អ៊ុយ ឃាង ៖ អ្នកបកប្រែមន្ទីរសេនាធិការ ៦២ «ខ» ផ្នែករថក្រោះ

ឯកសារលេខ J០០៨២២  តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ឈ្មោះ អ៊ុយ ឃាង » សរសេរវាយអង្គុលេខចំនួន៣៤ទំព័រ។

ខ្ញុំឈ្មោះ អ៊ុយ ឃាង ឈ្មោះ បដិវត្តន៍ អ៊ុយ ផល[1] ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ (ឆ្នាំ១៩៧៧)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិព្រែកខ្វេះ ឃុំព្រែកដំបង ស្រុកមុខកំពូល តំបន់២២ ភូមិភាគបូព៌ា(២០៣)។ ឪពុកខ្ញុំឈ្មោះ អ៊ុយ និង ម្ដាយឈ្មោះ ឆេង យ៉េត។ ម្ដាយខ្ញុំមានមុខរបរលក់ដូរបន្តិចបន្តូច និងធ្វើចម្ការ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ គឺប្រុស៧នាក់ និងស្រី១នាក់។

ខ្ញុំចូលបដិវត្តន៍ដំបូងខ្ញុំទាក់ទងប្រធានភូមិមាន់ដប់ គាត់រស់នៅ ឃុំមានជ័យ ស្រុកស្រីសន្ធរ តំបន់២២ ហើយខ្ញុំមិនស្គាល់ឈ្មោះរបស់គាត់ទេ។ មេភូមិមាន់ដប់ បាននាំខ្ញុំចូលអង្គភាពវៀតណាម គឺជានីរសារយកការណ៍ពីតំបន់ខ្មាំង។ ខ្ញុំនៅជាមួយវៀតណាមបានរយៈពេលចំនួន៥ខែ ស្ថិតក្រោមការដឹកនាំឈ្មោះ ណាំគ្រឿង និងណាំប៉ិច គឺជាប្រធាននីរសារ។ ក្រោយមកខ្ញុំមកនៅមន្ទីរអប់រំ អនិកជន តំបន់២២ ភូមិភាគបូព៌ា ក្រោមការដឹកនាំរបស់ឈ្មោះ ធាន ជុ ជាប្រធានអនិកជនតំបន់២២​។

នៅឆ្នាំ១៩៧៤ ខ្ញុំផ្លាស់មកមន្ទីរសន្តិសុខ តំបន់២២ ភូមិភាគបូព៌ា ស្ថិតក្រោមការដឹកនាំរបស់ ឈ្មោះ សុន គឺជាប្រធានមន្ទីរសន្តិសុខតំបន់ ដែលមានទីតាំងនៅភូមិព្រែកខ្វេះ ឃុំព្រែកដំបង ស្រុកមុខកំពូល តំបន់២២។ សុន អូសទាញគោលជំហររបស់ខ្ញុំឱ្យក្បត់អង្គការបដិវត្តន៍តាមគ្រប់រូបភាព និងខ្សែចង្វាក់ចាត់តាំងទាក់ទងគ្នាជាបន្តបន្ទាប់។ ក្នុងពេលខ្ញុំរស់នៅក្នុងមន្ទីរសន្តិសុខខ្ញុំគឺជាកងការពារជុំវិញមន្ទីរនិងមានភារកិច្ច ដាំបន្លែសម្រាប់ឧបត្ថម្ភមន្ទីរសន្តិសុខទាំងមូល។ នៅថ្ងៃមួយខ្ញុំកំពុងស្រោចទឹកបន្លែ ខ្ញុំបានឃើញបង សុន ដើរទៅមើលចម្ការនោះដែរ។ ក្រោយមកបង សុន ដើរមើលចម្ការបានបន្តិច ក៏ហៅខ្ញុំទៅជិតគាត់រួចសួរនាំខ្ញុំអំពីការដាំបន្លែ និងការផ្គត់ផ្ដង់ទៅមន្ទីរ រួចគាត់ក៏ត្រឡប់ទៅវិញ។ រយៈពេល១០ថ្ងៃ ក្រោយមក បងសុន បានហៅខ្ញុំទៅជួបម្ដងទៀតនៅមន្ទីររបស់គាត់។ សុន និយាយអំពីសភាពការណ៍បដិវត្តន៍កម្ពុជា​ឱ្យខ្ញុំស្ដាប់។ គាត់ថាបដិវត្តន៍ក្នុងប្រទេសយើងមានភាពច្របូកច្របល់ខ្លាំងណាស់ មានអង្គភាពរណសិរ្ស អង្គការខ្មែរក្រហម អង្គការខ្មែរស។ ប្រសិនជាថ្ងៃមុខយើងវាយឈ្នះចក្រពត្តិអាមេរិក​យើងនៅបង្ហូរឈាមគ្នាឯងម្ដងទៀតរវាងខ្មែរ និងខ្មែរ។ សុន បានសួរខ្ញុំបន្ថែម​ ចុះបញ្ហានេះមិត្តយល់យ៉ាងណា? ខ្ញុំប្រាប់ សុន ថាខ្ញុំមិនសូវយល់ទេមិនដឹងខាងណាខុស និងខាងណាត្រូវទេ។ សុន និយាយបន្ត បច្ចុប្បន្នប្រទេសយើងមានការជិតស្និទ្ធជាមួយប្រទេសចំនួន៣ គឺវៀតណាម ចិន និងឡាវ។ ប៉ុន្តែជាមួយវៀតណាម បើមានការ​អ្វីយើងអាចជួយគ្នាបានទៅវិញទៅមក ចំណែកប្រទេសចិនដែលនៅឆ្ងាយជួយយើងមិនបានទេនៅពេលមានគ្រាអាសន្ន។ ម្យ៉ាងទៀតបក្សយើងមានការជិតស្និទ្ធជាមួយវៀតណាមណាស់ដូចជាបងប្អូនបង្កើត​។

នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ អង្គការចាត់តាំងខ្ញុំ និងមិត្តមួយចំនួនទៅដាំកប្បាស នៅព្រែកអញ្ចាញ ស្រុកមុខកំពូល តំបន់២២។ យើងបានស្នាក់នៅផ្ទះប្រជាជនចំនួនពីរកន្លែងមួយនៅរកាកោង និងមួយទៀតនៅព្រែកអញ្ចាញ។ យើងបានស្នាក់នៅភូមិរកាកោង រយៈពេល២ទៅ៣ថ្ងៃ។ ការស្នាក់នៅរកាកោង ខ្ញុំមានគោលបំណងក្ដាប់ និងកសាងកម្លាំង កា.សេ.បេ នៅក្នុងជួរប្រជាជន​។ ខ្ញុំស្គាល់ប្រជាជនមួយមួយចំនួនដែលធ្លាប់រៀន និងធ្វើការជាមួយគ្នាមុនពេលរំដោះ នៅពេលដែលកើតមានរដ្ឋប្រហារក៏បានទៅរស់នៅភ្នំពេញ ហើយបន្ទាប់ពីរំដោះបានទីក្រុងភ្នំពេញថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គាត់ត្រឡប់មករស់នៅកន្លែងចាស់វិញ។ ខ្ញុំដើរសួរសុខទុក្ខប្រជាជនអំពីស្ថានភាពរស់នៅ។ ក្រោយពីខ្ញុំចេញពីតំបន់២២ មកខ្ញុំបានស្នាក់នៅកន្លែងនីរសារក្រុង ចំនួន៧ថ្ងៃ រួមទាំងការរៀនវគ្គនយោបាយ។​ អ្នកបង្រៀនមាន​ឈ្មោះ សោម។ ក្រោយពីរៀនចប់អង្គការចាត់តាំងខ្ញុំមកមន្ទីរសេនាធិការ ក-១៦។

នៅឆ្នាំ១៩៧៦ ខ្ញុំមកមន្ទីរសេនាធិការ ក-១៦ មានភារកិច្ចបកប្រែ ខាងជួសជុលរថក្រោះ។ ក្នុងការរស់នៅមន្ទីរក-១៦ ខ្ញុំបានធ្វើសកម្មភាពជាបន្តបន្ទាប់។ នៅខែវិច្ឆិកា ឈ្មោះ ជួន គឺជាប្រធានមន្ទីរ ក-១៦។ នៅថ្ងៃមួយយើងបានហូបបាយជុំគ្នា ជួន បាននិយាយថា បើមានការផ្ទុះអាវុធក្នុងក្រុងយើងត្រូវនៅឱ្យស្ងៀម។​ ក្រោយមក នៅខែមីនា ឆ្នាំ១៩៧៧ អង្គការបានដកខ្ញុំទៅមន្ទីរ ៦២-ខ មានភារកិច្ចបកប្រែខាងឃួងអណ្ដូងទឹក ពេលដែលខ្ញុំរស់នៅក្នុងមន្ទីរនេះខ្ញុំបានដាច់ខ្សែរយៈជា កា. ហ្សេ. បេ ហើយបន្តកសាងកម្លាំងបានចំនួន៥នាក់មានឈ្មោះ ធន, សិទ្ធិ, សុំ, ភឹម និង ឈួយ។ ខ្ញុំនៅតែបន្តកសាងកម្លាំងព្រោះខ្ញុំគិតថាប្រសិនបើខ្ញុំស្លាប់ទៅត្រូវមានអ្នកបន្តវេន។ នៅពេលខ្ញុំបកប្រែឯកសារឱ្យមិត្តយើងរៀនសូត្រខ្ញុំ បានធ្វើសកម្មភាពមួយចំនួន ដូចជា៖ ​បកប្រែមិនឱ្យចំធ្វើឱ្យខុសស្ទះដល់ការងាររៀនសូត្រ, នយោបាយចំពោះភ្ញៀវវិញ ធ្វើអាកប្បកិរិយាចំពោះភ្ញៀវមិនរាបសា, ឈ្លើយច្រឡើសបើស ស្មើភាពជាមួយភ្ញៀវ, ពេលភ្ញៀវបង្រៀនអនុវត្តជាក់ស្ដែង និងភ្ញៀវនិយាយណែនាំខ្ញុំបកប្រែឱ្យមិត្តយើងតែពាក់កណ្ដាលមិនឱ្យអស់។ ក្រោយមកខ្ញុំនៅតែបន្តការអប់រំកសាងកម្លាំង មិនបានប៉ុន្មានអង្គការចាប់ខ្ញុំនៅខែកក្កដា ឆ្នាំ១៩៧៧។

អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា


[1] ឯកសារលេខ J០០៨២២  តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ឈ្មោះ អ៊ុយ ឃាង » សរសេរវាយអង្គុលេខចំនួន៣៤ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ អ៊ុយ​ ឃាង ពិតឬយ៉ាងណានោះទេ?

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin