វេន សុន៖ អតីតប្រធានមន្ទីរស្រុកកែវសីមា តំបន់ស្វយ័ត១០៥(មណ្ឌលគិរី)

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

វេន​ សុន[1] អាយុ៧១ឆ្នាំ ជនជាតិលាវកាត់ទំពួន មានស្រុកកំណើតនៅភូមិកោះម៉ាយើល ឃុំពាម​ជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឪពុកឈ្មោះ វេន ជាជនជាតិ​លាវ និង​ម្តាយ​ឈ្មោះ ម៉ាញ់ ជនជាតិទំពួន និងមានបងប្អូនបង្កើត៥នាក់ (ស្រី២នាក់ និងប្រុស៣នាក់)។ សុន មាន​ប្រពន្ធ២នាក់៖ ប្រពន្ធទី​១ឈ្មោះ ផាយ​ ស៊ូន ជនជាតិលាវ​ (ស្លាប់២០១០) និង​មានកូន៧នាក់ (ស្រី៣នាក់ និងប្រុស៤នាក់)។ ចំណែកប្រពន្ធទី២ មានឈ្មោះ ថន ថា​ ជនជាតិខ្មែរ។

កាលពីសង្គម​ចាស់ សុន​ រៀន​បានត្រឹម​ថ្នាក់​ទី៨​ចាស់ នៅសាលាបឋមសិក្សាក្នុងឃុំពាមជីមៀត។​ នៅពេលចលនាខ្មែរក្រហមទៅដល់ខេត្តមណ្ឌលគិរីឆ្នាំ១៩៦៧-១៩៦៨​ សុន បានឈប់រៀន និងចូល បម្រើបដិវត្តន៍ខ្មែរក្រហមនៅមន្ទីរភ្នំក្រោល។ នៅមន្ទីរភ្នំក្រោលកាលនោះមានទាំងជនជាតិខ្មែរ និង​ជនជាតិដើមភាគគិចមានចំនួនប្រហែល២០០ ទៅ៣០០នាក់។ ឈ្មោះ​ឡាំង ជនជាតិលាវ ជាអ្នក​ដឹកនាំចលនាខ្មែរក្រហមនោះ។  បន្ទាប់ពីរដ្ឋ​ប្រហារ​ទម្លាក់​សម្តេចព្រះនរោត្តមសីហនុ ចេញពី​តំណែងនៅ​ក្នុងឆ្នាំ១៩៧០ ខេត្តមណ្ឌលគិរី​បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរ​ក្រហមទាំងស្រុង។  នៅខណៈពេលនោះក៏ការ​ទម្លាក់គ្រាប់បែកពីសំណាក់ទាហានសហរដ្ឋអាមេរិកមកលើភូមិកំណើតរបស់ សុន ដោយទាហានអាមេរិកគិតថាមាន​កងទ័ពវៀតកុងស្នាក់នៅ។ ក្រុម​គ្រួសារ សុន និង​អ្នកភូមិកោះម៉ាយើលទាំងអស់បានរត់ចូលព្រៃគេចពីគ្រាប់បែក។ ​ នៅ​ពេលអ្នកភូមិរស់នៅលាក់ខ្លួនក្នុងព្រៃក៏​មានកងទ័ព​​វៀត​កុង​​រស់​នៅ លាយឡំ​ជាមួយ​អ្នកភូមិដែរ។ ការលាក់ខ្លួននៅក្នុងព្រៃនោះបានបណ្តាលឲ្យអ្នកភូមិ​មានជំងឺ និងស្លាប់អស់ជាច្រើននាក់។​ ពេលនោះវៀតកុង​ចូល​បានសហការ​ជាមួយ​ខ្មែរក្រហម​ធ្វើ​ការ​ឃោសនា​ឲ្យ​ប្រជាជនចូលរួមតស៊ូ និងធ្វើបដិ​វត្តន៍​ប្រឆាំងនឹងសហរដ្ឋ​អាមេរិក និងរដ្ឋាភិបាលនៃរបប លន់ នល់។ សុន និងអ្នកភូមិបានលាក់ខ្លួន​នៅ​ក្នុង​ព្រៃរយៈពេល​ជាង៣ឆ្នាំ ទើបវិល​ត្រឡប់​មក​ភូមិវិញ ពីព្រោះទាហានអាមេរិក​បានឈប់​ទម្លាក់​គ្រាប់​បែក។

នៅ​ឆ្នាំ​១៩៧៣ សុន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យ​ចូលធ្វើកងទ័ពខ្មែរក្រហមក្នុង​តំបន់១០៥។ បន្ទាប់មក សុន ត្រូវបានអង្គការខ្មែរក្រហម​បញ្ជូនឲ្យទៅ​រៀន​វគ្គកាំភ្លើងធំនៅសាលាគ-៩២ ​របស់មជ្ឈិម ស្ថិតនៅក្បែរ​​​ភូមិក្រយាដងក្តារ ស្ថិតក្នុងខេត្ត​កំពង់ធំ ដោយមានការ​​បង្ហាត់​បង្រៀនពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមឈ្មោះ សុន សេន​ និង​ ​សោ ភឹម។ សុន បានរៀនសូត្រនៅភូមិក្រយាដងក្តាររយៈពេលបីខែ ដោយមានយោធា​ជាច្រើននាក់មកពីគ្រប់តំបន់​នៃ​ប្រទេស​កម្ពុជា។​ បន្ទាប់មកខ្មែរក្រហមបានចាត់តាំង សុន​​ និងកងទ័ពខ្មែរក្រហមផ្សេងទៀត​សហ​ការ​ជាមួយកងទ័ពវៀតកុង​ប្រយុទ្ធតទល់នឹងទាហាន លន់​ នល់ នៅសមរ​ភូមិចេន​ឡាទី២ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ចន្លោះពីទីរួមខេត្តកំពង់ធំ និងស្រុកបារាយណ៍។ ការចូលរួមប្រយុទ្ធនេះ ដើម្បី​ចង់សាកល្បងសមត្ថភាពបន្ទាប់ពីបានហ្វឹកហាត់ចប់។ ក្រោយមកខ្មែរក្រហមបញ្ជូន សុន ត្រឡប់មកតំបន់ ១០៥ (មណ្ឌលគិរី) និងត្រូវជ្រើសតាំងឲ្យធ្វើ​ជាប្រធានមន្ទីរ​ស្រុកកែវសីមា ដែលមានឈ្មោះ កាស៊ី ជាលេខាស្រុក។

នៅឆ្នាំ១៩៧៤ សុន​ បានស្នើអង្គការខ្មែរក្រហមរៀបការជាមួយប្រពន្ធទី១ឈ្មោះ ផាយ ​ស៊ូន នៅមន្ទីរស្រុកកែវសីមា។

បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សុន មាននាទីជាប្រធានមន្ទីរស្រុកកែវសីមាដដែល។ ស្រុក​កែវសីមាក៏ដូចជាស្រុក និងតំបន់ផ្សេងៗនៅទូទាំងប្រទេសដែរ។ បន្ទាប់ពីរំដោះបានភ្លាមៗ ខ្មែរក្រហមបានជម្លៀសប្រជាជនថ្មីមួយចំនួនឲ្យមករស់​នៅ​ក្នុង​ស្រុក​កែវសីមា។ ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើស្រែ លើកទំនប់ ជីកប្រឡាយ​ដូចគ្នា និងមិនមានអាហារហូបចុក​គ្រប់គ្រាន់។នៅស្រុកកែវសីមាមិនមានគុក ឬមន្ទីរសន្តិសុខឡើយ ប្រសិនមានកាចាប់ចងគឺត្រូវបញ្ជូនទៅមន្ទីរសន្តិសុខ​ភ្នំក្រោល​ ដែលជាមន្ទីរសន្តិសុខរបស់តំបន់ស្វយ័ត១០៥។ ពេលនោះមន្ទីរតំបន់ស្វយ័ត ១០៥ ស្ថិតនៅភ្នំក្រោល ក្នុង​ស្រុកកោះញែក។ នៅពេលមានការប្រជុំ​ម្តងៗ សុន តែងតែ​ធ្វើដំណើរ​ទៅទីនោះ ដោយ​ជិះដំរី ដោយប្រើរយៈពេល២យប់ ទើបទៅដល់មន្ទីរតំបន់។

សុន មិនដែលធ្លាប់បាន​ឃើញ ឬដឹងថា មានការសម្លាប់មនុស្សនៅស្រុកកែវសីមានៅក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ១៩៧៥-១៩៧៩ ឡើយ។ នៅក្នុងឆ្នាំ១៩៧៨ ថ្នាក់លើនៅទី​ក្រុង​ភ្នំពេញ​បានមកស្នើ​សុំ​ប្រជាជនជនជាតិដើមភាគតិចពីស្រុកកែវសីមាចំនួន៣០គ្រួសារយក​ទៅធ្វើជា​កម្ម​កររោងចក្រ​នៅ​ភ្នំពេញ​។ សុន បានជ្រើសរើសជនជាតិដើមភាគតិចចំនួន៣០ គ្រួសារប្រគល់ឲ្យ​ថ្នាក់លើតាមការស្នើសុំ។ គ្រួសារ​ទាំងនោះភាគច្រើនជាជនជាតិដើមភាគតិច​ក្រោល និងភ្នងដែល​មាន​ចិត្តស្លូត​បូត​​ស្មោះ​ត្រង់នឹងបដិវត្តន៍ខ្មែរក្រហម។ ក្រោយមក សុន បាន​ឮដំណឹងថា គ្រួសារ​ដែល​ថ្នាក់​លើបានស្នើសុំយកទៅធ្វើកម្មករនៅភ្នំពេញត្រូវបានខ្មែរក្រហមយក​ទៅ​សម្លាប់ចោល​នៅម្តុំ​ចម្ការ​កៅ​ស៊ូក្នុងស្រុកស្ទឹងត្រង់ ​​​ខេត្តកំពង់​ចាម ដោយពុំដឹងមូលហេតុ។ ពេលនោះមានគ្រួសារជនជាតិដើមភាគតិចតែពីរគ្រួសារ ប៉ុណ្ណោះបានរួច​គេចផុត​ពីការសម្លាប់​ (គ្រួសារទី១ឈ្មោះ​ គឹម ញ៉ាន សព្វថ្ងៃជាអនុប្រធាន​ភូមិ១០៥(ថ្នល់​កែង) និងគ្រួសារទី២​ មិនចាំ​ឈ្មោះរស់នៅ ភូមិ១០៥ (ថ្នល់​កែង) ដែរ)។

តំបន់ស្វយ័ត១០៥ (មណ្ឌលគិរី) មានឈ្មោះ តាហម ហៅ តាឡាំង ​លេខាតំបន់ និង​ឈ្មោះ តាខាំភួន អនុលេខា។ តំបន់ស្វយ័ត១០៥ មានស្រុកចំនួន៥ គឺស្រុក​កែវសីមា ដែលមានឈ្មោះ កាស៊ី​ លេខា, ស្រុកច្បារ​មានឈ្មោះ តាចាំ​ លេខា, ស្រុកពេជ្រាដាមាន​ឈ្មោះ តាសារុន លេខា, ស្រុកអូររាំង​មានឈ្មោះ តាឃឿន លេខា និង ស្រុកកោះញែកមានឈ្មោះ តាស្វាយ​ លេខា។​ ប្រធានយោធាតំបន់ស្វយ័ត ១០៥ ​ឈ្មោះ វៀង​ និងប្រធានមន្ទីរសន្តិសុខតំបន់ស្វយ័ត១០៥ ឈ្មោះ សុភា។

នៅឆ្នាំ១៩៧៨ តំបន់ស្វយ័ត១០៥ មានភាពច្របូកច្របល់ខ្លាំង ដោយសារលេខាស្រុកកែវសីមាឈ្មោះ កាស៊ី ត្រូវបានចាប់ខ្លួន និងដាក់ជំនួសដោយឈ្មោះ អនស៊ី​ ដែលត្រូវជាប្អូនប្រុស តាឡាំង​, តាស្វាយ លេខា ស្រុកកោះញែកបានចងកសម្លាប់ខ្លួន​បន្ទាប់ពីបានបាញ់សម្លាប់កម្មាភិបាលស្រុកអូររាំងចំនួន២នាក់ គឺឈ្មោះ​ ដាំង និង គី។ ​តាចាំ លេខាស្រុកច្បារក៏ត្រូវបានខ្មែរក្រហមចាប់ខ្លួន។​ សុន បានឮដំណឹងតៗគ្នាមកថា តាឡាំង និង តាខាំភួន ដែលជាលេខា និងអនុលេខាតំបន់ស្វយ័ត១០៥ បានឈ្លោះប្រកែក និងសម្លាប់គ្នា នៅខណៈពេលដែលមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមកោះហៅអ្នកទាំងពីរមកប្រជុំនៅទីក្រុងភ្នំពេញ។

នៅចុងឆ្នាំ១៩៧៨ តា​សារុន, តាអនស៊ី និង​ វៀង ត្រូវបានតម្លើង ជាលេខា, អនុលេខា និងសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការតំបន់ស្វយ័ត១០៥។

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គី​សង្រ្គោះ​​ជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបខ្មែរក្រហម។ ពេលនោះ សុន បានរត់​គេចខ្លួន​ចូល​ព្រៃក្នុង​​ខេត្តមណ្ឌលគិរី និងបានរស់នៅក្នុងព្រៃអស់​រយៈ​​ពេលជិត​បួន​ឆ្នាំ​។ បន្ទាប់មកនៅ​ឆ្នាំ១៩៨៣ កង​ទ័ពស័្មគ្រចិត្តវៀតណាមបាន​វាយ​​ប្រហារកងទ័ពខ្មែរក្រហមនៅខេត្តមណ្ឌលគិរីកាន់​តែ​ខ្លាំង​ឡើង​ៗ​ សុន​ និងបក្ខពួកបានរត់​គេ​ច​​​ខ្លួន ​ដោយ​ជិះ​កាណូត​ឆ្លង​​ទន្លេ​មេគង្គពីត្រើយខាងកើតមកខាងលិច និងធ្វើដំណើរឆ្ពោះទៅព្រៃឡង់។ សុន និងបក្ខពួកបាន​បន្តដំណើររហូតមករស់នៅលើភ្នំដងរ៉ែកម្ដុំមុំបី (ភ្នំ១០០១) ដែលមាន សុន សេន ជាអ្នកគ្រប់គ្រង។​ នៅភ្នំ១០០១ ​មានកងទ័ពខ្មែរក្រហមចំនួន៤កងពល ​គឺ​កងពល៨០១,​ កងពល៤១៧, កងពល៩២០ និងកងពល ១០៥ ។​ ចំណែក សុន មានប្រពន្ធ និងកូនតូចៗចំនួន៣នាក់ផងនោះ ក៏សម្រេចចិត្តឈប់ពីកងទ័ព មករស់នៅជាប្រជាជនធម្មតានៅក្នុង​ជំរំ​ស្ទឹង​ច័ន្ទ (ប្រទេសថៃ)។ ជំរំ នេះ​ស្ថិត​នៅក្រោមការគ្រប់គ្រង់របស់ខ្មែរក្រហមនៅភ្នំ១០០១ដែរ។ តាអាន ជាអ្នកគ្រប់​គ្រង​​ប្រជាជនទាំងអស់នៅ​ជំរំ​ស្ទឹង​ច័ន្ទ ។ សុន​ និងប្រជាជនផ្សេងទៀតបានរស់នៅក្នុងជំរំស្ទឹង​ច័ន្ទអស់​រយៈ​ពេល​មួយឆ្នាំ ទើបភាគីថៃ​លែង​ឲ្យរស់នៅ​ទីនោះ សុន និងប្រជាជនផ្សេងទៀត ក៏​បានផ្លាស់​មក​រស់​​នៅអូរ​ជន្លៀស ដែលស្ថិតនៅក្បែរជំរំស្ទឹង​ច័ន្ទ​ ដោយរំលងតែភ្នំមួយ​ប៉ុណ្ណោះ។

នៅឆ្នាំ១៩៩០-៩១ សុន និងប្រជាជនផ្សេងទៀត បានចុះ​មក​រស់នៅតំបន់​អន្លង់វែង បន្ទាប់ពីកងទ័ពខ្មែរក្រហមដណ្ដើមកាន់កាប់តំបន់អន្លង់វែងទាំងស្រុង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាម៉ុក បានឈូសធ្វើផ្លូវចុះពីច្រកជាំស្រងាំចុះមកតំបន់អន្លង់វែង។ សុន​ និងគ្រួសារ បានរស់នៅ​ភូមិកងពល១០៥ (ភូមិថ្នល់កែង)ដែលជាទីតាំងកងទ័ព និងក្រុមគ្រួសារមកពីខេត្តមណ្ឌលគិរី​។ នៅពេលនោះមេដឹកនាំកងពល១០៥ មានតាអនស៊ី, តាសារុន, វៀង និងតាឃឿន បានសម្រេចបង្កើតជាភូមិដោយដាក់ឈ្មោះថាភូមិ​១០៥ តែម្ដង។ នៅឆ្នាំ១៩៩៤ កងទ័ព​​រាជរដ្ឋាភិបាលភ្នំពេញបានវាយ​ចូលដល់ភូមិ១០៥ សុន និង​អ្នក​ភូមិ​​​ក៏បាននាំគ្នា រត់​គេចខ្លួនទៅលើភ្នំដងរែក។ បន្ទាប់មក សុន និងអ្នកភូមិបានវិលត្រឡប់​មករស់នៅក្នុងភូមិ១០៥វិញ ដើម្បីប្រកបរបរធ្វើស្រែចម្ការ។ ដោយសារភូមិ១០៥មានប្រជាជនរស់នៅច្រើននោះ តាអនស៊ី ដែលជាមេដឹកនាំកងពល១០៥ បានសម្រេចចិត្តឲ្យ សុន និងប្រជាជនមួយចំនួនទៀតផ្លាស់ទៅរស់នៅកន្លែងថ្មី។​ តាអនស៊ី បានដាក់ឈ្មោះកន្លែង ថ្មីនោះថាជាភូមិទំនប់លើ ហើយ សុន​ ក៏ត្រូវបានជ្រើសរើស​ឲ្យ​ធ្វើ​ជាមេ​ភូមិ​ទំនប់​លើ។

នៅចុង​ឆ្នាំ១៩៩៨ ខ្មែរក្រហមបានធ្វើសមាហរណកម្មចុះចូលជាមួយ​រដ្ឋា​ភិបាល ហើយភូមិទំនប់លើ ត្រូវដាក់ឲ្យស្ថិតក្នុងឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សុន មាន​អារម្មណ៍ត្រេកអរ ដោយសារសង្គ្រាមរវាងខ្មែរ និងខ្មែរត្រូវបានបញ្ចប់។ ប្រទេសកម្ពុជានឹងមាន​ការ​បង្រួប​បង្រួមជាតិឡើងវិញ។ ប្រជាជនមាន​សិទ្ធិ​សេរីភាព និងប្រកប​របរ​រកស៊ី​តាមចិត្តចង់។ ក្មេងៗជំនាន់ក្រោយមានឱកាសចូលរៀនទទួលបានចំណេះដឹងខ្ពស់ និងរួមគ្នាការពារ និងកសាង​ប្រទេស​ជាតិបានរីកចម្រើនលូតលាស់ឡើងវិញ៕

អត្ថបទដោយ ឡុង ដានី


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា ឡុង ដានី សម្ភាសជាមួយ វេន សុន រស់នៅភូមិទំនប់លើ ឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin