សាច់ញាតិស្លាប់ដោយសារតែជាកងទ័ពក្នុងរបប លន់ នល់ និងខ្មែរក្រហម
(ព្រៃវែង)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់និយាយថា សង្គ្រាមបានសម្លាប់ បង៣នាក់ ឪពុក និងប្តី របស់គាត់ ដោយសារតែ បងៗ និងឪពុកជាអតីតទាហាន លន់ នល់ ចំណែកប្តីជាពេទ្យយោធាខ្មែរក្រហម។
សង្គ្រាមបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេស និងបន្សល់ទុកនូវទុក្ខសោកព្រមទាំងសេចក្តីព្រាត់ប្រាសសាច់ញាតិគ្រួសារ។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់ អុត អូត អាយុ៧០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងរបបខ្មែរក្រហមស្ថានភាពរស់នៅរបស់ អូត មានការលំបាកជាងប្រជាជនដទៃទៀតដោយសារតែ ជាសមាជិកគ្រួសារនៃទាហាន លន់ នល់។ អូត និយាយថា ទាំងការរស់នៅ និងធ្វើការសមាជិកគ្រួសារគាត់ត្រូវប្រុងប្រយ័ត្នជានិច្ចមិនហ៊ានឲ្យឈ្លបខ្មែរក្រហមទាស់ចិត្តទេ ព្រោះគ្រួសារគាត់មានប្រវត្តិជាប់និន្នាការនឹងរបបចាស់។
នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ អូត រស់នៅភូមិព្រៃខ្លាដែលជាភូមិកំណើត។ គាត់មិនទទួលបានការសិក្សាអប់រំច្រើនទេ ពោលគឺបានឈប់រៀនត្រឹមថ្នាក់បឋមសិក្សា។ គាត់មានបងប្អូន៨នាក់។ នៅឆ្នាំ១៩៧១ ក្នុងភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក ។ គាត់ និងគ្រួសារបានរត់គេចទៅរស់នៅតាមព្រៃ និងវាលស្រែនៅភូមិផ្សេងដោយផ្លាស់ពីមួយកន្លែងទៅមួយកន្លែង។ នៅឆ្នាំ១៩៧៤ បងប្រុសរបស់គាត់៣នាក់ ដែលជាទាហាន លន់ នល់ បានស្លាប់ពេលប្រយុទ្ធគ្នាជាមួយចលនាកម្លាំងយោធាខ្មែរក្រហម នៅក្នុងឃុំព្រៃកណ្តៀង។ នៅឆ្នាំ១៩៧៥ ឪពុក របស់ អូត ដែលជាទាហាន លន់ នល់ បានស្លាប់ នៅខេត្តព្រៃវែងក្នុងសមរភូមិប្រយុទ្ធគ្នាជាមួយចលនាកម្លាំងខ្មែរក្រហម។
នៅខែមេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះទាំងស្រុងលើរបប លន់ នល់។ អូត និងគ្រួសារបានមករស់នៅស្រុកកំណើតនៅភូមិព្រៃខ្លាវិញ។ ពេលមកដល់ផ្ទះ គាត់ និងគ្រួសារមិនអាចរស់នៅជួបជុំគ្នាបានទេ ដោយអង្គការតម្រូវឲ្យ អូត និងគ្រួសារទៅរស់នៅរួមតាមសហករណ៍ផ្សេងៗក្នុងភូមិជាមួយនឹងប្រជាជនមូលដ្ឋាន និងប្រជាជនជម្លៀសមកភ្នំពេញ «ប្រជាជន១៧មេសា» ជាច្រើនរយគ្រួសារផ្សេងទៀត។ អូត ត្រូវទៅធ្វើការនៅក្នុងរោងតម្បាញក្រមា របស់សហករណ៍ព្រៃកណ្តៀង។ នាពេលនោះ អង្គការចាប់ផ្តើមឲ្យប្រជាជនហូបរួមគ្នា ដោយប្រធានរោងបាយជាអ្នកបែងចែករបបបាយប្រចាំថ្ងៃ។ ពីដំបូង នៅសហករណ៍មានអង្ករគ្រប់គ្រាន់ ប្រជាជនរួមទាំង អូត អាចទទួលបានរបបបាយ ប៉ុន្តែក្រោយៗមក អង្ករចេះតែថយទៅៗ ប្រជាជនត្រូវហូបបបរលាយជាមួយបន្លែជំនួសវិញហើយរបបក៏ទទួលបានតិចជាងមុនដែរ។ ការខ្វះខាតអាហារនេះនាំឲ្យប្រជាជនមួយចំនួនបានធ្លាក់ខ្លួនឈឺ និងស្លាប់ ចំណែកមួយចំនួនទៀតបានទៅលួចបេះដំណាំសមូហភាពរបស់អង្គការហូបនាំឲ្យមានការចាប់ខ្លួនយកទៅរៀនសូត្រ និងសម្លាប់ចោលជាបន្តបន្ទាប់
ក្រោយពីធ្វើការជាអ្នកត្បាញក្រមា បានមួយរយៈ អូត ត្រូវបានផ្លាស់ប្តូរការងារឲ្យទៅធ្វើជាកងចល័តវិញម្តង។ គាត់ត្រូវទៅជីកទំនប់ និងលើកប្រឡាយនៅ «តំបន់ស្នេហ៍» ឆ្ងាយពីស្រុកកំណើត។ អូត និយាយថា នៅទីនោះរបបអាហារមានការខ្វះខាតខ្លាំងជាងនៅស្រុកកំណើត។ គាត់ និងអ្នកនៅក្នុងកងចល័តជាមួយគ្នា អាចមានជីវិតរស់មកដល់សព្វថ្ងៃដោយសារតែបានលួចបេះផ្លែខ្វិតហូបលាយជាមួយស្លឹកម្ទេស ដោយសារតែនៅពេលនោះគ្មានអំបិល។ អូត និងនារីកងចល័តត្រូវទៅធ្វើការជីក និងរែកដី តាំងពីព្រឹក រហូតដល់យប់ទើបបានសម្រាក និងនៅពេលយប់ដែលអង្គការហៅថា “ម៉ោងសង្គមនិយម” គាត់ត្រូវបោកបែនស្រូវបន្ថែម។
នៅចុងឆ្នាំ១៩៧៦ នៅភូមិព្រៃខ្លា អូត ធ្លាប់ឃើញឈ្លបឃុំ ប្រកាសឲ្យប្រជាជនជម្លៀសមកពីភ្នំពេញទៅធ្វើប្រវត្តិរូប។ ក្រោយធ្វើប្រវត្តិរូបរួច«ប្រជាជន១៧មេសា» ជាច្រើនដែលធ្លាប់ជាមន្រ្តីរាជការ គ្រូបង្រៀន និងគ្រួសារទាហាន លន់ នល់ ត្រូវបាននាំយកទៅសម្លាប់ចោល។
នៅឆ្នាំ១៩៧៧ អង្គការបានបង្ខំឲ្យគាត់រៀបការជាមួយពេទ្យយោធាខ្មែរក្រហម។ ការរៀបការមានចំនួន១៩គូ ធ្វើឡើងនៅរោងបាយរួមសហករណ៍។ ពិធីធ្វើឡើងនៅពេលល្ងាចបន្ទាប់ពី អូត ត្រលប់មកពីជីក និងរែកដីនៅ «តំបន់ស្នេហ៍» ក្រោមការរៀបចំរបស់អ្នកគ្រប់គ្រងសហករណ៍ មិនមានសាច់ញាតិរបស់ អូត និង ប្តីបានចូលរួមទេ។ បន្ទាប់ពីរៀបការរួច អូត មានផ្ទៃពោះ និងសម្រាលបានកូនស្រីម្នាក់ ប៉ុន្តែជាអកុសលកូនបានស្លាប់ដោយសារតែជំងឺរាគ គួបផ្សំគាត់គ្មានទឹកដោះគ្រប់គ្រាន់ដើម្បីចិញ្ចឹមកូន។ ចំណែកប្តីរបស់ អូត ត្រូវបានអង្គការចាត់ឲ្យទៅធ្វើការងារនៅសមរភូមិឆ្ងាយៗ ក្នុងនាមជាទេព្យយោធាខ្មែរក្រហម។ បន្ទាប់ពីកូនស្លាប់ អូត ទទួលដំណឹងថាអង្គការបានសម្លាប់ប្តីគាត់ដោយចោទប្រកាន់ថាបានក្បត់នឹង «អង្គការ»។ អូត បន្តធ្វើការក្នុងកងចល័ត ដូចជា ជីកទំនប់ លើកប្រឡាយ ច្រូតស្រូវ និងរកអុស ក្នុងនាមជាស្រ្តីមេម៉ាយដែលមានប្តីជាជនក្បត់នឹង «អង្គការ»។ គាត់ត្រូវបានអង្គការតាមដាន និងបង្ខំឲ្យធ្វើការងារច្រើនជាងមុនទ្វេដងដើម្បីលុតដំ។
អូត បានតស៊ូការលំបាកប្រឹងប្រែងធ្វើការគ្រប់បែបយ៉ាងដើម្បីមានជីវិតរស់ឆ្លងផុតពីរបបដ៏ព្រៃផ្សៃនេះ។ នៅខែមករា ឆ្នាំ១៩៧៩ នៅតំបន់ដែល អូត រស់នៅមានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានចូលមកផ្តួលរលំរបបខ្មែរក្រហម។ គាត់ និងគ្រួសារក៏មានសេរីភាពអាចត្រឡប់មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។
ក្រោយខែមករា ឆ្នាំ១៩៧៩ អូត បានរៀបការម្តងទៀត និងមានកូន៣នាក់ កូន២នាក់បានស្លាប់ដោយសារជំងឺ។ដោយសារតែវ័យចំណាស់ និងធ្លាប់ធ្វើការងារធ្ងន់ក្នុងរបបខ្មែរក្រហម អូត មានជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង និងជំងឺឈឺចង្កេះជាប្រចាំ។ គាត់បានស្នើឲ្យយុវជនជំនាន់ក្រោយត្រូវសិក្សាឈ្វេងយល់ពីអំពើឃោរឃៅក្នុងរបបខ្មែរក្រហមដើម្បីចូលរួមទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍នេះកើតមានឡើងម្តងទៀតលើទឹកដីកម្ពុជានាពេលអនាគត។
សម្ភាសន៍ដោយ ថន ធារ៉ា ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤