សម្បូរស្រូវអង្ករ ប៉ុន្តែប្រជាជនហូបតែបបរ

(កំពត)៖ វ៉ិត ប៊ន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។

ប៊ន បានប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រមាណជាថឲង១៤ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ធ្វើការងារនៅក្នុងសហករណ៍រោងចម្អិនជាមួយនឹងក្រុមស្រ្តី។ ការងារស្នូលដែលគាត់ធ្វើគឺ បុកស្រូវ និងរែងអង្ករ។ ក្រៅពីបុកស្រូវ និងរែងអង្ករ គាត់ត្រូវធ្វើការងារមួយមុខទៀត គឺរែកទឹក។

ក្នុងក្រុមរបស់គាត់មានសមាជិកចំនួនប្រាំបីនាក់។ ក្រុមរបស់គាត់តែងតែមានឈ្លបតាមសង្កេតមើលជាប្រចាំ ព្រោះខា្លចមានអ្នកលួចខ្ជិលមិនធ្វើការងារ។ ប៊ន នៅតែមានចម្ងល់ជានិច្ចថា តើស្រូវ និងអង្ករ ដែលមាននៅក្នុងរបបខ្មែរក្រហមបាត់ទៅណា។ ជាក់ស្ដែងនៅពេលដែលគាត់បុកស្រូវ គាត់ឃើញមានស្រូវច្រើនដែលអាចឲ្យប្រជាជនហូបគ្រប់គ្រាន់ ប៉ុន្តែជារៀងរាល់ថ្ងៃប្រជាជនហូបតែបបររាវ។

ប៊ន បាននិយាយថា នៅក្នុងរបបខ្មែរក្រហម ប្រជាជនប្រឈមនឹងការអត់ឃ្លាន មិនដែលស្គាល់ពាក្យថាហូបអាហារបានគ្រប់គ្រាន់ម្ដងណាឡើយ។ ប្រជាជនមួយចំនួនភាគច្រើនជាស្រ្តី ខិតខំត្បិតត្បៀតហូបបបរតែបន្តិចបន្តួច ហើយទុកចំណែកសល់ឲ្យកូន ព្រោះខ្លាចកូនរបស់គាត់ហូបមិនឆ្អែត។ នៅក្នុងអំឡុងពេលនោះ ទាល់តែអ្នកហ៊ានលួចផ្លែឈើ ឬអាហារផ្សេងៗទើបអាចឆ្អែត។

អ្នកជំងឺនៅក្នុងរបបខ្មែរក្រហម មិនមានថ្នាំគ្រប់គ្រាន់សម្រាប់ការព្យាបាលនោះទេ ភាគច្រើនមានតែថ្នាំបុរាណដែលផលិតនៅក្នុងស្រុក ហៅថាថ្នាំអាចម៍ទន្សាយ។ អ្នកជំងឺមួយចំនួននៅពេលដែលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ខ្លះជាសះស្បើយត្រឡប់ទៅធ្វើការងារវិញ ចំណែកខ្លះទៀតព្យាបាលមិនជាកាន់តែធ្ងន់ទៅៗរហូតដល់បាត់បង់ជីវិត។

បងប្រុសរបស់ ប៊ន ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ដោយគ្មានសាច់ញាតិណាម្នាក់ដឹងពីមូលហេតុនៃទោសកំហុសឡើយ។ មិនត្រឹមតែប៉ុណ្ណោះ គ្មានសមាជិកគ្រួសាររបស់គាត់ណាម្នាក់បានឃើញ និងទទួលសាកសពបងប្រុសរបស់គាត់យកមកធ្វើបុណ្យនោះទេ។ ម្យ៉ាងវិញទៀត នៅអំឡុងរបបខ្មែរក្រហម មិនមានការប្រារព្ធពិធីបុណ្យសព និងរៀបពិធីមង្គលការឡើយ។

នៅក្នុងរបបខ្មែរក្រហម ប៊ន មិនដែលត្រូវអង្គការវាយធ្វើបាបគាត់ឡើយ គ្រាន់តែមានពេលមួយត្រូវអង្គការហៅទៅកសាង ស្ដីបន្ទោសព្រោះតែគាត់ធ្វើការងារយឺត។ គាត់ជាមនុស្សស្លូតបូត និងខិតខំធ្វើការងាររបស់គាត់ជានិច្ច។

បច្ចុប្បន្ននេះ ប៊ន មានបញ្ហាសួត ឆាប់ហត់អស់កម្លាំង និងមានជំងឺខ្វះឈាម៕

សម្ភាសដោយ៖ ជឹម ជូរី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin