមុខ។ គាត់សប្បាយរីករាយក្នុងការចែករំលែករឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់ដល់យុវជនជំនាន់ក្រោយបានដឹង ព្រោះគាត់គិតថា ប្រវត្តិសាស្រ្តនេះអាចនឹងបាត់បង់ដោយប្រការណាមួយនៅថ្ងៃខាងមុខប្រសិនបើគ្មានការចងក្រងនិងរក្សាទុកនោះទេ។ ណាន ក៏បានស្នើឲ្យយុវជនត្រូវចេះសិក្សាស្វែងយល់ប្រវត្តិសាស្រ្តដែលបានកើតឡើងក្នុងប្រទេសកម្ពុជា មិនថាតែរបបខ្មែរក្រហមប៉ុណ្ណោះទេគឺគ្រប់សម័យកាលទាំងអស់។
សម្ភាសន៍ដោយ សោម ស្រីនិច ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង