អតីតអ្នកទោសនៅមន្ទីរសន្តិសុខតាដួង (វត្តប្រាសាទវត្ដី)

ខ្ញុំឈ្មោះ អ៊ុត យាម[1] កើតនៅឆ្នាំ១៩៥៨ នៅភូមិព្រែកត្នោតលើ ឃុំព្រែកត្នោតលើ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៥នាក់។ ខ្ញុំសិក្សារៀនសូត្រដល់ថ្នាក់ទី១១ចាស់នៅសាលាបឋមសិក្សាព្រែកត្នោតលើ ដែលស្ថិតនៅក្នុងភូមិកំណើតរបស់ខ្ញុំ។ ដោយសារតែមានជីវភាពក្រីក្រ ខ្ញុំសម្រេចចិត្តឈប់រៀនដើម្បីជួយការងារស្រែចម្ការឪពុកម្ដាយ។ ខ្ញុំធ្វើស្រែចំការ រហូតដល់រដ្ឋប្រហារលន់ នល់ កើតឡើង។ នៅពេលនោះ អ្នកភូមិជាច្រើនចូលរួមការធ្វើបាតុកម្មដង្ហែឡើងទៅភ្នំពេញ។ មិនយូរប៉ុន្មាន កងទ័ពរំដោះខ្មែរក្រហមចូលមកក្នុងភូមិព្រែកដំបូកក្រោម និងស្នាក់អាស្រ័យនៅក្រោមផ្ទះរបស់អ្នកភូមិ។
ចន្លោះពីឆ្នាំ១៩៧១និងឆ្នាំ១៩៧២ ខ្ញុំស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ និងធ្វើកងឈ្លបភូមិ។ ខ្ញុំទទួលបានការហ្វឹកហាត់ក្បួនកងទ័ព និងបំពាក់អាវុធ។ ខណៈពេលដែលសង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមកាន់តែផ្ទុះខ្លាំងឡើងនៅឆ្នាំ១៩៧៣ ខ្មែរក្រហមបញ្ជូនខ្ញុំចូលធ្វើជាកងទ័ពដើម្បីទៅវាយនៅសមរភូមិព្រែកតាមិន។ បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ជូនទៅវាយនៅសមរភូមិព្រះប្រសប់ រហូតដល់ព្រែកតាម៉ាក។ នៅក្នុងសមរភូមិព្រះប្រសប់ កងទ័ពរំដោះខ្មែរក្រហម បើកការវាយប្រហារទៅលើទាហានរថក្រោះលន់ នល់ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៦ទៀបភ្លឺ។ កងពលរបស់ខ្ញុំ ដែលមានកងទ័ពរំដោះប្រហែលចំនួន១០០នាក់ វាយឆ្មក់កងរថក្រោះទាហានលន់ នល់ ចំនួន៤គ្រឿង។
នៅឆ្នាំ១៩៧៤ ខ្ញុំត្រូវបានបញ្ជូនទៅវាយនៅព្រែកអំពិលដែលជាបន្ទាយឈរជើងទាហានលន់ នល់។ សមរភូមិនៅបន្ទាយអំពិលគឺមានរយៈពេលកន្លះខែ។ នៅពេលនោះ កងអនុសេនាធំខ្ញុំ ដឹកនាំដោយសមមិត្ត ធី។ ក្នុងអំឡុងពេលកំពុងវាយបុកចូលបន្ទាយទាហានលន់ នល់ ខ្ញុំរងរបួសចំជើងឆ្វេង និងមកព្យាបាលនៅស្រុកស្រីសន្ធរ។ បន្ទាប់ពីសម្រាកព្យាបាលបានធូរស្រាលច្រើន ខ្ញុំត្រូវបានផ្លាស់មកមន្ទីរពិការស្រុកស្រីសន្ធរ នៅពេលនោះកងទ័ពរំដោះខ្មែរក្រហមបានរំដោះទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ ខ្ញុំធ្វើការនៅក្នុងមន្ទីរស្រុក ក្នុងកងកសិកម្ម ដើម្បីភ្ជួរដីដាំអំពៅ និងស្រូវ នៅក្នុងភូមិព្រែកដំបូកក្រោម រហូតដល់ឆ្នាំ១៩៧៦។
នៅឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកគ្រប់គ្រង និងចាប់ផ្ដើមចាប់ខ្លួនអ្នកភូមិយកទៅសម្លាប់នៅក្នុងវត្តប្រាសាទវដ្ដី។ នៅថ្ងែមួយក្នុងឆ្នាំ១៩៧៧ដដែល ខ្ញុំក៏ត្រូវបានកងទ័ពខ្មែរក្រហមភូមិភាគនិរតីចាប់ចងយកទៅសួរនាំប្រវតិ្តនៅមន្ទីរសន្តិសុខតាដួង (វត្តប្រាសាទវដ្ដី)។ នៅពេលនោះ អ្នកភូមិចំនួន៩០នាក់ត្រូវបានចាប់ឃុំឃាំង។ បន្ទាប់មក កងទ័ពវ័យក្មេងខ្មែរក្រហមមកពីភូមិភាគនិរតីសួរចម្លើយខ្ញុំ។ ខ្ញុំឆ្លើយប្រកែកថា ខ្ញុំគ្រាន់តែធ្វើការនៅកន្លែងផលិតពាងតែប៉ុណ្ណោះ។ ក្នុងចំណោមអ្នកទោសចំនួន៩០នាក់ គឺមានតែ៣នាក់តែប៉ុណ្ណោះរួមទាំងរូបខ្ញុំ ត្រូវបានដោះលែង។ ចំណែកអ្នកផ្សេងទៀតត្រូវបានយកទៅសម្លាប់យ៉ាងព្រៃផ្សៃនៅព្រៃក្រាស់ក្នុងបរិវេណវត្ត។ តាមអ្វីដែលខ្ញុំដឹង ប្រជាជន១៧មេសា អតីតយោធា កងចល័តមូលដ្ឋាន និងអ្នកជាប់ពាក់ព័ន្ធ ត្រូវបានចាប់បញ្ចូនសម្លាប់នៅក្នុងមន្ទីរសន្តិសុខតាដួងនេះ។
នៅឆ្នាំ១៩៧៨ ខ្ញុំធ្វើស្រែនៅក្នុងភូមិរហូតដល់កងទ័ពរណសិរ្សចូលមករំដោះប្រជាជននៅចុងឆ្នាំ១៩៧៨។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំប្រកបមុខរបបធ្វើស្រែចម្ការនៅទីនេះ រហូតដល់បច្ចុប្បន្ន៕
ដោយ ស៊ាង ចិន្ដា
[1] អ៊ុត យាម, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសន៍ដោយ ស៊ាង ចិន្ដា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅឆ្នាំ២០២២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា