វង ញ៉៖ ការបាត់បង់បងប្រុស៣នាក់ដោយសារតែបដិវត្តន៍

វង ញ៉ ភេទស្រី ៣៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០២)[1] ​ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិរកាគយ​«ក» ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ញ៉ មានឪពុកឈ្មោះ វង ខេង និងម្ដាយឈ្មោះ កើត ម៉ន។ ញ៉ គឺជាកូនពៅក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៨នាក់ ដែលមាន៣នាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។ បងប្អូនរបស់ញ៉ ដែលស្លាប់នោះ មានឈ្មោះ ដូចជា សំអុល, ស្រ៊ុន និង វ៉ាន់។ មិនយ៉ូរប៉ុន្មានបន្ទាប់ពីរដ្ឋប្រហារលន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ញ៉ ឃើញមានសភាពប្រែប្រួល ពីព្រោះបាតុកម្មចូលរួមដោយអ្នកភូមិ បានផ្ទុះឡើង។ បាតុកម្មនេះ ត្រូវបានបង្រ្កាបដោយកម្លាំងរបស់ទាហានលន់ នល់។ បន្ទាប់ពីស្ថានភាពបានស្ងប់ស្ងាត់ទៅវិញអស់មួយរយៈពេល ទាហានលន់ នល់ បានចាប់ផ្ដើមចុះមកតាមបណ្ដាភូមិនានាដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រង និងការប្រមូលយុវជន-យុវនារីចូលធ្វើជាទាហាន។ យុទ្ធនាការកេណ្ឌយុវជន-យុវនារីធ្វើជាទាហានលន់ នល់ បានបន្តមកដល់ភូមិរបស់ញ៉ ដែលនៅពេលនោះបងប្រុសរបស់គាត់ វ៉ាន់ និង២នាក់ផ្សេងទៀត បានការភិតភ័យ និងរត់គេចខ្លួចចេញពីភូមិ។​ បន្ទាប់មក បងទាំង៣នាក់ បានស្ម័គ្រចិត្តចូលរួមបដិវត្តន៍។ នៅពេលនោះ យុវជនមកពីភូមិផ្សេងទៀត ដូចជាភូមិវិហារធំ ក៏បានរត់ចូលព្រៃដើម្បីចូលរួមបដិវត្តន៍។​ ចាប់ពីចុង១៩៧០ ដល់ឆ្នាំ១៩៧៣ សង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហមផ្ទុះកាន់តែខ្លាំងឡើង ចំណែក​ឯភូមិរបស់ញ៉ ក៏ត្រូវទទួលរងផលប៉ះពាល់ពីការប្រយុទ្ធគ្នារវាងភាគគីទាំង២ផងដែរ។ គិតត្រឹមឆ្នាំ១៩៧៣ដដែលកងទ័ពខ្មែរក្រហម បានរំដោះ និងគ្រប់គ្រងភូមិសាស្រ្តជាច្រើននៃខេត្តកំពង់ចាម រួមទាំងភូមិរបស់ញ៉ផងដែរ។ កងទ័ពខ្មែរក្រហម ត្រូវបានបញ្ចូនមកឈរជើងត្រៀមវាយចូលរំដោះទីរួមខេត្តកំពង់ចាម ដែលទាហានលន់ នល់ នៅគ្រប់គ្រង និងបន្តប្រយុទ្ធទប់ទល់ពីការត្រៀមវាយចូលទីរួមខេត្ត។

នៅឆ្នាំ១៩៧៤ វ៉ាន់ មកលេងផ្ទះ និងជួបជាមួយឪពុកម្ដាយ និងប្អូនៗ។ បន្ទាប់ពីប្រទេសត្រូវបានរំដោះនៅឆ្នាំ១៩៧៥ វ៉ាន់ មកលេងផ្ទះម្ដងទៀត និងមាននីរសារម្នាក់មកជាមួយ។ ញ៉ ដឹងថា បងរបស់ខ្លួនធ្វើជាកងទ័ព និងត្រូវបានចល័តមកឈរជើងនៅតាមបណ្ដាស្រុកនានា។ ចាប់ពីពេលដែល វ៉ាន់ វិលត្រឡប់ទៅវិញ ញ៉ មិនដែលឃើញ ឬទទួលបានដំណឹងអ្វីសោះពីបងប្រុស​រហូតដល់សព្វថ្ងៃ។ ញ៉ ត្រូវបានអង្គការដាក់ឲ្យធ្វើការនៅកងកុមារ។ ក្នុងកងកុមារ ញ៉ ត្រូវក្រោកពីព្រលឹមដើម្បីដើរប្រមូលអាចម៍គោតាមផ្ទះអ្នកភូមិ និងដើរកាត់ទន្រ្ទាន​ខេត្ត ដើម្បីយកមកលាយគ្នាធ្វើជីដាក់ស្រែ។ ក្រោយមកទៀត បើទោះបីជានៅក្នុងកងកុមារក៏ដោយ ញ៉ ត្រូវបានបង្ខំឲ្យកាប់ និងរែកដី ដូចអ្នកផ្សេងទៀតផងដែរ។ ញ៉ ត្រូវធ្វើការងារពីព្រលឹមទល់ព្រលប់ និងមិនទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់នោះទេ។ ប្រធានកងកុមារនៅពេលនោះ មានឈ្មោះមិត្ត ស្រ៊ាង។ នៅឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមកពីភូមិភាគនិរតីបានចូលមកគ្រប់គ្រង។ នៅពេលនោះ ញ៉ ត្រូវបានផ្លាស់ទៅធ្វើការនៅខាងស្វាយតាហែន តែក្រោយមកបានផ្លាស់មកភូមិវិញ។ ការគ្រប់គ្រងរបស់កម្មាភិបាលមកពីភូមិភាគនិរតី គឺប្រជាជនរស់នៅពិបាក និងវេទនាណាស់។ ប្រជាជនត្រូវបានចាប់ធ្វើទារុណកម្ម​ ដូចជា តា​ ងួន ដែលត្រូវបានកម្មាភិបាលមកពីភូមិភាគនិរតី ធ្វើទារុណកម្មដោយការចាប់ជ្រមុជទឹក ចំណែក​ឯអ្នកខ្លះទៀតត្រូវបានរុញទម្លាក់ពីលើទំនប់ទឹក។ ប្រជាជនជាច្រើន មានទាំងប្រជាជន១៧មេសា, ប្រជាជនភូមិភាគបូព៌ាដែលត្រូវបានដឹកមកពីត្រើយខាងកើត និង ប្រជាជនមូលដ្ឋាន ដែលត្រូវបានចាប់កំហុស និងចោទប្រកាន់ជាខ្មាំង ត្រូវបានដឹកយកមកសម្លាប់ទម្លាក់ចូលក្នុងរណ្ដៅសាកសពរួមដ៏ធំនៅវត្តរកាគយ។ ញ៉ បានឮសំឡេងស្រេករបស់ប្រជាជនដែលត្រូវបានកំពុងតែសម្លាប់ថា អូយ!ៗ។ រណ្ដៅសាកសពរួម មានទំហំធំណាស់ ប៉ុន្តែរណ្ដៅនេះបានបាក់ស្រុតដីធ្លាក់ចូលក្នុងទន្លេទៅហើយ។ ញ៉ នៅចងចាំព្រឹត្តិការណ៍ទាំងអស់នេះ និងមានការនឹករឭកយ៉ាងខ្លាំងចំពោះបងប្រុសទាំង៣របស់ខ្លួន ដែលបានស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ តែចុងក្រោយស្លាប់បាត់បង់ជីវិតខ្លួនឯងទៅវិញ។ ញ៉ គិតថា គាត់ទាំង៣នាក់ត្រូវបានស្លាប់ដោយកម្មាភិបាលមកពីភូមិភាគនិរតី ប៉ុន្តែ ញ៉ មិនមានបំណងចង់សងសឹកនោះទេ ពីព្រោះខ្ញុំមានជំហរថាមិនចង់ចងកម្មចងពារនោះទេ។

អត្ថបទដោយ ស៊ាង ចិន្តា


[1] ឯកសារបទសម្ភាសន៍លេខKCI0144, សម្ភាសន៍ជាមួយ វង ញ៉ រស់នៅឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម, សម្ភាសន៍ដោយ ជួង សុភារិទ្ធ, នៅឆ្នាំ២០០២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin