សម្ល និងបាយមួយកូនឆ្នាំង ហូបគ្នាបួននាក់

អ៊ុយ អៀត រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

(ខេត្តព្រៃវែង) អ៊ុយ អៀត មានអាយុ៧១ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឪពុករបស់អៀត  ឈ្មោះ អ៊ុយ ប៉ាត់ និងម្ដាយឈ្មោះ នូ ស៊ុន។ អៀត បានរៀបការជាមួយប្ដីឈ្មោះប៊ុត ឈឿន និងមានកូនប្រុស-ស្រីចំនួនប្រាំនាក់។ សព្វថ្ងៃ អៀត រស់នៅភូមិពាយនាយជាមួយប្តី និងចៅម្នាក់អាយុ​ដប់ឆ្នាំ។

អៀត បានរៀបរាប់រឿងរ៉ាវដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមថា នៅពេលនោះ ការរស់នៅមានស្ថានភាពពិបាកខ្លាំង ព្រោះកងឈ្លបខ្មែរក្រហមបង្ខំឲ្យប្រជាជន​ធ្វើការគ្មានពេលសម្រាក និងហូបអាហារ​មិនគ្រប់គ្រាន់។ អង្គការបានប្រើ អៀត ឲ្យទៅ​បុក​ស្រូវ​​សម្រាប់ផ្គត់ផ្គង់សហករណ៍រោងបាយ ហើយពេលរដូវវស្សាគាត់ត្រូវទៅស្ទូងស្រូវតាំងពីម៉ោង៥ ឬ ៦ ព្រឹករហូតដល់យប់ជ្រៅ (សម្រាកមួយម៉ោងពេលហូបបាយថ្ងៃត្រង់)។ ក្រៅពីការងារនេះ អៀត ក៏ត្រូវ​ជីក និងស្តារទឹកស្រះដែរ។ កាលនោះ អៀត មិនត្រូវបានអង្គការចល័តឲ្យទៅធ្វើការឆ្ងាយទេ គឺនៅតែតំបន់ជិតៗភូមិប៉ុណ្ណោះ។ អៀត បានរស់នៅជួបជុំជាមួយប្តី និងកូនៗ លើកលែងតែឪពុករបស់គាត់ដែលត្រូវបានកងឈ្លបចាប់ដាក់គុក រហូតដល់របបខ្មែរក្រហមដួលរលំទើបត្រូវបានដោះលែង។

របបអាហារប្រចាំថ្ងៃក្នុងកងស្ទូងនៅ​រដូវវស្សាគឺទទួលបានបាយ និងសម្លមួយកូនឆ្នាំងសម្រាប់កងចល័តនារីបួននាក់។ ចំណែកនៅរដូវប្រាំងរបបអង្ករ​កាន់តែថយចុះទៅៗជាលំដាប់ ហើយប្រជាជនត្រូវប្តូរពីហូបបាយ ទៅជាហូបបបរវិញ។

នៅចុងឆ្នាំ១៩៧៨ អៀត និងគ្រួសារ ព្រមទាំងប្រជាជនក្នុងភូមិត្រូវបានកងឈ្លបខ្មែរក្រហមជម្លៀសចេញពីភូមិទៅខេត្តភាគខាងលិច។ អៀត និយាយថា នៅពេលជម្លៀស គឺមានយោធាកាន់កាំភ្លើងចាំបញ្ជាឲ្យប្រជាជនដើរទៅមុខ ហើយនៅពេលធ្វើដំណើរគាត់បានឃើញទ្រព្យសម្បត្តិមានតម្លៃជាច្រើនក្នុងអន្លង់ ដែលខ្មែរក្រហមវាយសម្លាប់មនុស្ស ប៉ុន្តែគាត់មិនហ៊ានរើសរក្សាទុកទេ ព្រោះខ្លាច​យោធាដែលនៅយាមឃើញ។ នៅពេលជម្លៀស អៀត បានជួបប្រទះទុក្ខលំបាកដោយសារតែគ្មានអង្ករបរិភោគ ហើយគាត់ត្រូវបេះស្លឹកឈើ និងបន្លែតាមផ្លូវ ព្រមទាំងបានសុំអំបិលប្រជាជនហូបជាមួយអ្វីដែល​គាត់រកបាន ដើម្បី​បំបាត់ភាពស្រេកឃ្លាន។ ក្រោយស្នាក់នៅដីក្រហមក្បែរតំបន់អ្នកលឿងបានរយៈពេលពីរថ្ងៃ អៀត និងគ្រួសារបានធ្វើដំណើរត្រលប់មកស្រុកកំណើតវិញ ព្រោះរបបខ្មែរក្រហមត្រូវបានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ផ្តួលរំលំ។

បច្ចុប្បន្ន អៀត មានជំងឺឈឺជើង និងជំងឺសួត​ ហើយគាត់តែងតែក្អក និងមានភាព​ហេវហត់គ្មានកម្លាំង៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin