អតីតយោធាខ្មែរក្រហម

(កំពង់ចាម)៖ វ៉ែន មុត អាយុ៧៥ឆ្នាំ ប្រពន្ធឈ្មោះ យ៉ែម យឹម មានកូនចំនួន៥នាក់ (ស្រីចំនួន២នាក់)។ មុត មានស្រុកកំណើតនៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នៅឆ្នាំ១៩៧២ មុត ចូលធ្វើជាយោធាខ្មែរក្រហមនៅតំបន់វាលវង់ ក្នុងខេត្តកំពង់ចាម។ នៅអំឡុងឆ្នាំ១៩៧៤ គាត់ត្រូវចាត់តាំងឱ្យទៅសមរភូមិនៅខេត្តកំពង់ធំ ហើយទទួលបានជ័យជម្នះនៅទីនោះ។ នៅឆ្នាំ១៩៧៥ អង្គភាពរបស់ មុត បានបញ្ជូនចូលទីក្រុងភ្នំពេញ មានមូលដ្ឋាននៅតំបន់កប់ស្រូវ។ គាត់ និងសមាជិកក្រុមដទៃទៀត ប្រចាំការនៅទីក្រុងភ្នំពេញរយៈពេល២ខែ អង្គភាពរបស់គាត់ត្រូវបញ្ជូនបន្តទៅខេត្តក្រចេះ និងបន្តទៅខេត្តមណ្ឌលគិរី។

អង្គភាពរបស់ មុត ចំណុះឱ្យកងពល៩២០ ទទួលបន្ទុកធ្វើផ្លូវថ្នល់ និងយាមនៅតាមបណ្ដោយព្រំដែននៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ការងារជាយោធាខ្មែរក្រហម មុត មិនមែនត្រឹមតែយាមនៅបន្ទាយនោះទេ ពេលខ្លះខ្មែរក្រហមចាត់តាំងឱ្យទៅលើកទំនប់កែវសីមា និងក្រៅពីនោះក៏ទទួលបន្ទុកជួយធ្វើស្រែចម្ការ។

របបអាហាររបស់យោធា ទទួលបានអង្ករ៣កំប៉ុងក្នុងមួយថ្ងៃ។ មុត បាននិយាយថាអង្ករ៣កំប៉ុងនោះត្រូវបែងចែកជា៣ចំណែក ព្រឹកយកទៅដាំបបរ ហើយពេលថ្ងៃ និងល្ងាចយកទៅដាំបាយ។

មុត បាននិយាយថា គាត់ធ្វើការងារនៅតែសមរភូមិមុខ ដូច្នេះហើយគាត់មិនដែលដឹងព័ត៌មាននៅសមរភូមិក្រោយឡើយ។ មុត មិនដែលទទួលបានដំណឹងពីឪពុកម្ដាយ ហើយឪពុកម្ដាយរបស់គាត់ក៏មិនដែលទទួលបានដំណឹងរបស់គាត់ដូចគ្នា ព្រោះតែម្នាក់ៗមានបន្ទុកការងាររៀងខ្លួន។

មុត បានលើកឡើងថា នៅតំបន់ដែលគាត់រស់នៅ ខ្មែរក្រហមបានចាប់អ្នកជំងឺឃ្លង់យកទៅសម្លាប់ចោល ដើម្បីបង្ការមិនឱ្យឆ្លងជំងឺទៅអ្នកដទៃ។ គាត់បានបន្តថា នៅតំបន់នោះប្រសិនជាមានយោធាឈឺថ្កាត់ គ្រូពេទ្យមានសម្ភារ និងថ្នាំគ្រប់គ្រាន់សម្រាប់ការព្យាបាលជំងឺ។ នៅក្នុងអង្គភាពរបស់គាត់ ប្រើប្រាស់ថ្នាំចំនួន២ប្រភព ថ្នាំផលិតនៅក្នុងស្រុក ហៅថាថ្នាំអាចម៍ទន្សាយ និងថ្នាំមួយប្រភពទៀតទទួលបានជំនួយពីប្រទេសចិន។

នៅឆ្នាំ១៩៧៨ មានការបោសសម្អាតអ្នកដែលមានតួនាទីធំៗនៅក្នុងសហករណ៍ ដែលបានធ្វើបាបយុទ្ធជន។ ខ្មែរក្រហម បានឃាត់ខ្លួនប្រធានសហករណ៍ ឬប្រធានក្រុមយកទៅ ហើយសមាជិកក្រុមមិនបានដឹងពីមូលហេតុឡើយ។ មុត បាននិយាយថា ខ្មែរក្រហមតែងតែលើកហេតុផលថានាំអ្នកទាំងនោះទៅរៀនសូត្រ ឬទៅធ្វើការងារនៅតំបន់ផ្សេង។ អ្នកទាំងអស់នោះពេលដែលខ្មែរក្រហមនាំខ្លួនទៅបាត់គឺមិនដែលឃើញត្រឡប់ទៅបន្ទាយវិញឡើយ។ មុត និងយោធាដែលធ្វើការនៅក្នុងអង្គភាពជាមួយគ្នាមានការសង្ស័យថាប្រធានក្រុម ឬប្រធានកងទាំងនោះប្រហែលជាត្រូវខ្មែរក្រហមសម្លាប់ចោល។ ការសង្ស័យរបស់គាត់គឺជារឿងពិត។

មុត បានបញ្ជាក់ចុងបញ្ចប់នៃបទសម្ភាសន៍ ឱ្យក្មេងជំនាន់ក្រោយខិតខំសិក្សាស្វែងយល់ពីរបបខ្មែរក្រហម និងកុំឱ្យមានរបបនោះកើតឡើងវិញម្ដងទៀត ព្រោះខ្មែរក្រហមបានធ្វើបាប និងសម្លាប់ប្រជាជនស្លូតត្រង់អស់ជាច្រើននាក់៕

សម្ភាសន៍ដោយ៖ ទូច ស្រីណាត ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin