វិត សាមិត្ត៖ ខែជេស្ឋ ឆ្នាំ១៩៧៧

(កំពត)៖ វិត សាមិត្ត ភេទស្រី មានអាយុ ៧៥ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ សាមិត្ត មានឪពុកឈ្មោះ ប៉ោត, ម្ដាយឈ្មោះ ផន និងមានបងប្អូនប្រាំបីនាក់ ក្នុងនោះបីនាក់ស្លាប់ក្នុងរបបខ្មែរក្រហម។ សាមិត្ត មានប្តីឈ្មោះ អ៊ុន និងមានកូនបីនាក់។
អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ សាមិត្ត ដែលមានអាយុ៩ឆ្នាំ បានចូលរៀននៅសាលាវត្តចក។ បន្ទាប់ពីរៀនបានបីថ្នាក់(បីឆ្នាំ) ម្ដាយរបស់គាត់ ឲ្យឈប់រៀន ដោយសារខ្លាចគាត់ចេះសរសេរសំបុត្រស្នេហា។ ក្រោយមក សាមិត្ត បានទៅជួយឪពុកដែលទៅកាប់ព្រៃឫស្សី និងឃ្វាលក្របី។
អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ សាមិត្ត បានរៀបការនៅថ្ងៃទី១២កើត ខែចេត្រ (មិនចាំឆ្នាំ) និងសល់ប្រាក់១២រៀលសម្រាប់ប្រកបរបរធ្វើស្រែចម្ការ។ បន្ទាប់ពីរៀបការបានបួនឆ្នាំ អ្នកទាំងពីរមានកូនមួយ ឈ្មោះ ចូន។
អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ នៅភូមិអូរមាសចូល គឺមានការទម្លាក់គ្រាប់បែក និងបាញ់គ្រាប់ផ្លោងបណ្ដាលឲ្យអ្នកជិតខាង និងបងប្អូនសាច់ញាតិរបស់ សាមិត្ត មួយចំនួនបាត់បង់ជីវិត។ សាមិត្ត ថាគាត់ត្រូវរត់ទៅសម្ងំក្នុងលេណដ្ឋាន ចំណែកគោក្របីរបស់គាត់ងាប់អស់ ដោយសារគ្រាប់បែក។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស សាមិត្ត ត្រូវខ្មែរក្រហមបង្ខំឲ្យធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ នៅសហករណ៍អូរមាសចូល និងក្រោយមកត្រូវតម្រៀបដីនៅទំនប់ម្លេច។ សាមិត្ត ត្រូវរែកដីដំបូក, លាមកមនុស្ស, អាចម៍គោសម្រាប់ធ្វើជីយកទៅបាចដាក់តាមវាលស្រែ។ សាមិត្ត ថាមានតែបបរ និងសម្លព្រលិត សម្រាប់ហូបប៉ុណ្ណោះ។ សាមិត្ត ត្រូវធ្វើការទាំងមានជំងឺ។ នៅពេលឈឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយ និងទឹកដូងដែលខ្មែរក្រហមយកមកធ្វើជាសារ៉ូម មកចាក់និងព្យួរឲ្យគាត់។ សាមិត្ត ថាមានអ្នកខ្លះព្យួរហើយស្លាប់តែម្តង។
ជារៀងរាល់ថ្ងៃ សាមិត្ត ត្រូវដកសំណាបពីម៉ោង៣ទៀបភ្លឺដល់ម៉ោង៥ព្រឹក។ នៅម៉ោង៥ព្រឹក គាត់ត្រូវស្ទូង រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបបានសម្រាកហូបបបរ។ នៅម៉ោង១២កន្លះ សាមិត្ត ត្រូវបន្តធ្វើការ ដោយគ្មានពេលឲ្យកូនបៅ។
អំឡុងខែជេស្ឋ ឆ្នាំ១៩៧៧ ប្តីរបស់សាមិត្ត ដែលធ្វើការក្នុងកងសេដ្ឋកិច្ច មានតួនាទីដឹកជញ្ជូនអង្ករ និងទឹកត្រី ត្រូវបានខ្មែរក្រហមចោទថាជាភ្នាក់ងារស៊ីអ៊ីអា និងនាំយកទៅវាយសម្លាប់នៅភ្នំល្អាង។ សាមិត្ត ថាអស់រយៈពេលជិតពីរខែ ទើបមានអ្នកធ្វើការជាមួយហ៊ានមកប្រាប់គាត់អំពីដំណឹងប្តីរបស់គាត់។ នៅរបបនោះ សាមិត្ត ថាបានឃើញអ្នកធ្វើការជាមួយចំនួនទៀត ត្រូវបានខ្មែរក្រហមអូសដៃយកទៅសម្លាប់។
នៅឆ្នាំ១៩៧៩ សាមិត្ត បានបាត់បង់កូនពីរនាក់ ទី១ ឈ្មោះ ចូន មានអាយុ ១២ឆ្នាំ និងឈ្មោះ ធី មានអាយុ ៦ឆ្នាំ ដោយសារជំងឺ។ ក្រោយមក សាមិត្ត បានមករស់នៅវត្តចក និងធ្វើស្រែចម្ការរហូតមក។ សព្វថ្ងៃ គាត់មានជំងឺប្រចាំកាយដូចជាជំងឺសន្លាក់ដៃជើង និងជំងឺបេះដូង៕
សម្ភាសដោយ កេង នាង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥

