ការតស៊ូជាវ័យកុមារ នៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ វ៉ាន់ ហ៊ីង[1] ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ខ្ញុំមានឪពុក​ឈ្មោះ ញ៉ឹប និងម្ដាយឈ្មោះ អ៊ឹម​ (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូន​ចំនួន៦នាក់ (ស្រី៣នាក់និងប្រុស៣នាក់)។ បច្ចុប្បន្ននៅមានជីវិតចំនួន២នាក់​។ កាលពីកុមារភាព​ខ្ញុំ​ចូលរៀន​បានបន្តិចបន្តួច​​នៅក្រោមដើមឈើ ។ ខ្ញុំមានប្រពន្ធឈ្មោះ វ៉ាន់ មិត្ត មានកូនចំនួន៩នាក់ (ស្រី៤នាក់និងប្រុស៥នាក់)។ បច្ចុប្បន្នមានមុខរបរធ្វើស្រែ ។

នៅឆ្នាំ ១៩៧៦ កម្មាភិបាល​ខ្មែរក្រហម​ ចាត់តាំងឲ្យខ្ញុំធ្វើការនៅ​តាមកងកុមារ ។ ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅរែកដី ជីកប្រឡាយ លើកទំនប់ រំលាយដីដំបូកនៅតាមភ្លឺស្រែ និង​កាប់ស្លឹកត្នោត ។  ដោយកំណត់ឲ្យកាប់​ស្លឹកត្នោតចំនួន២៥ដើម​ ក្នុងរយៈពេលមួយថ្ងៃ។ ​ខ្ញុំមិនបាន​ចាកចេញពីឃុំលាយបូរនេះទេ​ ព្រោះខ្ញុំនៅជាវ័យកុមារនៅឡើយ។  ​ ​ ក្រោយមក ចូលដល់រដូវវស្សា ខ្មែរក្រហមបានបញ្ជូនខ្ញុំ​ឲ្យ​ទៅធ្វើស្រែនិងលើកប្រព័ន្ធ ភ្លឺ​ស្រែ។ ដោយកំណត់ឲ្យបានទិន្នផល ជាមធ្យម៣តោន ​ក្នុងមួយហិកតា។[2] ​ ​​ខ្មែរក្រហម បានប្រើឲ្យធ្វើការ​ហួសម៉ោង និងហួសកម្លាំង។ ​​ ​ដោយ​បែងចែក​ការងារមួយក្រុមមាន​ចំនួន១០នាក់ កំណត់មួយថ្ងៃរែកដី​ចាប់ពី ៣០០ ទៅ៤០០ អម្រែក។ ក្រោយមកទៀត ​កម្មាភិបាលខ្មែរក្រហម បញ្ចូនឲ្យទៅលើកភ្លឺស្រែ ​កំណត់ក្នុងម្នាក់ចំនួន១០ម៉ែត្រត្រឹមរយៈពេលមួយថ្ងៃ។

​នៅឆ្នាំ១៩៧៧ ខ្មែរក្រហម​ បានបញ្ចូនខ្ញុំឲ្យទៅរស់នៅតាមសហករណ៍ គឺត្រូវរស់នៅជុំគ្នា ហូបចុករួមគ្នា និងចែករំលែកការកម្សាន្ដរួមគ្នា។[3] ខ្ញុំ​ត្រូវរស់នៅបែក ពីក្រុមគ្រួសារ។ ចំណែកឪពុកម្ដាយរបស់ខ្ញុំត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការតាមកង​ផ្សេងៗគ្នាទាំងអស់ ។

​​ ការហូបចុកមិនបានគ្រប់គ្រាន់ទេ គឺមានត្រឹមតែបបរ​។ ប្រជាជនភាគច្រើនមានសភាពស្គមស្គាំង ក្បាលជង្គង់ធំជាងខ្លួនទៅទៀត​ ។ ​ ក្នុងរបបខ្មែរក្រហមពុំមានថ្នាំព្យាបាលជំងឺឡើយ ​មានតែថ្នាំបុរាណ​ ប៉ុណ្ណោះ​ ។

ក្រោយមក កម្មាភិបាលខ្មែរក្រហម បានបញ្ចូនខ្ញុំឲ្យទៅធ្វើកងទ័ពនៅតាមព្រំដែន ដើម្បីតស៊ូជាមួយវៀតណាម ប៉ុន្តែខ្ញុំ​ធ្វើពុតជាឈឺ ហើយត្រូវខ្មែរក្រហមដាក់ទារុណកម្មឲ្យ​លាយជីលាមកមនុស្សផ្ទាល់នឹងដៃ។ ​ខ្ញុំបាន​កើតរមាស់​​អស់រយៈពេលជាច្រើនថ្ងៃ។ ការស់នៅក្នុងរបបខ្មែរក្រហម​មិនមានសិទ្ធិសេរីភាពទេ គឺត្រូវ​កងឈ្លបតាមដាន​គ្រប់សកម្មភាពទាំងអស់ ។

ខ្មែរក្រហមបានសម្លាប់ប្រជាជន​អស់ជាច្រើននាក់ ទាំងមិនមានកំហុស។ ប្រជាជនដែលត្រូវខ្មែរក្រហមនាំយកទៅ​សម្លាប់ ភាគច្រើនអ្នកទាំងនោះធ្លាប់ធ្វើជាគ្រូបង្រៀន ​ទាហាន កាលពីរបបសង្គមរាស្ត្រនិយម និងរបប លន់ នល់ ​ជាដើម។ ​ ខ្ញុំមិនបានឃើញការសម្លាប់​អ្នកទាំងនោះផ្ទាល់នឹងភ្នែកទេ។

នៅក្នុងរបបខ្មែរក្រហមខ្ញុំមិនមានសម្លៀកបំពាក់គ្រប់គ្រាន់ទេ ។  ​សម្លៀកបំពាក់សម្បូរទៅដោយចៃ និងសង្កើចពេញទាំងអស់។ កម្មាភិបាលខ្មែរក្រហមកំណត់ចែកឲ្យមួយឆ្នាំ​ចំនួន២សម្រាប់ប៉ុណ្ណោះ។ នៅ​វេលាថ្ងៃមួយខ្ញុំមានអារម្មណ៍ថា ខឹងសម្បានឹងប្រធានកងយ៉ាងខ្លាំង ខ្ញុំក៏​​ធ្វើឲ្យសម្លៀកបំពាក់ដាច់អស់​​ ដើម្បីទទួលបាន​ថ្មីទៀត។ ក្នុងពេលនោះ ប្រធានកង ប្រកាសដល់ប្រជាជនទាំងអស់ឲ្យចូលរួមប្រជុំ។ ខ្ញុំក៏ទៅចូលរួម​ទាំងសម្លៀកបំពាក់​ក្នុងសភាពមើលលែងយល់នោះ​។ ការប្រជុំលើកឡើងពីការដាក់ផែនការការងារ​ដល់ប្រជាជនទាំងអស់ថា «មិត្តទាំងអស់គ្នាត្រូវតែ គោរពតាមអង្គការ និងខិតខំធ្វើការឲ្យបានល្អ»។ បន្ទាប់ពី កម្មាភិបាលខ្មែរក្រហម​ឃើញសម្លៀកបំពាក់របស់ក្នុងសភាពដូច្នេះ ​ក៏បានស្ដីបន្ទោសដល់ប្រធានកង ថែមទាំង​ប្រគល់សម្លៀកបំពាក់មួយសម្រាប់​មកខ្ញុំផងដែរ។ ​

នៅឆ្នាំ១៩៧៧​ រហូតដល់ដើមឆ្នាំ១៩៧៨ ​អង្គការបានរៀបចំការប្ដេជ្ញា (រៀបការ) ​មានរហូតដល់ទៅ​១០០គូ។ ប្តីប្រពន្ធដែលអង្គការ រៀបចំរៀបការដោយ​បង្ខិតបង្ខំត្រូវធ្វើការប្តេជ្ញាចិត្តចំពោះមុខ ប្រធានភូមិ និងប្រធានកងថារួមរស់ជាប្រពន្ធប្ដីអស់មួយជីវិត។ ក្រោយរបបខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩ ខ្ញុំក៏បានរៀបការ។

អត្ថបទដោយ ជីម សុខគា


[1] ជីម សុខគា ​សម្ភាសជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈ្មោះ វ៉ាន់ ហ៊ីង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។

[2] មជ្ឈមណ្ឌលឯកសារកម្ពុជាឆ្នាំ២០២០៖ សៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២, ទំព័រ៣៦-៣៧។

[3] មជ្ឈមណ្ឌលឯកសារកម្ពុជាឆ្នាំ២០២០៖ សៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២, ទំព័រ៣៩-៤០។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin