ការនិយាយរឿងប្រវត្តិសាស្រ្តប្រាប់ដល់មនុស្សជំនាន់ក្រោយ
នៅពេលដែលប្រទេសជាតិមានការរីកចម្រើនស៊ីវិល័យ, អាហារហូបចុកគ្រប់គ្រាន់, សិទ្ធិសេរីភាពពេញលេញ មនុស្សជំនាន់ក្រោយមួយចំនួនមិនបានចាប់អារម្មណ៍រឿងប្រវត្តិសាស្រ្តទេ។ លុះត្រាតែមនុស្សជំនាន់ក្រោយយកចិត្តទុកដាក់សិក្សាស្រាវជ្រាវរៀនសូត្រពីប្រវត្តិសាស្រ្ត និងមានមនុស្សដែលធ្លាប់បានឆ្លងកាត់របបអតីតកាលខ្មែរក្រហមមកនិយាយប្រាប់តៗគ្នាដល់មនុស្សជំនាន់ក្រោយឲ្យបានដឹងពីទុក្ខលំបាកអំពើហឹង្សានានាដែលបានជួបប្រទះកន្លងមកនិងជួយធ្វើការអប់រំប្រាប់កូនចៅឲ្យដឹងពីរបបអតីតកាលដ៏ជូរចត់ទាំងនេះ ការយល់ដឹងពីអតីតកាល ទើបយើងទាំងអស់គ្នាអាចទប់ស្កាត់រាល់អំពើឃោរឃៅនាពេលអនាគត។
នៅពេលនេះ លោកយាយឈ្មោះ ពៅ សព្វថ្ងៃមានអាយុ៧៩ឆ្នាំ។ លោកយាយ មានឪពុកម្តាយនិងមានបងប្អូនបង្កើតចំនួន៥នាក់។ កាលពីកុមាររភាព លោកយាយពៅមិនបានសិក្សារៀនសូត្រទេ។ នៅពេលធំពេញវ័យ ឪពុកម្តាយបានរៀបចំទុកដាក់ឲ្យមានប្តីរហូតបានទទួលកូនស្រីចំនួនពីរនាក់ រស់នៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោកយាយ មានការពេញចិត្តចំពោះចៅៗជានិសិ្សតស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានមកដល់ផ្ទះយាយហើយចង់ដឹងរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែក្រហម លោកយាយក៏មិនលាក់បាំងនិងបានរៀបរាប់រឿងរ៉ាវគ្រប់បែបយ៉ាងបានកើតមានឡើងមកលើរូបលោកយាយ និងប្រជាជនទូទៅទាំងប្រទេសឲ្យបានដឹងពីរបបខ្មែរក្រហមដែលបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាងទាំងអស់។
លោកយាយពៅ នៅចងចាំថា ថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងគ្រប់ គ្រងអំណាចនិងបានដាក់ឈ្មោះខ្លួនឯងថា ជារបបកម្ពុជាប្រជាធិបតេយ្យ។ លោកយាយ មានប្រសាសន៍បន្តថា របបខ្មែរក្រហមបានធ្វើឲ្យប្រទេសជាតិដែលធ្លាប់តែមានការរីកចម្រើន សម្បូរសប្បាយប្រែប្រួលទៅជារបបមួយដែលខ្មៅងងឹតគ្មានរបបណាមកប្រៀបប្រដូចបាន។ សូម្បីតែការស្លៀកពាក់ ត្រូវគោរពតាមការណែនាំរបស់អង្គការ គឺស្លៀកពាក់ខោអាវខ្មៅទាំងអស់គ្នា។ នៅក្នុងរបបខ្មែរក្រហម ខោអាវមួយឆ្នាំបើកឲ្យមួយសម្រាប់ដល់ពេលរហែកពុកផុយប៉ះជាច្រើនកន្លែងបានបើកឲ្យមួយសម្រាប់ទៀត។ ប្រជាជនទូទៅមិនអាចស្លៀកពាក់ខោអាវពណ៌បានទេ។ បើហ៊ានតែស្លៀក អង្គការចោទថាជាខ្មាំងមិនទាន់អស់កំអែលពីរបបមុនអាចហៅយើងយកទៅរៀនសូត្រថែមទៀត។ លោកយាយពៅ បានរស់រានមានជីវិតផុតពីរបបខ្មែរក្រហមបានរៀបរាប់ថា របបខ្មែរក្រហមបានរលត់ផុតទៅក៏មែនពិត តែបានបន្សល់ទុក្ខនូវស្នាកស្នាមដ៏ឈឺចាប់បំផុត ណាមួយបាត់បង់សមាជិកគ្រួសារសាច់ញ្ញាតិបងប្អូននៅក្នុងសម័យនោះ មិនមែនតែគ្រួសារលោកយាយទេ មានប្រជាជនខ្មែរទូទាំងប្រទេសរងទុក្ខលំបាកដូចគ្នាបាត់បង់សាច់ញាតិដូចគ្នាផងដែរ។
លោកយាយ មានប្រសាសន៍បន្តថា នៅក្នុងរបបខ្មែរក្រហមការងារទាំងអស់ត្រូវអនុវត្តន៍តាមការណែនាំរបស់អង្គការ។ នៅពេលនោះលោកយាយបានក្លាយជាស្រ្តីកងចល័តអង្គការបញ្ជូនទៅបឹងក្រោមដែលមានចម្ងាយឆ្ងាយចាកចេញដំណើរពីភូមិកំណើតដោយថ្មើរជើងចំណាយពេលវេលាមួយយប់ពីរថ្ងៃបានដល់គោលដៅនិងមិនបានរស់នៅជួបជុំគ្រួសារទេ។ លោកយាយ ត្រូវបានអង្គការបែងចែកការងារជាក្រុមកងចល័តស្រ្តីទទួលផែនការដកស្ទូង និងមានពេលខ្លះជាអ្នកធាក់រហាត់ទឹកតាំងពីម៉ោង៤ទៀបភ្លឺដល់ម៉ោង១១ថ្ងៃត្រង់បានឲ្យឡើងហូបបាយតែគ្មានអាហារហូបចុកគ្រប់គ្រាន់ទេ បើម្ហូបវិញថ្ងៃណាក៏សម្លម្ជូរត្រកួននិងព្រលិតដែរ។ នៅម៉ោង១រសៀល លោកយាយចុះធ្វើការងារបន្តទៀតរហូតដល់ពេលយប់បានឡើងមកដល់កន្លែងការដ្ឋានវិញ។
នៅឆ្នាំ១៩៧៧ របបខ្មែរក្រហមកាន់តែអាក្រក់ឡើងទាំងជីវភាពរស់នៅទាំងការងារ ថែមទាំងហៅមនុស្សយកទៅរៀនសូត្រមិនឃើញត្រឡប់មកវិញទៀតផង។ លោកយាយ និងកងចល័តទាំងស្រ្តីទាំងអស់រួមទាំងកងចល័តបុរសៗសុទ្ធតែមានរបបអាហារមិនគ្រប់គ្រាន់ដូចគ្នា ហូបតែបបររាវ និងគ្រាប់អង្ករមានប្រហែលបីស្លាបព្រា ជួនកាលហូបគល់ចេក គល់ល្ហុង នៅពេលឃើញផ្លែត្នោតទុំជ្រុះរើសដណ្តើមគ្នាហូប មនុស្សម្នាក់ៗអស់កម្លាំងហេវហត់ទៅជាមានជំងឺផ្សេងៗកើតឡើង ដូចជារាករូស និងគ្រុនក្តៅជាដើម។ អង្គការមិនបានយកចិត្តទុកដាក់រឿងសុខភាពប្រជាជនទេ ថែមទាំងចោទយើងថា ជំងឺសតិអារម្មណ៍ ទាល់តែយើងដើរលែងរួច ឬមួយដួលសន្លប់បានឲ្យថ្នាំអាចម៍ទន្សាយលេបបីបួនគ្រប់ និងគ្មានមន្ទីរពេទ្យត្រឹមត្រូវយកវត្តអារាមធ្វើជាកន្លែងមន្ទីរពេទ្យ។ លោកយាយមានប្រសាសន៍ថា រឿងរ៉ាវដែលកើតមានឡើងនៅក្នុងរបបខ្មែរក្រហមដ៏សែនជូរចត់នេះ ចងចាំមិនភ្លេចទេ លុះត្រាតែរលត់សង្ខាទើបភ្លេចការឈឺចាប់ទាំងនេះបាន។
នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមនិងកងទ័ពខ្មែរស្នេហាជាតិ បានវាយរំដោះប្រទេសកម្ពុជា ទើបរបបខ្មែរក្រហមបាត់រលត់ទៅ។ លោកយាយពៅ និងប្រជាជនទូទាំងប្រទេសមានសិទ្ធិសេរីភាពពេញលេញឡើងវិញរួចផុតពីរបបឃោរឃៅដែលបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ថ្វីត្បិតតែលោកយាយបានរស់រានមានជីវិតពីរបបខ្មែរក្រហមពិតមែន។ តែលោកយាយពៅ មានភាពចាស់ជរានិងជំងឺគ្រប់បែបយ៉ាងនៅពេលបច្ចុប្បន្ននេះ៕
អត្ថបទដោយ សុខ វណ្ណៈ