យៀន ឌឿន៖ ជនជាតិភាគតិចព័រជាច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់
ក្នុងឆ្នាំ១៩៧៧ ប្រជាជនជនជាតិភាគតិចព័រជាច្រើនត្រូវបានជម្លៀសទៅកន្លែងផ្សេងនិងមានការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង។ នៅអំឡុងឆ្នាំ១៩៧៧ ប្រជាជនដែលជាជនជាតិភាគតិចព័រជាច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់ដោយចោទប្រកាន់ថាមានជំងឺអាសន្នរោគ និងមួយចំនួនធំទៀត បានស្លាប់ដោយអត់អាហារពេលដែលជម្លៀសទៅរស់នៅក្នុងព្រៃ។ ឌឿន បានរៀបរាប់ពីរឿងរ៉ាវដែលបណ្ដាលឲ្យប្រជាជនស្លាប់ដូចខាងក្រោម៖
យៀន ឌឿន[1] អាយុ៧៧ឆ្នាំ សព្វថ្ងៃប្រកបមុខរបរធ្វើស្រែចម្ការ។ ឌឿន មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី(ចំណុចទួលកកោះ) ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឌឿន មានឪពុកឈ្មោះ ញឹក យៀន(ស្លាប់ឆ្នាំ១៩៧៩ ដោយសារជំងឺចាស់ជរា) ចំណែកម្ដាយឈ្មោះ ចក់ ហាត់(ស្លាប់ឆ្នាំ១៩៩៧ដោយសារជំងឺចាស់ជរា)។ ឌឿន មានបងប្អូន៦នាក់(ប្រុស៥នាក់ ស្រី១នាក់) ។ ឌឿន ជាកូនបងគេនៅក្នុងគ្រួសារ ប្អូនទី២ឈ្មោះយៀន ដាវ(ស្លាប់ក្នុងឆ្នាំ ១៩៧៥ ដោយសារខ្មែរក្រហមយកទៅសម្លាប់) ប្អូនទី៣ឈ្មោះយៀន ឌិន (បច្ចុប្បន្នរស់នៅព្រែក១ ស្រុកភ្នំក្រវ៉ាញមានប្រពន្ធឈ្មោះយី យឿន) ប្អូនទី ៤ ឈ្មោះយៀន ជីម(ស្លាប់ក្នុងឆ្នាំ ១៩៨៤ ដោយជាន់មីននៅទីតាំងបង្ហោះក្បាលក្នុងស្រុកភ្នំក្រវ៉ាញ) ប្អូនទី ៥ ឈ្មោះយៀន ជាតិ(ស្លាប់នៅស្រុកក្នុងក្រវ៉ាញដោយសារជំងឺ) ប្អូនទី ៦ឈ្មោះយៀន សុខា បច្ចុប្បន្នរស់នៅភូមិព្រែក១ ស្រុកភ្នំក្រវ៉ាញ មានប្ដីឈ្មោះត្រង់ នាង(ស្លាប់)។ ប្រពន្ធរបស់ឌឿន ឈ្មោះ ថៃ នេន អាយុ៦៦ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើស្រែចម្ការ។ ឌឿន មានកូន៧នាក់( ប្រុស៣នាក់ ស្រី៤នាក់) និងមានគ្រួសារអស់ហើយ។
កាលពីក្មេង ឌឿន ចូលរៀនបានត្រឹមថ្នាក់ទី៧ «សង្គមចាស់» នៅសាលាបឋមសិក្សាទួលគ្រួស។ ឌឿន ចូលរៀនដំបូងអាយុ១០ឆ្នាំ។ ពេលឈប់រៀន ឌឿន បានសុំឪពុកចូលបួសនៅវត្ត កែវ ជុំបាន៥វស្សា ហើយក៏សឹកវិញ ព្រោះគ្មានអ្នកជួយធ្វើស្រែឪពុកម្ដាយ។
នៅពេលឧត្តមសេនីយ៍ លន់ នល់ធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ប្រទេសចាប់ផ្តើមមានការច្របូកច្របល់ ប៉ុន្តែក្នុងភូមិទួលគ្រួសមិនមានចលាចលអ្វីធំដុំទេ។ បន្ទាប់ពីរដ្ឋប្រហារក៏មានកងទ័ពរបស់សម្ដេចឪបានធ្វើដំណើរមកបោះទីតាំងនៅជាប់ជាមួយប្រជាជននៅភូមិទួលគ្រួសដោយបែងចែកមួយជំហៀងម្នាក់។ បន្ទាប់មកទៀតក៏ចាប់ផ្ដើមបង្កើតសាលារៀននិងមន្ទីរពេទ្យព្រះកុសុមៈដែលមានទីតាំងនៅជាប់បន្ទាយទាហាន។ កងទ័ពរបស់សម្ដេចដែលបោះទីតាំងនៅភូមិទួលគ្រួសភាគច្រើនបានយកប្រពន្ធជាជនជាតិភាគតិចព័រ។
នៅក្នុងឆ្នាំ ១៩៧២ ខ្មែរក្រហមបានធ្វើដំណើរចូលមកដល់ភូមិទួលគ្រួស ឃុំស្រែតាំងយ៉ និងឃុំពាមព្រួស ដើម្បីធ្វើការឃោសនាឲ្យប្រជាជនដែលជាជនជាតិព័រឲ្យចូលរួមជាមួយចលនាខ្មែរក្រហម។ ថ្នាក់ដឹកនាំខ្មែរក្រហមដែលចូលមកឃោសនាដំបូងឈ្មោះ ហ៊ូ នឹម។
នៅក្នុងឆ្នាំ ១៩៧៣ ចាប់ផ្ដើមមានទាហានវៀតកុងចូលមកក្នុងភូមិរបស់ ឌឿន ដែរ។ ពេលដែលទាហានវៀតកុងចូលមក ទាហានវៀតកុងមិនបានអ្វីដែលប៉ះពាល់ដល់ប្រជាជននោះទេ។ ទាហានវៀតកុងរស់នៅមិនបានប៉ុន្មានក៏ចាក់ចេញទៅវិញ។
នៅក្នុងឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមបានរដោះទីក្រុងភ្នំពេញ ក៏ចាប់ផ្ដើមមានប្រជាជន១៧ មេសា ចូលមករស់នៅនិងមានកងទ័ពខ្មែរក្រហមជាច្រើនបានចូលមកគ្រប់គ្រងក្នុងភូមិរបស់ឌឿន។ ពេលនោះប្រពៃណីជនជាតិភាគតិចព័រត្រូវបានបញ្ចប់ពេលដែលកងទ័ពខ្មែរក្រហមចូលមកគ្រប់គ្រងនៅក្នុងភូមិទាំងស្រុង។ ខ្មែរក្រហមបានបង្កើតសហករណ៍ដើម្បីឲ្យប្រជាជនធ្វើការងាររួម ហូបរួមនិងស្នាក់នៅរួម។ ពេលដែលខ្មែរក្រហមចូលមកដំបូង ខ្មែរក្រហមបានប្រាប់ឲ្យប្រជាជនខំប្រឹងធ្វើស្រែ ដើម្បីចែកស្រូវគ្នាហូប។ សម្រាប់ការងារផ្សេងៗទៀតគឺធ្វើធម្មតាមិនទាន់មានការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំងនោះទេ។ ប្រធានសហករណ៍ឈ្មោះ តាហង្ស។ បន្ទាប់ពីបង្កើតសហករណ៍ស្រួលបួលហើយក៏ចាប់ផ្ដើមបង្ខំប្រជាជនឲ្យធ្វើការងារពលកម្មតាមក្រុម ដូចជាក្រុមធ្វើស្រែ ក្រុមកាប់ចម្ការដើម្បីបង្កបង្កើនផលស្រូវ ឯយុវជន យុវនារីមួយចំនួនត្រូវទៅរែកថ្ម រែកគ្រួស រែកដីនិងលើកទំនប់នៅតាមកងចល័ត។ ចំណែកការងាររបស់ ឌឿន នៅពេលនោះគឺត្រូវបង្រៀនកុមារនិងដឹកនាំកុមារឲ្យដើរគាប់ទន្ទ្រានខេត្ត រើសអាចម៍គោ ដើម្បីលាយបញ្ចូលគ្នាធ្វើជីនិងនាំកុមារលើកភ្លឺស្រែ។ កុមារដែល ឌឿន គ្រប់គ្រងមានប្រហែល ៥០ ទៅ ៦០ នាក់។ ក្នុងមួយថ្ងៃ ឌឿន ធ្វើការ៨ម៉ោង ៦:០០ ចុះធ្វើការ ម៉ោង ០៨ សម្រាកហូបបបរម៉ោង ០១:០០ ចូលធ្វើការម៉ោង ០៥:០០ ល្ងាចសម្រាក។ សម្រាប់អាហារហូបចុកគឺពិបាកជាងមុនមានតែបបរ ក្នុងរយៈពេល ១០ ថ្ងៃបានខ្មែរក្រហមឲ្យហូបបាយម្ដង។ នៅចុងឆ្នាំ ១៩៧៥ ឌឿន បានផ្លាស់ចេញពីប្រធានក្រុមកុមារចូលមកខាងពាណិជ្ជកម្មវិញម្ដង។ ការងារដែល ឌឿន ត្រូវធ្វើប្រចាំថ្ងៃគឺត្រូវទិញម្ហូបអាហារ ស្ករ អំបិលដឹកបញ្ជូនទៅខាងពាណិជ្ជកម្មខេត្តកំពត។
លុះដល់ឆ្នាំ ១៩៧៧-៧៨ ឌឿន ត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសទៅស្រុកភ្នំក្រវ៉ាញ។ ឌឿន ធ្វើដំណើររយៈពេល២ថ្ងៃបានមកដល់ស្រុកភ្នំក្រវ៉ាញ។ ពេលទៅដល់ស្រុកភ្នំក្រវ៉ាញខ្មែរក្រហមបានឲ្យ ឌឿនចូលធ្វើការនៅក្នុងកងចល័ត។ ការងារដែល ឌឿន ត្រូវធ្វើគឺដកស្ទូង លើកទំនប់ដំណាក់ឈើក្រំនិងទំនប់ឈើទាលលំហែ។ ឌឿន ធ្វើការនៅកងចល័តបានប្រហែលកន្លះឆ្នាំក៏ផ្លាស់មកធ្វើស្រែនៅស្វាយដូនកែវវិញ។ ឌឿន រស់នៅស្វាយដូនកែវបានរយៈពេល២ខែក៏ចាប់ផ្ដើមមានកងទ័ពមកពីភូមិភាគនិរតីចូលមកគ្រប់គ្រង។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ ប្រជាជនដែលជាជនជាតិភាគតិចព័រជាច្រើនត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់នៅម្ដុំស្រែតាំងយ៉ ទំនប់អូរកំបុត ដោយចោទប្រកាន់ថាមានជំងឺអាសន្នរោគ។
នៅក្នុងឆ្នាំ១៩៧៩ ពេលដែលវៀតណាមចូលមករំដោះកងទ័ពខ្មែរក្រហមបានជម្លៀសប្រជាជនជាច្រើនឲ្យទៅរស់នៅក្នុងព្រៃ។ ពេលដែលរស់នៅក្នុងព្រៃ ឌឿននឹងប្រជាជនជាច្រើនខ្វះខាតអាហារហូបចុកខ្លាំងណាស់ ប្រជាជនខ្លះដើរជីកក្ដួចដើម្បីយកមកហូប ប្រជាជនខ្លះទៀតបានស្លាប់នៅក្នុងព្រៃដោយសារតែគ្មានអាហារហូបចុក។ ឌឿន រស់នៅក្នុងព្រៃបានមួយរយៈដោយគ្មានអាហារហូបចុកក៏លួចរត់មកភូមិព្រែក១វិញ។ ពេលដែលរត់មកដល់ភូមិព្រែក១ ឌឿន បានជួបទាហានវៀតណាមនៅទីនោះ។ ពេលជួបទាហានវៀតណាមដំបូង ឌឿន មានអារម្មណ៍ថាភ័យខ្លាចខ្លាំងណាស់ ព្រោះខ្លាចទាហានវៀតណាមធ្វើបាប ប៉ុន្តែទាហានវៀតណាមមិនបានធ្វើបាប ឌឿននិងប្រជាជនផ្សេងទេ ថែមទាំងផ្ដល់អាហារហូបចុកនិងអង្ករមួយចំនួនសម្រាប់ឲ្យឌឿនដាំហូបដោយខ្លួនឯង។ នៅពាក់កណ្ដាលឆ្នាំ ១៩៧៩ ឌឿនរៀបចំមានគូស្រករ។
នៅក្នុងឆ្នាំ១៩៨០ ឌឿន បានចូលធ្វើទាហានសាលាទ័ពជើងគោកនៅពោធិ៍ចិនតុង។ ប្រធានគ្រប់គ្រងកងទ័ពជើងគោកឈ្មោះចាយ សាំង យុន។ ឌឿន រៀននៅទ័ពជើងគោកបានរយៈពេល២ឆ្នាំក៏ផ្លាស់ទៅរៀនបន្តនៅប្រទេសវៀតណាមវិញ។
នៅក្នុងឆ្នាំ១៩៨៤ ក៏ចាប់ផ្ដើមរៀបចំយោធភូមិភាគទី៣ នៅចោមចៅ។ ការងារដែលត្រូវរៀបចំគឺរៀបចំកម្លាំងគ្រប់គ្រងលើទម្រង់បែបបទការងារជ្រើសទាហាន។ កាលនោះ ឌឿន មានតួនាទីការងារចាត់តាំងមបក្ស។ នៅពាក់កណ្ដាលឆ្នាំ១៩៨៤ ប្អូនរបស់ ឌឿន បានដើរជាន់មីននៅបង្ហោះ ក្បាលស្រុកភ្នំក្រវ៉ាញហើយរបួសធ្ងន់ ពេលនោះប្អូនរបស់ ឌឿន ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅពេទ្យវៀតណាមនៅស្រុកភ្នំក្រវ៉ាញដោយរបួសធ្ងន់ធ្ងរក៏ស្លាប់បាត់ទៅ។ បន្ទាប់ពីប្អូនបានស្លាប់បាត់ទៅ ឌឿន ក៏សម្រេចចិត្តឈប់ពីការងារចាត់តាំងបក្ស ត្រឡប់មករស់នៅជាមួយប្រពន្ធនៅភូមិព្រែក១វិញ។
ក្នុងឆ្នាំ២០០០ ឌឿន និងគ្រួសារបានផ្លាស់ចេញពីស្រុកភ្នំក្រវ៉ាញមករស់នៅស្រុកកំណើតវិញ។ ពេលដែលមករស់នៅដំបូង ឌឿន ពិបាកក្នុងការធ្វើដំណើរព្រោះតាមផ្លូវ៥៦ ព្រោះសំបូរទៅដោយមីននិងគ្រាប់មិនទាន់ផ្ទុះ និងផ្លូវមួយចំនួនទៀតពិបាកក្នុងការធ្វើដំណើរពេលដែលមានភ្លៀងម្ដងៗ។ ពេលដែលឌឿន មករស់នៅដំបូងមានប្រហែល១៧៥គ្រួសារ។ ប្រជាជនដែលមករស់នៅបាននាំគ្នាកាប់ឆ្កាព្រៃដើម្បីយកដីធ្វើស្រែចម្ការ ខ្លះដើរកាប់វល្លិ៍ ដើររកខ្លឹមចន្ទន៍គ្រីស្នា ដើរបេះផ្លែក្រវ៉ាញ ដើររកជ័រទឹក ជ័រចុង បរបាញ់សត្វដើម្បីចញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។
ជាចុងក្រោយសង្រ្គាមបានធ្វើឲ្យប្រជាជនជនជាតិព័រជាច្រើនត្រូវបានស្លាប់និងបន្សល់ទុកក្មេងកំព្រា ស្រ្ដីមេម៉ាយ បែកបាក់គ្រួសារ ប្រជាជនជនជាតិភាគតិចព័រជាច្រើនមិនត្រឡប់មកស្រុកកំណើតវិញព្រោះមានគ្រួសារនៅកន្លែងផ្សេង ។ ប្រសិនអត់មានសង្គ្រាមប្រជាជនជនជាតិភាគតិចព័ររស់នៅយ៉ាងសុខសាន្ត អាចថែវប្បធម៌និងប្រពៃណីបានល្អ។
អត្ថបទដោយ ចាន់ ណារិទ្ធ
[1] បទសម្ភាសន៍របស់អ្នករស់រានមានជីវិត នៃមជ្ឈមណ្ឌលឯកសារកម្ពុជា