យោធាជើងទឹកខ្មែរក្រហមនៅកោះពូលូវៃ

នៅលើកោះពូលូវៃ មានកងវរសេនាតូច៦២១ ឈរជើងការពារដែនសមុទ្រនៅរបបកម្ពុជាប្រជាធិបតេយ្យ។ អ៊ូ គីម គឺជាយោធាម្នាក់នៃកងវរសេនានេះ ដែលប្រចាំការពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩។ តាមរយៈរឿងរ៉ាវរបស់ គីម បានឲ្យដឹងថា មានការប៉ះទង្គិចជាមួយកងទ័ពវៀតណាមនៅដែនសមុទ្រ។ រឿងរ៉ាវផ្សេងទៀតដូចជានៅលើកោះពូលូវៃ មានការសម្លាប់ជនជាតិវៀតណាម និងជនជាតិថៃ។ គីម បន្តថា នៅកោះពូលូវៃ យោធាខ្មែរក្រហម បានរឹបអូសទូក និងទ្រព្យសម្បត្តិមានតម្លៃរបស់ជនជាតិទាំងនោះ និងចោទថា ទូកទាំងនោះបានឆ្លងដែនសមុទ្រចូលប្រទេសកម្ពុជា ដោយខុសច្បាប់។ លើសពីនេះ គីម ក៏បានរៀបរាប់ពីស្ថានភាពរស់នៅ, ការធ្វើការ, និងរបបអាហារ នៅលើកោះពូលូវៃរហូតដល់ឆ្នាំ១៩៧៩។

អ៊ូ គីម[1] ហៅ រ៉េត​ ភេទប្រុស មានអាយុ ៥៩ឆ្នាំ (២០១៥) រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ គីម ជាយោធាជើងទឹកនារបបកម្ពុជាប្រជាធិបតេយ្យ។ គីម មានស្រុកកំណើតនៅភូមិសូរិយា ឃុំត្នោតចុងត្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ គីម មានឪពុកឈ្មោះ អ៊ន់, ម្ដាយឈ្មោះ មាស ហាក់ និងមានបងប្អូន ៩នាក់ ស្រី ៣នាក់។

នៅឆ្នាំ១៩៧០ ស្រុកបន្ទាយមាស ក្លាយជាសមរភូមិមុខរវាងយោធាខ្មែរក្រហម និងទាហាន លន់ នល់។ នៅឆ្នាំ១៩៧១ គីម បានឈប់រៀនត្រឹមថ្នាក់ទី១០ (សង្គមចាស់)។ គីម បានលើកឡើងថា ការខ្វះការត្រិះរិះពិចារណានៅវ័យក្មេង និងដោយសារឃើញកុមារក្នុងភូមិឯទៀតធ្វើជាកងឈ្លប ទើបសម្រេចចិត្តចូលរួមបដិវត្តន៍។ នៅខែកុម្ភៈ ឆ្នាំ១៩៧២ គីម ធ្វើជាកងឈ្លបភូមិនៅស្រុកកំណើត រយៈពេលពីរឆ្នាំ។

នៅឆ្នាំ១៩៧៤ គីម ដែលមានវ័យ ១៨ឆ្នាំ ត្រូវបានថ្នាក់លើបញ្ជូនទៅធ្វើជាកងវរសេនាតូច៥៧ នៃយោធាតំបន់៣៥ ដែលមានឈ្មោះ ជាវ ជាប្រធានកងវរសេនា។ គីម បានចូលរួមការប្រយុទ្ធនៅតាមតំបន់ជួរភ្នំក្នុងខេត្តកំពត។ នៅឆ្នាំ១៩៧៥ គីម ប្ដូរទៅធ្វើជាយោធាមជ្ឈិម (យោធាជើងទឹក) នៅកំពង់សោម និងហ្វឹកហាត់នៅបន្ទាយរាម។ បន្ទាប់ពីការហ្វឹកហាត់រយៈពេលពីរខែ គីម ត្រូវបានបញ្ជូនទៅប្រចាំការនៅកោះរ៉ុង រយៈពេលជិតមួយឆ្នាំ។

នៅឆ្នាំ១៩៧៥ ក្រោមគោលការណ៍របស់ថ្នាក់លើ កងពល៦២ ដឹកនាំដោយ តាសារឿន បានទៅប្រយុទ្ធនៅកោះត្រល់។ គីម បានដឹងថា ការប្រយុទ្ធបានបរាជ័យ ដោយមូលហេតុកម្លាំងនៃកងពលនេះមានចំនួនតិចជាងកងទ័ពសត្រូវ។ បន្ទាប់មកនៅឆ្នាំដដែល កងទ័ពវៀតណាមបានវាយបក និងដណ្ដើមកាន់កាប់កោះពូលូវៃ។ យោធាខ្មែរក្រហម ដែលនៅកោះពូលូវៃ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំឃាំងនៅកោះត្រល់។ បន្ទាប់ពីការចរចាររវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កងទ័ពវៀតណាមបានបញ្ជូនយោធាដែលចាប់ខ្លួនត្រលប់មកកម្ពុជាវិញ។ តាមរយៈយោធាម្នាក់ដែលត្រូវបានចាប់ខ្លួន បានលើកឡើងថា មានយោធាប្រមាណ ៦០០នាក់ ត្រូវបានចាប់ខ្លួននាពេលនោះ។

នៅឆ្នាំ១៩៧៦ គីម ត្រូវបានបញ្ជូនទៅកោះតាង មួយរយៈ មុនពេលបញ្ជូនទៅកោះពូលូវៃ។ បន្ទាប់ពីយោធាទាំងនោះត្រលប់ពីកោះត្រល់វិញ គីម ដែលស្ថិតក្រោមកងវរសេនាតូច៦២១ ត្រូវបានថ្នាក់លើបញ្ជូនទៅប្រចាំការនៅកោះពូលូវៃថ្មី។ ចំណែក កងវរសេនាធំ៦២២ គឺត្រូវប្រចាំនៅកោះពូលូវៃចាស់។ នៅកោះពូលូវៃថ្មី កងវរសេនាតូច៦២១ មានកងថ្មើរជើងចំនួន ៣កង (៣០០នាក់) និងកងកាំភ្លើងធំ ១កង (១០០នាក់) ក្នុងនោះមាន កង១៥, កង១៦, កង១៧, និងកងកាំភ្លើងធំ១៨ ដោយលើកោះគ្មានយោធាជាស្ត្រីនោះទេ។ គីម ស្ថិតក្នុងកងថ្មើរជើង១៥។ នៅលើកោះពូលូវៃ គឺមានឃ្លាំងផ្ទុកអាវុធ លេណដ្ឋានមួយដែលសង់ពីបេតុង និងថ្មបាយក្រៀម។ នៅលើកោះពូលូវៃ គឺមានតែទូកឈើ កម្លាំងពី២៥០សេសេ ទៅ៥០០សេសេ សម្រាប់ដឹកជញ្ជូនសម្ភារ និងសញ្វវុធផ្សេងៗ ពីកំពង់សោម។ ចំណែក នាវាចម្បាំង ឬកប៉ាល់ ត្រូវចតនៅកំពង់ផែក្រុងកំពង់សោម។

នៅតាមបណ្ដោយដែនសមុទ្រនៃប្រទេសកម្ពុជា មានទូកជនជាតិវៀតណាម និងទូកនេសាទថៃ ឆ្លងចូលដែនសមុទ្រកម្ពុជា។ ទូកជនជាតិវៀតណាម ជាលក្ខណៈគ្រួសារ មានកូនក្មេង និងស្ត្រី ធ្វើដំណើរ។ បើតាមការសាកសួរ ជនជាតិវៀតណាមទាំងនោះ មានបំណងចងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ឬហ្វីលីពីន។ គីម បានឲ្យដឹងទៀតថា កូនក្មេងដែលធ្វើដំណើរ ភាគច្រើនពុលរលកស្លាប់។

នៅពេលយោធាលើកោះពូលូវៃឃើញទូកឆ្លងកាត់ ប្រធានកងវរសេនាតូចបានធ្វើការទាក់ទងតាមទូរលេខទៅកំពង់សោម ដើម្បីបញ្ជូនកប៉ាល់ចម្បាំងមកពីខាងរាម ឬស្ទឹងហាវ ដែលផ្ទុកយោធាប្រហែល ៣០នាក់ និងដេញចាប់ទូកឈើដែលឆ្លងកាត់ទាំងនោះ។ គីម បាននិយាយថា កប៉ាល់នោះមានល្បឿនលឿន ដោយមានកម្លាំងម៉ាស៊ីនពី៨០០សេសេ ទៅ១០០០សេសេ។ ទូកដែលចាប់បាន គឺរក្សាទុកនៅកោះពូលូវៃ​។ ដោយឡែក មនុស្សត្រូវឃុំឃាំងបីថ្ងៃ និងបង្អត់បាយ។ បន្ទាប់ពីឃុំឃាំងអស់រយៈពេលបីថ្ងៃ នឹងមានបញ្ជាពីថ្នាក់លើឲ្យដោះលែង ឬសម្លាប់។ ក្នុងករណីដែលអ្នកដំណើរទាំងនោះមិនប្រគល់សម្ភារមានតម្លៃឲ្យយោធា ឬប្រសិនបើយោធារកឃើញមានការលាក់ទុកសម្ភារ អ្នកដំណើរទាំងនោះនឹងត្រូវធ្វើទារុណកម្ម ឬក៏ត្រូវបានសម្លាប់ដោយយោធាខ្មែរក្រហម។

គីម បាននិយាយថា ទូកនេសាទថៃ ឬទូករបស់ជនជាតិវៀតណាម ដែលយោធាចាប់បានត្រូវធ្វើការសម្រេចតាមបញ្ជារបស់ថ្នាក់លើ ចំពោះការដោះលែងឲ្យត្រលប់ទៅវិញ ឬត្រូវសម្លាប់នៅទីនោះ។ សម្ភារមានតម្លៃនៅលើទូក ត្រូវបានរឹបអូស។ គីម ដឹងថា អ្នកនេសាទថៃ ត្រូវចាត់ទុកជាខ្មាំងឈ្លានពានទឹកដី ដែលត្រូវបញ្ជូនទៅកំពង់សោម ឬសម្លាប់។ ចំណែក ត្រីរឹបអូសបានពីទូកនេសាទថៃ គឺទុកសម្រាប់ហូប។

ជារៀងរាល់ថ្ងៃ គីម ឃើញអ្នកដំណើរទាំងនោះ ត្រូវយោធាចាប់ខ្លួន និងរឹបអូសសម្ភារមានតម្លៃ។ អ្នកខ្លះត្រូវបានដោះលែង ប៉ុន្តែសម្រាប់ទូកនេសាទថៃដែលខុសច្បាប់ ត្រូវយោធាយកទៅសម្លាប់ ដោយចោទថាបានលួចទ្រព្យសម្បត្តិមច្ឆាជាតិ និងល្មើសមិនគោរពច្បាប់។ គីម បញ្ជាក់ថា ប្រសិនបើ ថ្នាក់លើនៅកំពង់សោមបញ្ជាតាមទូរលេខឲ្យ «ធ្វើម្ហូប» បានន័យថាអ្នកនេសាទខុសច្បាប់ទាំងនោះ ត្រូវយកទៅសម្លាប់។

នៅលើកោះពូលូវៃ ក្រៅពីហ្វឹតហាត់ និងការពារដែនសមុទ្រ គីម ត្រូវចិញ្ចឹមសត្វមាន់ គោ ជ្រូក និងដាំដំណាំ។ ជារៀងរាល់ព្រឹក គីម ត្រូវហ្វឹកហាត់ និងហែលទឹក ដោយជើងចងភ្ជាប់ជាមួយដុំថ្ម ទម្ងន់មួយគីឡូ។ នៅពេលហ្វឹកហាត់ រយៈពេលជាង ៣ម៉ោង យោធាមួយចំនួនរមួលក្រពើស្លាប់ និងខ្លះសន្លប់នៅពេលហែលមកច្រាំង។ នៅពេលថ្ងៃ មន្ទីរកងពលនៅកំពង់សោម បញ្ជាឲ្យគីម និងយោធាឯទៀតចាប់ឈ្លើងសមុទ្រទុកសម្រាប់ទទួលភ្ញៀវជនជាតិចិន។ គីម យកឈ្លើងសមុទ្រដែលចាប់បាន ទៅវះ និងបោះចូលទឹកក្តៅ។ បន្ទាប់មកប្រឡាក់ជាមួយផេះ និងហាលថ្ងៃទុកសម្រាប់ទទួលភ្ញៀវ។ គីម បាននិយាយថាខ្លួនមិនដែលបានហូបនោះទេ បានត្រឹមតែចាប់ប៉ុណ្ណោះ។

នៅលើកោះពូលូវៃ សម្រាប់យោធាថ្នាក់ក្រោម គឺមានការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការគ្មានពេលសម្រាក។ បន្លែបង្ការដូចជា ដំឡូងមី ត្រប់ស្រួយ និងគល់ស្លឹកគ្រៃ ដែលដាំ គឺគ្មានសិទ្ធិបេះហូបទេ។ ប្រសិនបើមានអ្នកណាម្នាក់លួចហូប នឹងត្រូវយោធាខ្មែរក្រហមចោទថាជាខ្មាំង។ គីម ចាំថា នៅថ្ងៃមួយ មិត្តរបស់ គីម ត្រូវបានប្រធានកងវាយ និងធ្វើទារុណកម្ម ដោយសារលួចសម្ភារ។ តាមវិន័យអង្គការ សម្ភារមានតម្លៃ ឬមាសដែលរឹបអូស ពីអ្នកឆ្លងដែនសមុទ្រទាំងនោះ ត្រូវប្រគល់ឲ្យកងរយជាអ្នកទុកដាក់។

នៅកោះពូលូវៃ មាស មុត ប្រធានកងពល១៦៤ តែងតែធ្វើដំណើរទៅទីនោះជាញឹកញាប់ និងបញ្ជាឲ្យមានការចាក់បញ្ចាំងកុន អំពីដំណើរទស្សនកិច្ចរបស់ ប៉ុល ពត នៅប្រទេសចិន។ នៅពេលមើលកុន គីម ទទួលបានសណ្តែកដីហូប។ ក្រៅពីការបញ្ចាំងកុន មាស មុត ក៏ប្រជុំជាមួយយោធាទាំងអស់អំពីការការពារបូរណភាពទឹកដីជាដើម។

នៅដើមឆ្នាំ១៩៧៩ មុនពេលចាកចេញពីកោះពូលូវៃ នៅប្រហែលម៉ោង ១យប់ យោធាបានបំផ្លាញសញ្វវុធ និងរៀបចំស្បៀងមួយចំនួន។ គីម និងយោធាឯទៀតធ្វើដំណើរឆ្ពោះទៅចម្លងគោ និងបន្តប្រយុទ្ធនៅកងកេង, ស្ទឹងហាវ និងកោះមួយ។ គីម រំឭកថា នៅពេលនោះ គាត់កាន់កាំភ្លើងពីរដើម និងគ្រាប់កាំភ្លើងមួយឡាំង។ បន្ទាប់ពីការប្រយុទ្ធ យោធាបានដកថយពីចម្លងគោទៅខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។ គីម ធ្វើដំណើររយៈពេលជាងមួយខែ ទាំងមានរបួស, និងអត់អាហារ។ នៅពេលនោះ គីម ឃើញយោធាមួយចំនួនស្លាប់ដោយសារអត់អាហារ និងពុលផ្សិត។ ក្រោយមក គីម ធ្វើដំណើរពីខ្លងយ៉ៃ ទៅខេត្តស្រះកែវ ប្រទេសថៃ។ នៅទីនោះ គីម បានរៀបការជាប្រពន្ធឈ្មោះ សឹម សេង ដែលបច្ចុប្បន្នមានកូនស្រីចំនួន ៦នាក់៕

ដោយ ស្រ៊ាង លីហ៊ួរ


[1] ឯកសារលេខ BBI០១១១. (២០១៥). សម្ភាសជាមួយ អ៊ូ គីម ហៅ រ៉េត ដោយ ឡុង ដានី និង សុខ វណ្ណៈ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥. មជ្ឈមណ្ឌលឯកសារកម្ពុជា.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin