ឮថារៀនសូត្រ នឹកស្មានថារៀនអក្សរ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អង្គការខ្មែរក្រហម បានហៅឈ្មោះប្រជាជនដែលមាននៅក្នុងបញ្ជី ឲ្យតម្រង់ជួរឡើងឡាន ដើម្បីទៅរៀនសូត្រ។ កាលពីដំបូងឡើយ ប្រជាជនភាគច្រើនគិតថាអង្គការនាំគាត់ទៅរៀនអក្សរ ប៉ុន្តែជាក់ស្ដែងហៅឈ្មោះនាំយកទៅសម្លាប់។ ស្រ៊ុន ក៏មានឈ្មោះស្ថិតក្នុងបញ្ជីរបស់អង្គការដែរ ហើយបានគិតបែបនោះដូចជាប្រជាជនឯទៀតដែរ។ ស្រ៊ុន ធ្លាប់ត្រូវបានអង្គការបញ្ជូនឲ្យទៅរៀននយោបាយវគ្គខ្លី ដូច្នេះហើយ ទើបគាត់គិតថា ការហៅឈ្មោះលើកនេះ គឺមិនខុសពីពេលមុននោះទេ។  ទាំងនេះ គឺជាការរៀបរាប់របស់ អ៊ុង ស្រ៊ុន[1] ឈ្មោះបដិវត្តន៍ហៅ ធី ភេទប្រុស អាយុ៥៧ឆ្នាំ (២០០៦) មានប្រពន្ធឈ្មោះ ស៊ីណាន ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ ស្រ៊ុន មាន ឪពុកឈ្មោះ ទន់ អុង ម្ដាយឈ្មោះ ស្រ៊ាន មានបងប្អូនចំនួន៨នាក់ ក្នុងនោះមានប្រុសចំនួន៥នាក់ និងស្រីចំនួន៣នាក់។ ស្រ៊ុន រៀននៅអនុវិទ្យាល័យឫស្សីកែវ បានត្រឹមថ្នាក់ទី៧ (ចាស់)។

នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់ សមេ្ដចព្រះ នរោត្ដម សីហនុ ស្រ៊ុន ឈប់រៀននិងត្រលប់ទៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំដដែល ស្រ៊ុន បានស្ម័គ្រចិត្ដចូលបម្រើចលនាបដិវត្តន៍ តាមការអំពាវនាវរបស់សមេ្ដចព្រះ នរោត្ដម សីហនុ ឲ្យកូនចៅចូលពៃ្រម៉ាគី ដើម្បីរំដោះជាតិ។ ស្រ៊ុន បានចូលបដិវត្តន៍តាមរយៈឈ្មោះ ថន ជាគណៈភូមិភាគ៤។ នៅពេលដែលចូលបដិវត្តន៍ដំបូង អង្គការបានបញ្ជូនស្រ៊ុន ទៅហ្វឹកហាត់ក្បួនយោធានៅម្ដុំស្រែវាល ខេត្ដកំពង់ចាម។ នៅពេលធ្វើសង្គ្រាមជាមួយទាហាន លន់ នល់ ទោះបីជាខ្មែរក្រហមមានកងទ័ពវៀតណាមខាងជើងជួយ កម្លាំងខ្មែរក្រហមនៅតែស្លាប់ និងរបួសជាច្រើន ដោយសារតែពេលនោះកម្លាំងខែ្មរក្រហមគ្មានកាំភ្លើងទំនើបគ្រប់គ្រាន់ និងរថក្រោះជំនួយដូចទាហាន លន់ នល់។ ទោះបីជាយ៉ាងណាក្តី​ កម្លាំងយោធាខែ្មរក្រហម មានទឹកចិត្ដក្លាហាន បានវាយរំកិលទៅមុខជាបន្តបន្ទាប់។

នៅឆ្នាំ១៩៧៣ ចលនាខែ្មរក្រហមមានកាន់តែច្រើនឡើង ហើយពេលនោះដែរកម្លាំងវៀតណាមបានវិញត្រលប់ទៅប្រទេសខ្លួនវិញ។ នៅអំឡុងពេលនោះ ទាហានរបស់ លន់ នល់ មានទាំងទ័ពថ្មើរជើងនិងទ័ពអាកាស ហើយបានទម្លាក់គ្រាប់បែកតាមពៃ្រនិងនៅតាមជាយៗភូមិ ធ្វើឲ្យប្រជាជនមានការភ័យខ្លាចជារៀងរាល់ថៃ្ង។ ស្រ៊ុន ត្រូវបានអង្គការចាត់តាំងឲ្យទៅកាន់កងពលទី១ ដែលមានប្រធានកងពលឈ្មោះ អឿន[2]

នៅឆ្នាំ១៩៧៥ អង្គភាពរបស់ ស្រ៊ុន បានវាយចូលដល់ទីក្រុងភ្នំពេញ។ ស្រ៊ុន ត្រូវបានអង្គការបញ្ជាឲ្យស្រែកប្រកាសតាមរយៈឧគ្ឃោសនសព្ទ ប្រាប់ឲ្យប្រជាជនចេញពីទីក្រុងក្នុងរយៈពេលបីថៃ្ង។ ភ្លាមៗនោះប្រជាជនបាននាំសមាជិកគ្រួសារប្រជ្រៀតគ្នាចាកចេញពីទីក្រុង ទៅរកសាច់ញាតិនៅតាមទីជនបទ។ ចលនាជម្លៀសចេញពីទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រព្រឹត្តទៅក្នុងស្ថានភាពចលាចល គួរឲ្យភ័យខ្លាច និងដោយបង្ខំ។ ប្រជាជន ត្រូវបានប្រាប់ឲ្យធ្វើដំណើរចេញពីផ្ទះសម្បែងរបស់ខ្លួនដោយគ្មានការលើកលែង។[3] ថ្វីត្បិតតែទីក្រុងភ្នំពេញមានភាពស្ងាត់ជ្រងំក៏ពិតមែន នេះមិនមែនមានន័យថាគ្មានប្រជាជននៅនោះទេ។ អំឡុងពេលដែលកងទ័ពខ្មែរក្រហមបង្ខំប្រជាជនឲ្យចេញពីទីក្រុងភ្នំពេញ នៅមានប្រជាជន ទាហាន និងមន្រ្តីរដ្ឋការរបបសាធារណរដ្ឋខ្មែរមួយចំនួនបានស៊ូទ្រាំលាក់ខ្លួននៅក្នុងផ្ទះ។ ប្រជាជនខ្លះទៀត បានសម្ងំនៅក្នុងផ្ទះរបស់ខ្លួន រហូតដល់បាត់បង់ជីវិត។[4] បន្ទាប់មកអង្គភាពរបស់ ស្រ៊ុន ស្នាក់នៅម្ដុំវត្ដភ្នំ ហើយក្រោយមកទៀត អង្គការបានរៀបចំកម្លាំងមួយចំនួនឲ្យការពារទីក្រុង និងមួយចំនួនទៀតចាត់តាំងឲ្យទៅការពារតាមព្រំដែនវៀតណាម។ ក្រោយឆ្នាំ១៩៧៥ កងពលទី១ បានផ្លាស់ទៅជាកងពល ៣១០វិញ ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អឿន ដដែរ។ ស្រ៊ុន ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើស្រែនៅបឹងបាយ៉ាប, អន្លង់ក្ងាន និងនៅតំបន់ជាយក្រុងផ្សេងទៀត។ យោធាដែលធ្វើការងារនៅទីកន្លែងទាំងអស់នោះ មិនដែលទទួលបានអាហារហូបចុកគ្រប់គ្រាន់នោះទេ ម្យ៉ាងវិញទៀតគ្មានពេលវេលាសម្រាក មិនសូវបានត្រលប់ទៅស្រុកកំណើតជួបជាមួយឪពុកម្ដាយ និងបងប្អូនទេ។

នៅឆ្នាំ១៩៧៧ មានរឿងរ៉ាវជាច្រើនកើតឡើង។ ប្រធានកងពលឈ្មោះ អឿន និងលេខាភូមិភាគឧត្ដរឈ្មោះ កុយ ធួន[5] ត្រូវអង្គការចាប់ខ្លួន។ ពេលនោះ កម្លាំងយោធានៅក្នុងកងពល៣១០ទាំងអស់ សុទ្ធតែជាប់និន្នាការនយោបាយ រង់ចាំតែអង្គការចាប់ខ្លួន។  នៅពេលដែលអង្គការហៅឈ្មោះតម្រង់ជួរត្រៀមឡើងឡានដែលខ្មែរក្រហមរៀបចំសម្រាប់ដឹកជញ្ជូនឲ្យទៅធ្វើការងារនៅការដ្ឋានព្រលានយន្ដហោះ ក្នុងខេត្ដកំពង់ឆ្នាំង ស្រ៊ុន បានគិតថាអង្គការនាំកម្លាំងទាំងអស់ទៅរៀនអក្សរ ដោយសារតែពេលនោះអង្គការបានប្រាប់ថា អ្នកដែលមានឈ្មោះទាំងប៉ុន្មាននោះគឺទៅរៀនសូត្រ។ ជាក់ស្ដែងគឺមិនមែនបែបនោះឡើយ ប្រជាជនទាំងអស់នោះគឺនាំយកទៅលុតដំខ្លួន នឹងត្រៀមសម្លាប់។ ស្រ៊ុន បានសង្កេតឃើញថានៅទីនោះមានជនជាតិចិន[6]ជាច្រើននាក់ ធ្វើជាមេការនៅការដ្ឋានព្រលានយន្ដហោះនោះ។ ស្រ៊ុន បានបញ្ជាក់បន្ថែមថាព្រលានយន្ដហោះនៅខេត្ដកំពង់ឆ្នាំង មានមនុស្សរាប់ម៉ឺននាក់ ដែលធ្វើការនៅទីនោះ ហើយក៏មានមនុស្សជាច្រើនដែរ ដែលធ្លាក់ខ្លួនឈឺ និងបាត់បង់ជីវិតដោយសារខ្វះអាហារហូបចុក ព្រមទាំងការចាប់យកទៅសម្លាប់ពីសំណាក់អង្គការ។

ដោយសារតែមានការវាយប្រហារពីសំណាក់ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ស្រ៊ុន បានរត់ចូលពៃ្រទៅដល់ស្រុកអមលាំង។ ស្រ៊ុន បានឃើញយោធារបស់ភូមិភាគនិរតី[7]ចូលមកគ្រប់គ្រងភូមិភាគបូព៌ា[8] ព្រមទាំងបានសម្លាប់យោធា និងប្រជាជនយ៉ាងច្រើន។ ជាសំណាងល្អ ស្រ៊ុន បានរត់រួចខ្លួន ហើយបន្តរត់គេចជាមួយយោធាជាច្រើនទៀតរហូតទៅដល់ខេត្ដបាត់ដំបង។ ស្រ៊ុន បន្ដរស់នៅក្នុងពៃ្ររហូតដល់ឆ្នាំ១៩៨១ ទើបគាត់សមេ្រចចិត្ដត្រលប់មកស្រុកកំណើតវិញ៕

អត្ថបទដោយ នេន ស្រីមុំ


[1] ឯកសារលេខ KRI0024, អ៊ុង ស្រ៊ុន ហៅ ធី បទសម្ភាសដោយ សុខ វណ្ណៈ, នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៦, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឯកសារលេខ D25545, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, អឿន មានឈ្មោះដើម ស្បូវ ហ៊ីម ជាលេខាកងពល៣១០  អឿន មានស្រុកកំណើតនៅភូមិកន្លែងរមាស ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។ អឿន មានប្រពន្ធឈ្មោះ ព្រំ ញ៉ ហៅ វៀន មានកូនចំនួន៣នាក់ (ស្រីម្នាក់)។ អឿន មានឪពុកឈ្មោះ ស្បូវ កេត និងម្ដាយឈ្មោះ ឡោ យ៉ាន។ អឿន ត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៧។

[3] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០), ទំព័រ ១៥។

[4] ហ៊ុយ វណ្ណៈ, កងពលខ្មែរក្រហមលេខ៧០៣៖ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង,  (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០០៣) ទំព័រ ៤៣។​

[5] ឯកសារលេខ J00918, កុយ ធួន ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ កុយ ធួន ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួននៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៧។

[6] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០), ទំព័រ ៥៤ “ជនជាតិភាគតិចចិន៖ សមាជិកនៃសហគមន៍នេះ ដែលជាអ្នកជំនួញ និងជាសហគ្រិនក្រុមហ៊ុន ក៏ត្រូវបានបង្ខំឲ្យធ្វើដំណើរទៅកាន់ទីជនបទដើម្បីធ្វើការងារកសិកម្មដែរ។ ជនជាតិភាគតិចចិនត្រូវខ្មែរក្រហមប្រព្រឹត្តមកលើជនជាតិចិនយ៉ាងឃោរឃៅ នៅពេលដែលអ្នកទាំងនេះមិនអាចទ្រាំនឹងការលំបាកបាន។ ប៉ុន្តែជនជាតិចិនមិនត្រូវបានសម្រាំងជ្រើសរើសយកទៅសម្លាប់ចោលទេ។”

[7] ដូចឯកសារខាងលើ, ទំព័រ ៣៤ “ភូមិភាគនិរតី (ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅ តាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល, ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី, និងស្រុកប្រាំក្នុងខេត្តកណ្ដាល គឺស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជាបួនតំបន់គឺ៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។”

[8] ស្ទួន, ទំព័រ ៣៣ “ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល, ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់, ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកបីក្នុងខេត្តកណ្ដាល រួមមានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជាប្រាំតំបន់ រួមមាន៖ តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។”

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin