ព្រះតេជ អ៊ុន សន ៖ ប្រជាជនថ្មីដែលខ្មែរក្រហមជម្លៀសមកស្រុករំដួលត្រូវបានបញ្ជូនទៅសម្លាប់ នៅមន្ទីរសន្តិសុខកំពង់អំពិល

អាត្មាឈ្មោះ អ៊ុន សន[1] កើតនៅឆ្នាំ១៩៤៣ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ អាត្មាបួសចូលបួសលើកទី១នៅពេលសម្តេចព្រះ នរោត្តម សីហនុ ឡើងសោយរាជ្យ ហើយបួសលើកទី២នៅខែកុម្ភៈ ឆ្នាំ២០០១។ សព្វថ្ងៃអាត្មាគង់នៅវត្តកំពង់អំពិល។ អាតា្ម មានឪពុកឈ្មោះ អ៊ុក វណ្ណ និងម្តាយឈ្មោះ ឌើម សឹម។ ឪពុកម្តាយអាត្មាស្លាប់អស់ហើយ។ អាត្មាមានបងប្អូនបង្កើតចំនួន៤នាក់ គឺប្រុស៣នាក់ និងស្រីម្នាក់។ បងប្អូនរបស់អាត្មាស្លាប់អស់ហើយ គឺនៅសល់អាត្មាតែម្នាក់ប៉ុណ្ណោះ។
កាលពីកុមារ អាត្មាគឺជាសិស្សព្រះសង្ឃ និងរៀននៅវត្តកំពង់អំពិល។ ក្រោយមកអាត្មាបានបួសជាព្រះសង្ឃនៅវត្តកំពង់អំពិលតែម្តង។ អាត្មាបួសបានរយៈពេល៣វស្សាក៏ឈប់ ហើយក៏រៀបការប្រពន្ធឈ្មោះ មាស សុន មានស្រុកកំណើតនៅស្រុករមាសហែក។ បន្ទាប់ពីរៀបការរួច អាត្មាបាននាំប្រពន្ធមករស់នៅខាងស្រុកកំណើតរបស់អាត្មានៅឃុំកំពង់អំពិល ស្រុករំដួលវិញ។ ដោយសារនៅជំនាន់នោះប្រទេសនៅក្រីក្រ ដូច្នេះអាត្មា និងគ្រួសារប្រករបរធ្វើស្រែតែមួយមុខប៉ុណ្ណោះ។ នៅពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ អាត្មា និងគ្រួសារនៅប្រកបរបរធ្វើស្រែធម្មតា។ នៅពេលនោះកងកម្លាំងរំដោះខ្មែរក្រហម និងកងទ័ពវៀតកុង (វៀតណាមខាងជើង) បានចូលមកធ្វើការ និងឃោសនាអូសទាញប្រជាជនក្នុងភូមិឃុំអាត្មាដែរ។ ចំណែកកងទ័ពធីវគី (វៀតណាមខាងត្បូង) បានមកបោះទីតាំងបន្ទាយនៅកំពង់សំរោង ហើយធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកបេ៥២ មកលើភូមិអាត្មា ដើម្បី សម្លាប់កងកម្លាំងរំដោះខ្មែរក្រហម និងកងទ័ពវៀតកុង។ នៅពេលនោះអាត្មានិងគ្រួសារក៏បានរត់លាក់ខ្លួនដែរ ហើយនៅពេលស្ងប់ស្ងាត់គ្រាប់ផ្លោង និងយន្តហោះទម្លាក់គ្រាប់បែកទើបអាត្មាមករស់នៅផ្ទះនិងធ្វើស្រែធម្មតា។
នៅពេលកងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនមកពីទីក្រុងភ្នំពេញ និងតំបន់នានាក្នុងខេត្តស្វាយរៀងឱ្យមករស់នៅក្នុងស្រុករំដួល។ ប្រជាជនថ្មីដែលធ្លាប់ធ្វើប៉ូលីសឬទាហានពីសង្គមចាស់មួយចំនួន ត្រូវបានកងសន្តិសុខខ្មែរក្រហមបណ្តើរទៅកាន់មន្ទីរសន្តិសុខស្ថិតនៅវត្តទួលច្រេះ ដែលជាមន្ទីរសន្តិសុខរបស់ស្រុកសំរោង ដោយបណ្តើរក្នុងមួយលើកៗចំនួន២០ទៅ៣០នាក់រួមមានស្រី និងប្រុសលាយឡំគ្នាដើម្បីឃុំឃាំង។ ខ្មែរក្រហមបណ្តើរប្រជាជនជម្លៀសថ្មីដែលជាប់និន្នាពីសង្គមចាស់មកសួរចម្រើយ និងឃុំឃាំងនៅមន្ទីរសន្តិសុខទួលច្រេះភាគច្រើននៅពេលល្ងាច និងយកទីសួរចម្លើយនៅព្រៃតែដែលស្ថិតនៅក្បែរសន្តិសុខទួលច្រេះ។ បន្ទាប់ពីសួរចម្លើយ កងសន្តិសុខខ្មែរក្រហមបានបណ្តើរប្រជាជនថ្មីទាំងនោះទៅមន្ទីរសន្តិសុខកំពង់អំពិលដោយកុហកប្រជាជនថ្មីទាំងនោះថាពេលទៅដល់ទីនោះកងសន្តិសុខនឹងដោះលែងឱ្យរួចខ្លួនវិញ។ ពីមន្ទីរសន្តិសុខទួលច្រេះ ទៅមន្ទីរសន្តិសុខកំពង់អំពិលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ។ ពេលបណ្តើរប្រជាជនថ្មីទាំងនោះទៅមន្ទីរសន្តិសុខកំពង់អំពិលម្តងៗ គឺមានកងសន្តិសុខអាយុប្រមាណជាងដប់ឆ្នាំចំនួនពីរនាក់ ស្ពាយកាំភ្លើងដោយម្នាក់ដើរនាំមុខប្រជាជនថ្មី និងម្នាក់ដើរពីក្រោយប្រជាជនថ្មី។ កងសន្តិសុខបិទផ្លូវ និងហាមមិនឱ្យប្រជាជនមូលដ្ឋានដើរចេញចូលឡើយ ប៉ុន្តែអាត្មាមើលឃើញកងសន្តិសុខបណ្តើរប្រជាជនជនថ្មីទាំងនោះនៅចម្ងាយប្រមាណតែ១០០ម៉ែត្រពីកន្លែងអាត្មារស់នៅ។ តាមពិតកងសន្តិសុខខ្មែរក្រហមយកប្រជាជនថ្មីទាំងនោះទៅឃុំឃាំងនៅមន្ទីរសន្តិសុខកំពង់អំពិល ដោយមានប្រធានសន្តិសុខឈ្មោះ ឈុំ។ នៅពេលព្រឹក កងសន្តិសុខបញ្ជាប្រជាជនថ្មីទាំងនោះទៅជីករណ្តៅ ហើយនៅវេលាម៉ោង៣-៤រសៀល កងសន្តិសុខបានរុំមុខប្រជាជនថ្មីទាំងនោះ រួចហើយបណ្តើរទៅវាយសម្លាប់ចោល រួចកប់នៅក្នុងរណ្តៅដែលបានជីកនោះតែម្តង។ កងសន្តិសុខខ្មែរក្រហមបានវាយសម្លាប់ប្រជាជនថ្មីទាំងនោះជាមួយត្បូង និងគល់ឫស្សី នៅមន្ទីរសន្តិសុខកំពង់អំពិលយ៉ាងច្រើនក្នុងរយៈពេលមួយខែដំបូងនៃការទទួលជ័យជម្នះពីរបប លន់ នល់។
បន្ទាប់មក ខ្មែរក្រហមបានបែងចែកប្រជាជនឱ្យទៅលើកប្រព័ន្ធភ្លឺស្រែ រួមទាំងអាត្មា។ ក្រៅពីនោះ អាត្មានៅកងផលិតជីនៅក្នុងភូមិកំពង់អំពិល ដែលមានប្រធានភូមិឈ្មោះ វ៉េត។ ខ្មែរក្រហមបានចាត់តាំងឱ្យប្រជាជនធ្វើស្រែប្រវាស់ដៃ និងមកហូបបាយនៅរោងបាយរួម ប៉ុន្តែមិនបានគ្រប់គ្រាន់ឡើយ។ ដូច្នេះអាត្មាក៏លួចដំឡូងដែលដាំនៅក្នុងភូមិមកហូបបន្ថែមទៀត។ ចំណែកឪពុកម្តាយ ប្រពន្ធកូនរបស់អាត្មា បានចេញទៅធ្វើការនៅតាមកងរៀងៗខ្លួន គឺមិនបាននៅជួបជុំគ្នាឡើយ។
ក្រោយមក ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសារអាត្មា និងប្រជាជននៅក្នុងភូមិកំពង់អំពិលទៅរស់នៅខេត្តពោធិ៍សាត់។ ពេលនោះខ្ញុំបានទទួលដំណឹងមុនថា ពេលទៅដល់ខេត្តពោធិ៍សាត់ខ្មែរក្រហមនឹងសម្លាប់គ្រួសារខ្ញុំមិនខាន ដូច្នេះខ្ញុំរកមធ្យោបាយពន្យារពេលធ្វើដំណើរ។ ខ្ញុំនិងគ្រួសារដើរចេញពីភូមិកំពង់អំពិលបានមួយរយៈខ្លីក៏ឈប់សម្រាកដាំបាយហូបនៅតាមផ្លូវ តមកទើបទៅឈប់សម្រាកនៅកន្លែងមួយទៀត។ ខ្ញុំនិងគ្រួសារដើររយៈពេលកន្លះខែទើបទៅភូមិតាឡោន ក្នុងឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ ខ្ញុំភ្ជួរាស់ ដកស្ទូង និងរស់នៅភូមិតាឡោន រយៈពេលជិតមួយឆ្នាំ ទើបក្មួយរបស់អាត្មាឈ្មោះ អ៊ុក យឿន ដែលធ្វើការនៅខាងសន្តិសុខស្រុកសំរោង (ស្រុករំដួល) ទៅយកក្រុមគ្រួសារអាត្មា មករស់នៅខេត្តស្វាយរៀងវិញ។ អាត្មារស់នៅស្រុកកំណើតរហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមវាយចូលនៅខែមករា ឆ្នាំ១៩៧៩៕
អត្ថបទដោយ៖ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងជំរុញឱ្យមានការទទួលខុសត្រូវ, បទសម្ភាសន៍ ឡុង ដានី ជាមួយព្រះតេជគុណ អ៊ុក សន អាយុ៨០ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។