កងយាមល្បាតជនជាតិចិននៅបាត់ដំបង

យោធាខ្មែរក្រហម (រូបតំណាង)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅសម័យខ្មែរក្រហម មានជនជាតិចិន មករស់នៅ និងធ្វើការនៅម្តុំស្ពានថ្មថ្មី (ជិតផ្សារបឹងឈូក) និងនៅម្តុំសួនច្បារមហាទេព (សេះស) ស្ថិតនៅក្នុងភូមិមហាទេព ក្រុងបាត់ដំបង។ ខ្មែរក្រហមបានប្រាប់ សន ដែលជាអ្នកយាមល្បាតថា ជនជាតិចិនទាំងនោះ គឺជាអ្នកការទូតចិន មកពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្រៅពីជនជាតិចិន សន ក៏ឃើញមានជនជាតិកូរ៉េ មកពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផងដែរ។

វ៉ង់ សន[1] ភេទប្រុស មានអាយុ ៤៩ឆ្នាំ ជាអតីតយោធាខ្មែរក្រហម ដែលយាមល្បាត និងការពារជនជាតិចិននៅខេត្តបាត់ដំបង។ សន មានឪពុកឈ្មោះ សុទ, ម្ដាយឈ្មោះ សាំង និងមានស្រុកកំណើតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សន ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួន ៤នាក់ (ស្រី៣នាក់ និងប្រុសម្នាក់)។

នៅឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារនៅទីក្រុងភ្នំពេញ។ វិបត្តិសង្គ្រាមស៊ីវិលរវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហម ធ្វើឲ្យសិស្សានុសិស្សនៅតាមខេត្ត រួមទាំង សន បានបោះបង់ចោលការសិក្សា និងត្រលប់មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅសម័យ លន់ នល់ (១៩៧០-១៩៧៥) នៅក្នុងភូមិ សន ត្រូវបានជ្រើសរើសឲ្យចូលធ្វើជាកងសិល្បៈឃុំពន្លៃ ដែលបង្ហាត់បង្រៀនដោយខ្មែរក្រហម អស់រយៈពេលប្រហែល ២ទៅ៣ខែ។

នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ សង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ ប៉ុន្តែអំពើហិង្សា និងការកាប់សម្លាប់បានកើតមានឡើងទូទាំងប្រទេសក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្មែរក្រហមបានផ្លាស់ប្តូរ សន ចេញពីកងសិល្បៈទៅកងកុមារ ដោយត្រូវធ្វើជី រែកជី និងរោយជី។ ក្រោយមក សន ត្រូវបញ្ជូនទៅធ្វើស្រែ លើកទំនប់ និងជីកប្រឡាយជាមួយកុមារដទៃទៀតនៅតាមការដ្ឋាន។ សន ត្រូវរស់នៅបែកពីឪពុកម្ដាយតាំងពីពេលនោះមក។

នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានបញ្ជូន សន ដែលមានអាយុប្រហែល ១៣ឆ្នាំ រួមទាំងកុមារជាច្រើនរយនាក់ ឲ្យទៅហ្វឹកហាត់កងទ័ពនៅភ្នំទេព (ខាងជើងភ្នំអង្គរបុរី) ខេត្តតាកែវ។ កុមារទាំងអស់ត្រូវបានជ្រើសរើសតាមភូមិ ឲ្យទៅដឹកជញ្ជូនគ្រាប់កាំភ្លើងពីភូមិអង្គខ្នុរ ទៅភូមិក្អមសំណរ ខេត្តតាកែវ។

នៅដើមឆ្នាំ១៩៧៧ បន្ទាប់ពីហ្វឹកហាត់កងទ័ពនៅអង្គរបុរី ខ្មែរក្រហមចាត់តាំងឲ្យ សន និងកុមារមួយចំនួនទៀតឲ្យទៅខេត្តបាត់ដំបង ដោយមិនបញ្ជាក់ប្រាប់ពីមូលហេតុ។ ខ្មែរក្រហមបានចែកសម្លៀកបំពាក់ និងប្រាក់មួយចំនួនឲ្យ សន និងអ្នកឯទៀតទុកតាមខ្លួនមុនពេលចាកចេញពីស្ថានីយរថភ្លើងខេត្តតាកែវ។ នៅវេលាម៉ោង ៤ ទៀបភ្លឺ មនុស្សជាច្រើននាក់ត្រូវឡើងទូរថភ្លើងឈើដែលសម្រាប់ដឹកសម្ភារ ដោយធ្វើដំណើរចេញពីខេត្តតាកែវឆ្ពោះមកកាន់ខេត្តពោធិ៍សាត់។

នៅពេលធ្វើដំណើរបានពាក់កណ្ដាលផ្លូវ ឬមកដល់ខេត្តពោធិ៍សាត់ ខ្មែរក្រហមបានចែកបាយឲ្យហូប និងសម្រាកមួយសន្ទុះ មុនពេលបន្តដំណើរទៅខេត្តបាត់ដំបង។ នៅម៉ោង ១២ យប់អធ្រាត្រ ទូរថភ្លើងបានធ្វើដំណើរមកដល់ស្ថានីយរថភ្លើងខេត្តបាត់ដំបង និងមានបាយសម្រាប់ហូប។

ស្អែកឡើង ខ្មែរក្រហមធ្វើការជួបប្រជុំជួរ និងដាក់ផែនការ ដោយបែងចែកមនុស្សដែលមកដល់ថ្មី ឲ្យទៅធ្វើការតាមក្រុមផ្សេងៗ ដូចជាក្រុមពេទ្យព២ ក្រុមរោងចក្រស្ករស កំពង់គល់ និងក្រុមយោធាការពារជនជាតិបរទេស។ ក្រុមដែលបញ្ជូនមកការពារជនជាតិចិន គឺមានសមាជិក៤នាក់ ដែលមកពីស្រុកព្រៃកប្បាសជាមួយ សន ក្នុងនោះមាន មិត្តគឿន មកពីខាងភូមិអំពិល។

អ្នកទាំង៤ ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការជាមួយកងតូច ដឹកនាំដោយប្រធានឈ្មោះ វុធ ដែលមានសមាជិក ៣០នាក់។ កងយាមល្បាតចល័តនេះ គឺត្រូវយាមទាំងយប់ទាំងថ្ងៃ។ សន តែងតែយាមល្បាត និងការពារជនជាតិចិននៅត្រង់ចំណុចស្ពានថ្មថ្មី ជិតផ្សារបឹងឈូក និងនៅជិតសួនច្បារមហាទេព ក្រុងបាត់ដំបង។

នៅទីនោះ មានជនជាតិចិន និងកូរ៉េ ជាច្រើននាក់រស់នៅ និងធ្វើការ។ ខ្មែរក្រហមបានប្រាប់ថាជាទីតាំងទូតរបស់ប្រទេសចិននៅបាត់ដំបង។ ជនជាតិចិនដែលរស់នៅទីនោះ គឺស្លៀកពាក់អាវពណ៌ស ដៃខ្លី។ នៅពេលយាមល្បាត ខ្មែរក្រហមមិនអនុញ្ញាតឲ្យ សន និងអ្នកឯទៀតប្រស្រ័យទាក់ទងជាមួយជនជាតិចិនទាំងនោះឡើយ។

ក្រៅពីនេះ សន ក៏យាមល្បាតនៅព្រៃដូង ដែលនៅខាងកើតស្ថានីយរថភ្លើង។ នៅពេលសម្រាក សន ដាំបាយហូបដោយខ្លួនឯង និងមានម្ហូបអាហារដែលដឹកយកមកពីរោងបាយ។ ក្នុងមួយសប្តាហ៍ម្តង គឺមានចម្អិនសាច់ជ្រូកឲ្យហូប។

ពេលល្ងាចឡើង គឺប្រជុំ និងកសាងសមាជិកនៅតាមក្រុមយាមល្បាតជារៀងរាល់ថ្ងៃ ទាក់ទងនឹងរឿងប្រើប្រាស់អាវុធឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ សមាជិកក្នុងក្រុម គឺតែងតែទិតៀន ឬកសាងគ្នាទៅវិញទៅមក ដូចជានិយាយថា «កុំឲ្យមានការធ្វេសប្រហែស» ជាដើម។

នៅឆ្នាំ១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យបានដួលរលំដោយសារសង្គ្រាមជាមួយកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ កងទ័ពខ្មែរក្រហម រួមទាំងក្រុមយាមល្បាតរបស់ សន បានរត់គេចខ្លួនចេញពីបាត់ដំបង។ កម្មករ និងកងចល័តជាច្រើនរយនាក់ បានគេចខ្លួនទៅតាមកងវរសេនាធំ៩០៥ ដឹកនាំដោយ តាប៉ៃ ដែលរៀបចំជំរំឲ្យរស់នៅក្នុងភូមិព្រៃធំ (ភ្នំ១០៥) ជិតអាងកំពីងពួយ។

កងពល៩០៥ និងកងទ័ពខ្មែរក្រហមមកពីខេត្តកោះកុង បន្តប្រយុទ្ធជាមួយកងទ័ពវៀតណាម និងកងទ័ពរណសិរ្ស នៅជួរភ្នំសំពៅ, ភ្នំទ្រុងមាន់, អាងកំពីងពួយ និងបឹងកន្សា។ នៅពេលនោះ សន ធ្វើជាកងទ័ពសមរភូមិក្រោយ ដោយដឹកជញ្ជូនស្បៀងឲ្យកងទ័ពនៅសមរភូមិមុខ។

នៅឆ្នាំ១៩៨០ រហូតឆ្នាំ១៩៨៣ សន ធ្វើកងទ័ពប្រយុទ្ធក្នុងកងវរសេនាតូច​៤០២ ក្រោមកងពល៩០៥។ នៅឆ្នាំ១៩៨២ តាមព្រំដែនត្រង់ចំណុចគីឡូលេខ១៣ គឺមានការប្រយុទ្ធជាខ្លាំងជាមួយកងទ័ពវៀតណាម។ ក្រោយមក កងទ័ពខ្មែរក្រហម ធ្វើការប្រយុទ្ធជាក្រុមដោយចេញពីជំរំ (ភូមិសប់ពិលី)[2] នៅប្រទេសថៃ និងវាយឆ្មក់នៅលើភ្នំព្រឹក្ស ប្រទេសកម្ពុជា។ ក្នុងមួយយប់ សន ត្រូវវាយឆ្មក់ចំនួនបីដងទៅលើកងទ័ពវៀតណាម។

នៅអំឡុងទសវត្សរ៍៨០ សន បានពិការជើង ដោយសារមីនបង្កប់ដោយកងទ័ពខ្មែរក្រហម។  ថ្ងៃមួយ សន ធ្វើដំណើរទៅពិនិត្យ និងយកការណ៍នៅឃ្លាំងស្រូវនោះ ដោយធ្វើដំណើរជាមួយអ្នកដែលបង្កប់មីន។ អ្នកបង្កប់មីនដែលដើរពីក្រោយ សន បានប្រាប់ថានឹងប្រាប់ពីកន្លែងបង្កប់មីន មួយរំពេចនោះ អ្នកបង្កប់នោះបានលាន់មាន់ «ហេៈ!»។ មួយរំពេចនោះសំឡេងផ្ទុះបន្លឺឡើង ជើងម្ខាងរបស់ សន បានដាច់ជាកំណាត់។ សន បានរងគ្រោះដោយសារគ្រាប់មីនស្ទើរតែបាត់បង់ជីវិត។ កងទ័ពខ្មែរក្រហមដែលធ្វើដំណើរជាមួយ បានបញ្ជូន សន មកព្យាបាលនៅជំរំតាមព្រំដែនប្រទេសថៃ។ តាមដងស្ទឹង ឬនៅតាមតំបន់ព្រៃភ្នំ គ្រាប់មីនក្នុងចន្លោះប្រហែល ៤ទៅ៦លានតោន ត្រូវបានបង្កប់នៅទូទាំងប្រទេសកម្ពុជា។[3]

នៅឆ្នាំ១៩៨៧ ជាឆ្នាំដែល សន និងប្រជាជនរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម បានត្រលប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ។ នៅព្រៃរនាម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង គឺមានឃ្លាំងស្រូវរបស់កងទ័ពខ្មែរក្រហម ដែលកាន់កាប់ដោយកងទ័ពវៀតណាម។ នៅទីនោះ កងទ័ពខ្មែរក្រហមបង្កប់គ្រាប់មីនជាច្រើន។

នៅឆ្នាំ១៩៩០ នៅជំរំតាងុក ក្នុងភូមិសប់ពិលី សន បានរៀបការតាមប្រពៃណីជាមួយឈ្មោះ ឈុន រ៉េន ដែលជាកម្មកររោងចក្រ និងជាអ្នកស្គាល់ពីមុនមកនៅសម័យខ្មែរក្រហម។  បន្ទាប់ពីរៀបការរួច សន បានត្រលប់មកធ្វើជាកងទ័ពសមរភូមិក្រោយ ដោយដើរយាមល្បាត បិទចំរូងតាមព្រំដែន ចំណែកប្រពន្ធរបស់ សន ធ្វើជាកងដឹកជញ្ជូន។

នៅឆ្នាំ១៩៩៦ បន្ទាប់ពីសមាហរណកម្មនៅបឹងត្រកួន និងប៉ៃលិន សន និងគ្រួសារបានត្រលប់មករស់នៅភូមិកណ្ដាល ឃុំអូររំដួល ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង ដោយកូន៣នាក់ (ប្រុស២ និងស្រីម្នាក់) និងប្រកបរបរប៉ះកង់ម៉ូតូ និងធ្វើស្រែចម្ការ។ ជាអកុសល នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ម្ដាយរបស់ សន បានបាត់បង់ជីវិតដោយសារជំងឺ និងការអត់ឃ្លាន ចំណែក សន ស្ទើរនឹងបាត់បង់ជីវិតដោយសារគ្រាប់មីន។

បច្ចុប្បន្ន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកនៅសម័យសង្គ្រាមស៊ីវិលអំឡុងទសវត្សរ៍៨០ និង៩០ បានធ្វើឲ្យជីវិតមនុស្សប្រហែលជា ៦៤,០០០នាក់ ត្រូវបានសម្លាប់ និងរងរបួស រួមទាំង សន ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៕[4]

អត្ថបទដោយ៖ ស្រ៊ាង លីហ៊ួរ

[1] ឯកសារលេខ BBI០០៨៧. (២០១១). សម្ភាសជាមួយឈ្មោះ វ៉ង់ សន ដោយ ឡុង ដានី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] នៅបណ្ដោយព្រំដែនប្រទេសកម្ពុជា-ថៃ ស្ថិតក្នុងខេត្តស្រះកែវ ប្រទេសថៃ.

[3] JICA. (2024). From a supported country to a Global Leader in Mine Action: Cambodia’s Goal of a World Free of Landmines. October 25th, 2024. Retrieved from https://www.jica.go.jp/english/information/topics/2024/p20241001_01.html#:~:text=Overcoming%20conflict%3A%20building%20cambodia’s%20national,6%20million%20landmines%20were%20buried

[4] Mines Advisory Group. Cambodia. Accessed on Jan. 10, 2025. Retrieved from https://www.maginternational.org/what-we-do/where-we-work/cambodia/#

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin