យាំ វ៉ាន ៖ លេខាឃុំកន្ទួត

យាំ វ៉ាន ឈ្មោះក្នុងបដិវត្តន៍ហៅ វ៉ាន កើតនៅឆ្នាំ១៩៤០ នៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកក្រចេះ ខេត្តក្រចេះ។ វ៉ាន មានឪពុកឈ្មោះ យាំ វ៉ន ម្ដាយឈ្មោះ ម៉ៅ អួន និងមានបងប្អូនចំនួនប្រាំនាក់ (ស្រីបីនាក់)។ នៅក្នុងឯកសារប្រវត្តិរូប បានបញ្ជាក់ពីអត្តចរិតដើមរបស់ វ៉ាន គឺជាមនុស្សមិនសូវចូលចិត្តនិយាយស្ដី ឆាប់ខឹង និងចូលចិត្តធ្វើត្រាប់តាមអ្នកដទៃ។[1]
យាំ វ៉ាន ពេលនៅកុមារ គាត់រៀនបានត្រឹមថ្នាក់ទី៧ (ចាស់) បន្ទាប់មកបានបួសជាព្រះសង្ឃរយៈពេល៩វស្សា នៅវត្តជួរក្រូច ស្ថិតនៅក្នុងឃុំថ្មអណ្ដើក ហើយបានទៅរៀនបន្តនៅខេត្តស្ទឹងត្រែង មួយរយៈខ្លីក៏ត្រលប់ទៅស្រុកកំណើតវិញ។ នៅស្រុកកំណើត វ៉ាន បានលាចាកសិក្ខាបទ និងជួយធ្វើស្រែឪពុកម្ដាយ។ នៅអាយុ១៩ឆ្នាំ វ៉ាន បានរៀបការប្រពន្ធឈ្មោះ ហៀក ហើយមានកូនចំនួនប្រាំមួយនាក់ (ស្រីបីនាក់)។ អ្នកទាំងពីរបានប្រកបមុខរបរធ្វើស្រែចម្ការ និងកាប់ឫស្សីនៅក្នុងព្រៃ សម្រាប់ទុកប្ដូរយកស្បៀងអាហារ។
នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច ក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់។ វ៉ាន និងភរិយា ឈប់ប្រកបរបរធ្វើស្រែចម្ការ និងបានចាកចេញពីផ្ទះ ព្រោះតែនៅតំបន់របស់គាត់មានភាពចលាចលដោយសារការទម្លាប់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវ។ ដោយសារតែការទម្លាក់គ្រាប់បែក ប្រជាជនជាច្រើនបានសម្រេចចិត្តចាកចេញផ្ទះសំបែង ហើយផ្ទះមួយចំនួនត្រូវបានឆេះ។ នៅពាក់កណ្ដាលឆ្នាំ១៩៧០ វ៉ាន បានចូលចលនាបដិវត្តន៍ខ្មែរក្រហម តាមរយៈ សមមិត្ត ចិត្ត ដោយសារតែការពេញចិត្តជាមួយនឹងមាគ៌ារបស់បក្ស ដែលមានបំណងចង់លុបបំបាត់ការជិះជាន់ពីសំណាក់ សក្ដិភូមិនាយទុន។ នៅឆ្នាំ១៩៧១ វ៉ាន បានស្ថិតនៅក្នុងបេក្ខជនត្រៀម ហើយបន្ទាប់មកនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧២ ទទួលបានការឧទ្ទេសនាមពី យ៉ែម ឲ្យចូលជាសមាជិកពេញសិទ្ធិ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឲ្យទៅតាមទីជនបទ។ ប្រជាជនដែលជម្លៀសមកពីភ្នំពេញទាំងអស់ត្រូវបានហៅថាជាប្រជាជនថ្មី ឬប្រជាជន១៧មេសា។ អ្នកទាំងនេះត្រូវបានអង្គការចាត់ទុកថាជា “ជនបញ្ញើក្អែក” ដែលគ្មានសិទ្ធិអ្វីទាំងអស់។ ប្រជាជនថ្មី ទទួលរងការធ្វើទុក្ខបុកម្នេញខ្លាំងជាងប្រជាជនចាស់។[2] នៅតំបន់ដែល វ៉ាន រស់នៅមានប្រជាជនដែលជម្លៀសមកពីភ្នំពេញមួយចំនួន ហើយបានធ្វើការងារ និងរស់នៅលាយឡំជាមួយនឹងប្រជាជនមូលដ្ឋាន[3]។ អង្គការចាត់តាំងឲ្យប្រពន្ធរបស់ វ៉ាន ធ្វើការងារនៅក្នុងកងតម្បាញ និងមើលថែទាំកុមារ ព្រោះពេលនោះប្រពន្ធរបស់គាត់ មានបញ្ហាងងឹតភ្នែក ដូច្នេះមិនអាចចេញទៅធ្វើការងារនៅសហករណ៍បានឡើយ។ ការងារដែលប្រពន្ធរបស់ វ៉ាន ធ្វើជារៀងរាល់ថ្ងៃគឺត្បាញកន្ទេល ការុង និងជួយមើលកុមារតូចៗនៅក្នុងកង។ ថ្វីត្បិតតែពេលនោះប្រពន្ធរបស់គាត់ជាមនុស្សងងឹតភ្នែកពិតមែន ប៉ុន្តែគាត់នៅតែខិតខំធ្វើការងារឲ្យអង្គការជានិច្ច ព្រោះតែនៅក្នុងរបបខ្មែរក្រហមមិនផ្ដល់អាហារឲ្យប្រជាជនណាដែលមិនធ្វើការឡើយ។ នៅក្នុងកងដែល វ៉ាន រស់នៅ របបអាហារដែលប្រជាជនទទួលបានគឺខ្វះខាតទៅតាមពេល មានន័យថាពេលខ្លះអាហារហូបគ្រប់គ្រាន់ និងពេលខ្លះទៀតខ្វះខាត។ វ៉ាន ត្រូវអង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨ ចំណែកកូនប្រុសរបស់គាត់ម្នាក់ត្រូវបានអង្គការដកហូតការងារ ហើយប្រពន្ធ និងកូនរបស់គាត់ត្រូវបានអ្នកភូមិ។ ការចាប់ខ្លួន វ៉ាន គឺមានផលប៉ះពាល់ដល់សមាជិកគ្រួសាររបស់គាត់ជាខ្លាំង កូនប្រុសរបស់គាត់ម្នាក់ត្រូវបានអង្គការបញ្ឈប់ការងារពីរោងចក្រក្រឡឹង។
តាមរយៈឯកសារលេខ KRI0039 សម្ភាសជាមួយ សួស ហៀក[4] ត្រូវជាប្រពន្ធរបស់ យាំ វ៉ាន បានបញ្ជាក់ថា បន្ទាប់ពីការបាត់ខ្លួនប្ដីរបស់គាត់ រូបគាត់ និងកូនៗមិនដែលទទួលបានការសួរសុខទុក្ខពីប្រជាជនដែលរស់នៅក្នុងសហករណ៍ជាមួយគ្នាឡើយ។ សមាជិកគ្រួសាររបស់គាត់ មិនហ៊ានចេញពីផ្ទះជួបជាមួយប្រជាជនដទៃឡើយ ព្រោះអ្នកទាំងនោះតែងតែរើសអើសថាប្ដីរបស់គាត់គឺជាជនក្បត់។ ហៀក ទន្ទឹងរង់ចាំមើល ក្រែងថ្ងៃណាមួយប្ដីរបស់គាត់ត្រលប់មកផ្ទះវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ តែងតែនឹករឭកដល់ប្ដីដែលបាត់ខ្លួនទៅ មិនដឹងថានៅមានជីវិត ឬបាត់បង់ជីវិតនោះទេ៕
អត្ថបទដោយ នេន ស្រីមុំ
[1] ឯកសារលេខ I05358, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ស្ដីពីប្រវត្តិរូបនៅក្នុងបដិវត្តន៍របស់ យាំ វ៉ាន ជាលេខាសាលាឃុំកន្ទួត (ក្រចេះ)។
[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័រ ៤០។
[3] ដូចខាងលើ “ប្រជាជនមូលដ្ឋាន ឬជាប្រជាជនចាស់ គឺជាអ្នកទាំងឡាយណាដែលរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកុម្មុយនីស្តកម្ពុជានៅមុនថ្ងៃ១៧ មេសា ១៩៧៥។ ខ្មែរក្រហមបានបែងចែកអ្នកទាំងនេះ ជាប្រជាជនពេញសិទ្ធិ ឬប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិ គឺអ្នកទាំងឡាយណាដែលមិនមានបងប្អូនធ្លាប់ធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ ហើយជាសមាជិកគ្រួសារក្រីក្រ ឬគ្រួសារកម្រិតកណ្ដាលថ្នាក់ក្រោម (កសិករ និងកម្មករ)”។
[4] ឯកសារលេខ KRI0039, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, សួស ហៀក (ប្រពន្ធរបស់ យាំ វ៉ាន) សម្ភាសដោយ ឡុង ដានី, នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៦។