វេន ចិន្តា អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តកំពង់ស្ពឺ
វេន ចិន្តា
ខ្ញុំឈ្មោះ វេន ចិន្តា អាយុ ២១ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ មកពីខេត្តកំពង់ស្ពឺ។ ខ្ញុំសូមអរគុណដល់លោកគ្រូ អ្នកគ្រូ និងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានរៀបចំដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យសម្រាប់យុវជន ការជម្លៀសដោយបង្ខំ នៅក្នុងរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដោយធ្វើពីដំណើរតាមរយៈរថភ្លើងដែលចេញពីរាជធានីភ្នំពេញ ទៅខេត្តពោធិ៍សាត់-ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ខ្ញុំមិនធ្លាប់បានជិះរថភ្លើងពីមុនមកទេ ទេសភាពវិញខ្ញុំមានអារម្មណ៍ថាប្លែកឃើញផ្ទះប្រជាជន វាលស្រែ ភ្នំ និង ការរស់នៅរបស់ប្រជាជននៅតាមទីជនបទ។ ប៉ុន្តែនៅពេលដែលជិះយូរៗទៅអារម្មណ៍សប្បាយក៏ចាប់ផ្តើមរសាត់ទៅបន្តិចម្តងៗ ឃើញផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនមានសភាពទ្រុឌទ្រោម ដំបូលប្រក់ស័ង្កសីស្របពេលអាកាសធាតុក្តៅខ្លាំង។ ចំណែកនាងខ្ញុំនៅក្នុងទូរថភ្លើងវិញមានអារម្មណ៍ក្តៅស្អុះស្អាប់ដោយសារអាកាសធាតុនៅពេលនេះស្ថិតក្នុងរដូវប្រាំងដែលជារដូវក្តៅខ្លាំង អង្គុយក៏ពិបាកដោយសាររថភ្លើងបរទៅមានអារម្មណ៍ថារលាក់ទៅៗ។ ទន្ទឹមនឹងការលំបាកនេះ នាងខ្ញុំបានស្រមៃទៅទិដ្ឋភាពនាសម័យខ្មែរក្រហមដែលបានជម្លៀសប្រជាជនដោយបង្ខំតាមរយៈរថភ្លើង ហើយផ្ទុកមនុស្សជាច្រើនក្នុងមួយទូៗ តើប្រជាជនជម្លៀសមានអារម្មណ៍បែបណា ស្របពេលអាកាសធាតុក្តៅខ្លាំង មនុស្សក្នុងទូមានចំនួនច្រើន គ្មានអាហារសម្រាប់ហូប ហើយត្រូវធ្វើដំណើរវែងឆ្ងាយទៀត? នេះពិតជាលំបាកខ្លាំងណាស់ មិនគួរណាមានរបបបែបនេះកើតឡើងក្នុងប្រទេសមួយនេះឡើយ។ ក្រុមការងារបានរៀបចំអាហារ ទឹក និងនៅក្នុងទូដាក់មនុស្សមានចំនួនកំណត់។ ខ្ញុំមានអារម្មណ៍ថាពិបាក ចុះទម្រាំប្រជាជនជម្លៀសដោយបង្ខំ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យឡើងអាចឲ្យខ្ញុំបានសិក្សាពីរបបខ្មែរក្រហមកាន់តែច្បាស់ថែមទៀត។
ជាចុងក្រោយ ខ្ញុំសង្ឃឹមថានឹងមានកម្មវិធីបែបនេះបន្តទៀត ដើម្បីឲ្យអ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់បានឈ្វេងយល់បន្ថែមពីរបបខ្មែរក្រហមឲ្យកាន់តែច្បាស់ថែមទៀត។ ខ្ញុំបានទស្សនកិច្ចនៅប្រាសាទបន្ទាយឆ្មារ នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងពីព្រោះមិនធ្លាប់បានមកពីមុនមក។ ទន្ទឹមនឹងការសប្បាយរីករាយនាងខ្ញុំក៏មានអារម្មណ៍សោកស្តាយព្រោះប្រាសាទបន្ទាយឆ្មារមានសភាពទ្រុឌទ្រោមស្ទើរតែគ្មានរូបរាងជាប្រាសាទទៅហើយ។ សង្រ្គាមបានបំផ្លិចបំផ្លាញសម្បត្តិដែលជាកេរមរតកបុរាណរបស់បុព្វបុរសខ្មែរដែលខិតខំកសាងតាំងពីបុរាណកាល។ ក្នុងនាមខ្ញុំជាយុវជនខ្មែរ ខ្ញុំត្រូវសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសឲ្យបានច្រើន និងចូលរួមថែរក្សាប្រាសាទបុរាណដែលនៅសេសសល់កុំឲ្យមានការបាត់បង់តទៅទៀត។
អត្ថបទសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ