ចោលជីវិតនៅមន្ទីរពេទ្យ

អ៊ុង ធៀន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តកំពង់ឆ្នាំង (២០២៤)។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(កំពង់ឆ្នាំង)៖ ធាន បាននិយាយថា៖ “ប្រជាជនមានជំងឺដែលត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ គឺប្រៀបដូចជាយកជីវិតទៅចោលនៅមន្ទីរពេទ្យ ព្រោះអ្នកជំងឺទាំងអស់នោះមិនដែលឃើញវិលត្រលប់មកផ្ទះវិញឡើយ”។ អ៊ុង ធាន អាយុ៨២ឆ្នាំ កើតនៅឆ្នាំ១៩៤២ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នៅឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីសំណាក់ លន់ នល់ បានកើតមានឡើង។ នៅអំឡុងពេលនោះ ធាន បួសជាព្រះសង្ឃដើម្បីរៀនសូត្រ នៅខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧១ ធាន បានវិលត្រលប់ពីខេត្តបាត់ដំបង ទៅខេត្តកំពង់ឆ្នាំងវិញ ហើយពេលនោះនៅភូមិកំណើតរបស់គាត់ចាប់ផ្ដើមមានយោធារបស់ខ្មែរក្រហម ចូលមកនៅតាមព្រៃជាបណ្ដើរៗ។

ចាប់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៤ ធាន ប្រកបរបរធ្វើស្រែ។ នៅឆ្នាំ១៩៧៥ គាត់ត្រូវបែកចេញពីប្រពន្ធ និងកូនរបស់គាត់ ទៅធ្វើជាជាងផ្ទះនៅសាធារណការរបស់ខ្មែរក្រហម ចំណែកប្រពន្ធរបស់គាត់ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើស្រែចម្ការនៅសហករណ៍ជិតផ្ទះ។ រីឯកូនរបស់គាត់ត្រូវផ្ញើនៅមណ្ឌលកុមារ ដើម្បីឲ្យចាស់ៗនៅក្នុងភូមិជួយថែទាំ។ បន្ទាប់មកទៀត អង្គការបានជម្លៀស ធាន ទៅឃុំអញ្ចាញរូង ហើយចាត់តាំងឲ្យគាត់ លើកភ្លឺស្រែ, ភ្ជួររាស់ និងដាំដំណាំ។

ធាន បានបញ្ជាក់ថា ខ្មែរក្រហម បានជម្លៀសប្រជាជនចេញពីភូមិដោយប្រាប់ប្រជាជនថាចេញទៅត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះនឹងបានត្រលប់មកភូមិវិញ ប៉ុន្តែជាក់ស្ដែងគឺមិនមែនបែបនោះទេ។ នៅពេលធ្វើដំណើរតាមដងផ្លូវ មានការទម្លាក់គ្រាប់បែក និងការប្រយុទ្ធដោយគ្រាប់កាំភ្លើង បណ្ដាលឲ្យប្រជាជនរងរបួស និងស្លាប់អស់ជាច្រើន។ អ្នកជំងឺ និងមនុស្សចាស់ជរាដែលមិនអាចដើរបានដោយខ្លួនឯង ដំបូងត្រូវកូនចៅដាក់លើរទេះអូស ប៉ុន្តែមិនបានប៉ុន្មានត្រូវទុកចោលនៅតាមផ្លូវ ព្រោះមិនអាចជួយសង្គ្រោះបានបន្ត ដោយសាររទេះអូសខូច ឬអ្នកសែងមិនមានកម្លាំង។

ចំពោះរបបអាហារដែលប្រជាជនទទួលបាននៅក្នុងរបបខ្មែរក្រហម គឺមិនដែលគ្រប់គ្រាន់ដែលអាចឲ្យហូបឆ្អែត និងគ្មានរសជាតិឡើយ ពោលគឺមានតែបបររាវៗ គ្រាប់អង្ករតិចជាងទឹក។ នៅតំបន់មួយចំនួន អង្គការផ្ដល់ឲ្យអង្ករមួយកំប៉ុង បបរហូបគ្នាចំនួនបួននាក់ ទៅ១០នាក់ ហើយតំបន់មួយចំនួនទៀតថ្វីត្បិតតែទទួលបានបាយក៏ពិតមែន ប៉ុន្តែបានចំនួនតិច រីឯម្ហូបវិញគឺមានតែសម្លម្ជូរត្រកួន, សម្លម្ជូរដើមចេក និងសម្លម្ជូរព្រលឹតដែលស្លទាំងសំបក។

ពាក់ព័ន្ធជាមួយនឹងការព្យាបាលនៅក្នុងរបបខ្មែរក្រហម គឺមិនមានគ្រូពេទ្យជំនាញ និងថ្នាំល្អៗឡើយ មានតែថ្នាំដែលផលិតនៅក្នុងស្រុក មានរាងមូលៗ ពណ៌ខ្មៅ ដែលអ្នកភូមិតែងនិយមហៅថាថ្នាំ អាចម៍ទន្សាយ។ អ្នកជំងឺជាច្រើនដែលស្លាប់នៅមន្ទីរពេទ្យ ព្រោះតែមិនមានការថែទាំដិតដល់ពីសំណាក់គ្រូពេទ្យ ព្រមទាំងការផ្ដល់ថ្នាំមិនត្រឹមត្រូវតាមប្រភេទជំងឺ។ អ្នកស្លាប់ត្រូវសែងយកទៅកប់ចោលនៅជិតនឹងមន្ទីរពេទ្យនោះ។

នៅក្នុងរបបខ្មែរក្រហម ធាន បានបាត់បង់សមាជិកគ្រួសារចំនួនបួននាក់ មានប្រពន្ធ និងបងប្អូនរបស់គាត់ចំនួនបីនាក់។ ធាន បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យអ្នកទាំងបួននាក់នោះស្លាប់គឺ ខ្វះខាតអាហារ និងការធ្វើការងារលើសកម្លាំង។ នៅឆ្នាំ១៩៧៨ ធាន រៀបការជាមួយប្រពន្ធទីពីររបស់គាត់ តាមរយៈការរៀបចំរបស់អង្គការ៕

សម្ភាសន៍ដោយ៖ ម៉ាង ចន្រ្ទា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin