យ៉ាស់យ៉ា អាលី ខ្ញុំដឹកយាយខ្លួនយកទៅឲ្យខ្មែរក្រហមសម្លាប់

ខ្ញុំឈ្មោះ យ៉ាស់យ៉ា អាលី[1] កើតនៅក្នុងឆ្នាំ១៩៤៩​ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅក្នុងអំឡុងសម័យរាស្ត្រនិយម ខ្ញុំរស់នៅក្នុងភូមិទ្រា នៅក្នុងស្រុកក្រូចឆ្មារ ហើយនៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានផ្លាស់ប្តូរមកនៅម្តុំភូមិគីឡូបី ដើម្បីធ្វើការចំការនៅភូមិគីឡូបីនេះ។ នៅអំឡុងឆ្នាំ១៩៧១ ដល់ឆ្នាំ ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះតំបន់​មួយចំនួនក្នុងប្រទេសកម្ពុជា។[2]

នៅក្នុង១៩៧២ ដោយសារតែមានទាហានខ្មែរក្រហមបានចាប់ផ្ដើមចូលកាន់កាប់នៅភូមិគីឡូបី និងតំបន់មួយចំនួនក្នុងតំបន់នេះ ខ្ញុំក៏បានសម្រេចចិត្តរត់ទៅនៅភូមិធំ(ទ្រា) វិញ មួយវិញទៀតនោះនៅខាងភូមិគីឡូបីមានការទម្លាក់គ្រាប់បែកខ្លាំងជាងនៅក្នុងភូមិទ្រា។ នៅភូមិ​​គីឡូបី ខ្ញុំបានឃើញមានការទម្លាក់គ្រាប់បែកតាំងពីឆ្នាំ១៩៧១​។​ នៅពេលទម្លាក់គ្រាប់បែកភាគច្រើនមុនពេលទម្លាក់យើង ឃើញមានយន្តហោះ ហោះមកតំបន់ដែលគេត្រូវទម្លាក់គ្រាប់នោះ ដើម្បីមកយកការណ៍ ក្រោយយក​ទើបមានយន្តហោះ ដែលត្រូវទម្លាក់នោះហោះមកទម្លាក់គ្រាប់បែកតាមក្រោយធ្វើការទម្លាក់គ្រាប់នៅតាមភូមិ។​ មានការទម្លាក់គ្រាប់បែកខ្លាំងពេកទើបខ្ញុំសម្រេចចិត្តរត់មកនៅទ្រាវិញ។ នៅពេលដែលខ្ញុំបានរត់មកនៅទ្រា នៅក្នុងឆ្នាំ១៩៧២។ នៅក្នុងអំឡុងឆ្នាំ ១៩៧២-៧៣ យើងទាំងគ្នាត្រូវស្រែដាក់វេនគ្នាធ្វើការងារធម្មតា។ នៅក្នុងអំឡុងពេលសង្រ្គាមស៊ីវិលនៅប្រទេសកម្ពុជា ១៩៧០-១៩៧៥ នៅតាមតំបន់រដោះមួយចំនួនខ្មែរក្រហមខ្មែរក្រហមបានបង្កើតជាក្រុម “ក្រុមប្រវាស់ដៃ” ដែលមានសមាជិកចាប់ពី ១០ទៅ២០គ្រួសារនៅក្នុងមួយក្រុម។[3] ចាប់ពីឆ្នាំ ១៩៧៦ ​ហើយខ្ញុំក៏ត្រូវបានគេដាក់ឲ្យធ្វើការងារនៅមន្ទីរពាណិជ្ជកម្មឃុំទ្រា ដោយនៅប្រចាំក្នុងភូមិទ្រា នេះតែម្តងដោយសារខ្ញុំរស់នៅទីនេះស្រាប់ ទើបគេអនុញ្ញតឲ្យខ្ញុំនៅភូមិនេះ ដោយប្រគល់ឡានមួយ និងកាណូតមួយសម្រាប់ដោះស្រាយបញ្ហាជីវភាពប្រជាជន។

កាលធ្វើនៅមន្ទីរពាណិជ្ជកម្មនេះ ខ្ញុំមានតួនាទី​ ជាអ្នកដឹកជញ្ជូនសម្ភារប្រើប្រាស់ និងស្រូវអង្ករនៅក្នុងឃុំទាំងមូល។ នៅក្នុងឆ្នាំ ១៩៧៧ ខ្មែរក្រហមបានប្រើឲ្យខ្ញុំដឹកមនុស្សទៅសម្លាប់នៅខ្សាច់ប្រឆេះ ម្តុំកំពង់ដរបឹងកេត ពេលនោះខ្ញុំមិនដឹងថាគេ យកមនុស្សទៅសម្លាប់នោះទេ ហើយអ្វីដែលគួរឲ្យសោកស្តាយទៅទៀតនោះ គឺនៅក្នុងចំណាមជនរងគ្រោះដែលត្រូវបានគេយកទៅសម្លាប់នោះក៏មានលោកយាយរបស់ខ្ញុំម្នាក់ផងដែរ ដែលត្រូវបានគេយកទៅសម្លាប់។ អ្នកដែលដឹកគាត់ទៅនោះជាខ្ញុំដែលជាចៅបង្កើតរបស់គាត់ទៀត។ លោកយាយរបស់ខ្ញុំមានឈ្មោះ ត្មះ ដែលជាឈ្មោះគាត់បានផ្លាស់ប្តូរពីឈ្មោះដើមរបស់គាត់ តែខ្ញុំមិនបានចាំឈ្មោះគាត់នោះទេ។ យាយរបស់ខ្ញុំ ជាជនជាតិដើមវៀតណាម គាត់បានរៀបការជាមួយជីតារបស់ខ្ញុំ តាំងពីសម័យឥស្សរ។ ក្រោយពេលរៀបការគាត់បានដូរឈ្មោះរបស់គាត់ រហូតដល់ពេលខ្មែរក្រហមសម្លាប់គាត់។ យាយរបស់ខ្ញុំ ត្រូវបានគេសម្លាប់ដោយក្រោមហេតុផងថា គាត់ជាជនក្បត់វៀតណាម ទោះបីគាត់ដូរឈ្មោះហើយ បានរៀបការជាមួយជីតារបស់ខ្ញុំ តាំងពីយូរមកហើយក៏ដោយ​ ហើយប្រជាជនទាំងអស់នៅក្នុងភូមិក៏បានដឹងរឿងនេះគ្រប់គ្នា ហើយនៅថ្ងៃដែលខ្ញុំដឹកមនុស្សទៅបឹងកេតនោះមានមនុស្សចំនួន ២៩នាក់ដែលបានបានដឹកយកទៅសម្លាប់ ដែលនៅក្នុងនោះសុទ្ធតែជាជនជាតិវៀតណាមទាំងអស់ ប៉ុន្តែពួកគាត់បានចូលជនជាតិចាមខ្លះ និងខ្មែរខ្លះអស់ហើយ ដែលដូចជាយាយរបស់ខ្ញុំផងដែរ។ នៅថ្ងៃដែលគេបានយកយាយរបស់ខ្ញុំយកទីសម្លាប់ មានខាងសន្តិសុខរបស់ខ្មែរក្រហមម្នាក់បានមកប្រាប់ខ្ញុំថា គេសុំយកលោកយាយរបស់ខ្ញុំទៅបង្រៀនប្រជាជនដទៃទៀតពីការកាត់ដេរ ដោយសារលោកយាយរបស់ខ្ញុំគាត់ស្ថិតនៅក្នុងកងកាត់ដេរនៅក្នុងភូមិ ទើបគេសួររឿងយកជីដូនរបស់ខ្ញុំទៅបង្រៀន អ្នកដទៃទៀត ដែលចុងក្រោយទើបខ្ញុំដឹងថានេះជាលេសរបស់គេ។  នៅពេលល្ងាចបន្តិចទើបខាងសន្តិសុខនោះ ដើរហៅអ្នកដទៃយកទៅ ឲ្យតែជាជនជាតិចាម ជនជាតិចិន និងជនជាតិវៀតណាមទៅទាំងអស់។ ខ្ញុំមិនមែនជាអ្នកដឹកមនុស្សទៅសម្លាប់ទេ រួមទាំងយាយរបស់ខ្ញុំគឺត្រូវ បានខ្មែរក្រហមកុហកថា យកគាត់ទៅបង្រៀនគេទៀត។

ជនជាតិវៀតណាម ត្រូវបានខ្មែរក្រហមចាត់ទុកជាសត្រូវ ហើយក៏មានការបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសកម្ពុជា ជាលក្ខណៈទ្រង់ទ្រាយធំមួយផងដែរក្នុងឆ្នាំ ១៩៧៥ ។ ជនជាតិវៀតណាមដែលបានរៀបការជាមួយជាជនជាតិខ្មែរ បានរស់នៅ ក្នុងប្រទេសកម្ពុជាបន្តទៅទៀត។ ក្នុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ ខ្មែរក្រហមបានចាប់ផ្តើមសម្លាប់ជនជាតិវៀតណាមដែលសេសសល់ទាំងនេះយ៉ាងរង្គាល ហើយមានតែជនជាតិវៀតណាមមួយចំនួនតូចប៉ុណ្តោះដែលបានរួចជីវិត។ ជនជាតិភាគតិចវៀតណាមត្រូវបានសម្រាំងយកទៅសម្លាប់ ដោយសារខ្លួនជាជនជាតិវៀតណាម។[4]

សរសេរដោយ លី ដេវីត


ឯកសារយោង

[1] ឯកសារ D24812 បទសម្ភាសន៍ យ៉ាស់យ៉ា​ អាលី សម្ភាសន៍ដោយអ៊ីសា ឧស្មាន ថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០០១, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ២៨

[3] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ៣៩

[4] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ៥៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin