យ៉ាន់ ស៊ែល ៖ ផ្ដល់ព័ត៌មានអំពីកងទ័ពតំបន់២៣ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ យ៉ាន់ ស៊ែល[1] ជនជាតិខ្មែរ ភេទប្រុស មានអាយុ៣១ឆ្នាំ(នៅក្នុងឆ្នាំ១៩៧៨)។ ខ្ញុំរស់នៅភូមិព្រែកតាអី ឃុំព្រែកតាអី ស្រុកប្រសូត្រ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ យ៉ាន់ តែម និង ម្ដាយឈ្មោះ រៀម ញ៉ែម។ ខ្ញុំមានប្រពន្ធឈ្មោះ នៅ សារិន មានទីកន្លែងកំណើតនៅភូមិព្រៃដំឡូង ឃុំពោធិរាជ ស្រុកមានជ័យថ្មី (បច្ចុប្បន្នស្ថិតនៅស្រុកស្វាយជ្រំ) តំបន់២៣។ ខ្ញុំមានកូនចំនួន៤នាក់ គឺស្រីចំនួន២នាក់ និងប្រុសចំនួន២នាក់។ ខ្ញុំត្រូវអង្គការចាប់ខ្លួន នៅភូមិភាគបូព៌ា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៨។ ចំណែកកងទ័ពតំបន់២៣ មានរចនាសម្ព័ន្ធដឹកនាំដូចខាងក្រោមនេះ៖ កងទ័ពតំបន់២៣[2] មាន៣វរសេនាធំ និង ២វរសេនាតូចឯករាជ្យ។
១).វរសេនាធំលេខ១១២ មានឈ្មោះ សាត គឺជាលេខា, ឈ្មោះ វ៉ន គឺជាអនុលេខា និងឈ្មោះ ស៊ុន គឺជាសមាជិក។ វរសេនាធំលេខ១១២ មានវរសេនាតូច៦៨ មានឈ្មោះ សារ៉ាត់ គឺជាលេខា, ឈ្មោះ យ៉េង គឺជាអនុលេខា និងឈ្មោះ សារិន គឺជាសមាជិក, វរសេនាតូច៧៣ មានឈ្មោះ សារីន គឺជាលេខា, ឈ្មោះ សាម៉ន គឺជាអនុលេខា និងឈ្មោះ សូត គឺជាសមាជិក, វរសេនាតូច៧៧ មានឈ្មោះ ណៃ គឺជាលេខា, ឈ្មោះ ពឿន គឺជាអនុលេខា និង ឈ្មោះ សាអ៊ុំ គឺជាសមាជិក។ វរសេនាធំលេខ១១២ មានមន្ទីរបោះទីតាំងនៅភូមិព្រិច ឃុំអង់ប្រស្រែ ស្រុករមាសហែក ហើយមួយកន្លែងទៀតបោះទីតាំងនៅវត្តដូងចាស់ ស្ថិតនៅឃុំដូង ស្រុករមាសហែក តំបន់២៣។
ដោយឡែកមន្ទីរស្នាក់ការរបស់គណៈវរសេនាតូច៧៧ បោះទីតាំងនៅម្ដុំសហករណ៍ដូង ជាប់ជាមួយក្រុមសេដ្ឋកិច្ចដែរ។ ចំណែកមន្ទីរវរ៦៨ បោះទីតាំងនៅភូមិព្រិចជាមួយក្រុមសេដ្ឋកិច្ច។ ក្នុងនោះពេលខ្លះមានចល័តទៅវត្តដូងចាស់ដែរ។
២).វរសេនាធំលេខ១៣០ មានឈ្មោះ សាម៉ន គឺជាលេខា, ឈ្មោះ ពិន គឺជាអនុលេខា និង ឈ្មោះ សាមឿន គឺជាសមាជិក។ វរសេនាធំលេខ១៣០មាន វរសេនាតូចលេខ៩០ មានឈ្មោះ សារិន គឺជាលេខា, ឈ្មោះ ឆាយ គឺជាអនុលេខា និង ឈ្មោះ សុផល គឺជាសមាជិក, វរសេនាតូចលេខ៤៦ មានឈ្មោះ អ៊ុន គឺជាលេខា, ឈ្មោះ ចាន់ គឺជាអនុលេខា និងឈ្មោះ ចយ គឺជាសមាជិក, វរសេនាតូចលេខ៣៧ មានឈ្មោះ លៀ គឺជាលេខា ចំណែកអនុលេខា និងសមាជិកខ្ញុំក្ដាប់មិនបានទេ ព្រោះទើបតែចាត់តាំងថ្មី។ មុខសញ្ញាបោះទីតាំងទ័ពតាមវរសេនាតូចក្នុងវរសេនាធំ១៣០ មានទីបញ្ជាការរបស់វរសេនាធំ១៣០ នៅភូមិពោតតាជោ ឃុំគគីរសោម ស្រុកប្រសូត្រ ចុះពីលើផ្លូវលេខ១៣ ទៅទិសខាងកើត ១១គីឡូ តាមផ្លូវលំទៅគគីរសោម រួចបែកពីគគីរសោម ទៅត្បូងសំដៅទៅដល់ពោតតាជោត។ នៅកន្លែងវរសេនាធំនោះមានកន្លែងស៊ើបការណ៍មួយកងធំ បោះទីតាំងនៅទីនោះដែរ។ កន្លែងវរសេនាធំមួយទៀតនៅភូមិត្បែង ឃុំគគីរសោម ស្រុកប្រសូត មានចម្ងាយពីផ្លូវលំ គគីរសោម ទៅខាងត្បូងប្រហែលមួយគីឡូម៉ែត្រទើបដល់ភូមិត្បែង។
កងវរសេនាតូចលេខ៩០ បោះទីតំាងនៅតាមមាត់ព្រៃចម្ការ ចម្ងាយជាងមួយគីឡូពីព្រំដែនវៀតណាម ជាកម្លាំងជួរខាងមុខដែលចែកជាពួកៗចំនួនចាប់ពី៦នាក់ជាមួយក្រុម សម្រាប់ចល័តធ្វើការងារខាងមុខ។ ឯកម្លាំងមួយចំនួនទៀតបោះទីតាំងនៅខាងក្រោយតាមព្រៃថ្វាយផ្ដា។ មួយចំនួនទៀតនៅត្រពាំងសេមាន់ មានចម្ងាយជាងមួយគីឡូ ពីព្រំដែនវៀតណាម។ មួយកន្លែងទៀតបោះទីតាំងនៅវត្តចាស់ព្រៃតាអី ក្នុងឃុំព្រៃតាអី ស្រុកប្រសូត្រ។ មួយចំនួនទៀតបោះទីតាំងនៅថ្នល់កែង ចេញពីគគីរសោម និងមួយកន្លែងទៀតបោះទីតាំងនៅក្នុងភូមិព្រៃតាអី ក្រៅពីនេះមានបោះទីតាំងនៅម្ដុំវត្តថ្មី ព្រៃតាអី។
វរសេនាតូចលេខ៤៦ បោះទីតាំងនៅភូមិ និងឃុំប្រាសាទ ស្រុកចន្ទ្រា និងភូមិថ្មី ឃុំប្រាសាទ និងភូមិតាណូយ ឃុំប្រាសាទ ស្រុកចន្ទ្រា និងវត្តយាយស្រី និងភូមិប្រសប់លាក់ និង ស្រកឫស្សីក្នុងឃុំមេសបាទី ស្រុកចន្ទ្រា។ កម្លាំងនេះមានបោះទីតាំងពង្រាយខាងមុខ តាមពួកបោះទីតាំងប្រមូលផ្ដុំខាងក្រោយផង។ នៅខាងក្រោយកម្លាំងបោះទីតាំងជាក្រុម និងជាកងតូច។ ទីបញ្ជាការវរសេនាតូច នៅភូមិបុស ឃុំមេសថ្ងក រួមចល័តមកភូមិប្រសប់លាក់ និងតានយ ក្នុងឃុំបាទី ស្រុកចន្ទ្រា។ វរសេនាតូចលេខ៣៧ បោះទីតាំងនៅខាងត្បូងវត្តកក់ ក្នុងភូមិជៃមានលាភក្នុងឃុំស្វាយរំពារ ស្រុកប្រសូត្រ និងចុងខាងកើតភូមិកក់ បោះទីតាំងនៅបីកន្លែងកម្លាំងនេះមិនទៅសមរភូមិទេ គឺបោះទីតាំងប្រមូលផ្ដុំជាកងធំនៅខាងក្រោយ។ កម្លាំងមួយចំនួនប្រហែលជាពីរកងតូចទៅសហការជាមួយវរសេនាតូច៩០។
៣). វរសេនាធំ១១៦ មានឈ្មោះ សារ៉ន គឺជាលេខា, ឈ្មោះ ម៉ាន គឺជាអនុលេខា និង ឈ្មោះ ធុន គឺជាសមាជិក។ វរសេនាធំ១១៦ មានវរសេនាតូចលេខ២៣ មានឈ្មោះចាន់ គឺជាលេខា, យៀន គឺជាអនុលេខា និង ម៉ៅ គឺជាសមាជិក, វរសេនាតូចលេខ៧៥ មានឈ្មោះ ចាន់ ធី គឺជាអនុលេខា, ឈ្មោះ ជឿក គឺជាអនុលេខា និង ឈ្មោះ សៀប គឺជាសមាជិក, វរសេនាតូចលេខ៩៣ មានឈ្មោះ សំអាន គឺជាលេខា, ឈ្មោះ លន់ គឺជាអនុលេខា និងឈ្មោះ សៀន គឺជាសមាជិក។ មុខសញ្ញាតាមវរសេនាតូចក្នុងវរសេនាធំ១១៦ មានវរសេនាតូចលេខ៧៥ បោះទីតាំងនៅភូមិតាដេវ ឃុំមេសថ្ងក ស្រុកចន្ទ្រា និង ភូមិពោរ ឃុំមេសថ្ងក និងភូមិចេកទី២ និងភូមិចេកទី១ និង ភូមិបាធូទី១ និងបាធុ២ និងគោកតែក និងភូមិសំរោង ក្នុងស្រុកចន្ទ្រា។ វរសេនាតូច២៣ បោះទីតាំងនៅបន្ទាយថ្មី ក្នុងដីវៀតណាម និងខាងកើតបន្ទាយថ្មីចម្ងាយ២គីឡូ។ វរសេនាតូច១៣(៩៣) បោះទីតាំងនៅតាមព្រំដែន តាមគុម្ពឫស្សីមួយៗ និងនៅខាងកើតបន្ទាយអុងតាន់ ចម្ងាយ១៥០ម៉ែត្រ ពីព្រំដែនទៅក្នុងទឹកដីវៀតណាម។ តាមមុខសញ្ញានេះ កម្លាំងពង្រាយចំនួន៣នាក់ៗ។ ចំណែកកម្លាំងខាងក្រោយមានបោះទីតាំងនៅភូមិត្រពាំង តាត្រាវ និងភូមិស្វាយតាណាត និងភូមិព្រៃវ័រ។
ផ្នែកវរសេនាតូចឯករាជ្យ
១).កងកាំភ្លើងធំ បោះទីតាំងនៅទីប្រជុំជនចកក្នុងស្រុកសំរោង។ ក្នុងនោះបំបែកតាមមុខសញ្ញាគឺ កងធំលេខ១៨ ទៅបោះទីតាំងនៅមុខសញ្ញាកំពង់រោទិ៍ ជាមួយវរសេនាធំលេខ១១៦ នៅម្ដុំភូមិព្រៃស្ទាង និងនៅភូមិរោ ស្រុកកំពង់រោទិ៍។ កងធំលេខ១២០ ទៅខាងមុខព្រួញ វរសេនាធំ១១២ បោះទីតាំងនៅភូមិត្រពាំងត្រសក់ និងចល័តទៅមុខពុំច្បាស់កន្លែង។ កងធំលេខ១០៥ បោះទីតាំងនៅភូមិក្ដីស្លា ឃុំស្វាយយា ស្រុកមានជ័យថ្មី តំបន់២៣។
២).កងពិសេស បោះទីតាំងនៅភូមិព្រៃវ័រ ឃុំថ្មី មួយកងតូច មុខសញ្ញាបន្ទាយអុងតាន់ ខាងវរសេនាធំ១១៦។ មួយកងតូចទៀតបោះទីតាំងនៅខាងលិចផ្សាររោ មុខសញ្ញាវរសេនា១១៦។ នៅខាងត្បូងវត្តព្រៃវ័រ បោះទីតាំងនៅមួយកងតូចដែលជាកងធំលេខ២។ ចំណែកកងធំលេខ៣ បោះទីតាំងនៅម្ដុំភូមិថ្នាញ គឺជាមុខសញ្ញា១១៦ ដែរ៕
[1] ឯកសារ K00273 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង» វាយអង្គុលីលេខចំនួន១ទំព័រ។
[2] ឯកសារ D15720 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,« កំណត់ហេតុចម្លើយសារភាព យ៉ាន់ ស៊ែល» វាយអង្គុលីលេខចំនួន៧ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ យ៉ាន់ ស៊ែល ពិតឬយ៉ាងណានោះទេ?
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា